ខ្មែរប៉ុស្ដិ៍ Close

តើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំង ៤ ដំណាក់កាលមានអ្វីខ្លះ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ផ្ទះហ្វេសប៊ុក 59
តើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំង ៤ ដំណាក់កាលមានអ្វីខ្លះ? តើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំង ៤ ដំណាក់កាលមានអ្វីខ្លះ?

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកិច្ចដំណើរការនៃការកែលម្អប្រព័ន្ធគ្រប់គ្រងថវិកាជាតិទាំងមូល ដើម្បីផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រងដែលផ្អែកលើធាតុចូល និងមជ្ឍការឆ្ពោះទៅប្រព័ន្ធគ្រប់គ្រងដែលផ្អែកលើសមិទ្ធកម្មឬលទ្ធផល និងវិមជ្ឈការដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់ថាសម្រេចឱ្យបាននៅឆ្នាំ២០២៥។ កម្មវិធីនេះផ្តោតសារៈសំខាន់លើការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការគ្រប់គ្រងចំណូលនិងចំណាយនៃថវិកាជាតិ រួមទាំងការស្វែងរកថវិកាវិភាជថវិកានិងការប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពដើម្បីជាគុណប្រយោជន៍ដល់ការគាំទ្រដំណើរការអនុវត្តគោលនយោបាយតាមវិស័យ និងគោលបំណងគោលនយោបាយ/យុទ្ធសាស្រ្តរបស់ក្រសួង-ស្ថាប័ន ដែលត្រូវបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។

ក្នុងន័យនេះការកែទម្រង់ប្រព័ន្ធថវិកាគឺជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលជាលក្ខណ្ឌចាំបាច់និងមិនអាចខ្វះបានសម្រាប់ថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចធានាភា ពធននៃសេដ្ឋកិច្ចនិងជាឃ្នាស់នៃសេដ្ឋ កិច្ចតាមគោលដៅសមិទ្ធកម្មដែលត្រូវបានកំណត់ដោយុទ្ធសាស្រ្តចតុ កោណដំណាក់កាលទី៣របស់រាជរដ្ឋាភិ បាល។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០០៤ ជា ៤ ដំណាក់កាលដូចខាងក្រោម៖

ដំណាក់កាលទី១៖ “ភាពជឿទុកចិត្តនៃថវិកា”

ចាប់ពីឆ្នាំ ២០០៤-២០០៨ សំដៅពង្រឹងការគ្រប់គ្រងចំណូល និងការប្រមូលចំណូលការគ្រប់គ្រងសាច់ប្រាក់និងគណនីទោលរតនាគារ។ ជាលទ្ធផលបានបញ្ចប់នូវស្ថានភាពកង្វះសាច់ប្រាក់ដ៏រ៉ាំរ៉ៃ មកជាអតិរេកសាច់ប្រាក់ តាមរយៈការលុបបំបាត់ទាំងស្រុងនូវបំណុលកកស្ទះនៅរតនាគារជាតិ ដែលជាហេតុធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាដោះស្រាយបាននូវការបើកប្រាក់បៀវត្សទៀងទាត់ និងទាន់ពេលវេលាជូនមន្ត្រីរាជការ។ ការបង្កើតគណនេយ្យទោលនៅរតនាគារជាតិ ដែលជាការប្រមូលផ្តុំគណនីទាំងអស់របស់រាជរដ្ឋាភិបាល បានក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់បោះជំហានទៅរកដំណាក់កាលទី២។

ដំណាក់កាលទី២៖ “គណនេយ្យភាពហិរញ្ញវត្ថុ”

ចាប់ពីឆ្នាំ២០០៩-២០១៥ សំដៅកែលម្អជាបឋមផែ្នកត្រួតពិនិត្យផ្ទៃក្នុង និងធ្វើឲ្យអ្នកគ្រប់គ្រងថវិកាមានគណនេយ្យភាពព្រមទាំងបានកែលម្អជាច្រើនលើនីតិវិធីអនុវត្តថវិកាតាមរយៈការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ថវិកាថ្មី ប្លង់គណនីថ្មី អង្គភាពថវិកា និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ។

ដំណាក់កាលទី៣៖ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ”

ចាប់ពីឆ្នាំ២០១៦-២០២០ ក្នុងគោលបំណងផ្លាស់ប្តូជាបណ្តើរៗនូវប្រព័ន្ធគ្រប់គ្រងដែលផ្អែកលើធាតុចូល និងមជ្ឈការឆ្ពោះទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផលឬសមិទ្ធកម្ម និងវិមជ្ឈការតាមរយៈការពង្រឹង និងពង្រីកការអនុវត្តផែនការយុទ្ធសាស្រ្តថវិកា ការអនុវត្តថវិកាកម្មវិធី និងការអនុវត្តអង្គភាពថវិកា។ ដំណាក់កាលទី៣ នេះត្រូវបានពន្យាពេល២ឆ្នាំ (២០២១-២០២២) ដើម្បីបញ្ចប់ការងារសេសសល់ពីដំណាក់កាលទី១ ទី២ និងទី៣។ ដំណាក់កាលអន្តរកាលឆ្ពោះទៅដំណាក់កាលទី៤ ត្រូវបានឱ្យឈ្មោះថាដំណាក់កាលទី៣បូក២ ដែលមានគោលដៅសំខាន់ឆ្ពោះទៅកសាងនូវលក្ខណ្ឌចាំបាច់ទាំងឡាយ ដើម្បីឈានទៅដាក់ឱ្យអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធិកម្ម ដែលជាគន្លឹះក្នុងការកសាង “វប្បធម៌សមិទ្ធកម្ម” ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល។

ដំណាក់កាលទី៤៖ “គណនេយ្យភាពសមិទ្ធកម្ម”

គ្រោងអនុវត្តចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ក្នុងគោលបំណងសម្រេចឱ្យបានជាមូលដ្ឋាននូវគណនេយ្យភាពសមិទ្ធកម្ម ដែលជាលទ្ធផលចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល៕

អត្ថបទទាក់ទង