ខ្មែរប៉ុស្ដិ៍ Close

ប្រទេសចិនចង់វិលត្រឡប់ទៅរកការចូលរួមតាមបែបប្រពៃណី ក៏ប៉ុន្តែការទូតអ្នកចម្បាំងចចកនឹងមិនរលាយបាត់ទៅណាឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 46
ប្រទេសចិនចង់វិលត្រឡប់ទៅរកការចូលរួមតាមបែបប្រពៃណី ក៏ប៉ុន្តែការទូតអ្នកចម្បាំងចចកនឹងមិនរលាយបាត់ទៅណាឡើយ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នាអំឡុងពេលចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលីកាលពីខែវិច្ឆិកា ឆ្នាំ 2022។ (រូបថត៖ POOL/AFP/WILLY KURNIAWAN)

កិច្ចប្រជុំកំពូល G20 នៅកោះបាលី នៅក្នុងខែវិច្ឆិកានេះបានកត់សម្គាល់ឃើញនូវការវិលត្រឡប់របស់ប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់ឆាកអន្តរជាតិវិញ។ នៅក្នុងភាពឯកោជិត ៣ ឆ្នាំរបស់លោក ស៊ី ជីនពីង ដោយសារវីរុសកូវីដ-១៩ ប្រទេសចិនហាក់បីដូចជាមានភាពឆេវឆាវជាងមុននៅក្នុងការទូតអ្នកចម្បាំងចចក (Wolf Warrior Diplomacy)។

ក្នុងឆ្នាំ ២០២០ ប្រទេសចិនបានដំឡើងពន្ធយ៉ាងសន្ធឹកសន្ធាប់លើការនាំចូលរបស់អូស្ត្រាលី បន្ទាប់ពីអូស្ត្រាលីបានជំរុញឱ្យមានការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសចិន។ ចិនក៏បានបញ្ឈប់ការនាំចូលពីប្រទេសលីទុយអានីផងដែរ ដោយសារជម្លោះទាក់ទងនឹងកោះតៃវ៉ាន់នៅក្នុងឆ្នាំ ២០២១ ហើយកាលពីដើមឆ្នាំនេះ ប្រទេសចិនបានរងនូវការចោទប្រកាន់ពីបទយាយីលើយន្តហោះ និងនាវាយោធារបស់បរទេស។

សូមអាន ការបោះឆ្នោតនៅអូស្ត្រាលីបង្កឱ្យមានការចោទសួរជាសំណួរ លើគោលនយោបាយការបរទេស

ទំនាក់ទំនងការទូតនៅគ្រប់កម្រិតទាំងអស់តែងត្រូវបានចិនអនុវត្តដោយប្រើប្រាស់នូវវិធីសាស្ត្រគំរាមផង និងលើកទឹកចិត្តផង (Carrot-and-Stick) ដោយក្នុងនោះ អ្នកដែលធ្វើឱ្យចិនខឹងនឹងត្រូវបានបដិសេធមិនឱ្យជួប ឬមិនអាចមានទំនាក់ទំនងទាល់តែសោះជាមួយមន្ត្រីចិន។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គ្មានរដ្ឋមន្ត្រីអូស្ត្រាលីណាម្នាក់អាចជួបនិយាយជាមួយសមភាគីចិនបានទេ ហើយទំនាក់ទំនងទ្វេភាគីក៏បានធ្លាក់ចុះដល់ចំណុចទាបបំផុត។

ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ការពិភាក្សាអំពីបញ្ហាស្តីពីការប្រែប្រួលអាកាសធាតុ រហូតដល់ទំនាក់ទំនងយោធាក៏ត្រូវបានបញ្ចប់។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្រ្តអ្នកចម្បាំងចចកបានផ្តល់នូវលទ្ធផលចម្រុះ។ ការមិនទុកចិត្តលើប្រទេសចិនបានកើនឡើងយ៉ាងខ្លាំងនៅក្នុងចំណោមប្រជាពលរដ្ឋ និងបណ្តារដ្ឋាភិបាលនៅក្នុងប្រទេសលោកខាងលិច និងនៅតំបន់អាស៊ីបូព៌ា។

សូមអាន ការទូតអ្នកចម្បាំងចចករបស់ចិនកំពុងរងនូវការធ្លាក់ចុះ

បញ្ហានេះ បូករួមនឹងគោលនយោបាយ «Zero Covid» ដ៏អាក្រក់ និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើអាជីវកម្មឯកជន បានធ្វើឱ្យខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលផ្លាស់ប្តូរចេញពីប្រទេសចិន។ ទំនាក់ទំនងការទូតដ៏គឃ្លើនរបស់ចិន ក៏បានជួយបង្កើនការរួបរួមផងដែរនៅក្នុងចំណោមប្រទេសនានាដើម្បីទប់ទល់ប្រឆាំងនឹងប្រទេសចិន ដែលរួមមានដូចជា AUKUS និង Quad ក៏ដូចជាអង្គការ NATO ដែលបានចាត់ទុកប្រទេសចិនជា «បញ្ហាប្រឈមជាប្រព័ន្ធ»។

នៅខាងក្រៅកិច្ចប្រជុំ G20 លោក ស៊ី ជីនពីង មានកិច្ចប្រជុំជាផ្លូវការជាមួយមេដឹកនាំចំនួន ៩ ដោយក្នុងនោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋ «China News Service» បានរាយការណ៍ថា «លោក ស៊ី ជីនពីង គឺជាចំណុចស្នូលនៃកិច្ចប្រជុំកំពូលទាំងមូល ដែលជាហេតុធ្វើឱ្យបណ្តាមេដឹកនាំពិភពលោកចង់ជួបនិយាយជាមួយលោក»។ កិច្ចប្រជុំទាំងនេះត្រូវបានធ្វើឡើងដោយគ្មានភ្ជាប់មកនូវបុរេលក្ខខណ្ឌនោះទេ ហើយចិនក៏មិនបានរឹតត្បិតលើប្រភេទប្រធានបទដែលអាចត្រូវបានពិភាក្សានោះដែរ។

កិច្ចពិភាក្សារវាងលោក ស៊ី ជីនពីង និងលោក ចូ បៃឌិន ត្រូវបានប្រទេសចិនពិពណ៌នាថាជា «ចំណុចចាប់ផ្តើមថ្មី» ខណៈដែលភាគីទាំងពីរព្យាយាមកាត់បន្ថយភាពតានតឹង។ (រូបថត៖ AFP/Saul Loeb)

សារដដែលៗពីកិច្ចប្រជុំរបស់លោក ស៊ី ជីនពីង គឺថា «ប្រទេសចិនបានព្យាយាមវិលត្រឡប់ទៅរកការទូត និងការចូលរួមតាមបែបប្រពៃណី ទាំងជាមួយបណ្តាប្រទេសដែលមានទស្សនៈផ្ទុយពីប្រទេសចិនលើបញ្ហាមួយចំនួនដូចជាពាណិជ្ជកម្ម, សិទ្ធិមនុស្ស, កោះតៃវ៉ាន់ និងតួនាទីរបស់ចិនក្នុងការរារាំងរុស្ស៊ីពីការធ្វើសង្គ្រាមនៅអ៊ុយក្រែន»។ ជាក់ស្តែង ជំនួបដ៏សំខាន់បំផុតគឺរវាងលោក ស៊ី ជីនពីង និងលោក ចូ បៃឌិន ដែលជាការជួបគ្នាជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីការជាប់ឆ្នោតរបស់លោក ស៊ី ជីនពីង នៅ ក្នុងឆ្នាំ ២០២០។

គ្មានអ្វីច្បាស់លាស់ត្រូវបានប្រកាសនោះទេ ក៏ប៉ុន្តែលោក ស៊ី ជីនពីង និងលោក បៃឌិន បានសម្រេចនូវរឿងមួយចំនួនបន្ទាប់ពីកិច្ចប្រជុំអស់រយៈពេលជាង ៣ ម៉ោង ដោយក្នុងនោះរួមមានការបញ្ជាក់ឡើងវិញយ៉ាងច្បាស់លាស់ថា «សហរដ្ឋអាមេរិកនៅតែបន្តគោរពតាមគោលនយោបាយចិនតែមួយ (One China Policy), នឹងមិនគាំទ្រការប្រកាសជាឯកតោភាគីនូវឯករាជ្យភាពនៃកោះតៃវ៉ាន់ ហើយនឹងព្យាយាមគ្រប់គ្រងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន» បូករួមនឹងការព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមឡើងវិញនូវកិច្ចចរចាទ្វេភាគីអំពីបញ្ហាការប្រែប្រួលអាកាសធាតុ ហើយក៏អាចមានការបង្កើតបណ្តាញទំនាក់ទំនងយោធាឡើងវិញផងដែរ។

នៅចំពោះមុខបញ្ហាអតិផរណាដែលនៅតែបន្តកើនឡើង និងភាពមិនច្បាស់លាស់ដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន វាគឺជាផលប្រយោជន៍របស់ភាគីទាំងពីរ ក្នុងការកាត់បន្ថយភាពតានតឹងជាអន្តរជាតិ និងការពង្រឹងទីផ្សារហិរញ្ញវត្ថុឡើងវិញ។ ការប្រកួតប្រជែងដណ្តើមឥទ្ធិពលនៅក្នុងប្រទេស ដូចជាឥណ្ឌូណេស៊ីដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 ត្រូវបានបង្ហាញយ៉ាងច្បាស់នៅពេលដែលសហរដ្ឋអាមេរិក និងចិនបានធ្វើការប្រកាសអំពីគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដែលផ្តោតលើសេដ្ឋកិច្ចជាមួយប្រធានាធិបតី Joko Widodo ។

ការវិលត្រឡប់មករកការទូតដែលមានការចូលរួមដោយផ្ទាល់ (In-person Diplomacy) ក៏បានបង្ហាញផងដែរថា «លោក ស៊ី ជីនពីង អាចចូលរួមដោយផ្ទាល់នៅក្នុងការដាក់ឱ្យដំណើរការសាកល្បងនូវផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ដែលត្រូវបានសាងសង់ដោយប្រទេសចិន ដែលជាសមិទ្ធិផលជាក់ស្តែងនៃគំនិតផ្តួចផ្តើម BRI»។ ជាមួយនឹងការវិលត្រឡប់មករកការអនុវត្តការទូតយ៉ាងពេញទំហឹងបែបនេះ បណ្តាមេដឹកនាំដែលលោក ស៊ី ជីនពីង មិនបានជួបជាមួយជាផ្លូវការក៏ទទួលបាននូវការចាប់អារម្មណ៍ផងដែរ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី កំពុងគេចវេសពីលោក ស៊ី ជីនពីង រហូតដល់ប្រទេសចិនយល់ព្រមដកខ្លួនចេញពីទឹកដីដែលចិនបានដណ្តើមកាន់កាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កន្លងមកនេះ ឥណ្ឌាគឺជាប្រទេសតែមួយគត់ដែលមានទាហានស្លាប់នៅក្នុងការប្រយុទ្ធជាមួយប្រទេសចិនកាលពី ២ ឆ្នាំមុន ហើយភាពតានតឹងអាចនឹងផ្ទុះឡើងនៅគ្រប់ពេលវេលាទាំងអស់។

រឿងរ៉ាវចម្លែកមួយរបស់លោក ស៊ី ជីនពីង នៅឯកិច្ចប្រជុំ G20 គឺទំនាក់ទំនងរបស់លោកជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ដោយក្នុងនោះ លោក ស៊ី ជីនពីង បានរិះគន់លោក Trudeau ចំពោះការលេចធ្លាយការពិភាក្សាក្រៅផ្លូវការរបស់ពួកគេទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។

បញ្ហានេះអាចបណ្តាលមកពីទំនាក់ទំនងកាន់តែតានតឹងរវាងកាណាដានិងចិន ដែលបានកើតឡើងបន្ទាប់ពីមានការចាប់ខ្លួនជនជាតិកាណាដា ២ នាក់ពីបទចារកម្ម ហើយក្រោយមកលោក ស្រី Meng Wanzhou ដែលជានាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei ក៏ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាណាដាពីបទក្លែងបន្លំ នៅចំពេលកើតមានការចោទប្រកាន់ថា «ប្រទេសចិនបានព្យាយាមលូកដៃទៅក្នុងលទ្ធផលបោះឆ្នោតរបស់ប្រទេសកាណាដា»។ ប៉ុន្តែ វាក៏អាចដោយសារតែលោក ស៊ី ជីនពីង បានស្នើសុំថា «កិច្ចប្រជុំរវាងពួកគេ នងមិនត្រូវបានពិភាក្សាជាសាធារណៈនោះទេ» ក៏ប៉ុន្តែលោក Trudeau បានទម្លាយរឿងនេះមុន។

លោក ស៊ី ជីនពីង បានចូលរួមនៅក្នុងកិច្ចប្រជុំទាំងនេះជាមួយនឹងជំហរប្រកបដោយភាពខ្លាំង។ នៅក្នុងខែតុលា លោក ស៊ី ជីនពីង ត្រូវបានតែងតាំងជាមេដឹកនាំគណបក្សកុម្មុយនីស្តចិនសម្រាប់អាណត្តិទី៣ ដែលជារឿងមិនធ្លាប់មានពីមុនមក។ រដ្ឋមន្ត្រីការបរទេស លោក Wang Yi ដែលជាអ្នកជំរុញការទូតអ្នកចម្បាំងចចក ក៏ត្រូវបានគេដំឡើងឋានៈទៅក្នុងការិយាល័យនយោបាយផងដែរ។

ដូច្នេះខណៈពេលដែលលោក ស៊ី ជីនពីង បានខិតខំប្រឹងប្រែងបង្ហាញពីមុខមាត់ដ៏សប្បុរស, ប្រកដោយភាពអត់ធ្មត់និងវិជ្ជមានរបស់ប្រទេសចិននៅលើឆាកអន្តរជាតិ លោកក៏បានបង្ហាញផងដែរថា «លោកនៅតែជាមនុស្សម្នាក់ដែលរំពឹងថា បំណងប្រាថ្នារបស់លោកនឹងត្រូវបានគោរពយ៉ាងពេញទំហឹងដោយបណ្តារដ្ឋអធិបតេយ្យផ្សេងៗទៀត»។ នៅបន្ទាប់ពីកិច្ចប្រជុំកំពូលទាំងអស់នេះ «ការបង្កើនកម្លាំងយោធានៅក្នុងប្រទេសចិននិងនៅសហរដ្ឋអាមេរិក និងនៅបណ្តាប្រទេសដែលជាសម្ព័ន្ធមិត្ត មិនបានបង្ហាញអំពីសញ្ញានៃការបន្ថយល្បឿននោះទេ»៕

Channel News Asia

អត្ថបទទាក់ទង