ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារជូន លោកប្រធានាធិបតី ស៊ី ជីនពីង អបអរសាទរខួបឆ្នាំទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១ ឯកសារ 67
ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារជូន លោកប្រធានាធិបតី ស៊ី ជីនពីង អបអរសាទរខួបឆ្នាំទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ នរោត្តម សីហមុនី

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសារមួយជូន លោកប្រធានាធិបតី ស៊ី ជីនពីង ដើម្បីសេចក្តីអបអរសាទរដ៏ស្មោះស្ម័គ្រ និងជូនពរបរវរមហាប្រសើរ ក្នុងឱកាសខួបឆ្នាំទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

តាមព្រះរាជសារនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះករុណាជីវិតតម្កល់លើត្បូង បានបានមានព្រះបន្ទូលថា ៖ «យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម ចំពោះការកសាងសហគមន៍សុខភាពពិភពលោកសម្រាប់ទាំងអស់គ្នា ហើយប្រទេសចិនមានសកម្មភាពជាក់ស្តែង ក្នុងការផ្តល់វ៉ាក់សាំងចំនួន ២,០០០លានដូសនៅទូទាំងពិភពលោក ក្នុងឆ្នាំនេះដល់ជាង ១០០ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីទប់ទល់នឹងជំងឺរាតត្បាតសកល COVID-19។

ព្រះអង្គ ក៏បានមានព្រះបន្ទូលបន្តតាមរយៈសារលិខិតដដែលនេះថា៖ «យើងកោតសរសើរពីភាពជោគជ័យរបស់ប្រទេសចិន ក្នុងការកសាងសង្គមដែលមានវិបុលភាព គ្រប់បែបយ៉ាង។ ព្រះរាជាណាចក្រកម្ពុជានឹងឈរនៅជានិច្ច ជាមួយសាធារណរដ្ឋប្រជាមានិតចិន និងជំរុញការកសាងសហគមន៍កម្ពុជា-ចិន ជាមួយអនាគតរួមគ្នា»។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះមហាក្សត្រ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោក ស៊ី ជីនពីង ដែលបានទទួលស្វាគមន៍ព្រះអង្គ ឱ្យមកពិនិត្យសុខភាព និងស្នាក់នៅប្រទេសចិនគ្រប់ពេលវេលា ព្រមទាំងបានមានព្រះបន្ទូលកោតសរសើរចំពោះ មិត្តភាពដ៏វិសេសជាមួយ លោក ស៊ី ជីនពង និងជំទាវទីមួយ PENG LIYUAN។

ចុងក្រោយនៃលិខិត ព្រះអង្គ បានជូនពរ លោកប្រធានាធិបតី ស៊ី ជីនពីង ឲ្យបន្តមានសុខភាពល្អ និងជោគជ័យក្នុងការដឹកនាំ សាធារណរដ្ឋប្រជាមានិតចិន ឱ្យជួបតែសេចក្តីសុខ និងភាពចម្រុងចម្រើន។

សូមបញ្ជាក់ថា សារធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសបង្កើតឡើង នាថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤៩ ដោយលោកប្រធានាធិបតី ម៉ៅ សេទុង បន្ទាប់ពីបានយកឈ្នះសង្គ្រាមលើ លោក ចាង ខៃចៀក ដែលរហូតមកដល់ពេលនេះ មានរយៈពេល៧២ឆ្នាំហើយ៕ Fresh News

អត្ថបទទាក់ទង