ខ្មែរប៉ុស្ដិ៍ Close

សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបង្កផលប៉ះពាល់ដល់សមមិត្តចាស់ៗនៅតំបន់អាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 99
សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបង្កផលប៉ះពាល់ដល់សមមិត្តចាស់ៗនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ូលិស​ឥណ្ឌូណេស៊ី​ តម្រង់​ជួរ​ក្នុង​អំឡុង​ពេល​ដង្ហែ​ក្បួន​សន្តិសុខ​នៅ​ថ្ងៃ​ទី 7 ខែ​វិច្ឆិកា ឆ្នាំ 2022 ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​កិច្ច​ប្រជុំ G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី (រូបថត AP)

ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានលើកឡើងនូវការមិនពេញចិត្តមួយនៅពេលកំពុងរៀបរាប់អំពី «ការប្រែប្រួលដែលមិនអាចបកក្រោយបាន បូករួមនឹងការផ្លាស់ប្តូរដ៏ធំសម្បើម» ដោយក្នុងនោះ លោកបាននិយាយថា «វាបានធ្វើឱ្យលោកខាងលិច លែងមានឥទ្ធិពលតទៅទៀតនៅក្នុងពិភពលោក»។

លោកបានប្រាប់អ្នកចូលរួមក្នុងវេទិការសេដ្ឋកិច្ចបូព៌ា (Eastern Economic Forum) នៅទីក្រុង Vladivostokកាលពីខែកញ្ញាថា «ប្រទេសលោកខាងលិចកំពុងព្យាយាមថែរក្សាសណ្តាប់ធ្នាប់ពិភពលោកពីមុន ដែលបានផ្តល់ផល ប្រយោជន៍ដល់តែពួកគេប៉ុណ្ណោះ ប៉ុន្តែពេលវេលារបស់ពួកគេកាន់តែខើចហើយ។ អនាគតគឺស្ថិតក្នុងដៃរបស់បណ្តាប្រទេស និងតំបន់ដែលពោរពេញទៅដោយថាមពលនិងក្តីសង្ឃឹម ជាពិសេសនៅអាស៊ី-ប៉ាស៊ីហ្វិក»។

លោក Putin ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងជំនួបនៃក្រុម G20 នៅកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី។ វាអាចជាឱកាសដ៏ល្អសម្រាប់រូបលោកក្នុងការបង្កើនមុខមាត់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ដែលមានសន្ទុះបំផុតផ្នែកសេដ្ឋកិច្ចនៅក្នុងពិភពលោក។ ប៉ុន្តែករណីនេះនឹងមិនអាចកើតឡើងទេដោយសារលោក Putin នឹងមិនចូលរួមនៅក្នុងកិច្ចប្រជុំ G20 ទេ ដោយសារការកំណត់កាលបរិច្ឆេទមិនភាពមិនច្បាស់លាស់។

ដោយសារគ្មានវត្តមានរបស់លោក Putin ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នឹងមានឱកាសទាក់ទាញអ្នកចូលរួមនៅពេលលោកឡើងថ្លែងទៅកាន់កិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញ បន្ទាប់ពីទទួលបានការអញ្ជើញពីប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo។ លោកស្រី Susannah Patton ដែលមកពីវិទ្យាស្ថាន Lowy Institute បាននិយាយថា «អវត្តមានរបស់លោក Putin ពីកិច្ចប្រជុំនេះ អាចបង្កផលប៉ះពាល់ដល់ការលើកឡើងអំពីការបង្វែរការចាប់អារម្មណ៍របស់រុស្ស៊ីឆ្ពោះទៅកាន់ទ្វីបអាស៊ី (Russian Pivot to Asia)»។

ខណៈពេលដែលយោធារុស្ស៊ីកំពុងដកថយនៅតំបន់ខ្លះនៃប្រទេសអ៊ុយក្រែន ហើយការដាក់ទណ្ឌកម្មពីអន្តរជាតិក៏កំពុងបង្កនូវផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរុស្ស៊ី បណ្តាមិត្តចាស់ៗខ្លះនៅតំបន់អាស៊ីអាគ្នេយ៍ហាក់ដូចជាកំពុងព្យាយាមងាកចេញពីការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយរុស្ស៊ី ហើយប្រទេសមីយ៉ាន់ម៉ាអាចនឹងក្លាយជាមិត្តភក្តិដ៏ពិតប្រាកដចុងក្រោយរបស់រុស្ស៊ីនៅក្នុងតំបន់។

ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងឧត្តមសេនីយ Min Aung Hlaing នៃប្រទេសមីយ៉ាន់ម៉ា ជួបប្រជុំគ្នានៅវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok ប្រទេសរុស្ស៊ីក្នុងខែកញ្ញា ឆ្នាំ 2022 [រូបថត៖ Valery Sharifulin/Sputnik/Kremlin pool via AP]
រុស្ស៊ីមិនមានផលប្រយោជន៍យុទ្ធសាស្ត្រសំខាន់ៗនៅតំបន់អាស៊ីអាគ្នេយ៍នោះទេ ក៏ប៉ុន្តែទំនាក់ទំនងនៅសម័យសូវៀត មានលក្ខណៈជ្រាលជ្រៅដែលជាហេតុបង្កើតឱ្យមានទំនាក់ទំនងនយោបាយ និងមនោសញ្ចេតនាខ្លះជាមួយអតីតប្រទេសនៅតំបន់ឥណ្ឌូចិន ដូចជាវៀតណាម, កម្ពុជា និងឡាវ។ ប្រទេសវៀតណាមជាពិសេស នៅតែចងចាំអំពីការគាំទ្ររបស់រុស្ស៊ីនៅក្នុងអំឡុងសង្គ្រាម ដែលទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកនៅវៀតណាមខាងត្បូងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និងឆ្នាំ ១៩៧០។

វៀតណាម និងឡាវ បានបោះឆ្នោតអនុប្បវាទលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការកាត់យកទឹកដីអ៊ុយក្រែន បូករួមនឹងការបោះឆ្នោតប្រឆាំងនឹងការព្យួរសមាជិកភាពរបស់រុស្ស៊ីពីក្រុមប្រឹក្សា សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ នៅក្នុងការបោះ ឆ្នោតកាលពីថ្ងៃទី ១៤ ខែវិច្ឆិកាលើសេចក្តីសម្រេចមួយដែលទាមទារឱ្យរុស្ស៊ីទទួលបន្ទុកលើការចំណាយលើការខូចខាតដែលកើតមាននៅប្រទេសអ៊ុយក្រែន ប្រទេសវៀតណាម, ឡាវ និង កម្ពុជា គឺស្ថិតក្នុងចំណោមសមាជិកចំនួន ៧៣ របស់មហាសន្និបាតដែលបោះឆ្នោតអនុប្បវាទ។

ក្នុងចំណោមប្រទេសនៅក្នុងតំបន់ មានតែសិង្ហបុរីនិងហ្វីលីពីនប៉ុណ្ណោះដែលបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនោះ។ លោក Huynh Tam Sang ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៅទីក្រុងហូជីមិញ បាននិយាយថា «ការសម្រេចចិត្តរបស់វៀតណាមក្នុងការបោះឆ្នោតអនុប្បវាទនៅអង្គការសហប្រជាជាតិ អាចជារឿងសមហេតុផល។ ក៏ប៉ុន្តែវាក៏បានបង្កជាការសង្ស័យផ្នែកសីលធម៌ផងដែរ ដោយសារតែវៀតណាមបានបរាជ័យក្នុងការការពារគោលការណ៍នៃអធិបតេយ្យ និងបូរណភាពទឹកដី»។

លោកបានបន្តថា «ជំហររបស់វៀតណាមត្រូវបានធ្វើឡើងក្នុងគោលបំណងចៀសវាងការរិះគន់ និងការសងសឹកណាមួយពីរុស្ស៊ី» ខណៈដែលទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងរុស្ស៊ី មានចំនួនជិត ២,៥ ពាន់លានដុល្លារ សម្រាប់រយៈពេល ៨ ខែនៃឆ្នាំនេះ។ រុស្ស៊ីក៏ជាវិនិយោគិនដ៏សំខាន់មួយផងដែរនៅក្នុងវិស័យប្រេងនិងឧស្ម័នរបស់វៀតណាម និងថែមទាំងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតមួយរបស់វៀតណាមទៀតផង។

ទាហានកុម្មុយនីស្តវៀតណាម រុលទៅមុខក្រោមការបាញ់ពីកាំភ្លើងយន្តធុនធ្ងន់ការពារ កំលុងសង្គ្រាមវៀតណាម ប្រហែលឆ្នាំ 1968 [រូបថត៖ Three Lions/Hulton Archive/Getty Images]
លោក Carlyle A Thayer ដែលជាសាស្ត្រាចារ្យ កិត្តិយស​នៅ​សកលវិទ្យាល័យ New South Wales Canberra បាន​និយាយនៅពេល​ថ្មីៗ​នេះ​ថា «ការចុះខ្សោយនៃប្រទេស​រុស្ស៊ី​មិនមែនជាអ្វីដែលវៀតណាមចង់បាននោះទេ»។ ការគាំទ្ររបស់វៀតណាមចំពោះរុស្ស៊ី ក៏អាចបណ្តាលមកពីទំនាក់ទំនងដ៏តានតឹងជារវាងវៀតណាមជាមួយនឹងចិនផងដែរ។ វៀតណាមបានធ្វើសង្គ្រាមនៅតាមព្រំដែនខ្លួនជាមួយចិននៅឆ្នាំ ១៩៧៩ និងបានបន្តពឹងផ្អែកលើទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងម៉ូស្គូដើម្បីទប់ទល់នឹងការដាក់សម្ពាធពីប្រទេសចិន។

អតីតសហភាពសូវៀតគឺជាប្រទេសដំបូងគេមួយដែលបានជួយកសាងប្រទេសកម្ពុជាឡើងវិញនៅក្រោយសម័យខ្មែរក្រហម នៅពេលដែលរដ្ឋាភិបាលនៅទីក្រុងភ្នំពេញដែលត្រូវបានបង្កើតដោយវៀតណាម បានរងនូវការដាក់ទណ្ឌកម្មពីលោកខាងលិច។

លោក Ian Storey ដែលមកពីវិទ្យាស្ថាន Yusof Ishak Institute នៅប្រទេសសិង្ហបុរីបាននិយាយថា «កាលពីឆ្នាំមុន លោក ហ៊ុន សែន បានទទួលមេដាយមិត្តភាពពីប្រទេសរុស្ស៊ី ក៏ប៉ុន្តែករណីនេះមិនអាចរារាំងមេដឹកនាំកម្ពុជារូបនេះ ពីការប្រកាន់យកជំហរដ៏ម៉ឺងម៉ាត់ប្រឆាំងនឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនឡើយ។ លោក ហ៊ុន សែន មិនត្រឹមតែបានហៅការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនថាជាសកម្មភាពដ៏កម្រោលប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងបានលើកឡើងអំពីការសង្ស័យអំពីសមត្ថភាពរបស់រុស្ស៊ីក្នុងការទទួលបានជ័យជម្នះទៀតផង»។

ជំហរគាំទ្រអ៊ុយក្រែនរបស់លោក ហ៊ុន សែន បានជំរុញឱ្យអគ្គរដ្ឋទូតរុស្ស៊ី លើកឡើងនូវការក្រើនរំលឹកតាមបណ្តាញ Twitter ថា «គឺទីក្រុងម៉ូស្គូដែលបានមកជួយកម្ពុជាក្នុងគ្រាដ៏លំបាកបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានៅក្រោយរបបខ្មែរក្រហម»។ ប៉ុន្តែកម្ពុជាមិនបានរំជួលចិត្តនឹងការក្រើនរំលឹកនេះទេ។

លោក Vladimir Putin ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់កម្ពុជាក្នុងជំនួបរបស់ពួកគេក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នៅរមណីយដ្ឋានសមុទ្រខ្មៅនៃទីក្រុងសូជី ប្រទេសរុស្ស៊ី កាលពីឆ្នាំ 2016 [រូបថត៖ Alexander Zemlianichenko, pool/AP Photo]
ប្រទេសថៃ, ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី តែងមានភាពប្រុងប្រយ័ត្នខ្ពស់នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ពួកគេស្តីអំពីសង្គ្រាម ដោយក្នុងនោះ ឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 ក៏បានបង្ហាញអំពីការរក្សាជំហរមិនចូលបក្សសម្ព័ន្ធផងដែរ។ ប៉ុន្តែ លោក Widodo បានទៅបំពេញទស្សនកិច្ចនៅទីក្រុង Kyiv និងបន្ទាប់មកបានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូកាលពីចុងខែមិថុនាដើម្បីពិភាក្សាអំពីវិបត្តិស្បៀងអាហារសកល ជាមួយលោក Zelensky និងលោក Putin និងបានអញ្ជើញពួកគេដោយផ្ទាល់ឱ្យមកចូលរួមក្នុងកិច្ចប្រជុំកំពូលនៅកោះបាលីទៀតផង។

ឧស្សាហកម្មសព្វាវុធរបស់រុស្ស៊ី គឺជាប្រភពផ្គត់ផ្គង់គ្រឿងសព្វាវុធដ៏ធំបំផុតតែមួយគត់ទៅឱ្យតំបន់អាស៊ីអាគ្នេយ៍ (យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ SIPRI)។ ប្រទេសរុស្ស៊ីមានចំណែកជាង ១/៣ នៃការលក់អាវុធសំខាន់ៗទាំងអស់ទៅឱ្យតំបន់នេះនៅក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ហើយនៅពេលដែលរុស្ស៊ីមិនអាចលក់អាវុធរបស់ខ្លួនដោយធ្វើការទូទាត់ជាសាច់ប្រាក់បាន រុស្ស៊ីក៏បានបង្ហាញអំពីឆន្ទៈក្នុងការចុះកិច្ចព្រមព្រៀងដោះដូរទំនិញដោយមិនចាំបាច់ប្រើលុយ (Barter Deals) ឬធ្វើឡើងក្នុងទម្រង់ជាប្រាក់កម្ចីជំនួសវិញ។

រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងបញ្ជាទិញយន្តហោះចម្បាំងរុស្ស៊ីម៉ាក Sukhoi Su-35 ចំនួន ១១ គ្រឿងនៅក្នុងកិច្ចព្រមព្រៀងមួយដែលនឹងធ្វើការទូទាត់ចំនួនពាក់កណ្តាលនៃតម្លៃសរុប ដោយផលិតផលកសិកម្ម និងផលិតផលផ្សេងៗទៀត។ នៅប្រទេសហ្វីលីពីន រុស្ស៊ីធ្លាប់បាននិយាយនៅក្នុងឆ្នាំ ២០១៨ ថា «ខ្លួនបានត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ប្រាក់កម្ចី ដើម្បីអាចឱ្យទីក្រុងម៉ានីលបញ្ជាទិញនាវាមុជទឹកពីរុស្ស៊ីបាន»។

វិទ្យាស្ថាន SIPRI បានគូសបញ្ជាក់ថា «ការលក់គ្រឿងសព្វាវុធរុស្ស៊ីទៅឱ្យតំបន់អាស៊ីអាគ្នេយ៍គឺជាធាតុផ្សំដ៏សំខាន់មួយនៃប្រាក់ចំណូលរបស់រុស្ស៊ីដែលទទួលបានពីការនាំចេញសរុប»។ ប៉ុន្តែជាមួយនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលបានដាក់មកលើរុស្ស៊ីនៅក្រោយការឈ្លានពានយកតំបន់ Crimea នៅឆ្នាំ ២០១៤ និងការចោទប្រកាន់ពីបទជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ រដ្ឋាភិបាលមួយចំនួននៅក្នុងតំបន់បានចាប់ផ្តើមងាកចេញពីរុស្ស៊ី។

ទីក្រុងម៉ានីលមិនបានបញ្ជាទិញនាវាមុជទឹកពីរុស្ស៊ីនោះទេ ហើយទីក្រុងហ្សាកាតាក៏បានប្រកាសនៅខែធ្នូដែរថា «កិច្ចព្រមព្រៀងទិញយន្តហោះ Sukhoi ត្រូវបានលុបចោលហើយ»។ នៅពេលនេះ ជាមួយនឹងការទទួលរងនូវទណ្ឌកម្មយ៉ាងច្រើនដែលបង្កឡើងដោយសារសង្គ្រាមនៅអ៊ុយក្រែន ឧស្សាហកម្មនាំចេញអាវុធរបស់រុស្ស៊ីកំពុងរងនូវការខូចខាតយ៉ាងដំណំ។

ដោយភ័យខ្លាចចំពោះទណ្ឌកម្ម ប្រធានាធិបតី Ferdinand Marcos Jr បាននិយាយកាលពីខែមុនថា «ប្រទេសហ្វីលីពីននឹងបញ្ជាទិញឧទ្ធម្ភាគចក្រយោធាពីសហរដ្ឋអាមេរិក» បន្ទាប់ពីបានលុបចោលកិច្ចព្រមព្រៀងតម្លៃ ២១៥ លានដុល្លារក្នុងការទិញឧទ្ធម្ភាគច្រកធុនធ្ងន់ចំនួន ១៦ គ្រឿងពីរុស្ស៊ី ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលរបស់លោក Rodrigo Duterte កាលពីខែវិច្ឆិកា ឆ្នាំ ២០២១។

សូមអាន ខ្លឹមសារសំខាន់ៗនៃការថ្លែងសន្ទរកថាជាលើកដំបូងរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.

ប៉ុន្តែសូម្បីតែលោក Duterte ក៏ចង់រក្សាគម្លាតពីលោក Putin ដែរ នៅក្រោយការលុកលុយនៅអ៊ុយក្រែន បើទោះបីជាលោកធ្លាប់ចាត់ទុកលោក Putin ជានិមិត្តរូប (Idol) ក៏ដោយ។ លោក Duterte បាននិយាយកាលពីខែឧសភាថា «មនុស្សជាច្រើនបាននិយាយថា លោក Putin និងខ្ញុំគឺជាអ្នកសម្លាប់មនុស្ស។ ​ខ្ញុំ​ពិត​ជា​អ្នកសម្លាប់មនុស្សមែន ក៏ប៉ុន្តែ​ខ្ញុំ​សម្លាប់​តែឧក្រិដ្ឋជនទេ ហើយខ្ញុំមិន​ដែលសម្លាប់​កុមារ ​និង​មនុស្ស​ចាស់​ឡើយ។ ពោលគឺយើង​នៅ​ក្នុង​ពិភព​ពីរ​ខុស​គ្នា»។

ប្រទេសខុសគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការដឹកនាំរបស់យោធាដែលបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ទំនាក់ទំនងដ៏កក់ក្តៅរវាងរុស្ស៊ីនិងមីយ៉ាន់ម៉ា ត្រូវបានបន្តពង្រឹងបន្ថែមទៀត ចាប់តាំងពីពេលកើតមានការឈ្លានពានចូលអ៊ុយក្រែន និងការធ្វើរដ្ឋប្រហារកាលពីឆ្នាំមុនពីសំណាក់យោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi។

អង្គការវិបត្តិអន្តរជាតិ (International Crisis Group) បានកត់សម្គាល់ថា «របបយោធាមីយ៉ាន់ម៉ាបានចាត់ទុកខ្លួនឯងជាដៃគូដ៏សំខាន់បំផុតរបស់រុស្ស៊ីនៅតំបន់អាស៊ីនៅក្រោយការឈ្លានពាន ហើយរុស្ស៊ីក៏បានផ្តល់ការគាំទ្រផងដែរដល់របបយោធាទាំងនៅផ្នែកការទូតអន្តរជាតិ និងគ្រឿងសព្វាវុធទំនើបៗ»។ លោក Ian Storey ដែលមកពីវិទ្យាស្ថាន ISEAS បានមើលឃើញកត្តាចំនួន ៣ ដែលរួមមាន «ការផ្តល់សុពលភាពការទូត, ការលក់អាវុធ និងកិច្ចសហប្រតិបត្តិការថាមពល»។

ទីក្រុងម៉ូស្គូបានទទួលស្គាល់ឧត្តមសេនីយ៍មីយ៉ាន់ម៉ាយ៉ាងឆាប់រហ័ស បន្ទាប់ពីពួកគេដណ្តើមអំណាច ហើយឧត្តមសេនីយ៍ទាំងនោះក៏បានធ្វើដូចគ្នាដែរតាមរយៈការផ្តល់ការគាំទ្រចំពោះការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ មេដឹកនាំយោធា Min Aung Hlaing បានប្រកាសថា «រុស្ស៊ីគឺជាមិត្តភក្តិអមតៈរបស់មីយ៉ាន់ម៉ា» ខណៈដែលមីយ៉ាន់ម៉ាបានចាត់ទុកចិនគ្រាន់តែជា «មិត្តជិតស្និទ្ធ» ប៉ុណ្ណោះ។

សូមអាន រុស្ស៊ីកំពុងដណ្តើមបានទីតាំងឈរជើងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈប្រទេសមីយ៉ាន់ម៉ា

ស្រដៀងនឹងវៀតណាមដែរ គឺយោធាមីយ៉ាន់ម៉ាត្រូវការរុស្ស៊ីដើម្បីធ្វើជាអ្នកផ្គត់ផ្គង់អាវុធ និងដើម្បីរក្សាតុល្យភាពអំណាចរបស់ចិន។ មីយ៉ាន់ម៉ាបានប្រកាសនៅខែកញ្ញាថា «ខ្លួននឹងបញ្ជាទិញប្រេងរបស់រុស្ស៊ី ដោយទូទាត់ជាប្រាក់ Rouble»។ ប៉ុន្តែទំនាក់ទំនងរុស្ស៊ី-មីយ៉ាន់ម៉ាអាចបង្កជាគ្រោះថ្នាក់ដ៏ធំសម្រាប់អាស៊ាន។

លោក Storey បានកត់សម្គាល់ថា «ការលក់អាវុធរបស់រុស្ស៊ីកំពុងជួយបង្កើនសមត្ថភាពរបស់របបយោធាមីយ៉ាន់ម៉ាក្នុងការអាចបន្តធ្វើសង្គ្រាមរយៈពេលវែងប្រឆាំងនឹងពលរដ្ឋរបស់ខ្លួន និងក្រុមប្រដាប់អាវុធផ្សេងៗ ទៀតដែលជាហេតុនាំមកនូវការបំផ្លាញដល់ការចរចាស្វែងរកសន្តិភាព និងការបង្កើតឱ្យមានដំណោះស្រាយតាមរយៈការចរចា ដូចដែលអាស៊ានចង់បាន»។

រូបភាពនេះថតចេញពីវីដេអូដ្រូន ដែលផ្តល់ដោយ Free Burma Rangers។ ផ្សែងខ្មៅហុយចេញពីការដុតអគារនៅក្នុងភូមិ Waraisuplia ក្នុងរដ្ឋ Kayah ប្រទេសមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ ឆ្នាំ 2022 ដែលពួកយោធាបានកំណត់គោលដៅលើជនស៊ីវិល តាមរយៈការវាយប្រហារតាមអាកាស និងជើងគោក [Free Burma Rangers via AP]
លោក Gregory Poling ដែលជានាយកនៃកម្មវិធីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលដើម្បីការសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (Center for Strategic and International Studies) បាននិយាយថា «ទំនាក់ទំនងរបស់តំបន់អាស៊ីអាគ្នេយ៍ជាមួយរុស្ស៊ី មានភាពប្រទាក់ក្រឡា។ រុស្ស៊ីពិតជាធ្លាប់បានផ្តល់ការទាក់ទាញដល់បណ្តាប្រទេសក្នុងតំបន់ដែលមានស្មារតីប្រឆាំងនឹងលោកខាងលិច ហើយលោក Putin ក៏បានផ្តល់នូវរូបភាពដ៏ទាក់ទាញដល់តំបន់នេះផងដែរ ក្នុងនាមជាតួអង្គឯកនយោបាយ និងជាបុរសខ្លាំង»។

ទោះជាយ៉ាងណាក៏ដោយ បទពិសោធន៍របស់តំបន់អាស៊ីអាគ្នេយ៍ ដែលធ្លាប់ទទួលរងអាណានិគមពីលោកខាងលិច និងការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសនៅក្នុងតំបន់ចំពោះការថែរក្សាអធិបតេយ្យរបស់ពួកគេ បានធ្វើឱ្យពួកគេទទួលស្គាល់នូវ «ចក្រព័ទ្ធនិយមតាមបែបថ្មី» នៅពេលពួកគេបានឃើញការឈ្លានពាននៅអ៊ុយក្រែន។

លោក Poling បាននិយាយថា «បណ្តាប្រទេសនៅក្នុងតំបន់បានមើលឃើញអាណាចក្ររុស្ស៊ីងើបឡើងវិញដែលអាចបង្កើតបានជាចក្រព័ទ្ធនិយមនៅសតវត្សរ៍ទី ២១»។ សតិអារម្មណ៍បែបនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងសុន្ទរកថាមួយរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan ដែលបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី និងបានប្រកាសដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូនៅខែកុម្ភៈ។

សូមអាន ហេតុអ្វីបានជាប្រទេសសិង្ហបុរី ជ្រើសរើសការដាក់ទណ្ឌកម្មលើរុស្ស៊ី?

លោក Vivian បាននិយាយថា «អ៊ុយក្រែនមានទំហំតូចជាងរុស្ស៊ីឆ្ងាយណាស់ ក៏ប៉ុន្តែប្រទេសនេះនៅតែមានទំហំធំជាងសិង្ហបុរីឆ្ងាយ។ សណ្តាប់ធ្នាប់ពិភពលោកមួយដែលពឹងផ្អែកលើអ្នកមានអំណាច ឬអ្នកដែលមានសិទ្ធិអាចធ្វើអ្វីគ្រប់យ៉ាងបានតាមចិត្តចង់ នឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងការរស់រានរបស់ប្រទេសតូចៗ»៕

Al Jazeera

អត្ថបទទាក់ទង