ខ្មែរប៉ុស្ដិ៍ Close

តើចិនអាចជួយនាំសន្តិភាពជូនដល់មីយ៉ាន់ម៉ាបានដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 124
តើចិនអាចជួយនាំសន្តិភាពជូនដល់មីយ៉ាន់ម៉ាបានដែរឬទេ? តើចិនអាចជួយនាំសន្តិភាពជូនដល់មីយ៉ាន់ម៉ាបានដែរឬទេ?

កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ីកាលពីខែឧសភា ឆ្នាំ ២០២៣ បានបង្ហាញឱ្យឃើញជាថ្មីម្តងទៀត នូវបញ្ហាសម្រាប់មេដឹកនាំអាស៊ានដែលកំពុងព្យាយាមស្វែងរកដំណោះស្រាយចំពោះវិបត្តិនយោបាយ និងមនុស្សធម៌នៅមីយ៉ាន់ម៉ា។ ការអំពាវនាវឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះចំណុចកុងសង់ស៊ីសទាំង ៥ បានជួបប្រទះនឹងបញ្ហាប្រឈម ដោយសារការបដិសេធយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា។

កិច្ចព្រមព្រៀងរបស់អាស៊ានបានផ្តោតលើដំណើរការជាក់ស្តែង និងសមហេតុផល ដើម្បីសម្រេចឱ្យបាននូវលទ្ធផលដែលបានព្រមព្រៀងគ្នា ប៉ុន្តែមីយ៉ាន់ម៉ាបានបន្តបរាជ័យនៅគ្រប់កិច្ចការ។ ការបរាជ័យបែបនេះមានន័យថា «មីយ៉ាន់ម៉ាក៏បានក្លាយជាបញ្ហាសម្រាប់មេដឹកនាំចិនផងដែរ ដែលបានបន្តឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចាប់តាំងពីរដ្ឋប្រហារយោធាបានកើតឡើងនៅឆ្នាំ ២០២១»។

ស្ថាប័នបង្កើតគោលនយោបាយការបរទេសរបស់ចិននិងក្រុមអ្នកវិភាគបានគិតគូរយ៉ាងស៊ីជម្រៅអំពីឱកាស និងហានិភ័យនៃសេណារីយ៉ូនៅពេលអនាគតនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ គួរចងចាំថា «រដ្ឋាភិបាលរបស់អតីតមេដឹកនាំ Aung San Suu Kyi ដែលត្រូវបានទម្លាក់ចេញពីតំណែង គឺជាដៃគូដ៏សំខាន់សម្រាប់មហិច្ឆតាក្នុងតំបន់របស់ចិន»។

សម្រាប់អ្នកយុទ្ធសាស្ត្រចិន ការពិចារណាចម្បងគឺ «ការចូលទៅកាន់មហាសមុទ្រឥណ្ឌា»។ ការចូលទៅកាន់ទៅទីនោះបានធ្វើឱ្យប្រទេសចិនអាចនាំចូលឧស្ម័នធម្មជាតិបានប្រហែល ១,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ពីឆ្នេរសមុទ្រនៃរដ្ឋរ៉ាឃីន ឆ្លងកាត់តាមរដ្ឋសាននៃប្រទេសមីយ៉ាន់ម៉ាដែលសម្បូរទៅដោយភ្នំ ទៅកាន់ខេត្តយូណាននៃប្រទេសចិន។

ជាមួយវិបត្តិសន្តិសុខថ្នាក់តំបន់នៅពេលអនាគត ដែលអាចធ្វើឱ្យការចូលប្រើដែនសមុទ្រក្លាយជារឿងពិបាក មីយ៉ាន់ម៉ាក៏អាចផ្តល់ឱ្យនូវ «ទ្វារក្រោយ» ដ៏មានតម្លៃសម្រាប់ប្រទេសចិនទៅកាន់កំពង់ផែមិត្តភាពនៅឈូងសមុទ្រ Bengal ផងដែរ។ ជាមួយនឹងសេណារីយ៉ូបែបនេះ ការពឹងផ្អែកផ្នែកសេដ្ឋកិច្ចទៅវិញទៅមករវាងមីយ៉ាន់ម៉ានិងចិន អាចជារឿងសំខាន់សម្រាប់ការពិចារណា។

ទិន្នន័យរបស់ធនាគារពិភពលោកឆ្នាំ ២០២១ បានឱ្យដឹងថា «GDP បន្ទាប់បន្សំរបស់មីយ៉ាន់ម៉ាមានចំនួន ៦៥ ពាន់លានដុល្លារអាមេរិក (១ ២០០ ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ៗ) ខណៈដែលចិនមានចំនួន ១៧,៧៣ ទ្រីលានដុល្លារ (១២ ២០០ ដុល្លារអាមេរិកក្នុងមនុស្សម្នាក់ៗ)។ ពាក់ព័ន្ធនឹងភាពក្រីក្ររបស់មីយ៉ាន់ម៉ា ប្រសិនបើមីយ៉ាន់ម៉ាគឺជាខេត្តមួយរបស់ចិន សេដ្ឋកិច្ចរបស់ប្រទេសនេះនឹងមានទំហំតូចជាងគេបំផុតលំដាប់ទី៣។

មីយ៉ាន់ម៉ាអាចធ្វើល្អជាងតំបន់ដាច់ស្រយាល ២ របស់ចិន គឺទីបេ និងឈីងហៃ។ យូណានដែលជាខេត្តរបស់ចិនដែលនៅជិតខាងប្រទេសមីយ៉ាន់ម៉ា មាន GDP ប្រមាណ ៤៣០ ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ វាមានចំនួនធំជាងមីយ៉ាន់ម៉ា ៥ ដង និងប្រហែល ៩ ដងច្រើនជាង បើប្រៀបធៀបមនុស្សម្នាក់ៗ។

ជាមួយនិងភាពខុសគ្នាដ៏មិនគួរឱ្យជឿនៃទ្រព្យសម្បត្តិនយោបាយប្រឆាំងចិននៅក្នុងប្រទេសមីយ៉ាន់ម៉ាអាចបញ្ឆេះឱ្យមានការខឹងសម្បានៅក្នុងស្រុកយ៉ាងឆាប់រហ័សប្រឆាំងនឹងជនជាតិភាគតិចចិន ដែលទទួលបានជោគជ័យផ្នែកពាណិជ្ជកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះគឺជាការពិតដ៏សំខាន់សម្រាប់អ្នកការទូតចិនដែលព្យាយាមកសាងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ក្នុងនាមជាអ្នកផ្គត់ផ្គង់អាវុធ និងការបណ្តុះបណ្តាលយ៉ាងសំខាន់ដល់កងកម្លាំងរដ្ឋាភិបាល មីយ៉ាន់ម៉ានិងសម្រាប់កងទ័ពជនជាតិភាគតិចមួយចំនួន ចិនបានចូលរួមនៅក្នុងនយោបាយរបស់មីយ៉ាន់ម៉ាតាមរបៀបដែលផ្តល់ទាំងផងចំណេញ និងបញ្ហា។ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Xi Jinping ការទូតចិនមិនទាន់ទទួលបានសន្ទុះខ្លាំងនៅក្នុងសកម្មភាពបង្កើតសន្តិភាពនៅក្នុងបរិយាកាសដែលពោរពេញទៅដោយការប្រកួតប្រជែងនៅឡើយនោះទេ។

ជាង ២ ឆ្នាំបន្ទាប់ពីរដ្ឋប្រហាររដ្ឋមន្ត្រីការបរទេសចិន Qin Gang បានជួបជាមួយឧត្តមសេនីយ៍ Min Aung Hlaing ដែលបានធ្វើឱ្យលោក Qin Gang ក្លាយជាមន្ត្រីចិនជាន់ខ្ពស់ចិនជាងគេ ដែលបានជួបជាមួយ មេដឹកនាំរដ្ឋប្រហារ។ ជាមួយនិងការចូលរួមកម្រិតខ្ពស់បន្ថែមទៀតនៅក្នុងពេលឆាប់ៗនេះ សំណួរអំពីរបៀបដែលចិនអាចលើកទឹកចិត្តឱ្យមានលទ្ធផលវិជ្ជមាននៅមីយ៉ាន់ម៉ា នឹងទាមទារឱ្យមានការផ្តោតលើផលប្រយោជន៍ស្នូល។

សម្រាប់ពេលនេះ ចិនអាចបំពេញតម្រូវការរបស់យោធាមីយ៉ាន់ម៉ានូវយន្តហោះវាយប្រហារ អាវុធធុនធ្ងន់ និងការផ្គត់ផ្គង់គ្រាប់រំសេវ និងឧបករណ៍បច្ចេកទេសជាបន្តបន្ទាប់ដើម្បីពង្រឹងតួនាទីរបស់ខ្លួននៅក្នុងឋានៈជាអគ្គមេបញ្ជាការ។ រុស្ស៊ីក៏បានប្រកាន់យកវិធីស្រដៀងគ្នានេះជាយូរមកហើយផងដែរ។ សម្រាប់ចិននិងរុស្ស៊ី មីយ៉ាន់ម៉ាគឺជាផ្នែកមួយនៃពិភពលោកដែលកំពុងត្រូវបានរុញទៅខាងក្រៅប្រព័ន្ធគ្រប់គ្រងអន្តរជាតិ។

មិនថាយុទ្ធសាស្ត្ររយៈពេលខ្លីបែបណាក៏ដោយ ជំហររបស់ចិននៅក្នុងអាស៊ាននឹងត្រូវបានពង្រឹង និងសូម្បីតែនៅក្នុងប្រទេសមួយចំនួនដូចជាអូស្ត្រាលី ប្រសិនបើចិនអាចបង្ហាញពីលក្ខណៈច្នៃប្រឌិតក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិនិងឥទ្ធិពលរបស់ខ្លួនដើម្បីនាំមកនូវលទ្ធផលដ៏ល្អប្រសើរសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។

ការភ័យខ្លាចគឺថា «ចិននឹងបន្តកេងចំណេញពីស្ថានភាពក្រីក្រនិងការបែកបាក់នៅមីយ៉ាន់ម៉ា ទន្ទឹមនឹងការជំរុញ (តាមរយៈការនាំចេញអាវុធរបស់ខ្លួនដែលផ្តល់ផលចំណេញ) អំពើហិង្សាដ៏ឃោរឃៅបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងរយៈពេលជាច្រើនជំនាន់»។ ប្រជាជនមីយ៉ាន់ម៉ានឹងអាចចោទសួរយ៉ាងត្រឹមត្រូវបំផុតថា «តើអ្នកណាជាអ្នកទ្រទ្រង់របបយោធាដ៏ថោកទាប»។

ឥឡូវនេះ ចម្លើយគឺ «ចិនបានផ្តល់ភាពជាមិត្តដល់មេដឹកនាំរដ្ឋប្រហារ ដែលជារឿងគួរឱ្យហួសចិត្តសម្រាប់បក្សកុម្មុយនីស្តមួយដែលបានប្តេជ្ញាចិត្តចំពោះស្ថិរភាពនៃរបប និងស្ថិរភាពនៃស្ថាប័ន»។ ប៉ុន្តែដោយមានការយកចិត្តទុកដាក់ត្រឹមត្រូវចំពោះតួនាទី និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ចិន ការផ្លាស់ប្តូរជំហរអាចនឹងកើតមានដែលនៅទីបំផុត ស្ថាប័នរបស់ចិនអាចនឹងស្វែងរកវិធីចរចាប្រកបដោយ សន្តិវិធីដើម្បីរកដំណោះស្រាយ។

នៅពេលដែលចិនបន្តនិយាយជាទៀងទាត់អំពីសន្តិភាពនៅក្នុងតំបន់ជម្លោះនៅអឺរ៉ុប, មជ្ឈិមបូព៌ា និងអាហ្វ្រិក ការរួមចំណែកជាវិជ្ជមានក្នុងប្រទេសមីយ៉ាន់ម៉ានឹងទទួលបានការស្វាគមន៍ពីមនុស្សទាំងអស់៕

Channel News Asia

អត្ថបទទាក់ទង