ខ្មែរប៉ុស្ដិ៍ Close

លោក បៃឌិន ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលដោយគ្មានគំនិតផ្តួចផ្តើមផ្នែកសេដ្ឋកិច្ច

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 74
លោក បៃឌិន ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលដោយគ្មានគំនិតផ្តួចផ្តើមផ្នែកសេដ្ឋកិច្ច លោក បៃឌិន និងសម្ដេចតេជោ ហ៊ុន សែន កំលុងពេលពិភាក្សាការងារជាមួយគ្នា កាលពីអំឡុងកិច្ចប្រជុំកំពូលអាស៊ាននាប្រទេសកម្ពុជា

ក្រោយការទទួលបាននូវលទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏ល្អប្រសើរជាងការរំពឹងទុករបស់គណបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន បានប្រកាសថា «វាគឺជាថ្ងៃដ៏ល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ និងជាថ្ងៃដ៏ល្អសម្រាប់សហរដ្ឋអាមេរិក»។

នៅក្នុងសុន្ទរកថាមួយ លោក បៃឌិន បានចាត់ទុកលទ្ធផលបោះឆ្នោតជា «សារដែលបានបញ្ជាក់យ៉ាងច្បាស់ និងមិនអាចប្រកែកបានថា របៀបវារៈនយោបាយលោកនៅតែមានប្រជាប្រិយភាពនៅក្នុងចំណោមពលរដ្ឋអាមេរិកភាគច្រើន»។ ជាមួយនឹងលទ្ធផលនេះ លោក បៃឌិន នឹងអាចធ្វើដំណើរប្រកបដោយទំនុកចិត្តដើម្បីទៅចូលរួមនៅក្នុងជំនួបកំពូលជាច្រើននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលនេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកទៅកាន់តំបន់ដ៏សំខាន់មួយនេះ។

លោកប្រធានាធិបតីបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំនៅទីក្រុងភ្នំពេញនៅថ្ងៃទី ១២-១៣ ខែវិច្ឆិកា ហើយគេរំពឹងថា «លោកនឹងជួបជាមួយថ្នាក់ដឹកនាំមកពីទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» មុនពេលលោកត្រូវចេញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលីនៅថ្ងៃទី ១៣-១៦ វិច្ឆិកា ដែលជាទីដែលលោកអាចមានជំនួបពិសេសជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង។

ទន្ទឹមនោះដែរ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងត្រូវទៅចូលរួមក្នុងជំនួបកំពូល APEC នៅទីក្រុងបាងកក ជំនួសលោក បៃឌិន ដែលបានខកខានចូលរួមប្រជុំនេះ ដោយសារតែលោកមានធុរៈនៅក្នុងគ្រួសារ។ ការមិនបង្ហាញមុខរបស់លោក បៃឌិន នៅក្នុងជំនួបកំពូល APEC បានធ្វើឱ្យមន្ត្រីថៃមានការខឹងសម្បារជាខ្លាំង ដោយពួកគេបានរំពឹងទុកខ្ពស់ចំពោះវត្តមានចូលរួមរបស់លោក បៃឌិន និងលោក ស៊ី ជីនពីង។

ទោះជាយ៉ាងណាក៏ដោយ លោក បៃឌិន នឹងក្លាយជាមេដឹកនាំដំបូងគេរបស់អាមេរិកនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងជំនួបកំពូលរបស់តំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីអតីត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបានបង្ហាញវត្តមាននៅក្នុងជំនួបកំពូលអាស៊ាននៅក្នុងការកាន់តំណែងរយៈពេល ៤ ឆ្នាំរបស់លោក លើកលែងតែពេលដែលលោក Rodrigo Duterte ធ្វើជាប្រធានឆ្លាស់វេនអាស៊ានតែប៉ុណ្ណោះ ដែលលោកត្រាំ បានធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល។

លទ្ធផលល្អគួរសមរបស់លោក បៃឌិន នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ អាចនឹងទទួលបានការសាទរនៅតំបន់អាស៊ីអាគ្នេយ៍។ កាលពីឆ្នាំ ២០១៣ អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានបង្ខំចិត្តលុបចោលដំណើរទៅកាន់តំបន់អាស៊ី ដោយសារតែការកើតមាននូវជម្លោះរវាងគណបក្សទាំងពីរ ដែលបានផ្ទុះឡើងដោយសារបញ្ហាសារពើពន្ធនៅក្នុងទីក្រុងវ៉ាស៊ីនតោន។

ខណៈដែលលោក បៃឌិន បានឈានចូលដល់រយៈពេលពាក់កណ្តាលនៃអាណត្តិទី១ របស់លោក តំបន់នេះក៏មានការព្រួយបារម្ភកាន់តែខ្លាំងអំពីទិសដៅនៃគោលនយោបាយរបស់អាមេរិក។ មេដឹកនាំនៃតំបន់អាស៊ីអាគ្នេយ៍មានការព្រួយបារម្ភជាពិសេសចំពោះកង្វះការផ្តួចផ្តើមគំនិតផ្នែកសេដ្ឋកិច្ចដ៏រឹងមាំពីសំណាក់អាមេរិក ក៏ដូចជាការកើនឡើងនៃភាពតានតឹងផ្នែកយោធារវាងអាមេរិកនិងចិន។

សូមអាន តើផែនការហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម G7 អាចប្រកួតប្រជែងជាមួយផែនការខ្សែក្រវ៉ាត់និងផ្លូវរបស់ចិនបានដែរឬទេ?

នៅក្នុងរយៈពេល ២ឆ្នាំដំបូង រដ្ឋបាលរបស់លោក បៃឌិន ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែកិច្ចការការទូតយ៉ាងសកម្មរបស់ខ្លួន ក៏ដូចជាការផ្តល់ជំនួយជាច្រើន ពាក់ព័ន្ធនឹងការទប់ស្កាត់វីរុសរាតត្បាត។ នៅដើមឆ្នាំនេះ លោក បៃឌិន ក៏ទើបតែបានធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាននៅសេតវិមាន ដែលនេះគឺជាជំនួបលើកដំបូងសម្រាប់រយៈពេលជិតកន្លះសតវត្សរ៍កន្លងមកនេះ បន្ថែមពីលើជំនួបកំពូលតាមប្រព័ន្ធអនឡាញជាមួយថ្នាក់ដឹកនាំក្នុងតំបន់កាលពីខែវិច្ឆិកាឆ្នាំមុន។

អនុប្រធានាធិបតីអាមេរិក Kamala Harris (ឆ្វេង) និងនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ថតរូបនៅការិយាល័យរដ្ឋាភិបាលនៅទីក្រុងហាណូយ នាថ្ងៃទី 25 ខែសីហា ឆ្នាំ 2021។ រូបថត៖ AFP / Pool / Evelyn Hockstein

សូមអាន ការរំពឹងទុកពីកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន

ក្រៅពីនោះ លោកស្រី Harris, រដ្ឋមន្ត្រីការបរទេស Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ក៏បានមកបំពេញទស្សនកិច្ចជាច្រើនលើកផងដែរនៅក្នុងបណ្តាប្រទេសសំខាន់ៗនៅក្នុងតំបន់។ ខណៈពេលដែលវីរុសរាតត្បាតកំពុងតែវាយលុកខ្លាំង សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ជាង ២០ លានដូសដល់បណ្តាប្រទេសជាសមាជិកអាស៊ាន ហើយពួកគេក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ ពីកញ្ចប់ថវិកាជំនួយផ្នែកសុខភាពសាធារណៈដែលមានទំហំ ១៥០ លានដុល្លារ។

សម្រាប់ឆ្នាំក្រោយ រដ្ឋបាល បៃឌិន រំពឹងថានឹងផ្តល់នូវទឹកប្រាក់ចំនួន ៨០០ លានដុល្លារសម្រាប់កិច្ចផ្តួចផ្តើមគំនិតលើការអភិវឌ្ឍនានានៅក្នុងតំបន់។ ប៉ុន្តែរដ្ឋបាលរបស់លោក បៃឌិន ពិតជាមិនទាន់មានយុទ្ធសាស្ត្រផ្នែកសេដ្ឋកិច្ចដ៏រឹងមាំណាមួយសម្រាប់តំបន់នេះនៅឡើយនោះទេ។ នៅដើមឆ្នាំនេះ ប្រធានាធិបតីថ្មីរបស់ហ្វីលីពីន លោក Ferdinand Marcos Jr បាន បញ្ជាក់ច្បាស់ថា «លោកចង់បានការពង្រីកនូវការធ្វើពាណិជ្ជកម្ម ជាជាងការទទួលបានជំនួយដោយមានភ្ជាប់មកជាមួយនូវលក្ខខណ្ឌ ពីទីក្រុងវ៉ាស៊ីនតោន»។

សូមអាន ខ្លឹមសារសំខាន់ៗនៃការថ្លែងសន្ទរកថាជាលើកដំបូងរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.

ទោះបីជាលោកកំពុងមានទំនាក់ទំនងដ៏កក់ក្តៅគួរសមជាមួយលោក បៃឌិន ក៏ដោយ ក៏ប្រធានាធិបតីហ្វីលីពីនរូបនេះ បាននិងកំពុងធ្វើការទាក់ទាញជាចំហចំពោះការវិនិយោគ ពីប្រទេសចិននៅក្នុងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈរបស់ប្រទេសហ្វីលីពីន។ ខណៈពេលដែលប្រទេសចិនកំពុងបន្តដំណើរទៅមុខជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) សំណើរលើគំនិតផ្តួចផ្តើមពាណិជ្ជកម្មឌីជីថលនៅតំបន់អាស៊ី និងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅមិនទាន់មានដំណើរនៅឡើយនោះទេ។

សូម្បីតែសំណើរដែលមានលក្ខណៈសេដ្ឋកិច្ចនៅក្នុងកម្រិតមធ្យម ដូចជាការពង្រីកការធ្វើពាណិជ្ជកម្មឌីជីថល ក៏កំពុងតែទទួលរងនូវការប្រឆាំងនៅក្នុងជួរថ្នាក់ដឹកនាំកំពូលៗនៅក្នុងរដ្ឋបាលរបស់លោក បៃឌិន ផងដែរ។ ការបង្កើតនូវការផ្តួចផ្តើមគំនិតពាណិជ្ជកម្មដែលមានលក្ខណៈរស់រវើក ពិតជាអាចរងនូវការប្រឆាំងពីសំណាក់គណបក្សទាំងពីរ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដោយសារគំនិត/ស្មារតីគាំពារនិយមនៅក្នុងស្រុកមានសន្ទុះកាន់តែខ្លាំងឡើងៗ។

លោកស្រី Emily Benson និងលោក Aidan Arasasignham ដែលមកពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ បានលើកឡើងថា «ភាពគ្មានឆន្ទៈរបស់អាមេរិកចំពោះការចរចាអំពី លទ្ធភាពក្នុងការចូលទៅកាន់ទីផ្សាររបស់ខ្លួន បានបង្កឱ្យមានការសង្ស័យលើសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់សម្បទានដ៏មុតមាំ» និងបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវឧបសគ្គនយោបាយក្នុងស្រុកដែលពួកគេកំពុងប្រឈមមុខពាក់ព័ន្ធនឹងការចរចាអពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

អ្វីដែលកាន់តែសំខាន់ថែមទៀតនោះគឺ «រដ្ឋបាល បៃឌិន នៅខ្វះកម្លាំងគាំទ្រផ្នែកគោលនយោបាយ ដែលមានលក្ខណៈខុសគ្នាពីគណបក្សកុម្មុនីស្តចិនដែលកំពុងតែរីករាយនឹងការកាន់កាប់មូលធនក្នុងស្រុក និងការអាចកៀរគរនូវក្រុមហ៊ុនធំៗ និងធនាគារនានាដើម្បីផ្តល់ហិរញ្ញប្បទានសំរាប់ការធ្វើពាណិជ្ជកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅបរទេសបានយ៉ាងស្រួល»។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីចិន Xi Jinping នៅ The Great Hall Of The People ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2017។ រូបថត៖ Pool

បើទោះបីពួកគេកំពុងមានចំណុចខ្វះខាតក៏ដោយ ក៏រដ្ឋបាល បៃឌិន នៅតែអាចផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចក្នុងតំបន់ ប្រសិនបើលោកអាចពង្រឹងគំនិតផ្តួចផ្តើមដែលត្រូវបានស្នើឡើងកាលពីពេលមុនៗ ឱ្យដើរស្របគ្នាជាមួយនឹងបណ្តាប្រទេសដែលមានចិត្តគំនិតដូចគ្នា ដោយក្នុងនោះរួមមានដូចជាផែនការ Blue Dot Network ជាមួយប្រទេសជប៉ុន និងអូស្ត្រាលី និងគំនិតផ្តួចផ្តើម Build Back Better របស់ក្រុមប្រទេស G7 ។

សូមអាន តើសហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើសកម្មភាពដ៏ត្រឹមត្រូវនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយមែនទេ?

សហរដ្ឋអាមេរិកក៏អាចនាំមុខផងដែរលើការកៀរគរមូលធនឯកជនដែលនៅមិនទាន់បានប្រើប្រាស់នៅលោកខាងលិច ដែលអាចមានចំនួនរហូតដល់ ១១០ ទ្រីលានដុល្លារ។ ធនាគារអភិវឌ្ឍអាស៊ីបានប៉ាន់ប្រមាណថា «ទ្វីបអាស៊ីដែលកំពុងតែអភិវឌ្ឍ និងដែលបានរួមបញ្ចូលស្ទើរតែទាំងអស់នូវបណ្តាប្រទេសអាស៊ាន នឹងត្រូវការប្រាក់រហូតដល់ ២៦ ទ្រីលានដុល្លារដើម្បីបំពេញតាមតម្រូវការនៃការវិនិយោគនៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធរហូត ដល់ឆ្នាំ ២០៣០»។

ទន្ទឹមនឹងនេះដែររដ្ឋបាលរបស់លោក បៃឌិន ចាំបាច់ត្រូវតែធ្វើការកែសម្រួលយុទ្ធសាស្ត្រទ្វេភាគីរបស់ខ្លួនជាមួយបណ្តាប្រទេសអាស៊ានសំខាន់ៗ។ ជាឧទាហរណ៍ ប្រទេសវៀតណាម តែងតែមានការភ័យខ្លាចចំពោះរបៀបវារៈ «លើកកម្ពស់ប្រជាធិបតេយ្យ» របស់ទីក្រុងវ៉ាស៊ីនតោន។ ជាលទ្ធផល ថ្នាក់ដឹកនាំកុម្មុនីស្តវៀតណាមបានបង្កើនការងាកទៅរកប្រទេសកុម្មុយនីស្តដូចគ្នា ដែលនេះគឺជាការប្រឆាំងជាចំហចំពោះការជ្រៀតជ្រែកផ្នែកនយោបាយពីសំណាក់លោកខាងលិចក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

នៅក្នុងអំឡុងជំនួបនៅពេលថ្មីៗនេះ មេដឹកនាំចិន និងវៀតណាម បានគូសបញ្ជាក់ជាលើកដំបូងអំពីក្តីកង្វល់រួមចំពោះ «បញ្ហាបដិវត្តពណ៌ និងនយោបាយនីយកម្មលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។ រដ្ឋបាលរបស់លោក បៃឌិន ក៏ចាំបាច់ត្រូវតែផ្តល់នូវការធានាដល់បណ្តាប្រទេសអាស៊ានទាំងអស់ផងដែរថា «ខ្លួននឹងមិនស្វះស្វែងបង្កជម្លោះប្រដាប់អាវុធជាមួយប្រទេសចិន នៅចំពេលដែលភាពតានតឹងកំពុងតែកើនឡើងនៅកោះតៃវ៉ាន់ និងនៅសមុទ្រចិនខាងត្បូង»។

នាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan (ឆ្វេង) នាវាវាយប្រហារបែប amphibious USS Boxer និងនាវាដែលពាក់ព័ន្ធធ្វើប្រតិបត្តិការនៅថ្ងៃទី 6 ខែតុលា ឆ្នាំ 2019 នៅសមុទ្រចិនខាងត្បូង។ រូបថត៖ កងទ័ពជើងទឹកអាមេរិក / Erwin Jacob

ជំនួបកំពូលប្រកបដោយផ្លែផ្ការវាងលោក បៃឌិន និងលោក ស៊ី ជីនពីង នៅកោះបាលីអាចនឹងជួយកាត់បន្ថយក្តីព្រួយបារម្ភរបស់បណ្តាប្រទេសនៅក្នុងតំបន់ទាំងមូលបាន។ នៅក្នុងបណ្តារដ្ឋធានីអាស៊ីអាគ្នេយ៍ជាច្រើន ការភ័យខ្លាចកាន់តែខ្លាំងបានកើតមានជុំវិញបញ្ហាដែលថា «អ្នកចម្បាំងសង្គ្រាមត្រជាក់ថ្មី (New Cold Warriors) នៅទីក្រុងវ៉ាស៊ីនតោនកំពុងតែ បង្កើននូវការប្រឈមមុខដាក់គ្នាយ៉ាងពេញទំហឹងជាមួយនឹងមហាអំណាចអាស៊ី»។

នៅក្នុងសុន្ទរកថាថ្នាក់ជាតិតាមកញ្ចក់ទូរទស្សន៍កាលពីដើមឆ្នាំនេះ នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បានរំលឹកឡើងវិញអំពីការភ័យខ្លាចថា «សហរដ្ឋអាមេរិកនិងចិនកំពុងតែឈានទៅរកការធ្វើសង្គ្រាម យ៉ាងពេញទំហឹង»។ ខណៈពេលដែលបណ្តារដ្ឋអាស៊ីអាគ្នេយ៍កំពុងតែព្យាយាមដើរតួរជាអ្នកសម្របសម្រួលរវាងមហាអំណាចទាំងពីរ មេដឹកនាំរបស់ប្រទេសសិង្ហបុរីបានធ្វើការព្រមានថា «នៅជុំវិញខ្លួនរបស់យើង ព្យុះកំពុងតែបោកបក់កាន់តែខ្លាំង»។

លោកបានបន្តថា «ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនបានបន្តវិវឌ្ឍទៅកាន់តែអាក្រក់ ជាមួយនឹងបញ្ហាស្មុគស្មាញជាច្រើន, ការសង្ស័យគ្នាកាន់តែជ្រាលជ្រៅ និងការចូលរួមនៅមានកម្រិត។ ភាពប្រសើរឡើងអាចនឹងមិនកើតមាននៅក្នុងពេលឆាប់ៗនេះទេ ហើយការគណនាខុស ឬឧប្បត្តិហេតុណាមួយ អាចនឹងធ្វើឱ្យស្ថានការណ៍ វិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរ»៕

Asia Times