ខ្មែរប៉ុស្ដិ៍ Close

សេដ្ឋកិច្ចសកលកំពុងធ្លាក់ចុះ ខណៈពេលដែលការប្រយុទ្ធប្រឆាំងនឹងអត្រាអតិផរណា, សង្គ្រាម និងវីរុសរាតត្បាតនៅតែបន្តកើតមាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 37
សេដ្ឋកិច្ចសកលកំពុងធ្លាក់ចុះ ខណៈពេលដែលការប្រយុទ្ធប្រឆាំងនឹងអត្រាអតិផរណា, សង្គ្រាម និងវីរុសរាតត្បាតនៅតែបន្តកើតមាន សេដ្ឋកិច្ចសកលកំពុងធ្លាក់ចុះ ខណៈពេលដែលការប្រយុទ្ធប្រឆាំងនឹងអត្រាអតិផរណា, សង្គ្រាម និងវីរុសរាតត្បាតនៅតែបន្តកើតមាន

អត្រាអតិផរណាខ្ពស់កំពុងធ្វើឱ្យទីផ្សារ Wall Street ព្រួយបារម្ភថា «ធនាគារកណ្តាលអាមេរិកអាចនឹងចាត់វិធានការឆ្លើយតប តាមរយៈការដំឡើងអត្រាការប្រាក់ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់អាមេរិកដាំក្បាលចុះ ហើយក៏អាចទាញសេដ្ឋកិច្ចសកលដែលកំពុងតែធ្លាក់ចុះស្រាប់នោះ ឱ្យដាំក្បាលទៅមួយគ្នាផងដែរ»។

បើទោះបីជាអ្នកវិភាគបានបញ្ជាក់ថា «សេដ្ឋកិច្ចរបស់អាមេរិកនឹងមានកំណើននៅក្នុងត្រីមាសទី៣» ក៏ដោយ ក៏វាមានសញ្ញានៃបញ្ហាជាច្រើនដែលកំពុងកើតឡើងទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅបរទេស។ អត្រាការប្រាក់ដ៏ខ្ពស់នៃកម្ចីទិញផ្ទះ កំពុងបង្កផលប៉ះពាល់ដល់ទីផ្សារផ្ទះសម្បែងរបស់សហរដ្ឋអាមេរិក ខណៈកង្វះខាតថាមពលកំពុងតែបង្កផលប៉ះពាល់ដល់ទិន្នផលរោងចក្ររបស់អាល្លឺម៉ង់ ហើយការបិទខ្ទប់ទីក្រុងញឹកញាប់ដោយសារវីរុសកូវីដ-១៩ ក៏កំពុងបង្កភាពរាំងស្ទះដល់អាជីវកម្មនៅក្នុងប្រទេសចិនផងដែរ។

ធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលរបស់ប្រទេសផ្សេងៗទៀត កំពុងរឹតបន្តឹងលក្ខខណ្ឌឥណទាន ដើម្បីប្រយុទ្ធប្រឆាំងនឹងអត្រាអតិផរណាដ៏ខ្ពស់ជាប្រវត្តិសាស្ត្រ បើទោះបីជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចសំខាន់ចំនួន៣ របស់ពិភពលោកដែលរួមមាន សហរដ្ឋអាមេរិក អឺរ៉ុប និងចិន កំពុងតែជួបប្រទះនឹងបញ្ហាប្រឈមក៏ដោយ។

ខណៈពេលដែលសហរដ្ឋអាមេរិកនិងបណ្តារដ្ឋាភិបាលផ្សេងៗទៀតកំពុងកាត់បន្ថយការចំណាយលើវិធានកាត់បន្ថយផលប៉ះពាល់ដោយសារវីរុសរាតត្បាត សេដ្ឋកិច្ចសកលកំពុងទទួលបានការគាំទ្រពីសំណាក់អ្នកធ្វើគោលនយោបាយតិចជាងពេលណាៗទាំងអស់ នៅក្នុងអំឡុងពេលជិត ៥០ ឆ្នាំកន្លងទៅនេះ នេះបើយោងតាមការលើកឡើងរបស់ធនាគារពិភពលោកនៅក្នុងរបាយការណ៍ថ្មីមួយ ដែលបានព្រមានអំពីហានិភ័យនៃការកើតមានវិបត្តិសេដ្ឋកិច្ចសកល

លោក Daleep Singh ដែលជាប្រធានសេដ្ឋវិទូសកលរបស់ក្រុមហ៊ុន PGIM Fixed Income បាននិយាយថា «ខ្ញុំមើលឃើញនូវបញ្ហាប្រឈមជាច្រើន។ យើងកំពុងស្ថិតនៅក្នុងពិភពលោកមួយ ដែលវិបត្តិនឹងបន្តកើតមានឡើងឥតដាច់»។ ភាគហ៊ុនរបស់ក្រុមហ៊ុន FedEx បានដាំក្បាលចុះនៅថ្ងៃសុក្រ និងបានទាញទម្លាក់ទីផ្សារហិញ្ញវត្ថុជារួមផងដែរ ហើយនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ គឺលោក Raj Subramaniam បាននិយាយថា «វិបត្តិសេដ្ឋកិច្ចសកលអាចនឹងកើតមាន»។

ទន្ទឹមនឹងនេះដែរ ធនាគារកណ្តាលរបស់បណ្តាប្រទេសនានាកំពុងចូលរួមនៅក្នុងយុទ្ធនាការនៃការដំឡើងអត្រាការប្រាក់យ៉ាងគំហ៊ុក បើគិតចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ មក (យោងតាមការឱ្យដឹងពីសំណាក់ក្រុមហ៊ុន Citigroup)។ នៅក្នុងខែនេះ បណ្តាធនាគារកណ្តាលនៅអឺរ៉ុប, កាណាដា អូស្ត្រាលី និងឈីលី បានដំឡើងការប្រាក់ ហើយគេរំពឹងថា «ធនាគារកណ្តាលអាមេរិកក៏នឹងធ្វើដូចគ្នាផងដែរនៅក្នុងការជួបប្រជុំគ្នានៅ ពេលខាងមុខ» ខណៈដែលលើកនេះគឺជាការដំឡើងលើកទី៥ ហើយ បើគិតចាប់តាំងពីខែមីនាមក។

សេដ្ឋវិទូខ្លះមានការព្រួយបារម្ភថា «ប្រធានធនាគារកណ្តាលនៅក្នុងពិភពលោកកំពុងវាយតម្លៃខុសលើសេដ្ឋកិច្ចសកល និងបានប្រញាប់ប្រញាល់ដំឡើងអត្រាការប្រាក់ពេក ដូចអ្វីដែលពួកគេបានធ្វើកាលពីឆ្នាំមុននៅពេលដែលពួកគេព្យាយាមអះអាងថា ការកើនឡើងនៃអត្រាអតិផរណា គឺគ្រាន់តែជារឿងបណ្តោះអាសន្នប៉ុណ្ណោះ និងមិនបានចាត់វិធានការដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានោះឡើយ»។ ការរឹតបន្តឹងឥណទានពីសំណាក់បណ្តាប្រទេសជាច្រើននៅក្នុងពេលទន្ទឹមគ្នាបែបនេះ អាចនឹងបង្កការរាំងស្ទះដល់កំណើនសេដ្ឋកិច្ចសកល។

លោក Maurice Obstfeld ដែលមកពីសាកលវិទ្យាល័យ «University of California» និងដែលជាអតីតប្រធានសេដ្ឋវិទូនៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា «ខ្ញុំពិតជាមិនយល់ទេ នៅពេលធនាគារកណ្តាលជាច្រើនមិនបានយកចិត្តទុកដាក់អំពីបញ្ហាថា តើគោលនយោបាយរបស់គេនឹងជះឥទ្ធិពលដល់ពិភពលោកទាំងមូលក្នុងកម្រិតណា?»

ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក មានន័យស្មើនឹងការដំឡើងតម្លៃប្រាក់ដុល្លារទល់នឹងរូបិយបណ្ណធំៗផ្សេងទៀតដែល នឹងធ្វើឱ្យទំនិញនាំចូលមិនសូវមានតម្លៃថ្លៃសម្រាប់ពលរដ្ឋអាមេរិក ខណៈពលរដ្ឋ និងបណ្តាអាជីវកម្មនៅក្នុងប្រទេសផ្សេងៗនឹងជួបប្រទះនឹងបញ្ហាក្នុងការទិញផលិតផលដែលផលិតនៅបរទេស។

ប្រទេសនាំចូលប្រេងធំៗ ដូចជាទុយនេស៊ីជាដើម កំពុងទទួលរងគ្រោះយ៉ាងដំណំដោយសារតែប្រេងឆៅត្រូវបានគេទូទាត់ដោយគិតជាប្រាក់ដុល្លារ។ ប្រាក់ដុល្លារកាន់តែមានតម្លៃថ្លៃនឹងបង្កផលប៉ះពាល់ខ្លាំងដល់បណ្តាប្រទេសកំពុងអភិវឌ្ឍដែលមានបំណុលជាប្រាក់ដុល្លារច្រើន។ នៅពេលដែលរូបិយបណ្ណក្នុងស្រុករបស់ពួកគេបាត់បង់តម្លៃទល់នឹងប្រាក់ដុល្លារ ពួកគេនឹងត្រូវការប្រាក់ lira របស់ទួគី ឬប្រាក់ Peso របស់ អាហ្សង់ទីន កាន់តែច្រើនដើម្បីធ្វើការទូទាត់បំណុល។

បើទោះបីជាមានការដំឡើងអត្រាប្រាក់កម្ចីស្តង់ដារចំនួន ២,៥ ពិន្ទុ ចាប់តាំងពីខែមីនាក៏ដោយ ក៏ធនាគារកណ្តាលអាមេរិកមិនអាចទាញទម្លាក់តម្លៃឱ្យចុះបានច្រើននោះដែរ។ កាលពីថ្ងៃព្រហស្បតិ៍ អត្រាគ្មានការងារធ្វើបានធ្លាក់ចុះ ៥ សប្តាហ៍ជាប់ៗគ្នា ដែលនេះគឺជាសញ្ញាចុងក្រោយបង្អស់ដែលបានបង្ហាញថា «ធនាគារកណ្តាល នៅមិនទាន់អាចដោះស្រាយបញ្ហាទីផ្សារការងារបាននៅឡើយទេ»។

សេដ្ឋវិទូជាច្រើនបាននិយាយថា «ភាពគ្មានការងារធ្វើនឹងត្រូវកើនឡើងនៅមុនពេលអត្រាអផិរណាចាប់ផ្តើមធ្លាក់ចុះ»។ របាយការណ៍របស់ក្រសួងការងារបានបង្ហាញថា «នៅក្នុងខែសីហា តម្លៃទំនិញប្រើប្រាស់មានចំនួន ៨,៣% គឺខ្ពស់ជាងតួលេខកាលពី ១ ឆ្នាំមុន ហើយមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងចំនួន ៨,៥% កាលពីខែកក្កដា»។ ប្រការនេះពិតជាបានធ្វើឱ្យអ្នកវិនិយោគមានការខកចិត្តជាខ្លាំង។

អ្នកវិភាគខ្លះរំពឹងថា «ធនាគារកណ្តាលអាមេរិកនឹងរក្សាការដំឡើងការប្រាក់ឱ្យលើសពីកម្រិត ៣,៨% ខណៈដែលតួលេខនេះត្រូវបានស្នើឡើងដោយអ្នកធ្វើគោលនយោបាយនៅក្នុងខែមិថុនា»។ កាលពីថ្ងៃសុក្រ សេដ្ឋវិទូនៅធនាគារ «Deutsche Bank» បាននិយាយថា «អត្រាផ្តល់ប្រាក់កម្ចីស្តង់ដាររបស់ធនាគារកណ្តាលអាមេរិកអាចឈានដល់ ៥% នៅឆ្នាំក្រោយ ដែលជាការកើនឡើងប្រមាណ ២ ដងពីកម្រិតបច្ចុប្បន្ន»។

ក្រុមហ៊ុនទីផ្សារហិរញ្ញវត្ថុនៅក្នុង Wall Street ដូចជាក្រុមហ៊ុន Oxford Economics ជាដើម បាននិយាយកាលពីសប្តាហ៍កន្លងទៅថា «ធនាគារកណ្តាលអាមេរិកនឹងខិតខំប្រឹងប្រែងរក្សាអត្រាតម្លៃ បើទោះបីជាវាអាចធ្វើឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងឱនភាពរយៈពេលខ្លីក៏ដោយ។ ជាមួយនឹងអត្រាអតិផរណាខ្ពស់កាន់តែយូរ ធនាគារកណ្តាលអាមេរិកនឹងរឹតបន្តឹងគោលនយោបាយរូបិយវត្ថុកាន់តែខ្លាំង ហើយផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក នឹងរួមគ្នារុញសេដ្ឋកិច្ចរបស់អាមេរិកឱ្យធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចកម្រិតស្រាល»។

ចាប់តាំងពីឆ្នាំ ១៩៨១ មក កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងរបស់ពិភពលោក ភាគច្រើនបានដើរទន្ទឹមគ្នា (យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Citigroup)។ នៅក្នុងវិបត្តិសេដ្ឋកិច្ចសកលទាំង ៤ លើកចាប់តាំងពីឆ្នាំ ១៩៨១ មក សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលមានចំណែកប្រមាណ ១/៤ នៃ GDP ពិភពលោក សុទ្ធតែបានរងនូវការធ្លាក់ចុះនៅមុនពេល ឬនៅក្នុងពេលដំណាលគ្នាជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល។

មូលនិធិរូបិយវត្ថុអន្តរជាតិបានលើកឡើងនៅក្នុងរដូវក្តៅឆ្នាំនេះថា «សេដ្ឋកិច្ចសកលកំពុងស្ថិតនៅក្នុងហានិភ័យនៃការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ដោយសារតែវិបត្តិដែលបង្កឡើងដោយសង្គ្រាម នៅអ៊ុយក្រែន, ការរាតត្បាតនៃវីរុស និងអត្រាអតិផរណា»។ ការព្រួយបារម្ភរបស់ IMF ត្រូវបានលើកឡើង ក្រោយពីមានការព្រមានរបស់ធនាគារពិភពលោកអំពីហានិភ័យនៃ «ភាពជាប់គាំងនៃសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ» «Stagflation» ដែលបង្កឡើងដោយតម្លៃទំនិញខ្ពស់ និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច។

លោក Ben May ដែលជានាយកស្រាវជ្រាវម៉ាក្រូសកលរបស់ «Oxford Economics» បាននិយាយថា «សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក, កាណាដា និងអឺរ៉ុប កំពុងស្ថិតនៅក្នុងការធ្លាក់ចុះសម្រាប់ឆមាសទី២ នៃឆ្នាំនេះ និងនៅដើមឆ្នាំក្រោយ។ យើងនឹងត្រូវជួបប្រទះនឹងពេលវេលាដ៏លំបាក»។ ក្រុមហ៊ុន Barclays បានឱ្យដឹងថា «អ្វីដែលជាការព្រួយបារម្ភដ៏ធំនោះ គឺទ្វីបអឺរ៉ុបដែលកំពុងតែត្រដាបត្រដួសដោយសារតែការបាត់បង់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់រុស្ស៊ី»។

ទីក្រុងម៉ូស្គូបានប្រតិកម្មទៅនឹងការដាក់ទណ្ឌកម្មរបស់អឺរ៉ុបក្រោយការឈ្លានពានចូលទៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈការកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិទៅកាន់ទ្វីបអឺរ៉ុបប្រមាណ ៧៥% ហើយនៅពេលដែលតម្លៃរបស់ថាមពលកំពុងតែកើនឡើងផងនោះ អ្នកប្រើប្រាស់ និងអាជីវកម្មនានា នៅក្នុងទ្វីបនេះនឹងត្រូវទទួលរងនូវផលប៉ះពាល់។

ក្រោយពីការប្រកាន់យកតម្លៃខ្ចីប្រាក់នៅក្រោម ០ អស់រយៈពេលជាច្រើនឆ្នាំរួចមក ធនាគារកណ្តាលអឺរ៉ុបបានសម្រេចដំឡើងអត្រាការប្រាក់ចំនួន ២ លើក ចាប់តាំងពីខែកក្កដា ដើម្បីទប់ស្កាត់អត្រាអតិផរណាដែលបានកើនឡើង ៩% ហើយពួកគេក៏មានផែនការដំឡើងអត្រាការប្រាក់ជាច្រើន លើកទៀតផងដែរ បើទោះបីជាសេដ្ឋកិច្ចកំពុងធ្លាក់ចុះក៏ដោយ។ សេដ្ឋវិទូ Carmen Reinhart ដែលមកពីសាកលវិទ្យាល័យ Harvard បាននិយាយថា «វាគឺជាការប្រែប្រួលគោលនយោបាយយ៉ាងគំហ៊ុកបំផុត បើគិតចាប់តាំងពីការកើតមានវិបត្តិហិរញ្ញវត្ថុសកលមក។ វិបត្តិនៃការផ្គត់ផ្គង់ថាមពល បានធ្វើឱ្យអឺរ៉ុបរងគ្រោះធ្ងន់ធ្ងរជាងសហរដ្ឋអាមេរិកទៅទៀត»។

លោកស្រី Dana Peterson ដែលជាប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Conference Board បាននិយាយថា «បណ្តារដ្ឋាភិបាលនៅសហរដ្ឋអាមេរិក, អឺរ៉ុប និងចិន កំពុងលើកទឹកចិត្តកាន់តែខ្លាំងដល់ផលិតកម្មក្នុងស្រុក តាមរយៈការឧបត្ថម្ភធន និងការរឹតត្បិតលើការវិនិយោគ។ ការរៀបចំខ្សែច្រវ៉ាក់ផ្គត់ផ្គង់ឡើងវិញ នឹងបង្កឱ្យមានការខាតបង់ច្រើន ហើយវាក៏អាចបង្កផលប៉ះពាល់ផងដែរដល់កិច្ចខិតខំប្រឹងប្រែងក្នុងការពន្លឿនការងាកចេញពីការប្រើប្រាស់ប្រេងឥន្ធនៈផូស៊ីលដើម្បីដោះស្រាយបញ្ហាការប្រែប្រួលនៃអាកាសធាតុ។ យុគសម័យនៃអត្រាអតិផរណាដ៏ទាបអាចនឹងឈានចូលដល់ទីបញ្ចប់ហើយ»។

សកម្មភាពសេដ្ឋកិច្ចសកលបានធ្លាក់ចុះជាលើកដំបូងនៅត្រីមាសទី២ បើគិតចាប់តាំងពីការរីករាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងឆ្នាំ ២០២០។ ប្រសិនបើការធ្លាក់ចុះនេះបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចនៅក្នុងប៉ុន្មានខែខាងមុខ ដំណោះស្រាយតាមបែបប្រពៃណីដែលធ្លាប់បានប្រើកាលពីពេលមុននឹងមិនអាចជួយដោះស្រាយបញ្ហបានទេ។ ជាមួយនិងអត្រាអតិផរណាដ៏ខ្ពស់ ដែលមិនធ្លាប់មាននៅក្នុងរយៈពេលជិត ៤០ ឆ្នាំនៅសហរដ្ឋអាមេរិក, អឺរ៉ុប កាណាដា និងចក្រភពអង់គ្លេស បណ្តាប្រធានធនាគារកណ្តាលអាចនឹងបន្តដំឡើងអត្រាការប្រាក់បន្ថែមទៀត។

នៅក្នុងឆ្នាំ ២០១៨ នៅពេលភាពផុយស្រួយនៃវិស័យផ្ទះសម្បែងបានបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុសកល រដ្ឋាភិបាលចិនបានបង្កើនការចំណាយជិត ៦០០ ពាន់លានដុល្លារទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ គួបផ្សំនឹងការផ្តល់នូវហិរញ្ញប្បទានដ៏អំណោយផលអស់រយៈពេលពេលជាច្រើនឆ្នាំពីសំណាក់បណ្តាធនាគាររដ្ឋ។ ការសិក្សាមួយរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (Organization for Economic Cooperation and Development – OECD) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉ារីស បានឱ្យដឹងថា «ទំហំថវិកាសម្រាប់ការជួយសង្គ្រោះ ជារួមមានចំនួនជាង ១/៤ នៃ GDP របស់ចិន និងមានចំនួនច្រើនជាងទំហំថវិកាដែលសហរដ្ឋអាមេរិកបានចំណាយទៅលើកញ្ចប់សង្គ្រោះសេដ្ឋកិច្ចទៅទៀត»។

ការចំណាយរបស់ប្រទេសចិន បាននាំមកនូវការបញ្ជាទិញទំនិញពីរោងចក្រនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប, ការបញ្ជាទិញរ៉ែទង់ដែងនៅប្រទេសប៉េរូ និងពីក្រុមហ៊ុនផលិតរ៉ែដែកនៅអូស្ត្រាលី។ បច្ចុប្បន្ន ប្រទេសចិនក៏កំពុងតែត្រូវបានរួមរឹតដោយបញ្ហាផ្ទាល់ខ្លួនផងដែរនៅក្នុងវិស័យអចលនទ្រព្យ និងការធ្លាក់ចុះនៃកំណើននៃការនាំចេញ ទន្ទឹមនឹងការត្រៀមរៀបចំធ្វើសមាជគណបក្សកុម្មុយនីស្តនៅក្នុងខែតុលា ដើម្បីផ្តល់សិទ្ធិឱ្យលោកប្រធានាធិបតី Xi Jinping អាចបន្តកាន់តំណែងសម្រាប់អាណត្តិទី ៣។

ប្រាក់យ័នរបស់ចិននៅឆ្នាំនេះក៏បានធ្លាក់ចុះជិត ៩% ផងដែរ ទល់នឹងប្រាក់ដុល្លារអាមេរិក។ លោកស្រី May បាននិយាយថា «ថ្នាក់ដឹកនាំចិនកំពុងមានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់វិធានការដែលពួកគេធ្លាប់បានប្រើកាលពីអតីតកាល ហើយប្រទេសចិនអាចនឹងមិនបញ្ចេញសាច់ប្រាក់ដ៏ច្រើននៅនាទីចុងក្រោយនោះទេ»៕

The Washington Post

អត្ថបទទាក់ទង