ខ្មែរប៉ុស្ដិ៍ Close

ធនាគារពិភពលោកមើលឃើញអំពីការកើនឡើងនៃហានិភ័យនៃវិបត្តិសេដ្ឋកិច្ចដើរថយក្រោយជាសកលនៅឆ្នាំ ២០២៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 62
ធនាគារពិភពលោកមើលឃើញអំពីការកើនឡើងនៃហានិភ័យនៃវិបត្តិសេដ្ឋកិច្ចដើរថយក្រោយជាសកលនៅឆ្នាំ ២០២៣ ធនាគារពិភពលោកមើលឃើញអំពីការកើនឡើងនៃហានិភ័យនៃវិបត្តិសេដ្ឋកិច្ចដើរថយក្រោយជាសកលនៅឆ្នាំ ២០២៣

ធនាគារពិភពលោកបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ពិភពលោកទាំងមូលអាចនឹងឈានឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចដើរថយក្រោយជាសកល (Global Recession) ខណៈពេលដែលធនាគារកណ្តាលនៅទូទាំងពិភពលោកបានដំឡើងអត្រាការប្រាក់ព្រមៗគ្នា ដើម្បីទប់ទល់នឹងអត្រាអតិផរណាដែលបន្តកើនឡើង។

ធនាគារពិភពលោកបានលើកឡើងនៅក្នុងការសិក្សាថ្មីមួយថា មហាអំណាចសេដ្ឋកិច្ចធំជាងគេទាំង៣ របស់ពិភពលោក គឺសហរដ្ឋអាមេរិក ប្រទេសចិន និងតំបន់ចាយប្រាក់អឺរ៉ូ កំពុងមានកំណើនយឺតខ្លាំង និងថាសូម្បីតែ «ផលប៉ះពាល់កម្រិតមធ្យមណាមួយទៅលើសេដ្ឋកិច្ចពិភពលោកនៅឆ្នាំក្រោយ ក៏នឹងអាចនាំទៅដល់ការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដើរថយក្រោយបានដែរ»។

ការសិក្សានោះបានលើកឡើងថា សេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ននេះកំពុងស្ថិតក្នុងសភាពយឺតខ្លាំង បន្ទាប់ពីការស្ទុះងើបឡើងវិញក្រោយវិបត្តិសេដ្ឋកិច្ចដើរថយក្រោយចាប់តាំងពីទស្សវត្សរ៍ឆ្នាំ ១៩៧០ មក ហើយទំនុកចិត្តរបស់អ្នកប្រើប្រាស់ក៏បានធ្លាក់ចុះយ៉ាងខ្លាំងរួចទៅហើយដែរ ពោលគឺទាបជាងកាលពីមុនវិបត្តិសេដ្ឋកិច្ចដើរថយក្រោយជាសកលកាលពីពេលមុនទៅទៀត។

ប្រធានធនាគារពិភពលោក លោក David Malpass បាននិយាយថា «កំណើនសេដ្ឋកិច្ចសកលកំពុងស្ថិតក្នុងល្បឿនយឺតខ្លាំង ហើយក៏ទំនងជានឹងយឺតកាន់តែខ្លាំងថែមទៀត ដោយសារមានប្រទេសកាន់តែច្រើននឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដើរថយក្រោយ»។ លោកបានបន្ថែមនូវក្ដីបារម្ភថា និន្នាការទាំងនេះនឹងនៅតែបន្តកើតមាន ហើយនឹងបង្កផលវិបាកដ៏មហន្តរាយដល់ប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍។

ធនាគារពិភពលោកបានបន្តថា ការដំឡើងអត្រាការប្រាក់និងការចាត់វិធានការគោលនយោបាយពាក់ព័ន្ធព្រមៗគ្នា ទំនងជានឹងបន្តកើត មានទៀតនៅឆ្នាំក្រោយ ប៉ុន្តែនោះប្រហែលជាមិនទាន់គ្រប់គ្រាន់នោះទេ ក្នុងការធ្វើឱ្យអតិផរណាធ្លាក់ចុះមកនៅកម្រិតដូចមុនការរាតត្បាតនៃជំងឺកូវីដ-១៩។

បើមិនមានការថមថយណាមួយពីការរំខានដល់ការផ្គត់ផ្គង់ និងសម្ពាធទៅលើទីផ្សារការងារនោះទេ នោះអត្រាអតិផរណាស្នូលជាសកល (ដោយមិនរាប់បញ្ចូលវិស័យថាមពល) អាចនឹងស្ថិតនៅក្នុងកម្រិតប្រហែល ៥% ក្នុងឆ្នាំ ២០២៣ ពោលគឺជិត ២ ដងនៃអត្រាជាមធ្យមរយៈពេល ៥ ឆ្នាំ មុនពេលកើតមានជំងឺរាតត្បាត។

ការសិក្សានោះបាននិយាយថា ដើម្បីបន្ទាបអត្រាអតិផរណា បណ្ដាធនាគារកណ្តាល ប្រហែលជាត្រូវដំឡើងអត្រាការប្រាក់ឱ្យបាន ២% បន្ថែមពីលើការដំឡើង ២% កាលពីឆ្នាំ ២០២១។

ប៉ុន្តែការដំឡើងក្នុងទំហំ ២% នោះ បូករួមជាមួយនឹងភាពតានតឹងផ្នែកទីផ្សារហិរញ្ញវត្ថុផង នឹងធ្វើឱ្យកំណើន GDP សកលធ្លាក់ចុះក្នុងចំនួន ០,៥% ក្នុងឆ្នាំ ២០២៣ ឬថយចុះក្នុងចំនួន ០,៤% នៃ GDP សម្រាប់មនុស្សម្នាក់ ដែលនោះហើយគឺជាវិបត្តិសេដ្ឋកិច្ចដើរថយក្រោយជាសកល (Gloal Recession) បើគិតតាមន័យបច្ចេកទេស។

លោក Malpass បាននិយាយថា អ្នកបង្កើតគោលនយោបាយគួរតែបំបែរការយកចិត្តទុកដាក់ ចេញពីការកាត់បន្ថយការប្រើប្រាស់ ទៅជាការជំរុញផលិតកម្មវិញ ដែលរួមមានទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតការវិនិយោគបន្ថែម និងការបង្កើនផលិតភាព។

ធនាគារពិភពលោកបានបន្តថា វិបត្តិសេដ្ឋកិច្ចដើរថយក្រោយកាលពីលើកមុន បានបង្ហាញអំពីហានិភ័យនៃការទុកឱ្យអតិផរណាបន្តកើនឡើងក្នុងរយៈពេលយូរ ខណៈពេលដែលកំណើនសេដ្ឋកិច្ចមានភាពទន់ខ្សោយ ពោលគឺធនាគារនេះបានកត់សម្គាល់ថា វិបត្តិសេដ្ឋកិច្ចដើរថយក្រោយឆ្នាំ ១៩៨២ បានបង្កឱ្យមានវិបត្តិបំណុលនៅប្រទេសច្រើនជាង ៤០ និងបានបណ្ដាលឱ្យបាត់បង់កំណើនសេដ្ឋកិច្ចនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍អស់រយៈពេលជាច្រើនទសវត្សរ៍។

អនុប្រធានធនាគារពិភពលោក លោក Ayhan Kose បាននិយាយថា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ នាពេលថ្មីៗនេះ នឹងអាចជួយបន្ទាបអត្រាអតិផរណាបាន ប៉ុន្តែសភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងនៃវិធានការទាំងនោះ អាចនឹងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងជាងមុន និងធ្វើឱ្យកំណើនសេដ្ឋកិច្ចសកលដើរយឺតខ្លាំងទៀតផង។

ការសិក្សាដដែលបានស្នើថា បណ្ដាធនាគារកណ្តាលអាចទប់ទល់ជាមួយនឹងអតិផរណាបាន ដោយមិនបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចដើរថយក្រោយជាសកលនោះទេ តាមរយៈការពិភាក្សាគ្នាអំពីការសម្រេចចិត្តលើគោលនយោបាយរបស់ពួកគេឱ្យបានច្បាស់លាស់ ខណៈពេលដែលអ្នកបង្កើតគោលនយោបាយនានា គួរតែបង្កើតឱ្យមានផែនការសារពើពន្ធរយៈពេលមធ្យមមួយចំនួន ដែលអាចជឿទុកចិត្តបាន និងបន្តផ្តល់ជំនួយសង្គ្រោះដល់គ្រួសារដែលងាយរងគ្រោះ៕

Reuters