ផ្អើលគេផ្អើលឯងអស់! មុនជំនួបកំពូលរវាង កូរ៉េខាងជើង និង អាមេរិក គីម ជុងអ៊ុន ក្លែងក្លាយបានបង្ហាញខ្លួនមុនបាត់
ពលរដ្ឋសិង្ហបុរីជាច្រើនមានការភ្ញាក់ផ្អើល និងតាមប្រមាញ់រូបថតមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨ មុនពេលដឹងថា បុរសរូបរាងធាត់ ស្លៀកពាក់ខ្មៅ ឈរនៅមុខសណ្ឋាគារ Marina Bay Sands នោះ គឺជាអ្នកក្លែងបន្លំ។
(លោក Howard X)
បន្ទាប់ពីបានថតរូប Selfie ប៉ុន្មានសន្លឹកជាមួយគ្នា លោក Sagar Admuthe ជាអ្នកទេសចរមកពីទីក្រុង Mumbai ប្រទេសឥណ្ឌា បានប្រាប់ឲ្យដឹងថា «គាត់ដូច គីម ជុងអ៊ុន ណាស់ ប៉ុន្តែក្រោយមកទើបខ្ញុំដឹងថា គាត់មិនមែនជា គីម ជុងអ៊ុន ពិតប្រាកដ»។
បុរសជនជាតិអូស្ត្រាលី-ចិន ដែលតែងខ្លួនជាមេដឹកនាំកូរ៉េខាងជើងរូបនេះ បានហៅខ្លួនឯងថា Howard X ហើយអះអាងថា លោកបង្ហាញខ្លួនដើម្បីជូនពរឲ្យជំនួបកំពូលរវាង លោក គីម ជុងអ៊ុន និង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទទួលបានជោគជ័យ ក្នុងការចរចាបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
គួររំលឹកឲ្យដឹងថា លោក Howard X ក៏ធ្លាប់បានតែងខ្លួនជា លោក គីម ជុងអ៊ុន នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នាទីក្រុង Gangneung ប្រទេសកូរ៉េខាងត្បូង កាលពីខែកុម្ភៈកន្លងទៅនេះផងដែរ។
លោក Howard X បាននិយាយថា «មេដឹកនាំទាំងពីរនឹងអង្គុយចរចាគ្នា ព្រោះពួកគេមានបុគ្គលិកលក្ខណៈដូចគ្នា។ ពួកគេនឹងក្លាយជាមិត្តល្អនឹងគ្នា បន្ទាប់ពីជំនួបកំពូលនេះ»។
គួរបញ្ជាក់ថា ជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិក នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ៕