ខ្មែរប៉ុស្ដិ៍ Close

តើអ្វីទៅជាគោលដៅយុទ្ធសាស្ត្ររបស់លោកខាងលិចនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 36
តើអ្វីទៅជាគោលដៅយុទ្ធសាស្ត្ររបស់លោកខាងលិចនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន? តើអ្វីទៅជាគោលដៅយុទ្ធសាស្ត្ររបស់លោកខាងលិចនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន?

សង្គ្រាមអ៊ុយក្រែននិងប្រតិកម្មរបស់ពិភពលោកចំពោះសង្គ្រាមនេះ នឹងក្លាយជាកត្តាកំណត់ក្នុងការរៀបចំសណ្តាប់ធ្នាប់នយោបាយ និងសេដ្ឋកិច្ចពិភពលោកនៅក្នុងទសវត្សរ៍ខាងមុខ។ សកម្មភាព, រឿងរ៉ាវ និងផែនការរបស់សម្ព័ន្ធមិត្តលោកខាងលិចទាក់ទងនឹងរុស្ស៊ី និងតួនាទីរបស់តំបន់ Global South ក្នុងការកសាងប្រទេសអ៊ុយក្រែនឡើងវិញ នៅក្រោយសង្គ្រាម នឹងបង្ហាញអំពីគោលដៅយុទ្ធសាស្ត្ររយៈពេលវែងរបស់ពួកគេ។

«តើលោកខាងលិចគ្រាន់តែចង់ឃើញរុស្ស៊ីចាញ់, ចង់ឃើញអង្គការ NATO ពង្រីកនិងពង្រឹងខ្លួន ឬតើលោកខាងលិចស្រមៃចង់ឃើញជ័យជំនះនៅអ៊ុយក្រែនដែលនឹងនាំមកនូវការកសាងមូលដ្ឋានគ្រឹះសម្រាប់ពិភពលោកមួយដែលលទ្ធិប្រជាធិបតេយ្យនឹងកាន់តែមានសុវត្ថិភាពជាងមុន ហើយអភិបាលកិច្ចសកលកាន់តែមានបរិយាប័ន្ននិងប្រសិទ្ធភាពជាងមុន?»

ខណៈពេលដែលលទ្ធផលនៃការប្រយុទ្ធគ្នានៅមិនទាន់មានភាពច្បាស់លាស់នៅឡើយនោះ គោលបំណងយុទ្ធសាស្ត្ររបស់លោកខាងលិច ជាពិសេសសកម្មភាពដែលពួកគេចង់ធ្វើដាក់រុស្ស៊ី ក្នុងករណីដែលអ៊ុយក្រែនទទួលបានជ័យជំនះអាចនឹងនាំមកនូវផលវិបាកធំធេងណាស់។ សំណួរដ៏សំខាន់គឺថា «តើសម្ព័ន្ធមិត្តលោកខាងលិចនឹងព្យាយាមដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីទាំងមូល ឬផ្តោតការដាក់ទណ្ឌកម្មតែទៅលើរបបផ្តាច់ការរបស់ប្រធានាធិបតី Vladimir Putin ដើម្បីកាត់បន្ថយសម្ពាធមកលើប្រជាជនរុស្ស៊ី»។

នៅពេលសង្រ្គាមចាប់ផ្តើមដំបូង សម្ព័ន្ធមិត្តលោកខាងលិចបានសង្កត់ធ្ងន់ថា «ការការពារធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងលទ្ធិប្រជាធិបតេយ្យគឺជាគោលបំណងចម្បងរបស់ពួកគេ»។ នៅចុងនិទាឃរដូវ អ្នកយុទ្ធសាស្រ្តនិងមន្ត្រីអាមេរិកមួយចំនួនបានលើកឡើងថា «ការធ្វើឱ្យរុស្ស៊ីចុះខ្សោយឥទ្ធិពលគឺជាគោលដៅយុទ្ធសាស្ត្រ» ក៏ប៉ុន្តែគេនៅមិនទាន់ច្បាស់ទេថា «ប្រសិនបើការផ្លាស់ប្តូររបបនៅក្នុងប្រទេសរុស្ស៊ីកើតឡើង តើនេះនឹងនៅតែជាគោលដៅរបស់ពួកគេដែរឬទេ»។

ខណៈពេលដែលការសម្របសម្រួលជារួមណាមួយនៃជម្លោះនៅអ៊ុយក្រែននឹងតម្រូវឱ្យរុស្ស៊ីទទួលបន្ទុកលើផ្នែកខ្លះនៃការកសាងប្រទេសអ៊ុយក្រែនឡើងវិញបន្ទាប់ពីសង្រ្គាម ភាពធ្ងន់ធ្ងរនៃលក្ខខណ្ឌដែលបានដាក់មកលើប្រជាជនរុស្ស៊ីអាចនឹងនាំមកនូវផលប៉ះពាល់ផ្នែកនយោបាយ។ លក្ខខណ្ឌកាន់តែតឹងតែងនឹងធ្វើឱ្យរុស្ស៊ីងាកទៅរកចិនកាន់តែខ្លាំង។ ហេតុដូច្នេះហើយប្លុកចិន-រុស្ស៊ី អាចនឹងក្លាយជាផ្នែកមួយនៃសណ្តាប់ធ្នាប់ភូមិសាស្ត្រនយោបាយនៅក្រោយសង្គ្រាម។

ឥទ្ធិពលនៃសម្ព័ន្ធភាពបែបនេះមិនអាចមើលស្រាលបានឡើយ។ ខណៈពេលដែលប្រទេសចិននឹងក្លាយជាចំណុចសំខាន់របស់ប្លុកនោះ គ្រប់គ្នាក៏មិនគួរមើលស្រាលលើប្រទេសរុស្ស៊ីដែរ ជាពិសេសពាក់ព័ន្ធនឹងសមត្ថភាពវិទ្យាសាស្ត្ររបស់ប្រទេសនេះ ក៏ដូចជាទំហំនៃឃ្លាំងអាវុធនុយក្លេអ៊ែរ, ទ្រព្យសម្បត្តិធនធានធម្មជាតិ និងសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទឹកដីដ៏ធំរបស់រុស្ស៊ី បើទោះបីជារុស្ស៊ីមាន GDP ដ៏តិចតួចក៏ដោយ (ដែលមានទំហំតូចជាងប្រទេសអ៊ីតាលី)។

ការហាមឃាត់ជនជាតិរុស្សីទាំងអស់មិនឱ្យចូលទៅក្នុងសហភាពអឺរ៉ុប ដូចដែលអ្នកបង្កើតគោលនយោបាយមួយចំនួនបានស្នើឡើង គឺជាវិធានការមួយដែលនឹងរុញច្រានប្រទេសនេះអោយងាកឆ្ពោះទៅកាន់ប្រទេសចិនកាន់តែខ្លាំង។ ការបែងចែកពិភពលោកទៅជាប៉ូលប្រជាធិបតេយ្យនិងប៉ូលផ្តាច់ការ គឺជាលទ្ធផលដែលកើតចេញពីយុទ្ធសាស្រ្តដែលគ្មានប្រសិទ្ធភាព។

នៅពេលប្រឈមមុខជាមួយមេដឹកនាំផ្តាច់ការដូចជាលោក ពូទីន ធាតុសំខាន់នៃយុទ្ធសាស្ត្រការទូតប្រកបដោយជោគជ័យនឹងតម្រូវឱ្យមាន «ការបែងចែកគ្នាឱ្យដាច់រវាងមេដឹកនាំនយោបាយ និងពលរដ្ឋសាមញ្ញ»។ ជាការពិតណាស់ អំណាចវេតូរបស់រុស្ស៊ីនៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានធ្វើឱ្យអង្គការសហប្រជាជាតិមិនអាចដើរតួនាទីសម្របសម្រួលក្នុងការទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ប៉ុន្តែសម្ព័ន្ធមិត្តលោកខាងលិចដែលបានបន្តទទួលកិច្ចការនេះ មិនបានខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពនោះទេ តួយ៉ាងដូចជាការពិគ្រោះជាមួយតំបន់ Global South ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់ពួកគេ ក៏ដូចជាពាក់ព័ន្ធនឹងដំណើរការរៀបចំផែនការនៅក្រោយសង្គ្រាម។

វាក៏ជាការពិតផងដែរដែលថា «តំបន់ Global South ភាគច្រើន បានបោះឆ្នោតអនុប្បវាទលើសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិធំៗចំនួនពីរ ដែលបានថ្កោលទោសលើរុស្ស៊ីកាលពីខែមីនា»។ ប៉ុន្តែលោកខាងលិចគួរតែទទួលស្គាល់ថា «ការឆ្លើយតបរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍចំពោះសង្រ្គាមនេះ បានឆ្លុះបញ្ចាំងអំពីប្រតិកម្មបែបប្រវត្តិសាស្ត្រនិងស៊ីជម្រៅ ដែលនោះគឺការចងចាំរួមដ៏ជូរចត់នៃអាណានិគមនិយមអឺរ៉ុប និងការរំលឹកអំពីការគាំទ្ររបស់សហភាពសូវៀតចំពោះប្រទេសជាច្រើននៅក្នុងអំឡុងពេលកើតមានការតស៊ូទាមទារឯករាជ្យ»។

ជាងនេះទៅទៀត សន្និសីទនៅទីក្រុង Lugano ដែលត្រូវបានរៀបចំដោយសម្ព័ន្ធមិត្តលោកខាងលិចនៅដើមខែកក្កដា ដើម្បីចាប់ផ្តើមវេទិកាសម្រាប់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ មិនបានរួមបញ្ចូលប្រទេសណាមួយមកពីតំបន់ Global South នោះទេ។ គេអាចដោះសារថា «នេះគឺជាកិច្ចប្រជុំរបស់ម្ចាស់ជំនួយសំខាន់ៗ» ក៏ប៉ុន្តែ កិច្ចប្រជុំនេះមិនបានរាប់បញ្ចូលបណ្តាប្រទេសឈូងសមុទ្រមានៗនោះទេ និងបែរជាបានរួម បញ្ចូលប្រទេសមួយចំនួនដូចជាអាល់បានី និងម៉ាសេដូនខាងជើង ខណៈដែលប្រទេសទាំងពីរនេះទំនងជាមិនអាចចូលរួមចំណែកអ្វីបាននោះទេ។

ការកសាងប្រទេសអ៊ុយក្រែនឡើងវិញនឹងត្រូវការប្រាក់រាប់រយពាន់លានដុល្លារ។ កិច្ចខិតខំប្រឹងប្រែងនេះ អាចនឹងត្រូវការបង្វែរជំនួយយ៉ាងច្រើនពីតំបន់ Global South ដែលបាននិងកំពុងជំរុញបណ្តាប្រទេសអ្នកមានឱ្យបំពេញតាមការសន្យាយូរអង្វែងរបស់ពួកគេ ក្នុងការផ្តល់ប្រាក់ ១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីគាំទ្រដល់ការកាត់បន្ថយបញ្ហាប្រែប្រួលអាកាសធាតុ និងដើម្បីគាំទ្រដល់បណ្តាប្រទេសក្រីក្រ។

វាអាចនៅមិនទាន់យឺតពេលនោះទេសម្រាប់លោកខាងលិចក្នុងការចូលរួមជាមួយតំបន់ Global South ជាពិសេសជាមួយបណ្តាប្រទេសមួយចំនួន ដូចជាឥណ្ឌា និងអាហ្វ្រិកខាងត្បូង ដែលមានសមត្ថភាពបច្ចេកទេសល្អនៅក្នុងវិស័យមួយចំនួន ដែលអាចមានសារៈសំខាន់ក្នុងការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។

លោកខាងលិចក៏គួរតែរួមបញ្ចូលប្រទេសកំពុងអភិវឌ្ឍផងដែរក្នុងការកំណត់ច្បាប់ទាក់ទងនឹងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ក៏ដូចជាបទប្បញ្ញត្តិគ្រប់គ្រងលើទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក។ នៅក្នុងករណីដែលអ៊ុយក្រែនឈ្នះ ការប្រព្រឹត្តរបស់លោកខាងលិចចំពោះប្រទេសរុស្ស៊ី និងជំហររបស់ពួកគេចំពោះតំបន់ Global South នៅក្នុងអំឡុងពេលកសាងប្រទេសអ៊ុយក្រែនឡើងវិញនឹងក្លាយជាកត្តាកំណត់ថា «តើលទ្ធផលនៃសង្រ្គាមនឹងជំរុញឱ្យមានវឌ្ឍនភាពជាសកលឆ្ពោះទៅរកពហុភាគីនិយមប្រកបដោយបរិយាប័ន្ននិងសមភាពដែរឬទេ»។

ក្នុងករណីដ៏អាក្រក់បំផុត បណ្តាប្រទេសលោកខាងលិចនឹងទទួលបាននូវជ័យជំនះដ៏សោកសៅ ដែលនឹងពង្រឹងរបបផ្តាច់ការ និងដែលនាំមកនូវការបែកបាក់គ្នាកាន់តែខ្លាំងថែម ទៀតនៅក្នុងពិភពលោក៕

Project Syndicate