ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អញ្ជើញជួបអនុព័ន្ធយោធាសហព័ន្ធរុស្សីចប់អាណត្តិ និងតែងតាំងថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 44

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រី លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោកវរនាវីឯក Ivan STADCHENKO នាយការិយាល័យអនុព័ន្ធយោធារុស្ស៊ី ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតយោធានៅកម្ពុជា ចូលជួបសម្តែងការគួរសម ជម្រាបលា និងបង្ហាញមុខនាយការិយាល័យ អនុព័ន្ធយោធារុស្ស៊ីថ្មី មកជំនួស។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ស្វាគមន៍ និងអបអរសាទរចំពោះ លោកវរនាវីឯក Vily KUCHSHEV នាយការិយាល័យអនុព័ន្ធយោធារុស្ស៊ីថ្មី ដែលរដ្ឋាភិបាល និងក្រសួងការពារប្រទេស បានផ្ដល់សេចក្តីទុកចិត្ត ទើបតែងតាំងមកបំពេញបេសកកម្មការទូត ប្រចាំកម្ពុជានាពេលនេះ។

ក្រសួងការពារជាតិ ត្រៀមផ្ដល់កិច្ចសហប្រតិបត្តិការពេញលេញ ចំពោះលោកនាយការិយាល័យអនុព័ន្ធយោធាថ្មី ក្នុងការបំពេញបេសកកម្មការទូតយោធានៅកម្ពុជា ទទួលបានជោគជ័យ សំដៅពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែមានភាពជិតស្និទ្ធ រីកចម្រើន និងស៊ីជម្រៅថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់ លោកវរនាវីឯក Ivan STADCHENKO នៅក្នុងអាណត្តិបំពេញបេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា រយៈពេល៤ឆ្នាំកន្លងមក បានជួយជម្រុញពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទពប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី នាំមកឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់បន្ថែមថា៖ ដោយសារមានការរីករាលដាលជំងឺកូវីដ-១៩ ជាសកល បានធ្វើឲ្យកិច្ចសហប្រតិបត្តិការមួយចំនួនត្រូវបានអាក់ខាន និងលើកពេល។ ប៉ុន្តែកងទ័ពប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី នៅតែពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការមានភាពជិតស្និទ្ធ រីកចម្រើន និងស៊ីជម្រៅ តាមប្រព័ន្ធព័ត៌មានវិទ្យា និងរស់តាមបែបគន្លងប្រក្រតីភាពថ្មី។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានលើកឡើងថា៖ មុនពេលមានការរីករាលដាលជំងឺកូវីដ-១៩ ជាសកល ក្រសួងការពារជាតិប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី បានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាជាច្រើន ដូចជាការផ្តល់អាហារូបករណ៍ដល់សិក្ខាកាមយោធារុស្ស៊ីមួយចំនួន មកសិក្សាភាសាខ្មែរនៅសាកលវិទ្យាល័យការពារជាតិ ក្រសួងការពារប្រទេសរុស្ស៊ីទទួលសិក្ខាកាមកម្ពុជា ទៅបណ្តុះបណ្តាលនៅប្រទេសរុស្ស៊ី ការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ នាយទាហានជាន់ខ្ពស់កងទ័ពជើងទឹក កងទ័ពជើងគោក កងរក្សាសន្តិភាព និងការចូលចតនាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាបន្តបន្ទាប់។ ទាំងអស់នេះសុទ្ធតែផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការពារប្រទេសទាំងពីរ សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ មានជំនឿយ៉ាងមុតមាំថា ក្រោយពេលជំងឺកូដ-១៩ជាសកល មានភាពធូរស្រាល តាមរយៈ លោកនាយការិយាល័យអនុព័ន្ធយោធា បញ្ចប់បេសកកម្មការទូតយោធា និងលោកនាយការិយាល័យអនុព័ន្ធយោធារុស្ស៊ីថ្មី ប្រចាំកម្ពុជា ក្រសួងការពារប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី នឹងពង្រឹងកិច្ចសហប្រតិបត្តិការ ដែលបានចុះអនុស្សរណៈកន្លងមក រួមមាន៖ វិស័យរក្សាសន្តិភាព ការងារហ្វឹកហ្វឺនការផ្លាស់ប្តូរដំណើរទស្សនកិច្ច កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក ជើងគោក ការហ្វឹកហ្វឺនវិស័យមនុស្សធម៌ គ្រោះមហន្តរាយ និងការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក នឹងមានការរីកចម្រើន ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជូនពរដល់លោកនាយការិយាល័យអនុព័ន្ធយោធាចាស់ សូមទៅបំពេញបេសកកម្មថ្មីប្រកបដោយជោគជ័យ និងសូមស្វាគមន៍អបអរសាទរ ចំពោះលោក នាយការិយាល័យអនុព័ន្ធយោធាថ្មី និងបន្តរួមគ្នាបំពេញការងារ ដែលនៅសេសសល់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យមានភាពកាន់តែល្អប្រសើរឡើង សំដៅជម្រុញចំណងមិត្តភាព រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី។នៅក្នុងពិធីចូលជួបសម្តែងការគួរសម និងជម្រាបលា លោកវរនាវីឯក Ivan STADCHENKO បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចពិជ័យសេនា ថ្នាក់ដឹកនាំ នាយទាហានក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលបានគាំទ្រដល់ភារកិច្ចបំពេញបេសកកម្មការទូតនៅកម្ពុជារបស់លោករយៈពេល៤ឆ្នាំកន្លងមក នេះសម្រេចបានជោគជ័យជាបន្តបន្ទាប់។ លោកវរនាវីឯក Ivan STADCHENKO បានសន្យាថា៖ ពេលទៅបំពេញការងារនៅប្រទេសរុស្ស៊ីវិញ លោកនឹងជម្រាបពីការពិតនៅកម្ពុជា ដែលមានថ្នាក់ដឹកនាំប្រកបដោយភាពឈ្លាសវៃ ធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។

លោក នឹងស្នើដល់រដ្ឋាភិបាល ក្រសួងការពារប្រទេសរុស្ស៊ីបន្តជួយគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត. បន្ថែមលើកិច្ចសហប្រតិបត្តិការដែលបានចុះអនុស្សរណៈនាពេលកន្លងមក ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង។ លោកវរនាវីឯក Ivan STADCHENKO មានការសោកស្តាយចំពោះការអាក់ខាន និងការលើកពេលកម្មវិធីមួយចំនួន ដែលបានឯកភាពគ្នា អញ្ជើញគណៈប្រតិភូនាយទាហានជាន់ខ្ពស់ក្រសួងការពារជាតិ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសរុស្ស៊ី និងការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រុស្ស៊ី មកកម្ពុជា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ជាសកល។
លោកវរនាវីឯក Ivan STADCHENKO សូមសម្ដែងការកោតសរសើរចំពោះកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមយ៉ាងសកម្មនូវបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូរីដ-១៩ នៅកម្ពុជា។ លោកសូមគាំទ្រចំពោះការរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២២ នៅកម្ពុជាដំណើរការប្រកបដោយជោគជ័យ និងសូមឲ្យការរីករាលដាលជំងឺកូវីដ-១៩ ជៀសផុតពីប្រទេសកម្ពុជា ក៏ដូចជាសកលលោក ៕

អត្ថបទទាក់ទង