ប្រទេសចិនកំពុងបាត់បង់ជំហរនៅក្នុងប្រទេសស្រីលង្កា
ទីបំផុត កប៉ាល់តាមដានរបស់កងទ័ពចិន Yuan Wang 5 បានចូលចតនៅកំពង់ផែ Hambantota នៅក្នុងប្រទេសស្រីលង្កាដើម្បីធ្វើការជួសជុល ខណៈប្រទេសឥណ្ឌានិងអាមេរិកបានទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលរដ្ឋាភិបាលស្រីលង្កាមិនឱ្យទទួលកប៉ាល់នេះ។
ការមកដល់នៃកប៉ាល់នេះគឺប្រៀបដូចជាជ័យជំនះរបស់ទីក្រុងប៉េកាំងនៅលើប្រទេសដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រមួយនេះ។ ប៉ុន្តែតាមពិតទៅ វាមិនមែនជាជោគជ័យអ្វីនោះទេ ព្រោះវាគ្រាន់តែជាការពង្រីកនូវរូបភាពរបស់ប្រទេសចិនក្នុងនាមជាមហាអំណាចចក្រពត្តិនិយម ដែលតែងតែព្យាយាមកេងប្រវ័ញ្ចពីប្រទេសស្រីលង្កាសម្រាប់គោលបំណងរបស់ខ្លួនតែប៉ុណ្ណោះ។
ទីក្រុងប៉េកាំងបានធ្វើសកម្មភាពតិចតួចប៉ុណ្ណោះក្នុងការជួយដល់ប្រទេសនេះ នៅពេលដែលពួកគេជួបប្រទះនឹងការដួលរលំសេដ្ឋកិច្ចហើយការផ្តល់ជំនួយរបស់ប្រទេសចិនទៀតសោតក៏មានចំនួនតិចជាងប្រទេសជាដៃគូប្រជែងក្នុងតំបន់គឺប្រទេសឥណ្ឌាថែមទៀតផង។
ការដែលប្រទេសចិនសម្រេចចិត្តបន្ធូរដៃ ហើយអនុញ្ញាតឱ្យដៃគូសត្រូវទទួលបានផលប្រយោជន៍ផ្នែកអំណាចទន់នៅក្នុងអំឡុងពេលនៃវិបត្តិនៅពេលបច្ចុប្បន្ននេះគឺជារឿងដ៏គួរឱ្យងឿងឆ្ងល់ ខណៈដែលប្រទេសចិនតែងតែត្រូវបានរដ្ឋាភិបាលអាមេរិកនិងប្រទេសផ្សេងៗស្តីបន្ទោសថា ជាអ្នកបង្កបញ្ហាដល់ប្រទេសស្រីលង្កា ហើយវាក៏ជាឱកាសដ៏ល្អសម្រាប់ប្រទេសចិនដើម្បីបង្កើនកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសនេះផងដែរ។
មតិផ្សេងៗបានធ្វើការអះអាងជាយូរមកហើយថា «ទីក្រុងប៉េកាំងបានអនុវត្តយុទ្ធសាស្ត្រការទូតបំណុលដោយបានលេបត្របាក់យកប្រទេសក្រីក្រដែលមានបំណុលយ៉ាងច្រើន តាមរយៈការធ្វើឱ្យពួកគេមិនអាចសង ប្រាក់កម្ចីបាន ហើយត្រូវតែព្រមប្រគល់នូវសិទ្ធិក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិយុទ្ធសាស្ត្រមួយចំនួនទៅឱ្យប្រទេសចិន ដើម្បីឱ្យពួកគេអាចពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួនក្រោមរូបភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមើលទៅហាក់ដូចជាសកម្មភាពដ៏ស្លូតបូត»។
អ្វីដែលជាភស្តុតាងដើម្បីបញ្ជាក់អំពីអំណះអំណាងខាងលើ គឺករណីកំពង់ផែ Hambantota ដែលកប៉ាល់របស់កងទ័ពចិនបានចូលចតនេះឯង។
គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីរបស់ប្រទេសចិន។ ប៉ុន្តែនៅក្នុងឆ្នាំ ២០១៧ គេបានចោទប្រកាន់ទីក្រុងប៉េកាំងថា បានរឹបអូសយកកំពង់ផែមកគ្រប់គ្រងនៅពេលដែលប្រទេសស្រីលង្កាមិនមានលទ្ធភាពក្នុងការសងបំណុលរបស់ខ្លួន។ ចាប់តាំងពីពេលនោះមក ករណីរបស់កំពង់ផែ Hambantota នេះតែងតែត្រូវបានមន្ត្រីលោកខាងលិចលើកឡើងធ្វើជាឧទាហរណ៍ជាក់ស្តែងដើម្បីព្រមានអំពីគ្រោះថ្នាក់នៃការទទួលប្រាក់កម្ចីរបស់ប្រទេសចិនតែម្តង។
ទោះជាយ៉ាងណា ចំណុចនេះគឺគ្រាន់តែជាការបំភ័ន្តតែប៉ុណ្ណោះ។ ប្រទេសចិនមិនបានរឹបអូសយកកំពង់ផែនេះទេ ដោយគ្រាន់តែពួកគេបានជួលកំពង់ផែនេះសម្រាប់រយៈពេល ៩៩ ឆ្នាំតែប៉ុណ្ណោះ។
ប្រទេសស្រីលង្កាគឺជាអ្នកដែលបានស្នើកិច្ចព្រមព្រៀងនេះឡើង ព្រោះពួកគេត្រូវការការប្តូរប្រាក់បរទេសជាបន្ទាន់ដើម្បីសងម្ចាស់បំណុលលោកខាងលិច។ ប្រាក់កម្ចីដែលប្រទេសចិនបានផ្តល់ដើម្បីសាងសង់កំពង់ផែ Hambantota មិនត្រូវបានលុបចោលនោះទេ។
ប្រទេសចិនបាន ចាប់យកកំពង់ផែ Hambantota នេះ ដោយសារតែពួកគេចង់បង្កើតមូលដ្ឋានទ័ពជើងទឹកតាមបណ្តោយផ្លូវដឹកជញ្ជូនជាយុទ្ធសាស្ត្រ ប៉ុន្តែគេមិនមានភស្តុតាងណាមួយដែលបានបង្ហាញអំពីសកម្មភាពយោធារបស់ចិននៅក្នុងកំពង់ផែនេះ មុនពេលការមកដល់នៃនាវាតាមដាននេះទាល់តែសោះ។ កប៉ាល់របស់ប្រទេសឥណ្ឌា និងអាមេរិកអាចចូលមកចតនៅក្នុងកំពង់ផែនេះបាន! ដូច្នេះហេតុអ្វីបានជាចិនមិនអាចចតបាន?
វិធីសាស្ត្រការទូតអន្ទាក់បំណុលគឺគ្រាន់តែជាពាក្យចចាមរាមតែប៉ុណ្ណោះ។ បណ្ណបំណុល Eurobonds មានសមាមាត្រធំបំផុតរហូតដល់ទៅ ៣៦% នៃបំណុលសរុបរបស់ប្រទេសស្រីលង្កា ចំណែកបំណុលរបស់ប្រទេសចិនមានទំហំចន្លោះពី ១០% ទៅ ២០% អាស្រ័យទៅលើវិធីដែលគេប្រើប្រាស់ដើម្បីយកមកគណនាតែប៉ុណ្ណោះ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងមិនមែនជាអ្នកដែលធ្វើឱ្យប្រទេសនេះជួបនឹងវិបត្តិនោះទេ។
បើទោះបីជាការចោទប្រកាន់អំពីការកាន់កាប់ពីសំណាក់ប្រទេសចិនមកលើកំពង់ផែ Hambantota មិនមែនជាការពិតក៏ដោយ ប៉ុន្តែមហាជនជាច្រើនបានជឿចំពោះរឿងនេះ ហើយការចូលចតពីសំណាក់នាវា របស់កងទ័ពចិននៅក្នុងខែនេះពិតជាមិនបានផ្តល់ផលវិជ្ជមានណាមួយដល់ប្រទេសចិននោះឡើយ ដោយវានឹងធ្វើឱ្យមហាជនកាន់តែការព្រួយបារម្ភថា ប្រទេសចិនពិតជាចង់រៀបចំមូលដ្ឋានទ័ពនៅទីនោះ ដែលនេះប្រៀបដូចជាការជួយឱ្យការឃោសនារបស់ទីក្រុង Delhi ទទួលបានជ័យជម្នះអញ្ចឹង។
នៅក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងឥណ្ឌាបានធ្វើសង្រ្គាមដើម្បីទាញយកឥទ្ធិពលរៀងៗខ្លួននៅក្នុងប្រទេសស្រីលង្កា។ ប្រទេសចិនមានឥទ្ធិពលគ្របដណ្តប់នៅក្នុងអំឡុងពេលដែលប្រធានាធិបតី Mahinda Rajapaksa កាន់អំណាចពីចន្លោះឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៥ បន្ទាប់មកក៏បានបាត់បង់ឥទ្ធិពលចាញ់ទីក្រុង Delhi វិញនៅពេលដែលមានអ្នកថ្មីឡើងមកកាន់តំណែងជាប្រធានាធិបតីវិញ។ ប៉ុន្តែប្រទេសចិនក៏បានបង្កើនឥទ្ធិពលរបស់ខ្លួនឡើងវិញ នៅពេលដែលបងប្រុសរបស់លោក Mahinda ឈ្មោះ Gotabaya បានឡើងកាន់តំណែងកាលពីឆ្នាំ ២០១៩។
អ្វីៗនឹងត្រូវបន្តប្រែប្រួលបន្ថែមទៀត ខណៈដែលលោក Gotabaya និងប្អូនប្រុសរបស់គាត់ទាំង២ នាក់បានសម្រេចលាលែងពីតំណែងនៅក្នុងឆ្នាំនេះ ដែលវានឹងអាចបង្កឱ្យមានបញ្ហានៅក្នុងទំនាក់ទំនងរបស់ប្រទេសចិនជាមួយទីក្រុងកូឡុំបូ។
ប្រទេសឥណ្ឌាបានឈានជើងចូលមកជួយដោះស្រាយបញ្ហាកង្វះខាតស្បៀងអាហារនិងឥន្ធនៈដ៏ធំរបស់ប្រទេសស្រីលង្កា តាមរយៈការផ្តល់ជំនួយជាង ៣,៨ ពាន់លានដុល្លារ ខណៈទីក្រុងប៉េកាំងបានផ្តល់ថវិកាតែចំនួន ៧៤ លានដុល្លារតែប៉ុណ្ណោះ។
អស់រយៈពេលជាច្រើនខែមកហើយដែលប្រទេសស្រីលង្កាបានអង្វរដល់ប្រទេសចិនឱ្យផ្តល់ការជួយបន្ថែម ប៉ុន្តែវាមិនបានផលនោះទេ។ ខណៈពេលដែលប្រទេសឥណ្ឌាបានបន្តការរៀបចំការផ្លាស់ប្តូររូបិយបណ្ណជាមួយប្រទេសស្រីលង្កានៅក្នុងខែមេសា ធនាគារប្រជាជននៃប្រទេសចិនបែរជាធ្វើការផ្អាកការផ្លាស់ប្តូររូបិយប័ណ្ណរបស់ខ្លួនទៅវិញ ដោយសារតែប្រទេសនេះមិនមានទុនបម្រុងរូបិយបណ្ណបរទេសគ្រប់គ្រាន់។
ប្រទេសចិនក៏បានសម្តែងនូវការស្ទាក់ស្ទើរនៅក្នុងការសើរើប្រាក់កម្ចីរបស់ខ្លួនជាមួយប្រទេសស្រីលង្កាផងដែរ ដែលសកម្មភាពនេះបានធ្វើឱ្យគេចោទប្រកាន់ប្រទេសចិនថា មានភាពមិនច្បាស់លាស់នៅពេលដែលប្រទេសស្រីលង្កាចង់ធ្វើការចរចាអំពីបំណុលឡើងវិញ។ ជាការពិតណាស់ បើយោងតាមកំណត់ត្រារបស់ប្រទេសចិននៅក្នុងតំបន់បានបង្ហាញថាប្រទេសចិនតែងតែធ្វើការបដិសេធ ចំពោះការចរចារដើម្បីបន្ធូរបន្ថយបំណុលជាមួយប្រទេសជាម្ចាស់បំណុលផ្សេងៗទៀត ហើយមានចំណូលចិត្តចំពោះការចូលរួមក្នុងការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីទ្វេភាគីដោយសម្ងាត់។
ទីក្រុងប៉េកាំងពេញចិត្តក្នុងការពង្រីកប្រាក់កម្ចីថ្មី ជាជាងការលុបចោលប្រាក់កម្ចីចាស់ ហើយប្រទេសចិនបានដើរតួនាទីស្រដៀងនឹងមូលនិធិរូបិយវត្ថុអន្តរជាតិដែលតែងតែបានផ្តល់ហិរញ្ញប្បទាន ដល់ប្រទេសដែលជាប់គាំងជាសាច់ប្រាក់។ ប៉ុន្តែនៅក្នុងករណីប្រទេសស្រីលង្កា សាច់ប្រាក់មិនមែនជាបញ្ហានោះទេ តែអ្វីដែលជាបញ្ហាគឺសមត្ថភាពក្នុងការសងបំណុល ហើយអ្វីដែលប្រទេសនានា ចង់បានពីប្រទេសចិនគឺ ការកាត់បន្ថយបន្ទុកបំណុលរបស់ខ្លួន មិនមែនជាការផ្តល់ឥណទានបន្ថែមនោះទេ។
1ប្រទេសចិនទើបតែបានឈានដល់កិច្ចព្រមព្រៀងជាមួយម្ចាស់បំណុលផ្សេងទៀតរបស់ប្រទេស Zambia ដើម្បីផ្តល់នូវទម្រង់នៃការបន្ធូរបន្ថយបំណុល ដែលនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម G20 ពហុភាគី។ ប៉ុន្តែព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ នៅតែមិនទាន់មានភាពច្បាស់លាស់ ហើយវាពិតជាឆាប់ពេកក្នុងការនិយាយថា ទីក្រុងប៉េកាំងបានធ្វើការបន្ទន់វិធីសាស្រ្តរបស់ខ្លួន។
ប្រាកដណាស់ មុខមាត់របស់ប្រទេសចិនអាចនឹងទទួលរងផលប៉ះពាល់បន្ថែមទៀត បើសិនជាពួកគេនៅតែបន្តប្រើប្រាស់យុទ្ធសាស្រ្តតឹងរឹងចំពោះប្រទេសស្រីលង្កា។
ខណៈពេលដែលប្រទេសចិនកំពុងតែត្រូវបានគេស្តីបន្ទោសថា មានភាពអយុត្តិធម៌ចំពោះការជួយដោះស្រាយវិបត្តិរបស់ប្រទេសស្រីលង្កា វិធានការដោះស្រាយរបស់ប្រទេសចិននៅពេលនេះនៅតែមានភាពច្របូកច្របល់ អាចបង្កការបំផ្លិចបំផ្លាញដល់ខ្លួនឯង និងធ្វើឱ្យប្រទេសជាដៃគូប្រជែងរបស់ខ្លួនគឺប្រទេសឥណ្ឌាអាចបង្កើនឥទ្ធិពលរបស់ខ្លួនវិញបាន។
ប្រសិនបើទីក្រុងប៉េកាំងមិនកែប្រែវិធីសាស្ត្ររបស់ខ្លួនទេពួកគេក៏អាចនឹងត្រូវជួបប្រទះនឹងការដើរថយក្រោយនៃការធ្វើទំនាក់ទំនងនៅក្នុងប្រទេសដែលកំពុងជំពាក់បំណុលគេផ្សេងៗទៀតផងដែរ៕
The Interpreter