ខ្មែរប៉ុស្ដិ៍ Close

តើទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកនៅតែមានប្រសិទ្ធភាពនៅក្នុងពិភពលោកពហុប៉ូលទៀតដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 37
តើទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកនៅតែមានប្រសិទ្ធភាពនៅក្នុងពិភពលោកពហុប៉ូលទៀតដែរឬទេ? តើទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកនៅតែមានប្រសិទ្ធភាពនៅក្នុងពិភពលោកពហុប៉ូលទៀតដែរឬទេ?

ការផ្លាស់ប្តូរនៅក្នុងការចងសម្ព័ន្ធមិត្តរបស់ប្រទេសជុំវិញពិភពលោកកំពុងធ្វើឱ្យប្រទេសមួយចំនួន ដូចជា អ៊ីរ៉ង់ និង រុស្ស៊ី កាន់តែខិតជិតគ្នា ខណៈដែលរដ្ឋទាំងពីរនេះកំពុងទទួលរងនូវការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ប្រទេសទាំងពីរខាងលើបានបង្ហាញថា ក្រុមសម្ព័ន្ធប្រទេសដែលប្រឆាំងនឹងសហរដ្ឋអាមេរិក កំពុងតែមានការកើនឡើងជាបន្តបន្ទាប់។

ជាមួយនឹងការត្រៀមដាក់ចេញនូវវិធានការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសរុស្ស៊ី តើទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកពិតជាទទួលបានផល ឬក៏គ្រាន់តែជាការប្រឹងប្រែងដែលគ្មានប្រយោជន៍?

«អត្រាបរាជ័យនៃការដាក់ទណ្ឌកម្ម គឺស្ថិតនៅចន្លោះពី ៦៥% ទៅ ៩៥%» នេះបើយោងតាមការសិក្សាមួយដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១៥ ហើយលទ្ធផលដែលទទួលបានពីការដាក់ទណ្ឌកម្មទាំងនោះបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសដែលជាគោលដៅ កាន់តែមានការធ្លាក់ចុះទៅវិញ ។

រដ្ឋាភិបាល ឬរបបនានាបានប្រើប្រាស់ការដាក់ទណ្ឌកម្មនេះ ដើម្បីប្រមូលផ្តុំការគាំទ្រក្រោមលេសជាតិនិយម ហើយប្រសិនបើប្រទេសទាំងនោះមិនសូវមានសន្ទុះប្រជាធិបតេយ្យ ដូចជាករណីប្រទេសអ៊ីរ៉ង់ និង រុស្ស៊ីទៀតនោះ សាធារណជនអាចមានសិទ្ធិ និងមានជម្រើសតិចតួចតែប៉ុណ្ណោះ។

ការដាក់ទណ្ឌកម្មមកលើរុស្ស៊ីក្រោយពេលដែលពួកគេបានកាន់កាប់ទៅលើតំបន់ Crimea មិនអាចធ្វើការរារាំងទិក្រុងម៉ូស្គូមិនឱ្យធ្វើការវាយលុកទៅលើប្រទេសអ៊ុយក្រែននោះទេ។ ផ្ទុយទៅវិញ វិធានការទាំងនោះ បានជួយឱ្យលោក Putin អាចធ្វើការបង្រួបបង្រួមសាធារណមតិនៅក្នុងប្រទេសរបស់គាត់ទាំងអស់ឱ្យគាំទ្ររូបគាត់ និងលុបបំបាត់នូវសំឡេងរបស់មេដឹកនាំប្រឆាំងគឺលោក Alexei Navalny និងសំឡេងរបស់ក្រុមឥស្សរជនដែលមិនមានគំនិតដូចលោក Putin ថែមទៀតផង។

ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគឺជាចំណុចកណ្តាលរវាងការដាក់សម្ពាធផ្នែកការទូតនិងការធ្វើសង្រ្គាម ដោយពួកគេអាចចាប់ផ្តើមពីការហាមឃាត់រហូតដល់ការបង្កកទ្រព្យសកម្មរបស់បុគ្គលណាមួយ។ ជាញឹកញយ វិធានការទាំងនេះមិនបានបង្កផលប៉ះពាល់ដល់រដ្ឋាភិបាល ដូចការដាក់សម្ពាធទៅលើសាធារណជនតាមរយៈការគាបសង្កត់ទៅលើអត្រាអតិផរណា និងការដាក់បន្ទុកបន្ថែមទៅលើសារពើពន្ធ ដើម្បីជម្រុញឱ្យមានការធ្វើកំណែទម្រង់នយោបាយតាមរយៈការប្រឆាំងរបស់ជនស៊ីវិលនោះទេ។

ផលប៉ះពាល់នៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកអាចនឹងមានភាពខុសៗគ្នា។ តាមប្រវត្តិសាស្ត្រ ប្រទេសដែលមានភូមិសាស្ត្រស្ថិតនៅជិតសហរដ្ឋអាមេរិកអាចនឹងទទួលរងផលប៉ះពាល់ច្រើនជាងប្រទេសដែលស្ថិតនៅឆ្ងាយ។

ទោះជាយ៉ាងណាក៏ដោយ ជាមធ្យមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកអាចធ្វើឱ្យមានការកាត់បន្ថយកំណើន GDP ប្រចាំឆ្នាំរបស់រដ្ឋគោលដៅពី ០,៧៥% – ១% ហើយផលប៉ះពាល់ទៅលើកំណើនអាចកើតឡើងនៅក្នុងរយៈពេលត្រឹម ៧ ឆ្នាំ និងធ្វើឱ្យ GDP សរុបអាចធ្លាក់ចុះ ១៣,៤% នៅក្នុងរយៈពេលនោះ។

នៅក្នុងឆ្នាំ ២០១៤ បន្ទាប់ពីវិបត្តិនៅគ្រីមេ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anatoliy Siluanov បាននិយាយថា ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចបានធ្វើឱ្យប្រទេសរុស្ស៊ីខាតបង់ទឹកប្រាក់ចំនួន ៤០ ពាន់លានដុល្លារអាមេរិក (ឬ ២% នៃ GDP)។

ទោះជាយ៉ាងណាក៏ដោយ ការដាក់ទណ្ឌកម្មដោយប្រទេសតែមួយ បើទោះបីជាប្រទេសនោះគឺសហរដ្ឋអាមេរិកក៏ដោយ ក៏ផលប៉ះពាល់ទៅលើប្រទេសគោលដៅនៅតែមានកម្រិត។ ប៉ុន្តែ ប្រសិនបើសហរដ្ឋអាមេរិកធ្វើការដាក់កំហិតទៅលើប្រទេសគោលដៅ នោះតាមរយៈការជម្រុញឱ្យម៉ាកយីហោល្បីៗ ដូចជា McDonald’s, Nike និង Starbucks ចាកចេញវិញនោះ ផលប៉ះពាល់នឹងកើនឡើងពិបាកនឹងពិពណ៌នា។ នេះជាអ្វីដែលបានកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់នៅពេលដែលពួកគេទទួលរងការដាក់ទណ្ឌកម្មពីសំណាក់អាមេរិកជាលើកដំបូងនៅក្នុងឆ្នាំ ១៩៧៩។

ក្រុមហ៊ុន Conoco របស់សហរដ្ឋអាមេរិកបានត្រៀមខ្លួនដើម្បីអភិវឌ្ឍអណ្តូងប្រេង Sirri នៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែត្រូវបញ្ឈប់ការធ្វើប្រតិបត្តិការវិញ ដោយសារតែការដាក់ទណ្ឌកម្ម។

ប៉ុន្តែមិនមែនគ្រប់ប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិកទាំងអស់សុទ្ធតែត្រូវធ្វើតាមការដាក់ទណ្ឌកម្មនេះនោះទេ។ ក្រុមហ៊ុន TotalEnergies (អតីតក្រុមហ៊ុន Total Oil Petroleum) ដែលទទួលបានការគាំទ្រពីសំណាក់រដ្ឋាភិបាលរបស់ប្រទេសបារាំង បានចូលមកធ្វើការកាន់កាប់ប្រតិបត្តិការ និងបង្កើតរោងចក្រជំនួសក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកខាងលើវិញ។

ដូចគ្នានេះដែរ នៅក្នុងប្រទេសរុស្ស៊ី ក្រុមហ៊ុន TotalEnergies កំពុងបន្តប្រតិបត្តិការ បើទោះបីជាក្រុមហ៊ុន BP, Shell និង ExxonMobil សុទ្ធតែបានចាកចេញពីប្រទេសនេះក៏ដោយ។

ម៉្យាងវិញទៀត ការដាក់ទណ្ឌកម្មពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហាក់ដូចជាមានប្រសិទ្ធភាពជាង ដោយសារតែប្រទេសជាសមាជិកទាំងអស់ សុទ្ធតែតម្រូវឱ្យអនុវត្តតាមវិធានការដែលបានដាក់ចេញ។ ប្រសិទ្ធភាពនៃការដាក់ទណ្ឌកម្មនឹងត្រូវបានពង្រឹងបន្ថែមទៀត ប្រសិនបើវិធានការទាំងនោះទទួលបានការគាំទ្រពីសំណាក់សមាជិកទាំងអស់ ។

ទណ្ឌកម្មដែលត្រូវបានដាក់ចេញដោយអង្គការសហប្រជាជាតិ ជាធម្មតាអាចធ្វើឱ្យអត្រាកំណើន GDP ពិតប្រាកដរបស់រដ្ឋជាគោលដៅ ធ្លាក់ចុះច្រើនជាង ២% ក្នុងមួយឆ្នាំ ហើយផលប៉ះពាល់នៃការថយចុះអាចនឹងមានរហូតដល់រយៈពេល ១០ ឆ្នាំ។ នៅក្នុងអំឡុងពេលនោះ ការថយចុះសរុបនៃអត្រាកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់ប្រទេសគោលដៅ អាចនឹងមានប្រហែល ២៥,៥%។

នៅក្នុងករណីដ៏កម្រ ការដាក់ទណ្ឌកម្មអាចនឹងឈានទៅដល់ការបិទផ្លូវទាំងស្រុង ដូចជាករណីដែលបានកើតឡើងទៅលើប្រទេស Rhodesia (Zimbabwe) និងអតីតសាធារណរដ្ឋយូហ្គោស្លាវី ។

បច្ចុប្បន្ននេះ ផលប្រយោជន៍សកលដែលមានការបែកខ្ញែកកាន់តែច្រើន កំពុងធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាន់តែមានការថមថយនូវឥទ្ធិពល ដោយសារការដោះស្រាយជម្លោះភាគច្រើនត្រូវបានធ្វើឡើងតាមរយៈប្រទេសដែលមានឥទ្ធិពលនៅក្នុងតំបន់ ឬតាមរយៈប្រទេសទី ៣ ទៅវិញ។ ឧទាហរណ៍ ប្រទេសប៉ាគីស្ថានបានធ្វើការសម្របសម្រួលដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកនិងក្រុមតាលីបង់ ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ១៨ ឆ្នាំ ដោយមិនបានឆ្លងកាត់មហាសន្និបាតអង្គការសហប្រជាជាតិនោះទេ។

ប្រទេសរុស្ស៊ី ដែលជាសមាជិកដ៏សំខាន់មួយនៃក្រុមប្រឹក្សាសន្តិសុខបានធ្វើការវេតូ និងរារាំងវិធានការដែលក្រុមប្រឹក្សាបានដាក់ចេញប្រឆាំងនឹងខ្លួន ខណៈប្រទេសចិនក៏បានបដិសេធមិនធ្វើការបោះឆ្នោតនៅក្នុងសម័យប្រជុំបន្ទាន់របស់មហាសន្និបាតកាលពីខែមីនាដែរ។

ដំណើរទស្សនកិច្ចរបស់លោក Putin ទៅកាន់ប្រទេសអ៊ីរ៉ង់ ប្រហែលជាសញ្ញាចុងក្រោយដែលបង្ហាញអំពីការធ្លាក់ចុះនៃឥទ្ធិពលនិងសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើឲ្យប្រទេសណាមួយនៅឯកោ។

ចាប់តាំងពីមានការឈ្លានពានប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ ២០០៣ ប្រទេសអ៊ីរ៉ង់បានក្លាយជាប្រទេសដែលមានឥទ្ធិពលកាន់តែខ្លាំងឡើងៗនៅក្នុងតំបន់ ក្រោយបានយកឈ្នះទៅលើអារ៉ាប៊ីសាអូឌីតនៅក្នុងសមរភូមិដណ្តើមអំណាចនៅក្នុងតំបន់ និងបានយកឈ្នះទៅលើសហរដ្ឋអាមេរិកនៅក្នុងប្រទេសលីប៊ី ស៊ីរី លីបង់ភាគខាងត្បូង និងយេម៉ែន។

ប្រទេសអ៊ីរ៉ង់ មានឥទ្ធិពលយ៉ាងធំធេងទៅលើរដ្ឋាភិបាលអ៊ីរ៉ាក់ ហើយថែមទាំងអាចរារាំងមិនឱ្យប្រទេសអ៊ីស្រាអែលធ្វើការឈ្លានពានតំបន់លីបង់ខាងត្បូងបានទៀតផង។ ប្រទេសអ៊ីរ៉ងក៏បានធ្វើការគំរាមកំហែងដល់ប្រទេសដែលជាសមាជិករបស់ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ តាមរយៈការផ្តល់ការគាំទ្រដល់ក្រុមប្រដាប់អាវុធ ហ៊ូទី របស់យេម៉ែនផងដែរ។

ប្រទេសរុស្ស៊ីក៏បានពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់តាមរយៈការផ្តល់ការគាំទ្រដល់របបលោក Assad នៅស៊ីរី ហើយការកាន់កាប់ឧបទ្វីបគ្រីមេ គឺជាការធ្វើតេស្តចំពោះប្រតិកម្មរបស់សហគមន៍អន្តរជាតិតែប៉ុណ្ណោះ។

ការដាក់ទណ្ឌកម្មរបស់អាមេរិកបានបរាជ័យក្នុងការទប់ស្កាត់ការលុកលុយចូលប្រទេសអ៊ុយក្រែន និងបានផ្តល់ជាគំរូសម្រាប់មហាអំណាចផ្សេងៗទៀតដូចជាប្រទេសចិន ដែលកំពុងតែធ្វើការតាមដានយ៉ាងប្រុងប្រយ័ត្នចំពោះទង្វើរបស់បស្ចិមប្រទេសចំពោះប្រទេសរុស្ស៊ី ខណៈ ដែលខ្លួនកំពុងតែបន្តស្វែងរកវិធីដើម្បីសម្រេចឱ្យបាននូវគោលដៅផលប្រយោជន៍ជាតិរបស់ខ្លួនទាក់ទងនឹងកោះតៃវ៉ាន់៕

South China Morning Post