ខ្មែរប៉ុស្ដិ៍ Close

សហរដ្ឋអាមេរិកនិងចិនត្រូវបានជំរុញឱ្យបង្ហាញភាពជាមេដឹកនាំសេដ្ឋកិច្ចពិភពលោកប្រកបដោយការទទួលខុសត្រូវ បន្ទាប់ពីធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 43
សហរដ្ឋអាមេរិកនិងចិនត្រូវបានជំរុញឱ្យបង្ហាញភាពជាមេដឹកនាំសេដ្ឋកិច្ចពិភពលោកប្រកបដោយការទទួលខុសត្រូវ បន្ទាប់ពីធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់ ទេសាភិបាលធនាគារកណ្ដាលអាមេរិក លោក Jerome Powell

ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកជាលើកទី ៤ នៅឆ្នាំនេះ បានបង្កការភ្ញាក់ផ្អើលមួយចំនួននៅក្នុងប្រទេសចិន ហើយប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ របស់ពិភពលោកនេះ កំពុងត្រូវបានជំរុញឱ្យធ្វើការរួមគ្នាដើម្បីដោះស្រាយភាពចលាចលផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងពិភពលោក។

កាលពីថ្ងៃពុធ ធនាគារកណ្តាលអាមេរិកបានបញ្ជាក់អំពីការកើនឡើងនៃអត្រាការប្រាក់គោលចំនួន ៧៥ ពិន្ទុ ដោយបានធ្វើឱ្យអត្រាការប្រាក់កើនពី ២,២៥%% ដល់ ២,៥% ដែលជាកម្រិតដ៏ខ្ពស់បំផុត បើគិតចាប់តាំងពីឆ្នាំ ២០១៨ មក។

លោកស្រី Chen Fengying ដែលជាសមាជិកជាន់ខ្ពស់នៃវិទ្យាស្ថាន «China Institute of Contemporary International Relation» បាននិយាយថា «ការសម្របសម្រួលម៉ាក្រូសេដ្ឋកិច្ចរវាងចិននិងសហរដ្ឋអាមេរិក គួរតែជាប្រធានបទដ៏សំខាន់ ជាជាងការបន្ធូបន្ថយពន្ធដោយសារហានិភ័យនៃការធ្លាក់ចុះនៃសេដ្ឋកិច្ច។ ការសម្របសម្រួលទ្វេភាគីបែបនេះ អាចមានប្រសិទ្ធភាពជាង ដោយសារប្រទេសទាំង២ មានចំណែកប្រហែល ៤០% នៃ GDP របស់ពិភពលោក»។

អ្នកការទូតដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង និងដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា «វាដល់ពេលហើយដែលសហរដ្ឋអាមេរិកនិងចិន ត្រូវបង្កើតកិច្ចសហប្រតិបត្តិការដើម្បីទប់ទល់នឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកលក្នុងនាមជាអ្នកដឹកនាំសេដ្ឋកិច្ចពិភពលោកប្រកបដោយការទទួលខុសត្រូវ បើទោះបីជាពួកគេកំពុងប្រឈមមុខនឹងភាពតានតឹងខ្លាំងរវាងគ្នាក៏ដោយ»។

ឧបនាយករដ្ឋមន្ត្រី Liu-He និងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានលើកឡើងអំពីប្រធានបទនៃការសម្របសម្រួលគោលនយោបាយនៅក្នុងអំឡុងកិច្ចប្រជុំរបស់ពួកគេកាលពីដើមខែនេះ។ វិធានការចុងក្រោយបំផុតរបស់ធនាគារកណ្តាលអាមេរិកគឺ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពន្យឺតការកើនឡើងនៃតម្លៃ បន្ទាប់ពីអតិផរណាបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ (៩,១% នៅក្នុងខែមិថុនា)។

ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាបែបនេះ (ខណៈដែលអត្រានេះបានស្ថិតក្នុងចន្លោះពី ០-០,២៥% ប៉ុណ្ណោះនៅដើមឆ្នាំ) បានបង្កឱ្យមានការព្រួយបារម្ភនៅក្នុងប្រទេសចិន បន្ទាប់ពីការកើតមានលំហូរចេញនៃមូលធន និងការធ្លាក់ចុះនៃប្រាក់យ័នដែលធ្លាប់កើតឡើងនៅចន្លោះឆ្នាំ ២០១៥ ដល់ ២០១៧។

ប៉ុន្តែនៅពេលដែលអត្រាការប្រាក់របស់សហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសចិន ទីផ្សារចិនបានចាប់ផ្តើមមានភាពស្ងប់ស្ងាត់ឡើងវិញបន្តិច។ កាលពីថ្ងៃព្រហស្បតិ៍ ធនាគារប្រជាជនចិន (People’s Bank of China) បានរក្សាអត្រាការប្រាក់គោលនយោបាយនៅដដែល ក្នុងអត្រា ២,១% ទន្ទឹមនឹងការពង្រឹងប្រាក់យ័នដល់កម្រិត ៦,៧៤១១ យ័នក្នុងមួយដុល្លារអាមេរិក ដែលតំណាងឱ្យអត្រាប្តូរប្រាក់ប្រចាំថ្ងៃខ្ពស់បំផុត បើគិតចាប់
តាំងពីពាក់កណ្តាលខែមិថុនាមក។

និយតករក៏បានចាត់វិធានការប្រកបដោយការប្រុងប្រយ័ត្នមួយចំនួនផងដែរកាលពីឆ្នាំមុន បូករួមទាំងអត្រាប្តូរប្រាក់យ័នដែលមានភាពបត់បែនជាងមុន, ការបង្កើនប្រសិទ្ធភាពនៃរចនាសម្ព័ន្ធបំណុលបរទេស និងការប្រើ ប្រាស់ឱ្យបានកាន់តែទូលំទូលាយនៃឧបករណ៍ការពារអត្រាប្តូរប្រាក់បរទេស។

រួមជាមួយនឹងទុនបម្រុងប្តូរប្រាក់បរទេសចំនួន ៣ ទ្រីលានដុល្លារ, អតិរេកពាណិជ្ជកម្មនិងលំហូរវិនិយោគដ៏រឹងមាំ បានអនុញ្ញាតឱ្យប្រទេសចិនអាចបន្តរក្សាជំហរគោលនយោបាយធូររលុង ដើម្បីបំពេញតម្រូវការក្នុងស្រុក បើទោះបីជាវាមានភាពខុសគ្នាខ្លាំងពីបណ្តាប្រទេសធំៗនៅលោកខាងលិចក៏ដោយ។

លោក Pan Gongsheng ដែលជានាយកស្ថាប័នរដ្ធចិនទទួលបន្ទុកកិច្ចការប្តូរប្រាក់បរទេស «State Administration of Foreign Exchange» បាននិយាយនៅថ្ងៃពុធថា «យើងនឹងពង្រឹងការគិតគូរជាមូលដ្ឋាន, បង្កើនការត្រួតពិនិត្យ និងការវិភាគ ព្រមទាំងរក្សាឱ្យបាននូវប្រតិបត្តិការរលូននៃទីផ្សារប្តូរប្រាក់បរទេស, សន្តិសុខ សេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ»។

នៅក្នុងកិច្ចប្រជុំសេដ្ឋកិច្ចប្រចាំត្រីមាសរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យនយោបាយដែលមានសមាជិក ២៥ រូប បានច្រានចោលការដាក់ចេញនូវកញ្ចប់ថវិកាដ៏ធំសម្បើមសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច (Stimulus) ក៏ប៉ុន្តែបានសន្យាថានឹងប្រើប្រាស់គោលនយោបាយសារពើពន្ធដ៏សកម្មដើម្បីជំរុញកំណើន។ ប្រទេសចិនបានកំណត់ទិសដៅកំណើន GDP របស់ខ្លួនសម្រាប់ឆ្នាំ ២០២២ ក្នុងចំនួនប្រហែល ៥,៥% ។ក៏ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងត្រឹមតែ ០,៤% ប៉ុណ្ណោះនៅក្នុងត្រីមាសទី២ នេះ បើធៀបនឹងឆ្នាំមុន។

លោក Julian Evans-Pritchard ដែលជាសេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន «Capital Economics» បាននិយាយថា «កិច្ចប្រជុំរបស់ការិយាល័យនយោបាយបានផ្តល់នូវការបញ្ជាក់កាន់តែច្បាស់ថា កញ្ចប់ថវិកាសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនឹងនៅតែមានកម្រិតទាបនៅឆ្នាំនេះ ហើយសេដ្ឋកិច្ចចិននឹងបន្តទទួលបានកំណើនទាបជាងការរំពឹងទុក នៅក្នុងត្រីមាសខាងមុខ»។

លោកបានបន្តថា «យើងរំពឹងថា កំណើន GDP ផ្លូវការសម្រាប់ឆ្នាំ ២០២២ នឹងមានចំនួនយ៉ាងច្រើនបំផុត ៤% ហើយវាអាចទៅរួចដែលថា សេដ្ឋកិច្ចចិននឹងមិនរីកចម្រើនទាល់តែសោះនៅឆ្នាំនេះ»។ កាលពីថ្ងៃអង្គារ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានទម្លាក់ការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកពី ៣,៦% មកនៅត្រឹម ៣,២% ផងដែរ។

ស្ថាប័ននេះក៏បានទម្លាក់ការព្យាករណ៍កំណើនរបស់ប្រទេសចិនសម្រាប់ឆ្នាំ ២០២២ ពី ៤,៤% មកនៅត្រឹម ៣,៣% ខណៈដែលកំណើននៅក្នុងសហរដ្ឋអាមេរិកត្រូវបានគេព្យាករណ៍ថានឹងមានចំនួន ២,៣% នៅឆ្នាំនេះ ដោយបានធ្លាក់ចុះពីការព្យាករណ៍កាលពី ៣ ខែមុនក្នុងអត្រា ៣,៧%៕

South China Morning Post