ខ្មែរប៉ុស្ដិ៍ Close

ផលវិបាកចំពោះអតិផរណាដែលបង្កឡើងដោយ បដិ-សាកលភាវូបនីយកម្ម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 63
ផលវិបាកចំពោះអតិផរណាដែលបង្កឡើងដោយ បដិ-សាកលភាវូបនីយកម្ម ផលវិបាកចំពោះអតិផរណាដែលបង្កឡើងដោយ បដិ-សាកលភាវូបនីយកម្ម

ការវិលត្រឡប់មកវិញនៃអត្រាអតិផរណាដ៏ខ្ពស់នៅបណ្តាប្រទេសអភិវឌ្ឍជាច្រើនបានបង្កការភ្ញាក់ផ្អើលដល់បណ្តាធនាគារកណ្តាល និងបានក្លាយជាក្តីកង្វល់ដ៏ធំផ្នែកសេដ្ឋកិច្ចក្នុងចំណោមប្រជាពលរដ្ឋ។ ខណៈការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុគឺជារឿងដ៏ចាំបាច់តួនាទីនៃកត្តាជាប្រព័ន្ធមួយចំនួនទៀតក៏ជារឿង ដែលគួរតែផ្តោតការចាប់អារម្មណ៍ទៅលើផងដែរ។

ក្រៅពីភាពរអាក់រអួលនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដែលបង្កឡើងដោយការរីករាលដាលនៃវីរុស បូករួមនឹងវិបត្តិថាមពល និងវិបត្តិតម្លៃស្បៀងអាហារដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន អ្នកធ្វើគោលនយោបាយក៏ត្រូវទទួលស្គាល់ផងដែរនូវផលវិបាកចំពោះអតិផរណាដែលបង្កឡើងដោយ «បដិ-សាកលភាវូបនីយកម្ម Deglobalization»

ក្នុងអំឡុងពេល ២ ទសវត្សរ៍នៅមុនវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨ សាកលភាវូបនីយកម្មនៅតែបន្តដំណើរការទៅមុខ។ ទំហំនៃការធ្វើពាណិជ្ជកម្មសកលបានកើនឡើងជាង ២ ដង ក្នុងល្បឿនលឿនដូចគ្នានឹង GDP ពិភពលោកដែរ ខណៈដែលសេរីភាវូបនីយកម្មផ្នែកពាណិជ្ជកម្មនិងការវិនិយោគនៅទ្វីបអាស៊ី, នៅទ្វីបអាមេរិកឡាទីននិងនៅអឺរ៉ុបកណ្តាល និងភាគខាងកើត បានរួមចំណែកដល់ការរីកស្គុសស្គាយនៃការបែងចែកឡើងវិញនៃលំហូរផលិតកម្មឆ្លងព្រំដែន នៃផលិតផលសម្រេចនិងពាក់កណ្តាលសម្រេច។

សកលភាវូបនីយកម្មដ៏ខ្លាំងក្លា និងដ៏គួរឱ្យកត់សម្គាល់នៅក្នុងអំឡុងពេលនោះ បូករួមនឹងការធ្វើសមាហរណកម្មប្រទេសចិនចូលទៅក្នុងការធ្វើពាណិជ្ជកម្មនិងកិច្ចការវិនិយោគនៅក្នុងពិភពលោកបានជួយកាត់បន្ថយសម្ពាធអតិផរណានៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍ។

ខណៈពេលដែលតម្លៃនាំចូលរបស់សហរដ្ឋអាមេរិកនូវមុខទំនិញពីបណ្តាប្រទេសឧស្សាហកម្មបានកើនឡើងចំនួន ៣៣% នៅចន្លោះឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០៨ តម្លៃនៃទំនិញមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍ បានកើនឡើងត្រឹមតែ ៣,៤% ប៉ុណ្ណោះ។ លើសពីនេះទៅទៀត មុខទំនិញដែលនាំចូលភាគច្រើនមកពីប្រទេសចិនបានកើនឡើងតម្លៃតិចតួចបំផុត។

សម្ពាធបរិផរណា (Disinflationary Pressure) នៅប្រទេសចិន គឺបណ្តាលមកពីការធ្វើកំណែទម្រង់សេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេសចិន បូករួមនឹងការវិនិយោគរបស់ក្រុមហ៊ុនអន្តរជាតិ។ ប្រទេសចិនបានកាត់បន្ថយពន្ធគយជាមធ្យមពីចំនួនជាង ៤០% នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ មកនៅត្រឹមចំនួន ១៥% នៅពេលខ្លួនបានចូលរួមនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០០១ និងមកនៅត្រឹមប្រមាណ ៨% នៅប៉ុន្មានឆ្នាំបន្តបន្ទាប់មកទៀត។

សេរីភាវូបនីយកម្មសេដ្ឋកិច្ច និងការចូលទៅកាន់ទីផ្សារពិភពលោក បានជំរុញឱ្យសហគ្រិនចិនក្នុងស្រុកនាំគ្នាបង្កើតក្រុមហ៊ុនដើម្បីឆ្លើយតបទៅនឹងឱកាសដែលកំពុងរីកកាន់តែធំ។ ទន្ទឹមគ្នានេះដែរ ការលើកទឹកចិត្តចំពោះការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសចិន បូករួមនឹងតម្លៃពលកម្មទាប និងហេដ្ឋារចនាសម្ព័ន្ធល្អគួរសម បានធ្វើឱ្យចិនអាចទាក់ទាញបាននូវបណ្តាក្រុមហ៊ុនអន្តរជាតិ ដែលបានជួយបង្វែរប្រទេសចិនឱ្យក្លាយជាប្រទេសដែលទទួលបានការ វិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ និងក្លាយជា «រោងចក្ររបស់ពិភពលោក»

បណ្តាក្រុមហ៊ុនបរទេសបានរួមចំណែកប្រមាណពី ១/៣ ទៅ ១/២ នៃការនាំចេញសរុបរបស់ប្រទេសចិនកាលពី ៣ ទសវត្សរ៍មុន។ តាមរយៈការអាចនាំចូលទំនិញក្នុងតម្លៃទាបជំនួសឱ្យផលិតផលក្នុងស្រុក ដែលមានតម្លៃកាន់តែថ្លៃសាកលភាវូបនីយកម្មបានជះឥទ្ធិពលបរិផរណា (Disinflationary Impact) ដោយផ្ទាល់ទៅលើបណ្តាប្រទេសអភិវឌ្ឍ។

វាក៏បានជួយធ្វើឱ្យទំនិញដែលផលិតក្នុងស្រុកកាន់តែមានភាពប្រកួតប្រជែង ហើយអំណាចក្នុងការចរចារ (Bargaining Power) របស់កម្មករក៏ធ្លាក់ចុះខ្សោយកាន់តែខ្លាំងផងដែរ។ ប៉ុន្តែ តាមរយៈការធ្វើសង្គ្រាមពាណិជ្ជកម្មជាបន្តបន្ទាប់ និងជាពិសេស តាមរយៈការដំឡើងពន្ធគយលើមុខទំនិញនាំចូលពីប្រទេសចិនក្នុងអំឡុងឆ្នាំ ២០១៨ និង ២០១៩ ប្រធានាធិបតីអាមេរិក Donald Trump បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់សាកលភាវូបនីយកម្ម។

វិធានការបស់លោក Trump បានជំរុញឱ្យមានការឡើងថ្លៃទំនិញនៅសហរដ្ឋអាមេរិកទាំងដោយផ្ទាល់ និងដោយប្រយោល។ ឥទ្ធិពលផ្ទាល់គឺ «ពលរដ្ឋអាមេរិកត្រូវចំណាយប្រាក់កាន់តែច្រើនសម្រាប់ទំនិញដែលផលិតនៅចិន» ខណៈដែលផលវិបាកដោយប្រយោល រួមមានតម្លៃកាន់តែខ្ពស់លើមុខទំនិញនាំចូលរបស់សហរដ្ឋអាមេរិកពីបណ្តាប្រទេសផ្សេងៗ បូករួមនឹងការចំណាយកាន់តែខ្ពស់លើមុខទំនិញ និងសេវាកម្មផ្សេងៗទៀត។

លើសពីនេះទៅទៀត រដ្ឋបាលរបស់ Joe Biden ដែលតែងមានភាពប្រុងប្រយ័ត្នចំពោះការចោទប្រកាន់ពីការប្រកាន់គោលជំហរទន់ជ្រាយលើប្រទេសចិន មិនបានលុបចោលការយកពន្ធគយរបស់លោក Trump នោះទេ។ សម្ពាធបដិសាកលភាវូបនីយកម្មនៅសហរដ្ឋអាមេរិក និងនៅទីកន្លែងផ្សេងទៀតបានបន្តកើនឡើងនៅក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ នៅចំពេលកើតមានក្តីកង្វល់ផ្នែកសន្តិសុខជាតិនិងភាពតានតឹងភូមិសាស្ត្រ នយោបាយកាន់តែខ្លាំង។

ដោយសារវិធានការរបស់សហរដ្ឋអាមេរិក បណ្តាប្រទេសជាច្រើនទៀតក៏បាននាំគ្នាចាប់ផ្តើមយកពន្ធលើការនាំចូល ឬចាប់ផ្តើមបង្កើតរនាំងពាណិជ្ជកម្មផ្សេងៗដែលបណ្តាលឱ្យមានសម្ពាធកាន់តែខ្លាំងឡើងលើតម្លៃទំនិញ។ ផែនការរបស់អាមេរិកនិងបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបដែលបានផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុននានាឱ្យបង្វែរផលិតកម្មមកកាន់ប្រទេសដើមវិញ ឬការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់តែជាមួយបណ្តាប្រទេសជាមិត្តនឹងធ្វើឱ្យតម្លៃទំនិញក្នុងស្រុកកាន់តែកើនឡើងខ្ពស់។

ស្រដៀងគ្នានេះដែរ ប្រទេសចិនបានដាក់ចេញនូវគោលនយោបាយឧស្សាហកម្មជាយូរមកហើយ ដែលមានគោលបំណងបង្កើនការពឹងផ្អែកលើខ្លួនឯង។ ការប្រកាន់យកនៅពេលថ្មីៗរបស់ចិននូវយុទ្ធសាស្ត្រ «ទ្វេរ ប្រព័ន្ធ» (Dual-circulation) ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដោយផ្អែកលើតម្រូវការក្នុងស្រុក និងការផ្គត់ផ្គង់ក្នុងស្រុក ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យានឹងបន្តជះឥទ្ធិពលស្រដៀងគ្នាទៅលើតម្លៃទំនិញ។

បើទោះបីជាការជជែកវែកញែកអំពី បដិ-សកលភាវូបនីយកម្មនៅពេលនេះ បាននិងកំពុងនាំមកនូវការដាក់ចេញជាគោលនយោបាយជាក់ស្តែងក៏ដោយ ក៏ផលវិបាកចំពោះអតិផរណានឹងនៅតែបន្តកើតមានឡើង។ ប្រសិនបើបដិ-សកលភាវូបនីយកម្ម បន្តដំណើរទៅមុខដោយគ្មានការត្រួតពិនិត្យ បណ្តាធនាគារកណ្តាលប្រហែលចាំបាច់ត្រូវបង្កើនការរឹតបន្តឹងលើគោលនយោបាយរូបិយវត្ថុឱ្យបានកាន់តែខ្លាំងក្លាជាងអ្វី ដែលពួកគេបានធ្វើក្នុងពេលកន្លងមក។

វិធានការបដិ-សកលភាវូបនីយកម្ម របស់ប្រទេសមួយអាចជំរុញឱ្យប្រទេសផ្សេងទៀតធ្វើតាម ដែលជាហេតុអាចបង្កការខូចខាតដល់របៀបធ្វើពាណិជ្ជកម្ម និងផលិតកម្មសកល និងអាចធ្វើឱ្យប្រទេសទាំងអស់ធ្លាក់ទៅក្នុងស្ថានភាពកាន់តែអាក្រក់។ ដូច្នេះ ពិភពលោកចាំបាច់ត្រូវតែមានវិធានច្បាប់សកលមួយចំនួនដែលអាចបង្កើតឡើងតាមរយៈអង្គការពាណិជ្ជកម្មពិភពលោក និងក្រុមប្រទេស G20 ដើម្បីតម្រង់គោលនយោបាយ ជាតិនៅក្នុងវិស័យទាំងអស់នេះ។

អភិក្រមរួមបែបនេះ នឹងជួយកាត់បន្ថយឥទ្ធិពលអតិផរណាដែលបង្កឡើងដោយបដិសកលភាវូបនីយកម្ម ហើយនឹងជួយសម្រាលសម្ពាធរបស់ធនាគារកណ្តាលដែលជាហេតុនាំមកនូវការកាត់បន្ថយលទ្ធភាពនៃការកើតមានវិបត្តិសេដ្ឋកិច្ចសកល ឬយ៉ាងហោចណាស់ ក៏អាចជួយធ្វើឱ្យការដាំក្បាលចុះនៃសេដ្ឋកិច្ចមិនសូវមានលក្ខណៈធ្ងន់ធ្ងរ៕

Project Syndicate

អត្ថបទទាក់ទង