ខ្មែរប៉ុស្ដិ៍ Close

ភាពតានតឹង រុស្ស៊ី-ជប៉ុន បានផ្ទុះឡើងជាថ្មីជុំវិញបញ្ហាប្រជុំកោះ Kuril

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 41
ភាពតានតឹង រុស្ស៊ី-ជប៉ុន បានផ្ទុះឡើងជាថ្មីជុំវិញបញ្ហាប្រជុំកោះ Kuril កោះ Yankicha នៃប្រជុំកោះ Kuril (រូបថត Wikipedia)

ជាផ្លូវការប្រទេសរុស្ស៊ីមិនមានសង្រ្គាមជាមួយអ៊ុយក្រែនទេ ដោយសារប្រទេសរុស្ស៊ីបានអះអាងថាខ្លួនកំពុងអនុវត្តនូវអ្វីដែលហៅថា «ប្រតិបត្តិការយោធាពិសេស» មួយ។

ប៉ុន្តែជាមួយប្រទេសជប៉ុនវិញ ដោយសារទីក្រុងមូស្គូនិងទីក្រុងតូក្យូ មិនដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពនៅពេលដែលសង្គ្រាមលោកលើកទី២ បានបិទបញ្ចប់ជាផ្លូវការនោះ តាមន័យបច្ចេកទេស ប្រទេសជិតខាងអាស៊ីទាំងពីរនេះនៅតែបន្តស្ថិតក្នុងសង្គ្រាមដដែល។

ហើយថ្មីៗនេះ បន្ទាប់ពីជប៉ុនបានអះអាងអំពីកម្មសិទ្ធិរបស់ខ្លួនលើកោះចំនួន៤ នៅប្រជុំកោះ Kuril ដែលកំពុងមានជម្លោះជាមួយទីក្រុងមូស្គូដែលជប៉ុនបានចោទថា «ភាគីរុស្ស៊ីបានចូលកាន់កាប់ដោយខុសច្បាប់» ភាពតានតឹងចាស់ៗបាននិងកំពុងកើតឡើងជាថ្មីនៅក្នុងតំបន់ប៉ាស៊ីហ្វិក។

ចាប់តាំងពីសហភាពសូវៀតបានដណ្ដើមយកប្រជុំកោះ Kuril ក្នុងឆ្នាំ ១៩៤៥ មក កម្មសិទ្ធិនៅលើកោះ Iturup, Kunashir, Shikotan និង Habomai ត្រូវបានទាមទារដោយទីក្រុងតូក្យូ។

ប្រជុំកោះ Kuril នេះគឺជាកោះភ្នំភ្លើងប្រមាណ ៥០ លាតសន្ធឹងបន្តកន្ទុយគ្នា ដោយចុងខាងត្បូងបំផុតទល់នឹងភាគខាងជើងនៃកោះ Hokkaido របស់ជប៉ុន ហើយខាងជើងបំផុតទល់នឹងឧបទ្វីប Kamchatka របស់រុស្ស៊ី។ ប្រជុំកោះនេះគឺជាផ្នែកមួយដ៏សំខាន់របស់ប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ ១៩៤៥ មក ប៉ុន្តែប្រទេសជប៉ុននៅតែចាត់ទុកប្រជុំកោះនេះថាជាដែនដីភាគខាងជើងរបស់ខ្លួនដដែល។

បើតាមកំណែចុងក្រោយបំផុតឆ្នាំ ២០២២ នៃសៀវភៅខៀវការទូត «Diplomatic Bluebook» ដែលបានចេញផ្សាយដោយក្រសួងការបរទេសជប៉ុន ដែនដីភាគខាងជើងគឺជា «ប្រជុំកោះដែលជប៉ុនមានអធិបតេយ្យភាព ហើយក៏ជាផ្នែកមួយដែលពីដើមមកជាទឹកដីរបស់ជប៉ុនដែរ ប៉ុន្តែឥឡូវនេះត្រូវបានរុស្ស៊ីកាន់កាប់ដោយខុសច្បាប់»។

ទោះយ៉ាងណា ការអះអាងតាមបែបការទូតខាងលើនេះទទួលបានការរិះគន់យ៉ាងចាស់ដៃពីសំណាក់រុស្ស៊ី។ កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រជុំកោះនេះគឺជា «ទឹកដីដែលមិនអាចកាត់ផ្តាច់ចេញពីសហព័ន្ធរុស្ស៊ី» ព្រមទាំងបានអះអាងថា ប្រទេសជប៉ុនបានក្លាយទៅជា «ប្រទេសដែលមិនមែនជាមិត្ត និងបានចូលរួមក្នុងសកម្មភាពអរិភាពជាបន្តបន្ទាប់ប្រឆាំងនឹងប្រទេសរុស្ស៊ី»។

លោក Peskov បានបន្ថែមថា «វាពិតជាលំបាកខ្លាំងមែនទែនក្នុងការនិយាយអំពីការបន្តដំណើរការចរចា»។ គួរបញ្ជាក់ថា កន្លងមកទីក្រុងមូស្គូនិងតូក្យូ ធ្លាប់បានជួបពិភាក្សាគ្នាជាច្រើនលើកច្រើនសារហើយ ជុំវិញដែនដីដែលមានជម្លោះនេះ បើទោះជាមិនមានដំណោះស្រាយណាមួយកើតឡើងក៏ដោយ។

បន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានទៅលើអ៊ុយក្រែន ទំនាក់ទំនងរវាងទីក្រុងមូស្គូ-តូក្យូកាន់តែអាក្រក់ទៅៗ ខណៈពេលដែលជប៉ុនបានចូលរួមជាមួយសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី។ កាលពីថ្ងៃទី ២១ មីនាកន្លងទៅ ជាការឆ្លើយតប រុស្ស៊ីបានប្រកាសថាខ្លួននឹងដកខ្លួនចេញពីកិច្ចចរចាអំពីសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន។

លោក Sergey Mironov មេដឹកនាំគណបក្សនយោបាយប្រឆាំង A Just Russia បានលើកឡើងថា បើតាមអ្នកជំនាញជាច្រើន «រុស្ស៊ីមានសិទ្ធិគ្រប់បែបយ៉ាងលើដែនកោះនៅភាគខាងជើងបំផុតនៃកោះ Hokkaido របស់ជប៉ុននេះ»។

ជាការពិតណាស់ អ្នកជំនាញរុស្ស៊ីមួយចំនួនជឿថា កោះ Hokkaido គឺជា «ទឹកដីប្រវត្តិសាស្ត្ររបស់រុស្ស៊ី» ប៉ុន្តែវាមិនមែនមានន័យថា វិមានក្រឹមឡាំងមានបំណងចាប់ផ្តើមដាក់ចេញនូវ «ប្រតិបត្តិការយោធាពិសេស» នៅលើកោះនេះក្នុងពេលណាមួយឆាប់ៗនេះទេ។ លោក Mironov បានសន្មតថា វាទំនងគ្រាន់តែជាការធ្វើប្រតិកម្មទៅនឹងឯកសាររបស់ក្រសួងការបរទេសជប៉ុនស្តីពីប្រជុំកោះ Kuril ប៉ុណ្ណោះ។

ម៉្យាងវិញទៀត អ្នកវិភាគនយោបាយរុស្ស៊ីមួយចំនួនជឿថា សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធលើទីក្រុងតូក្យូឱ្យបន្ទាបទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងមូស្គូ។ លោក Dmitry Mosyakov ប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាអំពីអាស៊ីអាគ្នេយ៍, អូស្ត្រាលី និងអូសេអានី ដែលជាស្ថាប័នវិភាគមួយរបស់បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី បាននិយាយថា «គេមានឱកាសច្រើនណាស់ដើម្បីបន្តការចរចា, ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ព្រមទាំងដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង២។ ប៉ុន្តែស្ថានការណ៍បានផ្លាស់ប្តូរយ៉ាងខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចចិត្តសារជាថ្មីក្នុងការបង្ហាញថា តើខ្លួនអាចមានឥទ្ធិពលដល់កម្រិតណា»។

មានការព្រួយបារម្ភនៅក្នុងប្រទេសរុស្ស៊ីដែលថា នៅទីបំផុតទៅសហរដ្ឋអាមេរិកគ្រោងនឹងបង្កើតមូលដ្ឋានទ័ពជើងទឹកនៅលើប្រជុំកោះ Kuril ដែលនោះគឺជាមូលហេតុដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនជំរុញឱ្យទីក្រុងតូក្យូអះអាងសារជាថ្មី នូវអធិបតេយ្យភាពរបស់ខ្លួនលើទឹកដីដែលមានជម្លោះមួយនេះ។

បើយោងតាមអ្នកវិភាគនយោបាយរុស្ស៊ី លោក Marat Bashirov បានឱ្យដឹងថាសហរដ្ឋអាមេរិកកំពុងរុញប្រទេសជប៉ុនឱ្យប្រឈមមុខដាក់គ្នាតាមផ្លូវយោធាដ៏ធំមួយប្រឆាំងនឹងរុស្ស៊ី ខណៈដែលលោក Valery Kistanov ប្រធានមជ្ឈមណ្ឌលជប៉ុនសម្រាប់ការសិក្សាអំពីអាស៊ីបូព៌ា Far Eastern Studies នៃបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានអះអាងថា ទំនាក់ទំនងរវាងប្រទេសជប៉ុននិងរុស្ស៊ីនៅពេលនេះគឺ «អាក្រក់ជាងកាលពីអំឡុងសង្គ្រាមត្រជាក់» ទៅទៀត ។

ជប៉ុនបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាច្រើនប្រឆាំងនឹងរុស្ស៊ី។ អ្វីដែលសំខាន់បំផុតនោះ គឺទីក្រុងតូក្យូបានអនុម័តជាផ្លូវការនូវច្បាប់ស្ដីពីការដកហូតឋានៈរបស់រុស្ស៊ីចេញពីការធ្វើពាណិជ្ជកម្មក្នុងនាមជា «ប្រទេសដែលអនុគ្រោះបំផុត – Most Favored Nation (MFN)»។ កាលពីថ្ងៃទី ២២ មេសា សម្ព័ន្ធមិត្តរបស់អាមេរិកមួយនេះបានហាមឃាត់ការនាំចេញទំនិញប្រហែល ៣០០ មុខ ទៅកាន់ប្រទេសរុស្ស៊ី។

ក្នុងពេលជាមួយគ្នានេះ សាជីវកម្មជប៉ុន Mitsui និង Mitsubishi បានប្រកាសអំពីផែនការបន្តចូលរួមក្នុងគម្រោង Sakhalin-2 របស់រុស្ស៊ីដែលជាអាជីវកម្មអភិវឌ្ឍន៍ប្រេង និងឧស្ម័នរួមបញ្ចូលគ្នា ដោយមានក្រុមហ៊ុនចំនួន ៤ បានបណ្ដាក់ទុនរួមគ្នា ដែលមានដូចជា ក្រុមហ៊ុន Mitsubishi Corporation, ក្រុមហ៊ុនឧស្ម័នរដ្ឋរុស្ស៊ី Gazprom, ក្រុមហ៊ុន Shell និងក្រុមហ៊ុន Mitsui & Co។

ជ្រុងម្ខាងនៃកោះមួយ នៃប្រជុំកោះ Kuril (រូបថត Wikipedia)
ជ្រុងម្ខាងនៃកោះមួយ នៃប្រជុំកោះ Kuril (រូបថត Wikipedia)

ជាងនេះទៅទៀត ទណ្ឌកម្មរបស់ជប៉ុនប្រឆាំងនឹងរុស្ស៊ី នឹងមិនប៉ះពាល់ដល់ការនាំចូលប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ពីរុស្ស៊ីនោះទេ ដែលជាការបង្ហាញថា ទីក្រុងតូក្យូកំពុងប្រើយុទ្ធសាស្ត្រដូចគ្នាទៅនឹងសហភាពអឺរ៉ុបក្នុងការប្រឆាំងនឹងទីក្រុងមូស្គូ។

វិមានក្រឹមឡាំងវិញបានបញ្ជាក់ថា ខ្លួនកំពុងព្យាយាមអភិវឌ្ឍសេដ្ឋកិច្ចនៅប្រជុំកោះ Kuril នេះ ដោយមានជំនួយពីតួអង្គសំខាន់ៗផ្សេងទៀតនៅក្នុងពិភពលោក ដូចជាប្រទេសចិន និងឥណ្ឌា។ ទីក្រុងមូស្គូ, ប៉េកាំង និងញូវដែលី ត្រូវបានគេរាយការណ៍មកថា កំពុងពិភាក្សាអំពីគម្រោងវិនិយោគចំនួន ១៤០ នៅលើទឹកដីដែលមានជម្លោះមួយនេះ ខណៈពេលដែលក្រុមហ៊ុន Gazprom គ្រោងនឹងសាងសង់កន្លែងគ្រប់គ្រង និងកែ ច្នៃឧស្ម័នធម្មជាតិរាវ (LNG) ខ្នាតតូចចំនួន ២ កន្លែងផងដែរ។

ដូច្នេះ ប្រជុំកោះ Kuril មានសារៈសំខាន់ណាស់ខាងផ្នែកសេដ្ឋកិច្ចសម្រាប់រុស្ស៊ី បើទោះបីជាទណ្ឌកម្មអាចនឹងវាយប្រហាររុស្ស៊ីក៏ដោយ។ សេដ្ឋកិច្ចសម័យសង្រ្គាមនឹងអាចជួយឱ្យរុស្ស៊ីប្រមូលផ្តុំធនធានដើម្បីវិនិយោគ ក្នុងការអភិវឌ្ឍតំបន់ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រមួយនេះក្នុងពេលឆាប់ៗខាងមុខ។

ទោះជាយ៉ាងណា គេរំពឹងថាវិមានក្រឹមឡាំងនឹងបន្តធ្វើសមយុទ្ធយោធានៅប្រជុំកោះ Kuril នេះ ដែលវាជាការបញ្ជូនសារមួយយ៉ាងច្បាស់ទៅកាន់ទីក្រុងតូក្យូថា សម្ពាធសេដ្ឋកិច្ចអាចនឹងត្រូវបានតបតវិញដោយកម្លាំងយោធា។

ប៉ុន្តែប្រសិនបើកងទ័ពរុស្ស៊ីទទួលបរាជ័យនៅក្នុងប្រទេសអ៊ុយក្រែន នោះការវាយលុករបស់ក្រុងមូស្គូទៅលើទីក្រុងតូក្យូប្រហែលជានឹងមានឥទ្ធិពលគំរាមកំហែងតិចជាងពេលមុនៗ៕

Asia Times

អត្ថបទទាក់ទង