សង្គមដែលពោរពេញទៅដោយការប្រេះឆាររបស់អាមេរិក ចង់បានការពន្យល់បញ្ជាក់អំពីការ ប្រព្រឹត្តិប្រកបដោយ សីលធម៌ នៅក្នុងសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ
ពលរដ្ឋអាមេរិកបានបង្ហាញអំពីការចាប់អារម្មណ៍ចំពោះសង្គ្រាមនៅអ៊ុយក្រែន ខណៈពេលដែលការផ្សព្វផ្សាយព័ត៌មានអំពីរឿងនេះក៏ត្រូវបានធ្វើឡើងយ៉ាងទូលំទូលាយផងដែរ។ ប៉ុន្តែ នេះគឺជារឿងមួយដ៏ចម្លែក។
ជាធម្មតា កិច្ចការបរទេសមិនអាចទាក់ទាញចំណាប់អារម្មណ៍របស់ពលរដ្ឋអាមេរិកខ្លាំងក្លានោះទេ លុះត្រាតែវាមានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ហើយអាចបង្កជាហានិភ័យដល់ប្រជាពលរដ្ឋអាមេរិក។
«តើអ្វីជាមូលហេតុ ដែលនាំមកនូវចំណាប់អារម្មណ៍ដ៏ខ្លាំងបែបនេះ? តើវាមានបង្កប់នូវអត្ថន័យយ៉ាងដូចម្តេច សម្រាប់វប្បធម៌នយោបាយអាមេរិក ដែលកំពុងរងនូវការប្រេះឆារយ៉ាងជ្រាលជ្រៅជាមួយនឹងការកើតមានវិបត្តិលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស?»
អ្នកអត្ថាធិប្បាយមួយចំនួនបានចាត់ទុកវាជា «និមិត្តរូបនៃការមូលមតិគ្នា» នៅក្នុងប្រទេសមួយដែលកំពុងពោរពេញទៅដោយការបែកបាក់គ្នា។
អ្នកកាសែតរបស់ Fox News លោក Howard Kurtz បានលើកឡើងនូវទស្សនៈថា «សហរដ្ឋអាមេរិកបានបង្ហាញអំពីការមូលមតិគ្នាគួរសមជុំវិញវិបត្តិនៅអ៊ុយក្រែនហើយគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យមិនសូវមានការខ្វែងគំនិតគ្នានោះទេ ដោយក្នុងនោះ សំឡេងភាគច្រើននៅក្នុងគណបក្សនីមួយៗ បានផ្តល់នូវការគាំទ្រចំពោះការធ្វើពហិការលើប្រេងនិងឧស្ម័នរបស់រុស្ស៊ី បើទោះបីជាពួកគេបានដឹងថា វានឹងធ្វើឱ្យតម្លៃប្រេងនិងឧស្ម័នឡើងថ្លៃនៅក្នុងស្រុកក៏ដោយ។ នេះគឺជាការមូលមតិគ្នាដ៏ខ្លាំងក្លាមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសនេះ»។
ទោះជាយ៉ាងណាក៏ដោយ វាមានបង្កប់នូវការភ័ន្តច្រឡំខ្លះ។ ចំណាប់អារម្មណ៍របស់សាធារណជនទូទៅចំពោះសង្គ្រាមនេះ មិនបានបង្ហាញអំពីការមូលមតិគ្នានោះទេ ក៏ប៉ុន្តែវាកំពុងបង្ហាញឱ្យឃើញកាន់តែច្បាស់នូវ «វិបត្តិលទ្ធិប្រជាធិបតេយ្យនៅអាមេរិក»។
ការផ្សព្វផ្សាយដ៏ខ្លាំងក្លាពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន បានឆ្លុះបញ្ជាំងអំពីចំណាប់អារម្មណ៍របស់ពលរដ្ឋអាមេរិក ហើយអ្វីដែលលេចធ្លោរបំផុតនោះគឺ «នេះគឺជាសង្គ្រាមដើម្បីការពារលទ្ធិប្រជាធិបតេយ្យ» ហើយជារឿយៗ ការផ្សព្វផ្សាយបានពិពណ៌នាអំពី «ប្រទេសដ៏អង់អាចមួយកំពុងតស៊ូដើម្បីកំចាត់របបផ្តាច់ការ»។
ជារួម ការពិពណ៌នាអំពីសង្រ្គាមនេះមិនបានបង្កើតឱ្យមានការមូលមតិគ្នានោះទេ ខណៈដែលអ្នកនយោបាយ និងអ្នកវិភាគបានបន្តព្យាយាមពិពណ៌នាអំពីអត្ថន័យនៃសង្គ្រាមដើម្បីបម្រើផលប្រយោជន៍រៀងៗ ខ្លួនរបស់ពួកគេ។
ប្រធានាធិបតីអាមេរិក Joe Biden និងគណបក្សប្រជាធិបតេយ្យ ចង់ផ្សព្វផ្សាយអំពីសង្គ្រាមនេះដោយប្រើប្រាស់រូបភាពប្រជាធិបតេយ្យ ជាមួយនឹងក្តីសង្ឃឹមថា «វានឹងអាចទាក់ទាញចំណាប់អារម្មណ៍មកលើការគំរាមកំហែងចំពោះស្ថាប័នប្រជាធិបតេយ្យនៅអាមេរិក»។
ពួកគេក៏សង្ឃឹមផងដែរថា «វានឹងផ្តល់ឱ្យប្រធានាធិបតី Biden នូវសន្ទុះគាំទ្រនៅក្នុងការបោះឆ្នោត ខណៈពេលដែលប្រជាប្រិយភាពរបស់លោកមានចំនួនត្រឹម ៤២% ប៉ុណ្ណោះ ហើយការបោះឆ្នោតពាក់កណ្តាលអាណត្តិក៏កំពុងតែខិតជិតមកដល់ផងដែរ»។
អ្នកអភិរក្សនិយមជាច្រើនបានបដិសេធនូវចេតនានៃការភ្ជាប់ការគំរាមកំហែងលើលទ្ធិប្រជាធិបតេយ្យនៅអាមេរិកទៅនឹងសង្គ្រាមនៅអ៊ុយក្រែន។ អ្នកផ្សេងទៀតដែលភាគច្រើនជាអ្នកស្តាំនិយម និងជាអ្នកមានសម្ព័ន្ធភាពជាមួយ Donald Trump បានអះអាងថា «សង្គ្រាមនេះបានបង្ហាញនូវភាពទន់ខ្សោយនៃការដឹកនាំរបស់លោក Biden» ហើយលោក Trump ផ្ទាល់ បានចាត់ទុកការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជា «ភាពវៃឆ្លាតរបស់លោក Putin»។
ពួកឆ្វេងនិយមក៏បានតបតវិញផងដែរ ដោយបានលើកឡើងថា «ចំណាប់អារម្មណ៍របស់ពលរដ្ឋអាមេរិកចំពោះសង្គ្រាមនេះ បានបង្ហាញអំពីឥរិយាបថអឺរ៉ុបនិយម (ឬការប្រកាន់ពូជសាសន៍)»។
ពួកគេបានឱ្យដឹងទៀតថា «អ្នកអត្ថាធិប្បាយព័ត៌មាន និងអ្នកឆ្លើយឆ្លងព័ត៌មានមានភាពលម្អៀង និងមិនគោរពស្តង់ដារនៃសារព័ត៌មានឯករាជ្យនោះទេ»។
សង្គ្រាមនៅអ៊ុយក្រែនបានក្លាយជាការធ្វើតេស្តសាកល្បងលើការយល់ឃើញរបស់ពលរដ្ឋអាមេរិក និងការព្រួយបារម្ភអំពីលទ្ធិប្រជាធិបតេយ្យ។ លទ្ធិប្រជាធិបតេយ្យសេរីមិនមានវត្តមាននៅក្នុងស្រុកនោះទេ ហើយសណ្តាប់ធ្នាប់ពិភពលោកសេរីដែលផ្អែកលើច្បាប់ ក៏មិនត្រូវបានគេអើពើនោះដែរ។
សម្រាប់សាធារណជនទូទៅ នៅក្រោយពេលសង្គ្រាមត្រូវបានចុះផ្សាយនៅទូទាំងបណ្តាញផ្សព្វផ្សាយចំណាប់អារម្មណ៍ខ្លាំងរបស់ពួកគេគឺ «ការចង់បានការពន្យល់បញ្ជាក់អំពីការប្រព្រឹត្តិប្រកបដោយសីលធម៌» (Moral Clarity) នៅចំពេលកើតមានភាពប្របូក ច្របល់នៃស្មារតីជាតិនិយម, ការធ្វើនយោបាយប្រជាភិថុតិ និងទ្រឹស្តីបោកប្រាស់ដែលកំពុងបង្កការរំខានដល់សាធារណៈមតិ។
ពលរដ្ឋអាមេរិកជាច្រើនបានចាត់ទុកសង្គ្រាមនេះជា «ជម្លោះដ៏គួរឱ្យទាក់ទាញ» និងបានចាត់ទុកវាជាសង្គ្រាមល្អ (Good War)។
អ្នកឆ្លើយឆ្លងព័ត៌មានផ្នែកសន្តិសុខជាតិរបស់ Fox News លោកស្រី Jennifer Griffin បាននិយាយទៅកាន់អ្នកទស្សនាថា «ប្រសិនបើអ្នកសម្លឹងទៅក្រសែភ្នែករបស់លោក Vladimir Putin អ្នកនឹងឃើញមនុស្សម្នាក់ដែលបានក្លាយខ្លួនជាមនុស្សឆ្កួតទាំងស្រុង»។ ក្នុងនាមជាអ្នកសារព័ត៌មាន ការនិយាយបែបនេះគឺជារឿងដ៏គួរឱ្យអស់សំណើច។
នៅក្នុងការផ្សាយដដែលនោះ លោក ស្រី Griffin បានលើកឡើងទៀតថា «ការឈ្លានពានរបស់រុស្ស៊ីគឺជាពេលវេលាមួយនៅក្នុងប្រវត្តិសាស្ត្រដែលយើងមិនធ្លាប់បានឃើញអស់រយៈពេលជាច្រើនជំនាន់មកហើយ»។ អ្នកកាសែតនិងអ្នកវិភាគអាមេរិកជាច្រើនបាននិយាយថា «សង្គ្រាមនៅអ៊ុយក្រែនបានបង្ហាញ អំពីការវិលត្រឡប់មកវិញនៃប្រវត្តិសាស្ត្រ ដែលនោះគឺការឈ្លានពានរបស់មហាអំណាច»។
អតីតរដ្ឋមន្ត្រីការពារជាតិ Robert Gates ក៏បានលើកឡើងនូវការអះអាងស្រដៀងគ្នានេះដែរថា «ការឈ្លានពានរបស់លោក Putin បានបិទបញ្ចប់វិស្សមកាលរយៈពេល ៣០ ឆ្នាំរបស់អាមេរិកពីប្រវត្តិសាស្ត្រ (Putin’s invasion has ended America’s 30-year holiday from history)»។
សម្រាប់លោក Gates និងអ្នកជំនាញផ្នែកគោលនយោបាយការបរទេសជាច្រើនផ្សេងទៀតនៅអាមេរិក «សង្គ្រាមនេះគឺជាសារដាស់ស្មារតី និងជាឱកាសក្នុងការបង្កើតឱ្យមានសន្តិភាពឡើងវិញនៅក្នុងពិភពលោក (Global Pax Americana)»។
អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិក លោក Francis Fukuyama បានចាត់ទុកការគាំទ្រដ៏ខ្លាំងក្លារបស់លោកខាងលិចចំពោះអ៊ុយក្រែនជា «លទ្ធិសេរីនិយមដែលងើបឡើងវិញ»។ ដោយក្នុងនោះ លោកបានសរសេរថា «ស្មារតីឆ្នាំ១៩៨៩ បានដេកលង់លក់អស់មួយរយៈ ហើយពេលនេះវាកំពុងភ្ញាក់ពីដំណេកវិញហើយ»។
អ្វីដែលគួរឱ្យចាប់អារម្មណ៍អំពីការជជែកពិភាក្សាអំពីការវិលត្រឡប់មកវិញនៃប្រវត្តិសាស្ត្រនោះគឺ «ការពិតដែលថា យោធាអាមេរិកមិនដែលបានឈប់ សម្រាកពីប្រវត្តិសាស្ត្រនោះទេនៅក្នុងពេល ៣០ ឆ្នាំកន្លងមកនេះ» ហើយអ្វីដែលបានកើតឡើង នៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានអាចផ្តល់ជាភស្តុតាងបញ្ជាក់អំពីរឿងនេះ និង «ការពិតដែលថា កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការនាំយកលទ្ធិប្រជាធិបតេយ្យទៅកាន់ផ្នែកផ្សេងៗនៃពិភពលោក បានបង្កគ្រោះមហន្តរាយដ៏វិនាស»។
«ការលើកឡើងអំពីការមូលមតិរបស់អាមេរិកចំពោះសង្គ្រាមនៅអ៊ុយក្រែន» អាចបង្កផលប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ហើយវាក៏អាចធ្វើឱ្យអាមេរិកកាន់តែភ្លេចអំពីភាពបរាជ័យនៃ លទ្ធិប្រជាធិបតេយ្យសេរីនៅជុំវិញពិភពលោកផងដែរ។
«លោក Vladimir Putin ក៏មិនអាចផ្តល់នូវមូលហេតុដែលនាំមកនូវបញ្ហានយោបាយនៅសហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃឥទ្ធិពលរបស់អាមេរិកនៅបរទេសបានដែរ»៕ Asia Times