ខ្មែរប៉ុស្ដិ៍ Close

ព្យុះសង្ឃរាដ៏មហន្តរាយសម្រាប់ប្រទេសកំពុងអភិវឌ្ឍ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 36
ព្យុះសង្ឃរាដ៏មហន្តរាយសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ព្យុះសង្ឃរាដ៏មហន្តរាយសម្រាប់ប្រទេសកំពុងអភិវឌ្ឍ

ប្រទេសកំពុងអភិវឌ្ឍនានាកំពុងប្រឈមមុខនឹងមហន្តរាយនៃគ្រោះទុរ្ភិក្ស, ភាពចលាចលផ្នែកនយោបាយ និងវិបត្តិបំណុលដែល បង្កឡើងមិនមែនដោយសារទង្វើរបស់ពួកគេនោះទេ។

ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើរុស្ស៊ីដែលដឹកនាំដោយលោកខាងលិច គឺជាចំណែកមួយដែលត្រូវស្តីបន្ទោស បូករួមជាមួយនិងការរឹតត្បិតនានាដែលបង្កឡើងដោយវិបត្តិកូវីដ-១៩ នៅបណ្ដាប្រទេសអ្នកមាន ដែលបានធ្វើឱ្យប្រទេសក្រីក្របាត់បង់ចំណូលដ៏ធំពីវិស័យទេសចរណ៍ និងពីការនាំចេញ។

បច្ចុប្បន្ននេះ អាយុជីវិតមនុស្សរាប់លាននាក់កំពុងស្ថិតក្នុងហានិភ័យ។ ប៉ុន្តែគេអាចកាត់បន្ថយហានិភ័យនោះបាន តាមរយៈកិច្ចប្រជុំមួយរបស់ IMF និង World Bank នៅក្នុងខែនេះ។

អ្នកធ្វើគោលនយោបាយមានការងារជាច្រើនដែលត្រូវដោះស្រាយរាប់ចាប់ពីការឡើងថ្លៃស្បៀងអាហារឥតឈប់ឡើងទៅ។ ជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលជាប្រទេសផ្គត់ផ្គង់ស្រូវសាលីរបស់ពិភពលោកក្នុងចំនួន ២៩% បានរួមចំណែកដល់ការឡើងថ្លៃស្រូវសាលីចំនួន ៦៧% ចាប់តាំងពីដើមឆ្នាំនេះមក។

ការដាក់បម្រាមនាំចេញពីសំណាក់ប្រទេសផលិតស្រូវសាលីផ្សេងទៀតក៏កំពុងជំរុញឱ្យមានការហក់ឡើងថ្លៃផងដែរ ហើយការខ្វះខាតជីគីមីក៏ដូចគ្នា គឺដោយសារតែការកាត់បន្ថយការផ្គត់ផ្គង់ពីសំណាក់ប្រទេសបេឡារុស និងរុស្ស៊ី។

គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេដែលថា: គ្រោះទុរ្ភិក្សកំពុងតែរីករាលដាលហើយ។

បណ្ដាប្រទេសដែលរងគ្រោះមុនគេ គឺប្រទេសដែលកំពុងខ្វះខាតខ្លាំងស្រាប់ នៅមុនការឈ្លានពានរបស់រុស្ស៊ីដែលរួម មានដូចជា អាហ្វហ្គានីស្ថាន, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, អេត្យូពី, នីហ្សេរីយ៉ា, ប៉ាគីស្ថាន, ស៊ូដង់, ស៊ូដង់ខាងត្បូង, ស៊ីរី, វេណេហ្ស៊ុយអេឡា និងយេម៉ែន។

ប្រទេសដែលកំពុងធ្លាក់ខ្លួនខ្វះខាតយ៉ាងលឿនដែរនោះ គឺបណ្តាប្រទេសដែលពឹងផ្អែកលើការនាំចូលគ្រាប់ធុញ្ញជាតិ ហើយកំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងខ្លាំងរួចទៅហើយ ដែលរួមមានដូចជាប្រទេស Djibouti, Lesotho, Mozambique, Burundi, Madagascar, El Salvador, Lebanon, Honduras, Eswatini, Guatemala, និង Namibia។

នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក លោក David Beasley ថ្មីៗនេះ បានចេញមកព្រមានខ្លាំងៗថា «ប្រសិនបើអ្នកគិតថា ពួកយើងកំពុងស្ថិតក្នុងស្ថាននរកនៅលើដី នោះអ្នកត្រូវតែត្រៀមខ្លួនឱ្យហើយទៅ។ ប្រសិនបើយើងមិនអើពើដល់តំបន់អាហ្វ្រិកខាងជើងទេ នោះបញ្ហានៅតំបន់អាហ្រ្វិកខាងជើងនឹងរាលដាលមកដល់អឺរ៉ុប។ ប្រសិនបើយើងមិនអើពើពីតំបន់ជម្ឈឹមបូព៌ាទេ នោះបញ្ហានៅតំបន់មជ្ឈឹមបូព៌ានឹងរាលដាលមកដល់អឺរ៉ុប»។

ការឡើងថ្លៃម្ហូបអាហារនិងគ្រោះអត់ឃ្លាន នឹងបង្កឱ្យមានកុបកម្ម និងភាពចលាចលនយោបាយកាន់តែច្រើនឡើងបន្ថែមទៀត។ សូម្បីតែនៅមុនពេលដែលសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្តើម មនុស្សម្នានៅអាហ្វហ្គានីស្ថាន, អេត្យូពី, សូម៉ាលី, យេម៉ែន, ភូមា, ជំរុំជនភៀសខ្លួននៅស៊ីរី និងនៅទីកន្លែងផ្សេងៗទៀតបានធ្លាក់ចូលទៅក្នុងវិបត្តិរួចហើយ។

កាលពីខែមីនាបាតុកម្មទ្រង់ទ្រាយធំៗបានផ្ទុះឡើងនៅ ប្រទេសជាច្រើនដូចជា កាម៉ារូន, ឥណ្ឌា, ស្រីលង្កា និង អេស្ប៉ាញ។

រដ្ឋាភិបាលណាដែលអាចចាត់វិធានការបង្ការទុកមុនក៏បាននិងកំពុងធ្វើកិច្ចការនោះហើយ។ ជាក់ស្ដែង «ថ្មីៗនេះប្រទេសអេហ្ស៊ីបដែលជាអ្នកនាំចូលស្រូវសាលីប្រមាណ ៨០% ពីប្រទេសរុស្ស៊ីនិងអ៊ុយក្រែន បានកំណត់តម្លៃខ្ពស់បំផុតសម្រាប់នំបុ័ងដែលមិនមែនជាការឧបត្ថម្ភធន (រដ្ឋាភិបាលអេហ្ស៊ីបបានឧបត្ថម្ភធននំប៉័ងរួចហើយសម្រាប់ពលរដ្ឋភាគច្រើន)»។

រដ្ឋាភិបាលអេហ្ស៊ីបក៏បានប្រកាសផ្តល់កញ្ចប់ជំនួយសេដ្ឋកិច្ចក្នុងទឹកប្រាក់ចំនួន ៧ លានដុល្លារ ដែលវិធានការទាំងនេះអាចធ្វើទៅបានតាមរយៈការជួយជ្រោមជ្រែងពី IMF និងពីប្រទេសអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែប្រទេសជាច្រើន នៅមិនទាន់ទទួលបានជំនួយបែបនេះទេ។

បរាជ័យក្នុងការសហការគ្នានឹងជំរុញឱ្យមានគ្រោះទុរ្ភិក្ស និងជម្លោះ។ គួរឱ្យភ្ញាក់ផ្អើលណាស់ ! តម្លៃអង្ករ, ស្រូវសាលីនិងពោត ដែលជាអាហារសំខាន់ទាំង៣ របស់ពិភពលោក ពេលនេះទំនងជាបានឡើងថ្លៃខ្ពស់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

សូម្បីតែស្រូវសាលីដែលជាទំនិញរងផលប៉ះពាល់ខ្លាំងបំផុតពីសង្រ្គាមនៅអ៊ុយក្រែន ក៏មានតម្លៃ «ថ្លៃជាងកាលពីអំឡុងវិបត្តិតម្លៃស្បៀងអាហារឆ្នាំ ២០០៧-២០០៨ ទៅទៀត» ខណៈពេលដែលការប៉ាន់ប្រមាណបានបង្ហាញថា ប្រហែល ¾ នៃការនាំចេញស្រូវសាលីរបស់រុស្ស៊ីនិងអ៊ុយក្រែនត្រូវបានចែកចាយរួចទៅហើយនៅមុនការឈ្លានពានកើតឡើង។

វិបត្តិបំណុលដ៏ធ្ងន់ធ្ងរមួយក៏កំពុងវិវត្តិទៅមុខផងដែរ ខណៈពេលដែលបណ្តាប្រទេសមានប្រាក់ចំណូលទាបជាច្រើន បានរងគ្រោះពីការឡើងថ្លៃស្បៀងនិងប្រេងឥន្ទនៈកាន់តែខ្ពស់, ប្រាក់ចំណូលពីវិស័យទេសចរធ្លាក់ចុះ, ការថយចុះឱកាសក្នុងការទទួលបានមូលធនពីទីផ្សារអន្តរជាតិ, ភាពរអាក់រអួលនៃខ្សែច្រវ៉ាក់ពាណិជ្ជកម្មនិងផ្គត់ផ្គង់, ប្រាក់បញ្ញើរបស់កម្មករខ្លួនពីបរទេសធ្លាក់ចុះ និងការហក់ឡើងខ្ពស់នៃលំហូរជនភៀសខ្លួន។

បំណុលរបស់ប្រទេសកំពុងអភិវឌ្ឍ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៥០ ឆ្នាំ ពោលគឺប្រហែល ២៥០% នៃប្រាក់ចំណូលរបស់រដ្ឋាភិបាល។

មានប្រទេសប្រមាណ ៦០% ក្នុងចំណោមប្រទេសដែលមានសិទ្ធិទទួលបានកម្មវិធីព្យួរការសងបំណុលរបស់ក្រុមប្រទេស G20 ពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ កំពុងជួបប្រទះ ឬកំពុងជួបហានិភ័យនៃបំណុលវ័ណ្ឌក។

ជាងនេះទៅទៀត កំណើនកាន់តែយឺតនៃសេដ្ឋកិច្ចពិភពលោក និងកំណើនកាន់តែលឿននៃអតិផរណា បូករួមជាមួយនិងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងតែងជាងមុនពីសំណាក់ប្រទេសអ្នកមាន កំពុងជំរុញឱ្យមានលំហូរចេញផ្នែកមូលធនពីប្រទេសកំពុងអភិវឌ្ឍដែលជាការបង្ខំឱ្យពួកគេទម្លាក់តម្លៃរូបិយបណ្ណរបស់ខ្លួន និងបង្កើនអត្រាការប្រាក់។

ដូចដែលលោក David Malpass ប្រធានធនាគារ ពិភពលោកបានធ្វើការកត់សម្គាល់កាលពី ពេលថ្មីៗនេះរួចហើយថា «មិនធ្លាប់មានទេពីមុនមកដែលប្រទេសជាច្រើនបានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចក្នុងពេលតែមួយយ៉ាងដូច្នេះ» ។

លោក Malpass បានបន្ថែមថា គោលនយោបាយជំរុញសេដ្ឋកិច្ចរបស់ប្រទេសអ្នកមានបានធ្វើឱ្យបញ្ហាកាន់តែអាក្រក់ជាងមុនទៅទៀត តាមរយៈការធ្វើឱ្យទំនិញឡើងថ្លៃ និងបង្កើនវិសមភាពនៅជុំវិញពិភពលោក។

ខណៈពេលនេះ ការស្វែងរកដំណោះស្រាយដ៏សមស្របមួយចំពោះបញ្ហាទាំងនេះក្នុងកម្រិតពិភពលោក គឺជារឿងចាំបាច់។ កាលពីវិបត្តិបំណុលលើកមុន ប្រទេសអ្នកមានបានប្រើប្រាស់ IMF និងធនាគារពិភពលោកដើម្បីជំរុញឱ្យមានការ សម្រាលបន្ទុកដល់ប្រទេសកំពុងអភិវឌ្ឍ ដោយបានលើកឡើងថា ពួកគេត្រូវតែធ្វើកំណែទម្រង់ជាមុន ដើម្បីទទួលបានជំនួយ។

ប៉ុន្តែបញ្ហាដ៏ធ្ងន់ធ្ងរបំផុតដែលកំពុងញាំញីប្រទេសមានប្រាក់ចំណូលទាប និងដែលកំពុងជំពាក់បំណុលនាពេលបច្ចុប្បន្ននេះ គឺមានលក្ខណៈជាសកល និងហួសពីការគ្រប់គ្រងរបស់ពួកគេទៅទៀត ហើយប្រទេសជាសមាជិក IMF និងធនាគារពិភពលោក ត្រូវតែកៀគរធនធាន និងត្រូវធ្វើកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាទាំងនោះ។

ដំណឹងល្អនោះគឺថា ភាគទុនិកដ៏មានអំណាចនៅក្នុងស្ថាប័នទាំងនេះបានបង្ហាញឱ្យឃើញថា ពួកគេមានសមត្ថភាពក្នុងការធ្វើសកម្មភាពរួមគ្នា។ ជាក់ស្ដែង កាលពីខែសីហាឆ្នាំមុន ពួកគេបានព្រមព្រៀងគ្នាក្នុងការផ្ដល់ «សិទ្ធិដកប្រាក់ពិសេសថ្មីមួយ – Special Drawing Rights – SDRs» ចំនួន ៦៥០ ពាន់លាន ដុល្លារ (SDRs ជាទ្រព្យសម្បត្តិបម្រុងរបស់ IMF)។

ប៉ុន្តែ ដោយសារតែសិទ្ធិដកប្រាក់ពិសេសនោះត្រូវបានចែកចាយដោយ អនុលោមទៅតាមកូតារបស់ IMF សម្រាប់ប្រទេសនីមួយៗ នោះប្រាក់ភាគច្រើនបានធ្លាក់ទៅលើដៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ។

កាន់តែអាក្រក់ជាង នេះទៅទៀតភាគទុនិកធំៗរបស់ IMF និងធនាគារពិភពលោក បានខកខានមិនបានចែករំលែកធនធានទៅកាន់ទីដែលគេត្រូវការបំផុតនោះទេ។

ជំនួសមកវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការខាតបង់ណាមួយ ពួកគេនៅតែបន្តទទូចឱ្យប្រើប្រាស់លក្ខខណ្ឌនានាដែលទប់ស្កាត់មិនឱ្យមានការបញ្ជូនប្រាក់ទៅបានលឿន។ វិធីសាស្ត្រនេះក៏គំរាមកំហែងដល់គម្រោង «ភាពធន់ និងភាពជឿជាក់ជាចីរភាព – Resilience and Sustainability Trust» ថ្មីរបស់ IMF និងការផ្តល់ហិរញ្ញប្បទានបន្ទាន់របស់ធនាគារពិភពលោកផងដែរ។

ពេលនេះ គេត្រូវការវិធីសាស្ត្ររួមគ្នាមួយដែលកាន់តែរឹងមាំបន្ថែមទៀត។ សហរដ្ឋអាមេរិក, ចិន, ជប៉ុន, សហភាពអឺរ៉ុប និងអង់គ្លេស សុទ្ធតែពឹងផ្អែកលើសន្តិសុខ និងវិបុលភាពរបស់ពិភពលោក ។ ដូច្នេះ ពួកគេត្រូវតែធ្វើការរួមគ្នាដើម្បីទប់ស្កាត់កុំឱ្យមានគ្រោះទុរ្ភិក្ស, ជម្លោះ និងវិបត្តិបំណុលនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍ ដែលនឹងធ្វើឱ្យពិភពលោកទាំងមូលធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។

ពួកគេអាចទប់ស្កាត់គ្រោះទុរ្ភិក្សតាមរយៈការខិតខំប្រឹងប្រែងធ្វើយ៉ាងណាផ្តល់លំនឹងដល់ទីផ្សារស្រូវសាលី និងគ្រាប់ធុញ្ញជាតិផ្សេងទៀត និងចាត់វិធានការក្នុងការរក្សាលំហូរនៃការនាំចេញ។ ពួកគេអាចកាត់បន្ថយហានិភ័យនៃជម្លោះបាន តាមរយៈការមិនភ្ជាប់លក្ខខណ្ឌលើជំនួយបន្ទាន់របស់ IMF និងធនាគារពិភពលោក ហើយពួកគេអាចបង្កើតយន្តការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ តាមរយៈការចូលរួមពីពួកគេទាំងអស់គ្នា។

ធាតុស្នូលសំខាន់ៗ ចំនួន២ មានភាពចាំបាច់ណាស់ក្នុងការគ្រប់គ្រងវិបត្តិរបស់ប្រទេសកំពុងអភិវឌ្ឍក្នុងពេលបច្ចុប្បន្ននេះ។ ប្រទេសធំៗត្រូវតែ ចៀសវាងការប្រើប្រាស់គោលនយោបាយពាណិជ្ជកម្មដែលសម្លាប់ដៃគូម្ខាងទៀត (Beggar-thy-neighbor Trade), គោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុ ដែលបន្ថែមបន្ទុកកាន់តែធ្ងន់ធ្ងរទៅលើប្រទេសកំពុងអភិវឌ្ឍ។

ហើយពួកគេត្រូវតែប្រើប្រាស់ធនធានរួមរបស់ខ្លួននៅ IMF និងនៅធនាគារពិភពលោកដើម្បីធ្វើការជាបន្ទាន់ និងដោយឥតលក្ខខណ្ឌដើម្បីបញ្ចៀសពីគ្រោះមហន្តរាយធ្ងន់ធ្ងរ។

បញ្ហាប្រឈមដែលកំពុងវាយប្រហារប្រទេសក្រីក្រ គឺមិនធ្លាប់មាននោះទេពីមុនមក ដែលមានន័យថា ការឆ្លើយតបប្រកបដោយកិច្ចសហប្រតិបត្តិការពីសំណាក់ប្រទេសអ្នកមាន ក៏ត្រូវតែស្ថិតក្នុងទំហំមិនធ្លាប់មានពីមុនមកដូចគ្នាដែរ៕ Project Syndicate

អត្ថបទទាក់ទង