ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាទបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 59

នៅរសៀល ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយដែលបានអញ្ជើញមកចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាថ្ងៃនេះ។ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្មដែលបាន ខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ ហើយសម្រេចបានសមិទ្ធផល ជាច្រើនក្នុង វិស័យកសិកម្ម។

នៅក្នុងឱកាសនោះ សម្តេចតេជោនាយកដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ចំនួន១១ចំនុចសម្រាប់អនុវត្តបន្ត រួមមាន ៖

១-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់-ព័ន្ធនានាត្រូវខិតខំអនុវត្ត “គោលយោបាយ​អភិវឌ្ឍន៍​វិស័យកសិកម្ម​ឆ្នាំ ២០២១-២០៣០” ក្រោមកិច្ចសម្របសម្រួលពីគណៈកម្មាធិការ​គោល​នយោ​បាយ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រែក្លាយកសិកម្ម​កម្ពុជាជាកសិកម្មទំនើប មានលក្ខណ:​ប្រកួត​ប្រជែង បរិយាប័ន្ន ធន់នឹងការ​ប្រែ​ប្រួលអាកាសធាតុ និង​មានចីរភាព ។ ជាមួយគ្នានេះ គ្រប់ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រៀបចំផែនការសកម្មភាពដើម្បី អនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតី-ភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣” ។

​២-លើកកម្ពស់ផលិតកម្មដំណាំដែលមានសក្តានុពល និងតម្រូវការទីផ្សារ តាមរយ:ការជំរុញឧស្សាហកម្ម​ពូជ​ដំណាំ ពង្រឹង​​ការ​ត្រួតពិនិត្យ និងបញ្ជាក់គុណភាព​ពូជដំណាំ​ និង​ធាតុចូលកសិកម្ម ការផ្តល់សេវាបច្ចេក​ទេស​​​​កសិកម្ម ដោយប្រើ​ប្រាស់​​​បច្ចេកវិទ្យាកសិកម្មថ្មីៗ ពង្រឹង​សមត្ថភាពសហគមន៍​​កសិកម្ម​ឱ្យមាន​លក្ខណៈ​​​ជា​អាជីព ​ កែលម្អ​​សមត្ថ​ភាពកសិដ្ឋាន ស្ថានីយ-ពិសោធន៍ និង​ប្រែក្លាយមជ្ឈមណ្ឌល​អភិវឌ្ឍកសិកម្ម​ទៅជា “មជ្ឈម​ណ្ឌល​​ឧត្តម​ភាព​កសិកម្ម​” សម្រាប់​ផ្សព្វ​ផ្សាយបចេ្ចកទេសកសិកម្មឱ្យបានទូលំទូលាយទូទាំងប្រទេស ។

​៣-ត្រូវបន្តបង្កើនផលិតភាពដំណាំកៅស៊ូធម្មជាតិពង្រឹង និងពង្រីកសហគមន៍កសិករកៅស៊ូគ្រួសារ ដើម្បី​បង្កើន​​កាលានុវត្តភាពក្នុងការ​ការពារ​ផល​ប្រយោជន៍​កសិករ ជំរុញវិនិយោគលើ​ការ​កែច្នៃ​ផលិត​ផល​កៅស៊ូ ដើម្បីបង្កើន​តម្លៃ​បន្ថែម ត្រួតពិនិត្យការនាំចេញខុសច្បាប់​នូវ​ជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ ព្រមទាំងជំរុញ​ការអនុវត្តផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍កៅស៊ូ​ធម្មជាតិ​ឆ្នាំ ២០៣០ សំដៅពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍដំណាំកៅស៊ូកម្ពុជាប្រកប​ដោយ​ចីរភាព ។

​៤-ត្រូវពង្រឹង​ការ​អនុវត្តវិធាន​ការ​ការពារ​ដំណាំ និងជំរុញ ការអនុវត្ត “ច្បាប់ស្តីពីការ​ការពាររុក្ខជាតិ និង​ភូតគាមអនាម័យ”ដូច្នេះគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាល​ខេត្ត សមត្ថកិច្ច​គយ ​និងរដ្ឋាករ​នៅ​ច្រកព្រំដែនត្រូវសហការជាមួយជំនាញ​អនាម័យ ​ និងភូតគាម​អនាម័យ ​ ជំរុញការចុះ​ហត្ថលេខាលើពិធីសារអនាម័យ និងភូតគាមអនាម័យ​ សម្រាប់​នាំ​ចេញផលិតផល​កសិកម្ម​ដែលមានតម្រូវការទីផ្សារ និងត្រូវពង្រឹង​សមត្ថភាព​មន្ទីរពិសោធន៍​ត្រួត​ពិនិត្យ​គុណភាព ​សុវត្ថិ​ភាព​កសិផល និងធាតុចូលកសិកម្ម​​ស្របតាមស្តង់ដារ​ជាតិ និងអន្តរជាតិ ។

៥-ត្រូវបន្តយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ខ្សែច្រវាក់ផលិតកម្មសត្វសំខាន់ៗ សំដៅធ្វើឱ្យប្រសើរឡើងនូវ ផលិតភាពនៃផលិតកម្មសត្វ បង្កើន​វិនិយោគ​លើការរៀបចំបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជគោ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍វិភាគជំងឺសត្វ បង្កើត​ស្ថានីយចត្តាឡីស័ក និងរៀបចំមជ្ឈមណ្ឌលផលិត វ៉ាក់សាំងសត្វ ជាមួយនឹងការលើកទឹកចិត្តវិស័យឯកជន ដើម្បីវិនិយោគបន្ថែមទៀត ​នូវរោងចក្រផលិត​ចំណី​​សត្វ ដើម្បីកាត់បន្ថយការ​នាំចូល​ចំណី​សត្វ​ផ្សំរួច​ពីបរទេស ។

៦-ត្រូវបន្ត​​ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាព ប្រកបដោយប្រសិទ្ធភាពស្របតាម “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ ២០១៦-២០៣០” ដើម្បីធានាបាននូវការ​ផ្គត់ផ្គង់សាច់ត្រីក្នុងស្រុក​ និង​នាំ​ចេញប្រកបដោយគុណភាព សុវត្ថិភាព និងរក្សាបានការប្រកួតប្រជែង​តម្លៃទីផ្សារ ។ ត្រូវពង្រឹងសមត្ថភាពសហគមន៍​នេសាទ​ឱ្យក្លាយជាសហគមន៍នេសាទគ្មាន បទ​ល្មើស​ជលផល ។ ត្រូវ​ពង្រឹង​ការ​គ្រប់​គ្រង និងការពារកន្លែងអភិរក្សជលផល ​​​ត្រូវ​ថែ​រក្សា​ការពារព្រៃលិច​ទឹក និងព្រៃកោងកាងឱ្យបានគង់វង្ស និងត្រូវមានវិធានការប្រកបដោយតម្លាភាព រាល់​ការធ្វើ​ពាណិជ្ជ​កម្ម​ខុសច្បាប់ប្រភេទ​ធនធាន​ជលផល ។ ត្រូវ​បញ្ចប់​ ការ​រៀបចំ​វិសោធ​ន​កម្មច្បាប់ស្តីពីជលផល ដើម្បីពង្រឹងការ​គ្រប់​គ្រង និងអនុវត្ត​អនុ​វិស័យ​ជល​ផល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ការនេសាទ​ល្មើស​ច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ។

ត្រង់ចំនុចទី៦នេះ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាអោយអាជ្ញាធរ ជាពិសេសអភិបាលខេត្តតាមដងទន្លេសាបទាំងអស់ ត្រូវអនុវត្តបញ្ជារបស់សម្តេចក្នុងការកម្ចាត់ក្រុមឈ្មួញទុចរិតដែលបំផ្លាញត្រីលើបឹងទន្លេសាបឲ្យអស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យទូរទស្សន៍ជាតិកម្ពុជា សហការជាមួយទូរទស្សន៍ឯកជននានា ចាក់ផ្សាយឡើងវិញ នូវប្រសាសន៍របស់សម្តេច ដែលអត្ថាធិប្បាយលើការបញ្ជាឱ្យលុបបំបាត់ឡូតិ៍នេសាទ កាលពីប៉ុន្មានឆ្នាំកន្លងទៅ។ សម្តេចតេជោបានថ្លែងថា មិនមែនព្រោះតែហេតុផលបង្ក្រាបបទល្មើសនេសាទមិនបាន យកលេសចង់បង្កើតឡូតិ៍នេសាទ ដែលសម្តេចបានលុបចោលនោះទេ។ ទាក់ទងនឹងបទបញ្ជាបទល្មើសនេសាទនេះផងដែរ សម្តេចតេជោក៏បានណែនាំឱ្យប្រើឧទ្ធម្ភាគចក្រផងដែរ ក្នុងប្រតិបត្តិការបង្ក្រាបពួកល្មើសនេសាទនោះ។ សម្តេចតេជោបានមានប្រសាសន៍ថា កន្លងមកសមត្ថកិច្ចបង្ក្រាបបានតែបទល្មើសតូចតាចតែប៉ុណ្ណោះ តែបទល្មើសធំៗបង្ក្រាបអត់ដែលបាននោះទេ។ ទន្ទឹមនឹងនោះសម្តេចតេជោក៏បានថ្លែងផងដែរថា បទល្មើសព្រៃឈើក៏ដូចគ្នាដែរ បង្ក្រាបបានតែបទល្មើសព្រៃឈើតូចតាច តែបទល្មើសធំបង្ក្រាបអត់បានទេ។ ដូច្នេះ សម្តេចតេជោបានចេញបទបញ្ជានៅថ្ងៃនេះជាបន្តទៀត ដើម្បីអោយបង្រ្កាបបទល្មើសនេសាទនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ។

​៧-ត្រូវបន្តពង្រឹង និង​ពង្រីកសហគមន៍ព្រៃឈើ តាមរយៈ ​ប្រព័ន្ធ​កសិ-រុក្ខកម្ម និងការចិញ្ចឹមសត្វ ការគ្រប់គ្រងធនធាន ព្រៃឈើ​ និងសត្វព្រៃ ការស្តារព្រៃឈើឡើងវិញ ការបន្តធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើជាមួយនឹងការចូលរួមគាំទ្រ​ការធានាចីរភាព​បរិស្ថាន​ស្រប​តាមគោល​ការណ៍ “ អភិវឌ្ឍបៃតង ” ដើម្បី​ឆ្លើយតបទៅនឹងការប្រែប្រួល​​អាកាស​ធាតុ​ សំដៅកាត់​បន្ថយ​​ផល​អវិជ្ជមាន​ជាអតិបរមា មក​លើកំណើន​សេដ្ឋ​​កិច្ច និងជីវភាព​សង្គម​ ​​។

​៨-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈ​បញ្ជា​ការឯកភាពរាជធានី ខេត្ត ត្រូវរួម​សហការស្រាវ​ជ្រាវ ទប់ស្កាត់​ និង បង្រ្កាប​បទ​ល្មើស​ព្រៃឈើ ជលផល និងការកាប់រានដុតឈូសឆាយដីព្រៃឈើ ព្រៃលិច​ទឹកតាមគ្រប់រូបភាព ក្នុង​ដែនសមត្ថកិច្ចរបស់​ខ្លួនប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវចេះ​យោគយល់ សម្រប​សម្រួល និង​សហការគ្នាជិតស្និទ្ធ ដើម្បីប្រសិទ្ធភាព​ការងារក្រសួងសាមី និងរាជរដ្ឋាភិបាល ។

​៩-ត្រូវលើក​កម្ពស់​​​ការ​ចូលរួម​វិនិយោគ​ពីវិស័យ​ឯកជន ​ក្នុងគ្រប់ខ្សែច្រវាក់តម្លៃកសិកម្ម បង្កើតតំបន់កសិ-ឧស្សាហកម្មកែច្នៃសម្រាប់​​នាំចេញ ពង្រីកយន្តការ​អនុវត្ត “ផលិតកម្មកសិកម្មតាម កិច្ចសន្យា”ឱ្យបានកាន់តែទូលំទូលាយ។ស្ថាប័នពាក់ព័ន្ធធនាគារ ​អភិវឌ្ឍន៍​​ជនបទ និងកសិកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវសហការគ្នាក្នុងការផ្តល់​ឥណទានដល់​សហគ្រាស​​កែច្នៃ​កសិ- ផលធុនតូច និងមធ្យម ដែលរាជរដ្ឋាភិបាលទើបធ្វើការផ្សព្វ- ផ្សាយស្តីពីការប្រើ​ប្រាស់​​មូលនិធិ​បន្ថែម​ថ្មីចំនួន ១០០ លានដុល្លារអាមេរិក ។

​១០-ត្រូវពន្លឿនការរៀបចំ និងកែទម្រង់រចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងវិស័យកសិកម្ម លើកកម្ពស់ការស្រាវជ្រាវ និង​អភិវឌ្ឍ បច្ចេកវិទ្យា​កសិកម្ម​ទំនើប បង្កើនផលិតភាព​ និង​ពិពិធកម្ម​កសិកម្ម ដើម្បីគុណភាព សុវត្ថិភាព​ និង​អាហារូបត្ថម្ភ អភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះ​ដឹងនិងអភិវឌ្ឍជំនាញឌីជីថល លើកកម្ពស់វិទ្យាសាស្រ្ត​បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រែក្លាយមន្ទីរពិសោធន៍តាម​អនុ​វិស័យ​នីមួយ​ៗ ​តាមស្តង់ដារ ISO និងចូលរួមដើម្បីបង្កើតបណ្ឌិតសភា​វិទ្យាសាស្រ្ត​​កសិកម្មកម្ពុជានាអនាគត ។

​១១-ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជិតខាង និងបណ្តាប្រទេសដៃគូ​អភិវឌ្ឍ​នានាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអនុតំបន់ ដើម្បី​កៀរគរ​​ជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសថ្មីៗ សំដៅបន្តការធ្វើទំនើបភាវូបនីយកម្មកសិកម្ម ជាមួយនឹងការស្វែងរកទីផ្សារសម្រាប់ផលិតផល​កសិកម្មឱ្យ​បាន​ទូលំ​ទូលាយ​ជាមួយប្រទេសនានា ក្នុងបរិការណ៍នៃសកលភាវូបនីយកម្ម ដើម្បីប្រែក្លាយ​វិស័យកសិកម្ម​កម្ពុជាជាសសរ​ទ្រូងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍​ដល់ប្រជាកសិករ៕

អត្ថបទទាក់ទង