លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកសារជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជំងឺកូរ៉ូណា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនរំលឹកសារជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើម ឬកូវីដ19 ដែលកំពុងរាតត្បាតនៅតាមប្រទេសនានាជាង៦០ប្រទេសនាពេលនេះ ដោយស្នើឱ្យប្រជាពលរដ្ឋមានវិធានការណ៍ផ្ទាល់ខ្លួនតាមរយៈការធ្វើអនាម័យផ្ទាល់ខ្លួនឱ្យបានជាប្រចាំដោយត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ និងទឹកថ្នាំសំលាប់មេរោគឱ្យបានញឹកញាប់។ លោកបន្តថា មានតែការធ្វើអនាម័យផ្ទាល់ខ្លួនជាចំបងទេទើបអាចជៀសផុតពីជំងឺផ្សេងៗបាន។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃចន្ទទី២ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ត្រូវបន្តការខិតខំបង្កាការពារតាមរយៈការអំពាវនាវពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីគ្រួសារនីមួយៗទៅគ្រួសារមួយ ហើយជម្រើសនៃការភ័យខ្លាចមិនល្អទេ តែត្រូវក្លាហានប្រឈមមុខការពារខ្លួនទើបជារឿងល្អប្រសើរ៕