ខ្មែរប៉ុស្ដិ៍ Close

អង្គការយូណេស្កូ និងរាជរដ្ឋាភិបាលកម្ពុជា រួមគ្នាលើកកម្ពស់ការការពារបេតិកភណ្ឌវប្បធម៌កោះកេរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 49
អង្គការយូណេស្កូ និងរាជរដ្ឋាភិបាលកម្ពុជា រួមគ្នាលើកកម្ពស់ការការពារបេតិកភណ្ឌវប្បធម៌កោះកេរ អង្គការយូណេស្កូ និងរាជរដ្ឋាភិបាលកម្ពុជា រួមគ្នាលើកកម្ពស់ការការពារបេតិកភណ្ឌវប្បធម៌កោះកេរ

ក្នុងឱកាសទិវាវប្បធម៌ជាតិ នៃកម្ពុជា ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នេះ អាជ្ញាធរជាតិព្រះវិហារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ បានរួមគ្នាផលិតវីដេអូខ្លីមួយ ដើម្បីបង្ហាញពីភាពសម្បូរបែបនៃរមណីយដ្ឋានបុរាណវិទ្យាកោះកេរ និងទេសភាពដ៏ស្រស់ស្អាតបំផុតមួយចំនួន រូបចម្លាក់ ស្រះបុរាណ ដែលហៅថា រហាល និងប្រាសាទនានា ដូចជាប្រាសាទស្រុត និងប្រាសាទប្រាង្គ នៃប្រាសាទធំ។

កោះកេរ ដែលជារមណីយដ្ឋានបុរាណវិទ្យា លិង្គបុរ ឬឆោកគគីរ គឺជាតំបន់បេតិកភណ្ឌវប្បធម៌ដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា ដែលមានទួលបុរាណចំនួន ១៦៩ និងប្រាសាទចំនួន ៧៦ ហើយ នៅ តែបន្តជាទីសក្ការៈបូជារបស់សហគមន៍មូលដ្ឋាន។ ខ្សែវីដេអូនេះក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍មូលដ្ឋានដើម្បីការពារ និងរក្សាតម្លៃនៃរមណីយដ្ឋាននេះ។

អង្គការយូណេស្កូបាននិងកំពុងធ្វើការយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល ដើម្បីលើកស្ទួយដល់បេតិកភណ្ឌវប្បធម៌ទាំងរូបី អរូបី និងក្រោមទឹក និងឧស្សាហកម្មច្នៃប្រឌិត សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាទឹកដីដែលសម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ចម្រុះ និងវិស័យច្នៃប្រឌិតប្រកបដោយថាមពល ហើយប្រទេសកម្ពុជាមានបេតិកភណ្ឌពិភពលោកចំនួនបី (តំបន់អង្គរ ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក) និងបេតិកភណ្ឌវប្បធម៌អរូបីចំនួនប្រាំ (របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង និង ល្ខោនខោលវត្តស្វាយអណ្តែត) ដែលបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូរួចហើយ។ នៅឆ្នាំ ២០២១ កម្ពុជាបានដាក់ឯកសារបេក្ខភាពតំបន់កោះកេរ ដើម្បីសុំចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលនឹងត្រូវវាយតម្លៃដោយគណៈ កម្មាធិការបេតិកភណ្ឌពិភពលោកនៅខែមិថុនា ឆ្នាំ២០២២។

 

អត្ថបទទាក់ទង