ខ្មែរប៉ុស្ដិ៍ Close

មោទកភាពជាតិខ្មែរ នៅពេលដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 65

ប្រាសាទកោះកេរត្រូវបានអង្គការយូណេស្កូសម្រេចចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌរូបីពិភពលោករបស់មនុស្សជាតិ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត។ សមិទ្ធផលនេះគឺជាជោគជ័យថ្មីមួយទៀតនៅដើមអាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបន្តពីកិច្ចខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាលអាណត្តិមុន ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ។

គួរបញ្ជាក់ថា ការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរនេះបានដោយជោគជ័យ គឺជាកិច្ចការដែលរាជរដ្ឋាភិបាលអាណត្តិមុន បានរៀបចំតាំងពីឆ្នាំ ២០១៨ មកម្លេះ។ តើប្រាសាទកោះកេរ ដែលត្រូវបានអង្គការយូណេស្កូសម្រេចដាក់បញ្ចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោកនាពេលនេះមានគុណតម្លៃលេចធ្លោរជាសកលអ្វីខ្លះ?

ទី១៖ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យទី២ (Criteria II) នៃគោលការណ៍គ្រឹះរបស់អង្គការយូណេស្កូ៖ គឺរចនាបថប្រាសាទកោះកេរ បានបង្ហាញនូវទំនាក់ទំនងដ៏ពិសិដ្ឋនៃតម្លៃរបស់មនុស្សជាតិដែលត្រូវបានឆ្លុះបញ្ចាំងចេញពីចម្លាក់ធ្វើអំពីថ្មភក់មានទំហំធំៗ យ៉ាងរស់រវើក និងល្អវិចិត្រឥតខ្ចោះ ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុន។

ទី២៖ គឺលក្ខណៈវិនិច្ឆ័យទី៤ (Criteria IV)៖ ដែលរាជធានីបុរាណកោះកេរ គឺជាប្លង់គំរូនៃការរៀបចំក្រុងនាសម័យបុរាណ ដែលបានរៀបចំឡើងនៅក្នុងទម្រង់សំណង់ប្រាសាទតាមបែបសាសនា និងមានបដិមាធំៗ ដោយប្រើប្រាស់ថ្មភក់ធំៗ ហើយសិល្បៈដ៏ល្អវិចិត្រនេះបានជះឥទ្ធិពលដល់ស្នាដៃបុរាណវិទ្យានាសតវត្សន៍ក្រោយៗបន្តមកទៀត។

ផ្អែកលើគុណតម្លៃលេចធ្លោរជាសកលទាំងពីរចំណុចខាងលើនេះ ទើបប្រាសាទកោះកេរបានឈានដល់ភាពជោគជ័យក្នុងការចុះបញ្ជីជាសម្បត្ដិបេតិកភណ្ឌពិភពលោកនាពេលនេះ។  ដើម្បីចូលរួមអបអរសារទរនូវជោគជ័យក្នុងការអភិរក្ស និងថែររក្សានូវសម្បត្តិវប្បធម៌ជាតិ ដែលជាកេរិ៍្តដំណែលរបស់បុព្វបុរសខ្មែរឱ្យស្ថិតស្ថេរគង់វង្សជារៀងរហូត និងបង្ហាញអំពីមោទកភាពជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារអំពាវនាវដល់គ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ក៏ដូចជាទីវត្តអារាម ព្រមទាំងជនរួមជាតិកម្ពុជាគ្រប់រូប ឱ្យចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ឱ្យបានអធិកអធម្ម តាមរយៈការរួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង ៧៖០០ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ។

បើបូកបញ្ចូលទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន ៤ ហើយ ក្នុងនោះរួមមាន៖

  1. តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ដែលមានទំហំផ្ទៃដី ៤០,០០០ ហិកតា។
  2. ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ដែលមានផ្ទៃដីទំហំ ២,៦៤៣ ហិកតា។
  3. និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ដែលមានផ្ទៃដីទំហំ ៣៩,០០០ ហិកតា។

ជាការកត់សម្គាល់ មានថ្នាក់ដឹកនាំជំនាន់ថ្មីអាណត្តិទី៧ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអតីតថ្នាក់ដឹកនាំអាណត្តិមុនៗ ជាពិសេសអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមថ្លែងសារអបអរសារទរយ៉ាងកងរំពងនៅតាមបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនានាជាច្រើន។ ទន្ទឹមនេះក៏មានបណ្តុំអង្គការសង្គមស៊ីវិល ព្រះសង្ឃ និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានបានចេញសារលិខិតចូលរួមអបអរសាទរ ដែលរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ជាច្រើនផងដែរ។

ដោយឡែកគេពុំឃើញក្រុមប្រឆាំងជ្រុលនិយមមានចេញសារ ឬសេចក្តីថ្លែងការណ៍ចូលរួមអបអរសារទរសូម្បីបន្តិចឡើយ។ ពួកក្រុមប្រឆាំងជ្រុលនិយមតែងអួតថាខ្លួនជាខ្មែរស្រឡាញ់ជាតិ ប៉ុន្តែនៅពេលដែលសម្បត្តិវប្បធម៌ខ្មែរត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ពួកគេមិនបានចូលរួមសារទរនោះឡើយ ព្រោះក្រុមនេះតែងមាននិន្នាការប្រឆាំងផ្កាប់មុខជាដរាប។ ដោយសារតែមានចរឹតប្រឆាំងផ្កាប់មុខបែបនេះហើយទើបក្រុមប្រឆាំងបាត់បង់អស់នូវការគាំទ្រពីប្រជាពលរដ្ឋ។

ក្នុងនាមយើងទាំងអស់គ្នាជាប្រជាជាតិខ្មែរយើងពិតជាមានមោទកភាព និងសេចក្តីសោមនោស្សត្រេកអរជាពន់ពេក និងសូមចូលរួមអបអរសាទរ បង្ហាញជាសកម្មភាពជាក់ស្តែងវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឆ្លើយតបតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីឱ្យបានស្រុះគ្នា ដើម្បីបង្ហាញពីទឹកចិត្តស្រឡាញ់និងរួមកម្លាំងគ្នាការពារ និងថែររក្សាប្រាង្គប្រាសាទខ្មែរ ដែលកេរ្តិ៍ដំណែលរបស់បុព្វបុរសយើងត្រូវបានដាក់បញ្ចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិនាពេលនេះ។

តាមប្រភពព័ត៌មានដែលអាចជឿទុកចិត្តបាន រដ្ឋាភិបាលនឹងរៀបចំពិធីអបអរសាទរចំពោះការដាក់រមណីយដ្ឋានប្រាសាទកោះកេរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលគ្រោងរៀបចំនៅពហុកីឡដា្ឋនជាតិអូឡាំពិក ព្រមជាមួយនឹងវត្តមានចូលរួមរបស់មហាជនជាច្រើនកុះករផងដែរ។ លើសពីនេះក៏នឹងមានការរៀបចំឱ្យមានការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ដ៏ប្រកបដោយមោទកភាពនេះ ពីគ្រប់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានា ព្រមទាំងមានការរៀបចំបញ្ចាំងស្លាយដ៏ ជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា នៅតាមបណ្តារាជធានីខេត្តផងដែរ៕

អត្ថបទដោយ៖ សួន ចំរើន

អត្ថបទទាក់ទង