ខ្មែរប៉ុស្ដិ៍ Close

អាស៊ាន អំពាវនាវដល់ភាគីពាក់ព័ន្ធ ក្នុងជម្លោះរុស្ស៉ី-អ៊ុយក្រែន អត់ធ្មត់ជាអតិបរមា និងប្រឹងប្រែងរកការសន្ទនា ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យកាន់តែធ្ងន់ធ្ងរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 41
អាស៊ាន អំពាវនាវដល់ភាគីពាក់ព័ន្ធ ក្នុងជម្លោះរុស្ស៉ី-អ៊ុយក្រែន អត់ធ្មត់ជាអតិបរមា និងប្រឹងប្រែងរកការសន្ទនា ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យកាន់តែធ្ងន់ធ្ងរ អាស៊ាន អំពាវនាវដល់ភាគីពាក់ព័ន្ធ ក្នុងជម្លោះរុស្ស៉ី-អ៊ុយក្រែន អត់ធ្មត់ជាអតិបរមា និងប្រឹងប្រែងរកការសន្ទនា ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យកាន់តែធ្ងន់ធ្ងរ

កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះរុស្ស៉ី-អ៊ុយក្រែន ឱ្យអត់ធ្មត់ជាអតិបរមា និងប្រឹងប្រែងស្វែងរកកិច្ចសន្ទនាឱ្យអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ការណ៍ជម្លោះកុំឱ្យវិវត្តន៍កាន់តែធ្ងន់ធ្ងរ។

ក្នុងសេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវិវត្តន៍នៃស្ថានការណ៍ និងការប៉ះទង្គិចអាវុធនៅប្រទេសអ៊ុយក្រែន។

ក្នុងសេចក្តីថ្លែងការណ៍នេះ អាស៊ាន បានអំពាវនាវយ៉ាងដូច្នេះ «យើងសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ រួមទាំងមធ្យោបាយការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឲ្យកាន់តែធ្ងន់ធ្ងរ កាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍»។

អាស៊ាន បានសម្តែងការជឿជាក់ផងដែរថា ភាគីពាក់ព័ន្ធក្នុងជម្លោះរុស្ស៉ី និងអ៊ុយក្រែន នៅមិនទាន់អស់ឱកាសទេសម្រាប់ការសន្ទនាដោយសន្តិវិធី ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឲ្យវិវត្តដល់លែងគ្រប់គ្រងបាន។ ដើម្បីភាពឋិតថេរនៃសន្តិភាព សន្តិសុខ ស្ថិរភាព និងការរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា វាជាការទទួលខុសត្រូវរបស់ភាគីទាំងអស់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមកលើអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្មើគ្នានៃប្រជាជាតិទាំងអស់។

សូមបញ្ជាក់ថា រុស្ស៉ី បានបើកការវាយលុកចូលប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ។ ការវាយប្រហារគ្នាកំពុងមានស្ថានភាពយ៉ាងក្តៅគគុក ខណៈប្រទេសសម្ព័ន្ធមិត្តអាត្លង់ទិចខាងជើង ហៅកាត់ថា NATO ដាក់ចេញវិធានការនានាជាច្រើន ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ប្រយុទ្ធទប់ទល់នឹងប្រទេសរុស្ស៉ី៕