ខ្មែរប៉ុស្ដិ៍ Close

SCMP ៖ តើគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ អាចជួយកាត់បន្ថយគម្លាតសន្តិភាពរវាងចិននិងអាស៊ានបានឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 67
SCMP ៖ តើគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ អាចជួយកាត់បន្ថយគម្លាតសន្តិភាពរវាងចិននិងអាស៊ានបានឬទេ? SCMP ៖ តើគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ អាចជួយកាត់បន្ថយគម្លាតសន្តិភាពរវាងចិននិងអាស៊ានបានឬទេ?

គំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ (BRI) មានគោលបំណងដើម្បីបង្កើតការតភ្ជាប់រវាងផ្លូវគោកនិងសមុទ្រ តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធសកលដែលនឹងជួយសម្រួលដល់ការធ្វើដំណើររបស់មនុស្ស និង
លំហូរទំនិញ។ ចក្ខុវិស័យនៃការតភ្ជាប់នេះក៏មានការចូលរួមពីសំណាក់បណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ មិនមែនជាគំនិតរបស់ប្រទេសចិនតែម្នាក់ឯងនោះទេ។

បណ្តាប្រទេសជាសមាជិកអាស៊ានក៏មានគំនិតអំពីការតភ្ជាប់នេះដូចគ្នា។ ឧទាហរណ៍ ផែនការ Pan-Asia Railway មិនមែនត្រូវបានបង្កើតឡើងដោយប្រទេសចិននោះទេ ប៉ុន្តែជាគំនិតរបស់ប្រទេសម៉ាឡេស៊ី និងអាស៊ានដោយផ្ទាល់ ហើយអាស៊ានក៏មានផែនការមេស្តីអំពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ផងដែរ។

ការរួមផ្សំគ្នារវាងក្តីប្រាថ្នាក្នុងការសម្រេចឱ្យបាននូវការតភ្ជាប់របស់តំបន់អាស៊ាន និងគោលបំណងរបស់ប្រទេសចិនក្នុងការពង្រីកតួនាទីរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ នៅលើឆាកអន្តរជាតិ ដោយប្រើប្រាស់ការពង្រីកសមត្ថភាពហិរញ្ញវត្ថុនិងបច្ចេកវិទ្យា គឺជាកត្តាដែលជម្រុញឱ្យមានការដាក់ឱ្យដំណើរការនូវគម្រោង BRI។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីប្រាថ្នានិងផលប្រយោជន៍រួមគ្នា ដែលពួកគេទទួលបានតាមរយៈគម្រោង BRI មិនអាចធានារក្សាសន្តិភាពរវាងប្រទេសចិននិងបណ្តាប្រទេសជាសមាជិកអាស៊ានបាននោះទេ។

អស់រយៈពេលជិត ៩ ឆ្នាំបន្ទាប់ពីការបើក ដំណើរការគម្រោង BRI មកទំនាក់ទំនងរវាងប្រទេសចិននិងអាស៊ានមិនមានអ្វីផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់នោះទេ។ ផ្ទុយទៅវិញ បណ្តាប្រទេសជាសមាជិកអាស៊ានមួយចំនួនហាក់មានការសង្ស័យ ចំពោះប្រទេសចិនកាន់តែខ្លាំងឡើងៗ នៅពេលដែលគោលនយោបាយការបរទេសរបស់ចិន ក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង តែងតែប្រកាន់យកនូវឥរិយាបថជាតិនិយម និងតែងបង្កឱ្យមានការប្រឈមមុខដាក់គ្នា។

ជម្លោះនៅសមុទ្រចិនខាងត្បូងបានជះឥទ្ធិពលយ៉ាងធំមកលើទំនាក់ទំនងចិន-អាស៊ាន ខណៈបណ្តាប្រទេសជាសមាជិកអាស៊ានមួយចំនួនដែលបានទាមទារដែនដីនៅទីនោះ កំពុងយល់ឃើញថា ការបង្ហាញសាច់ដុំយោធារបស់ប្រទេសចិន និងការបង្កើតប៉ុស្តិ៍ឈរជើងនៅលើកោះសិប្បនិមិត្ត គឺជាការគំរាមកំហែងដល់រដ្ឋរបស់ពួកគេ។

ទីក្រុងប៉េកាំងតែងតែចង់រក្សាជម្លោះទឹកដីរបស់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែកពីការធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសនៅអាស៊ាន។ ប៉ុន្តែនៅក្នុងក្រសែភ្នែករបស់រដ្ឋនៅអាស៊ាន សក្តានុពលសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងក៏ត្រូវបានគេផ្សារភ្ជាប់ទៅនឹងសក្តានុពលកម្លាំងយោធារបស់ចិនផងដែរ។

ជាលទ្ធផលនៃគោលនយោបាយការបរទេសដ៏រឹងមាំរបស់ចិន ការសង្ស័យអំពីចេតនារបស់ប្រទេសចិននិងឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចដែលប្រទេសចិនអាចដាក់ចេញតាមរយៈគម្រោង BRI កាន់តែមានភាពកើនឡើង។

ការស្ទង់មតិប្រចាំឆ្នាំរបស់វិទ្យាស្ថាន ISEAS-Yusof Ishak បានបង្ហាញថា ការជឿទុកចិត្តមកលើប្រទេសចិនក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍បានធ្លាក់ចុះនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។

ជាងនេះទៅទៀត ខណៈពេលដែលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអាចផ្តល់ជាអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសដែលកំពុងអភិវឌ្ឍន៍ វាក៏អាចក្លាយជាប្រភពនៃការពឹងផ្អែកផងដែរ។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគឺជាប្រភពនៃអំណាច ទាំងសម្រាប់ផ្នែកសម្ភារៈ និងមិនមែនសម្ភារៈ ហើយសម្រាប់ផ្នែកសម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ និងផ្លូវដែក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនអំណាច និងការបង្កើតឱ្យមានសង្រ្គាម។

នៅក្នុងផ្នែកដែលមិនមែនជាសម្ភារៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានឥទ្ធិពលទៅលើការបង្កើតអត្តសញ្ញាណ តាមរយៈការបញ្ចេញមតិ និងអំណាចរចនាសម្ព័ន្ធ (structural power) ។ វាអាចបង្កើតឱ្យមានអតុល្យភាពនៅក្នុងទំនាក់ទំនងអំណាច (power relations) ដែលអាចធ្វើឱ្យរដ្ឋទន់ខ្សោយត្រូវក្លាយ ទៅជាអ្នកក្រោមបង្គាប់ និងប្រគល់ផលប្រយោជន៍ របស់ពួកគេទៅឱ្យរដ្ឋដែលខ្លាំងជាង។

ដូច្នេះ ហេដ្ឋារចនាសម្ព័ន្ធគឺជាយានឆ្ពោះ ទៅរកការបង្កើនអំណាចរបស់ប្រទេសចិនដែលអាចបង្កឱ្យមានការព្រួយបារម្ភដល់រដ្ឋអាស៊ាន។ ខណៈដែលបណ្តាប្រទេសនៅអាស៊ានមួយចំនួនចង់ទទួលបានផលចំណេញពី កំណើនរបស់ប្រទេសចិនក្នុងពេលដំណាលគ្នានេះ ពួកគេក៏មានការភ័យខ្លាចផងដែរចំពោះការពឹងផ្អែកខ្លាំងហួសហេតុទៅលើទីក្រុងប៉េកាំងដែលអាច បង្កឱ្យមានផលប៉ះពាល់មកលើអធិបតេយ្យភាពរបស់ខ្លួន។

លើសពីនេះទៀត គម្រោង BRI បានបង្កឱ្យមានទាំងផលប៉ះពាល់ទៅលើសង្គម និងបរិស្ថានរបស់ប្រទេសដែលជាម្ចាស់ផ្ទះ។ កិច្ចខិតខំប្រឹងប្រែង របស់ទីក្រុងប៉េកាំងដើម្បីចាប់យកនិងបញ្ចូលជនជាតិចិនដែលកំពុងតែរស់នៅក្នុងបណ្តាប្រទេសនៅអាស៊ានដើម្បីចូលរួមនៅក្នុងផែនការ BRI របស់ខ្លួន បានបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងៗ។

ប្រជាជនក្នុងតំបន់ក៏មានការធុញទ្រាន់ចំពោះលំហូរចូលនៃពលករចិនមកក្នុងប្រទេសរបស់ពួកគេផងដែរ។ គេបានចោទជាសំណួរថា តើប្រជាជនក្នុងស្រុកអាចទទួលបានអត្ថប្រយោជន៍ទាក់ទងនឹងការងារ ការបណ្តុះបណ្តាល និងការផ្ទេរបច្ចេកវិទ្យាយ៉ាងដូចម្តេចខ្លះ។

គម្រោង BRI ក៏ អាចបង្កផលប៉ះពាល់ដល់បរិស្ថានរបស់ប្រទេសដែលជាម្ចាស់ផ្ទះផងដែរ ជាពិសេសគឺការបាក់ដី គ្រោះទឹកជំនន់ និងការចម្លងរោគតាមរយៈការផ្គត់ផ្គង់ទឹកជាដើម។

ភាពជឿជាក់ទៅ លើការសិក្សាអំពីផលប៉ះពាល់បរិស្ថានត្រូវបានគេចោទសួរជាញឹកញយដោយសារ បញ្ហានេះតែងតែត្រូវបានធ្វើឡើងដោយជនជាតិចិន។ ផលប៉ះពាល់ទៅលើ សង្គមនិងបរិស្ថានទាំងនេះ ពេលខ្លះបាន បង្អាក់ការសាទរសម្រាប់គម្រោង BRI បើទោះបីជាគម្រោង នេះបានផ្តល់នូវតុល្យភាពនៅក្នុងបញ្ហាទាំងអស់នោះក៏ដោយ។ ប៉ុន្តែផលប៉ះពាល់ទាំងនោះមិនអាចយកឈ្នះទៅលើតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបណ្តាប្រទេសនៅអាស៊ានបាននោះទេ។

ការអភិវឌ្ឍគម្រោង BRI បានកើតឡើងនៅក្នុងស្ថានភាពនៃការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន។ ខណៈពេលដែលសហរដ្ឋអាមេរិកនៅមិនទាន់បានផ្តល់នូវកិច្ចព្រមព្រៀង ឬកញ្ចប់ណាមួយពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធដើម្បីអាចប្រកួតប្រជែងជាមួយនឹងគម្រោង BRI បាននៅឡើយនោះ អាមេរិកបានសង្កត់ធ្ងន់ទៅលើបញ្ហាគុណភាពនៃហេដ្ឋា រចនាសម្ព័ន្ធ ហើយបានធ្វើការជាមួយអូស្ត្រាលីនិងជប៉ុនដើម្បីបើកដំណើរការផែនការ Blue Dot Network ដើម្បីប្រកួតប្រជែងជាមួយគម្រោង BRI។

ប្រទេសទាំងឡាយក្នុងតំបន់មិនចង់ជ្រើស រើសរវាងប្រទេសមហាអំណាចទាំងពីរ នោះទេ។ ដូច្នេះហើយ បើទោះបីជាប្រទេសចិនបានបង្ហាញនូវសក្តានុពលផ្នែកសេដ្ឋកិច្ចតាមរយៈគម្រោង BRI ក៏ដោយ ក៏បណ្តាប្រទេសនៅអាស៊ាននៅតែបន្តមានការប្រុងប្រយ័ត្នក្នុងការចូលរួមជាមួយប្រទេសចិននៅលើបញ្ហានយោបាយ និងយុទ្ធសាស្ត្រផងដែរ។

ដើម្បីអាចឱ្យគម្រោង BRI ជួយបង្កើនទំនាក់ទំនងចិន-អាស៊ានបាន ៖

ទី១ ៖ ទីក្រុងប៉េកាំងត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះអ្វីដែលកំពុងកើតឡើងជាក់ស្តែង។

នៅក្នុងគម្រោង BRI គឺមានគម្រោងជា ច្រើន ហើយទីក្រុងប៉េកាំងមិនបានធ្វើការត្រួតពិនិត្យទៅលើគម្រោងទាំងអស់នោះទេដែលអាចធ្វើឱ្យមានសកម្មភាពខុសឆ្គងណាមួយអាចកើតមានឡើង។

«ករណីដែលជាឧទាហរណ៍ដ៏ល្អបំផុតនោះគឺ ឥទ្ធិពលនៃការ វិនិយោគរបស់ប្រទេសចិននៅខេត្តព្រះសីហនុ»។ ការហូរចូលនូវថវិកា បុគ្គលិកនិងអ្នកទេសចរចិន បានប្រែក្លាយក្រុងព្រះសីហនុឱ្យទៅជាតំបន់ដ៏អាក្រក់ដែលពោពេញទៅដោយអំពើពុករលួយនិងឧក្រិដ្ឋកម្ម ហើយបានធ្វើឱ្យប្រជាជនកម្ពុជាមានការអាក់អន់ចិត្តយ៉ាងខ្លាំង។

បន្ទាប់ពីការខកខានអស់រយៈពេលជាច្រើនឆ្នាំដើម្បីឆ្លើយតបទៅនឹងការអាក់អន់ចិត្តទាំងនេះ ទីបំផុតនៅឆ្នាំ២០២០ ទីក្រុងប៉េកាំងនិងទីក្រុងភ្នំពេញបានធ្វើការទប់ស្កាត់តាមរយៈការបិទប្រតិបត្តិការល្បែងស៊ីសងតាមអ៊ិនធឺណិត នៅក្នុងខេត្តព្រះសីហនុ តាមសំណើរបស់រដ្ឋាភិបាលចិន។

ការយល់ដឹងនិងឆ្លើយតបទៅនឹងបរិបទ និងការអភិវឌ្ឍនៅក្នុងតំបន់ ហើយនឹងការធ្វើការជាមួយរដ្ឋាភិបាល នៃប្រទេសជាម្ចាស់ផ្ទះ ដើម្បីកាត់បន្ថយផលប៉ះពាល់សង្គមនិងបរិស្ថានពីសំណាក់គម្រោង BRI នឹងអាចជួយកាត់បន្ថយកង្វល់របស់ប្រជាជននៅក្នុងតំបន់។

ទី2 ៖ ប្រទេសចិនត្រូវតែគ្រប់គ្រងគម្រោង BRI ឱ្យបានកាន់តែប្រសើរឡើង។

ប្រទេសចិនត្រូវការធានាថា នីតិវិធីសម្រាប់ការវាយតម្លៃផលប៉ះពាល់បរិស្ថានត្រូវបានអនុវត្តន៍ដោយត្រឹមត្រូវពីសំណាក់អ្នកជំនាញឯករាជ្យ និងធ្វើឡើងតាមស្តង់ដារអន្តរជាតិ។

ប្រទេសចិនក៏គួរតែមានតម្លាភាពបន្ថែមទៀត ពាក់ព័ន្ធនឹងទិន្នន័យដើម្បីប្រឆាំងនឹងការចោទប្រកាន់អំពីការរៀបចំ «ការទូតអន្ទាក់បំណុល» តាមរយៈគម្រោង BRI។

ទី3 ៖ ប្រទេសចិនគួរតែកាត់បន្ថយភាពមិនស៊ីសង្វាក់គ្នានៅ ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។

ខណៈដែលទិដ្ឋភាពដ៏កោងកាចមួយចំនួននៅក្នុងគោលនយោបាយការបរទេសរបស់ចិនគឺជាវិធានការឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និងការប្រកួតប្រជែងគ្នាជាមួយសហរដ្ឋអាមេរិក ប្រទេសចិនចាំបាច់ត្រូវតែយកចិត្តទុកដាក់ ចំពោះផលប៉ះពាល់ដែលបង្កឡើងដោយសកម្មភាពទាំងនោះ ទៅលើការយល់ឃើញរបស់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីបង្កើនសក្តានុពលនៃគម្រោង BRI។

យ៉ាងណាមិញ សេចក្តីប្រាថ្នាក្នុងការដឹកនាំរបស់ចិនមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានប្រទេសណាគាំទ្រចំពោះការរីកចម្រើន និងទទួលយកតួនាទីដឹកនាំរបស់ប្រទេសចិនទេនោះ។

គម្រោង BRI បានបំពេញនូវតម្រូវ ការនៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់តំបន់អាស៊ីអាគ្នេយ៍យ៉ាងធំធេង ហើយធនធានដែលប្រទេសចិនបានផ្តល់តាមរយៈគម្រោងនេះ មិនគួរត្រូវបានធ្វើឱ្យខ្ចាត់ខ្ចាយនោះឡើយ។

ប្រទេសចិនត្រូវធ្វើសកម្មភាពបន្ថែម ទៀតដើម្បីលើកទឹកចិត្តដល់បណ្តាប្រទេសនៅក្នុងតំបន់ មិនមែនតាមរយៈពាក្យសម្ដីតែ ម្យ៉ាងនោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយនឹងសកម្មភាពរបស់ខ្លួនផងដែរ។

ប្រទេសចិនត្រូវធ្វើការកសាងទំនុកចិត្ត តាមរយៈការកាត់បន្ថយគោលនយោបាយដ៏តឹងតែងរបស់ខ្លួននៅ ក្នុងសមុទ្រចិនខាង ត្បូងដើម្បីបន្តរក្សាមជ្ឈភាពរបស់អាស៊ាន និងការចូលរួមនៅក្នុងការប្រកួតប្រជែងប្រកបដោយន័យស្ថាបនាបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក៕ South China Morning Post

អត្ថបទទាក់ទង