ខ្មែរប៉ុស្ដិ៍ Close

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋសាលាក្រុងបូកគោ ខេត្តកំពត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 33
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋសាលាក្រុងបូកគោ ខេត្តកំពត សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋសាលាក្រុងបូកគោ ខេត្តកំពត

នាព្រឹកថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋសាលាក្រុងបូកគោ ខេត្តកំពត។

អញ្ជើញអមដំណើរសម្ដេចក្រឡាហោមនាឱកាសនោះ រួមមានឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងភាគីពាក់ព័ន្ធមួយចំនួនទៀត។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាភូមិសាស្ត្រក្រុងបូកគោបច្ចុប្បន្នមានធំទូលាយ ប៉ុន្តែនៅថ្ងៃអនាគត ក្រុងថ្មីនេះអាចនឹងមានប្រជាជនមករស់នៅកាន់តែច្រើន ពិសេសនៅលើភ្នំបូកគោដែលកំពុងមានការអភិវឌ្ឍ។

សម្ដេចបន្តថា ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័សក្នុងការបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋ រដ្ឋបានសម្រេចរៀបចំទីតាំងអគាររដ្ឋបាលក្រុងបូកគោជា២កន្លែង គឺនៅសាលាក្រុងចាស់ក្បែរច្រកចូលឧទ្យានជាតិព្រះមុនីវង្សបូកគោ និងនៅក្បែរកាស៊ីណូចាស់លើភ្នំបូកគោ ។

សម្តេចបានណែនាំអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិភាក្សាគ្នា ថាតើការិយាល័យជំនាញណាខ្លះត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងក្រោម និងការិយាល័យណាខ្លះត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងលើ ឬក៏ចាំបាច់ត្រូវមានទាំងពីរទីតាំង។

សម្តេចក្រឡាហោមក៏បានមានប្រសាសន៍ទៀតថាក្រុមការងារពាក់ព័ន្ធនឹងពន្លឿការគូរប្លង់ទីតាំងសាលាក្រុងបូកគោផ្នែកខាងក្រោមដើម្បីរៀបចំកសាងកន្លែងធ្វើការងារឲ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តាក្រុងផ្សេងៗដែរ៕

អត្ថបទទាក់ទង