ខ្មែរប៉ុស្ដិ៍ Close

កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៩ ឈានដល់​ចំណុច​ប្រកាសអាសន្ន​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 32
កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៩ ឈានដល់​ចំណុច​ប្រកាសអាសន្ន​ កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៩ ឈានដល់​ចំណុច​ប្រកាសអាសន្ន​

ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកប្រចាំឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ នា​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកបានប្រកាសថា អត្រាកំណើន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោកនៅ​ឆ្នាំ​២០១៩ កើតឡើង​ចំនួន ៤១២១​លើក សម្លាប់​មនុស្ស ១៩៨១​នាក់ និង​រងរបួស ៦១៤១​នាក់ គឺ​ដល់​ចំណុច​ប្រកាសអាសន្ន​ហើយ​។

​សម្តេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​រក​វិធី​ដោះស្រាយ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ ពោលគឺ​រក​វិធី​បែបណា ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ភ្ញាក់រលឹក គោរព​ច្បាប់ មិនមែន​ខ្លាច​ប៉ូលិស​ចរាចរណ៍​នោះទេ​។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានប្រកាសថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស នា​ឆ្នាំ​២០១៩ បាន​កើតឡើង​ចំនួន ៤១២១​លើក សម្លាប់​មនុស្ស ១៩៨១​នាក់ និង​រងរបួស ៦១៤១​នាក់​។

​របាយការណ៍​ដដែល បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ឆ្នាំ​២០១៩ ច្រើនជាងគេ កើតឡើង នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ៣៤៨​នាក់ ខេត្ត​ព្រះសីហនុ ស្លាប់ ១៤៩​នាក់ និង​ខេត្តកណ្តាល ស្លាប់ ១៤៣​នាក់​។​

​ចំណែក​មូលហេតុ ដែល​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ឆ្នាំ​២០១៩ រួមមាន ការបើកបរ​លើស​ល្បឿន​កំណត់ ៣៨​%​, បើកបរ​មិន​គោរព​សិទ្ធិ ២៣​%​, មិន​ប្រកាន់​ស្តាំ ១៣​%​, វ៉ា​ជែង ៩​%​, ស្រវឹង​៥​%​, កត្តា​យានយន្ត ២​% និង​ងងុយដេក ១​%​។​

​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១៩ កើនឡើង ៨៤៥​លើក ស្មើនឹង ២៦​% បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ក្នុងនោះ អ្នកស្លាប់​កើន ២២០​នាក់ ស្មើនឹង ១២​% ខណៈ​អ្នករងរបួស​កើន ១៣៧១​នាក់ ស្មើនឹង​ប្រមាណ ២៩​%​។​

​របាយការណ៍ បានឱ្យដឹងថា ក្នុងចំណោម​អ្នកស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ភាគច្រើន ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ដែលមាន​ចំនួន ១៥៤២​នាក់ នៃ​ចំនួន​អ្នកស្លាប់​សរុប ១៩៨១​នាក់ ស្មើនឹង ៧៨​ភាគរយ​។ ក្នុងនោះ អ្នកស្លាប់ ដោយ​ធ្វើដំណើរ​តាម​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន ១១៨៦​នាក់ ស្មើនឹង ៧៧​ភាគរយ​។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់ថា បញ្ហា​ប្រឈម សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ឆ្នាំ​២០១៩ គឺ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ កាន់តែ​ចង្អៀត ដោយសារ​កំណើន​យានយន្ត ដែលមាន ៣៦​ភាគរយ តម្រូវការ​ធ្វើចរាចរ​ណ៍​ដឹកជញ្ជូន​កាន់តែ​កើនឡើង កន្លែង​ខ្លះ ត្រូវ​រង​ការខូចខាត ឬ​ខ្វះ​ផ្លាកសញ្ញា​, កង្វះ​ការគ្រប់គ្រង​ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និង​ចំណីផ្លូវ បណ្តាលឱ្យ​ផ្លូវ​សម្រាប់ធ្វើ​ចរាចរណ៍​កាន់​តែ​ចង្អៀត​, ស្មារតី​នៃ​ការគោរព​ច្បាប់​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត នៅតែ​ខ្លាច​នគរបាល​ជាង​ខ្លាច​ច្បាប់​, សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​នៅមានកម្រិត និង​គុណភាព​ការងារ មិនទាន់​ឆ្លើយតប តាម​សំណូមពរ​ដោយ​ខ្វះ​មធ្យោបាយ​ឧបករណ៍​សម្ភារៈ​ប្រតិបត្តិការ​៕​

SWIFT NEWS

អត្ថបទទាក់ទង