ខ្មែរប៉ុស្ដិ៍ Close

ទិវាតំបន់ដីសើមពិភពលោក ២កុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ «ការអភិរក្សតំបន់ដីសើម សម្រាប់មនុស្ស និងធម្មជាតិ»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 30
ទិវាតំបន់ដីសើមពិភពលោក ២កុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ «ការអភិរក្សតំបន់ដីសើម សម្រាប់មនុស្ស និងធម្មជាតិ» ទិវាតំបន់ដីសើមពិភពលោក ២កុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ «ការអភិរក្សតំបន់ដីសើម សម្រាប់មនុស្ស និងធម្មជាតិ»

លោក នេត្រ ភត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបង្ហោះសារអបអរសាទរទិវាតំបន់ដីសើមពិភពលោក នៅលើបណ្តាញសង្គម នៅថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ ការអភិរក្សតំបន់ដីសើម សម្រាប់មនុស្ស និងធម្មជាតិ។

លោកបានបញ្ជាក់ថា គិតមកត្រឹមបច្ចុប្បន្ន តំបន់រ៉ាមសារក្នុងប្រទេសកម្ពុជាមានចំនួន០៥ កន្លែងគឺ តំបន់រ៉ាមសារកោះកាពិ តំបន់រ៉ាមសារព្រែកទាល់ តំបន់រ៉ាមសារស្ទឹងសែន តំបន់រ៉ាមសារ បឹងទន្លេឆ្មារ និងតំបន់រ៉ាមសារស្ទឹងត្រែង។ ក្នុងនោះដែរ យើងក៏មានតំបន់ការពារធម្មជាតិដែលជាតំបន់ដីសើមដែលមានសារៈ សំខាន់សម្រាប់បរិស្ថានឬសង្គម ដូចជា តំបន់ការពារទេសភាពអន្លង់ព្រីង តំបន់ការពារទេសភាពបឹងព្រែកល្ពៅ តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប តំបន់ការពារទេសភាពអាងត្រពាំងថ្ម តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង តំបន់ការពារទេសភាពបឹងការដេរ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ក៏ដូចជាឧទ្យានជាតិសមុទ្រកោះរ៉ុង។

លោកបានបន្តថា ការរស់នៅប្រចាំថ្ងៃរបស់យើងគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងតំបន់ដីសើម ដោយតំបន់ដីសើមបានផ្តល់នូវសេវាកម្មប្រព័ន្ធអេកូឡូស៊ីដោយឥតគិតថ្លៃដូចជា ផ្តល់ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងស្រោចស្រព ជួយកាត់បន្ថយគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ការស្រូបយកកាបូន និយ័តកម្មអាកាសធាតុ ប្រភពស្បៀងអាហារ កន្លែងកម្សាន្តធម្មជាតិនិងសិក្សាស្រាវជ្រាវ។ល។ ដូចនេះ យើងគួរតែផ្តល់តម្លៃ ចូលរួមអភិរក្ស ដាំស្តារ និងបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះតំបន់ដីសើម។

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះក្រសួងបរិស្ថាននឹងប្រារព្ធទិវាដី សើមពិភពលោកនៅវិទ្យាល័យ ទា ចំរ៉ាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕

ប្រភព៖ វិទ្យុជាតិកម្ពុជា

អត្ថបទទាក់ទង