ខ្មែរប៉ុស្ដិ៍ Close

Asia Times ៖ លោក Widodo កំពុងតែទទួលបានជោគជ័យ នៅពេលដែលកេរ្តិ៍ដំណែលរបស់លោកបានលេចរូបរាងឡើងកាន់តែច្បាស់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 29
Asia Times ៖ លោក Widodo កំពុងតែទទួលបានជោគជ័យ នៅពេលដែលកេរ្តិ៍ដំណែលរបស់លោកបានលេចរូបរាងឡើងកាន់តែច្បាស់ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo (រូបថត៖ Asia Times)

ជាជាងការបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏បរាជ័យ ការគាំទ្ររបស់ប្រធានាធិបតី Joko Widodo អាចនឹងក្លាយជាចំណុចដ៏សំខាន់មួយ ដែលនឹងជះឥទ្ធិពល ដល់ការបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌូណេស៊ីសម្រាប់ឆ្នាំ ២០២៤ ខាងមុខ ដែលអាចនឹងធ្វើឱ្យអតីតអភិបាលក្រុងរូបនេះ បន្តរក្សាកេរ្តិ៍ឈ្មោះរបស់លោកសម្រាប់អាណត្តិក្រោយទៀត។

ការស្ទង់មតិចុងក្រោយបំផុតដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន «Indikator Politik Indonesia» (IPI) បានរកឃើញថា «លោក Widodo ទទួលបានចំណាត់ថ្នាក់ប្រជាប្រិយភាពរហូតដល់ទៅ ៧២% ដែលបានបង្ហាញអំពីការគាំទ្រដ៏ខ្ពស់ក្នុងចំណោមប្រជាជន» ហើយការបោះឆ្នោតដើម្បីបន្តអាណត្តិទី២ របស់លោកនៅសល់រយៈពេលមួយឆ្នាំទៀត។

ប្រធានាធិបតីរូប នេះបានបញ្ជាក់យ៉ាងច្បាស់ថា «លោកមិនមានបំណងចង់ចាកចេញពីតំណែងនោះទេ បើទោះបីជាមានការរំពឹងទុកថា សម្ព័ន្ធគណបក្សកាន់អំណាចទាំង ៧ របស់លោក បាននិងកំពុងរងនូវការបែកបាក់គ្នា នៅពេលដែលបណ្តាមេដឹកនាំនយោបាយបានបន្តហែកហួរគ្នា ដើម្បីដណ្តើមតំណែងកំពូលនៅមុនការបោះឆ្នោតខាងមុខ»។

ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 នៅចុងខែតុលានឹងត្រូវបានគេចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការកាន់តំណែងជាប្រធានាធិបតីរបស់លោក។ ក៏ប៉ុន្តែអ្វីដែលកាន់តែ សំខាន់ជាងនេះគឺ «ការប្តេជ្ញាចិត្តរបស់លោកក្នុងការជំរុញផែនការអនាគតដែលមានទំហំគិតជាទឹកប្រាក់ចំនួន ៣៣ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើការផ្លាស់ប្តូររដ្ឋធានីជាតិរបស់ប្រទេសឥណ្ឌូណេស៊ី ពីទីក្រុងហ្សាការតា ទៅកាន់តំបន់ភាគខាងកើតនៃខេត្ត Kalimantan វិញ»។

ផែនទីបង្ហាញទីតាំងនៃរដ្ឋធានីថ្មីដែលបានស្នើឡើងនៅភាគខាងកើតខេត្ត Kalimantan ។ រូបភាព៖ ហ្វេសប៊ុក
ផែនទីបង្ហាញទីតាំងនៃរដ្ឋធានីថ្មីដែលបានស្នើឡើងនៅភាគខាងកើតខេត្ត Kalimantan ។ រូបភាព៖ ហ្វេសប៊ុក

ក្រៅពីបញ្ហាទឹកជំនន់និងបញ្ហាបរិស្ថានផ្សេងៗទៀតដែលអាចកើតមាននៅក្នុងទីក្រុងហ្សាការតា លោក Widodo បានលើកឡើងថា «ការផ្លាស់ប្តូររដ្ឋធានីនេះត្រូវបានធ្វើឡើងដោយសារតម្រូវការក្នុងការរក្សាតុល្យភាពឡើងវិញ នៅក្នុងការអភិវឌ្ឍជាតិ និងការកែសម្រួលបញ្ហាវិសមភាពដែល បាននិងកំពុងកើនឡើងនៅក្នុងចំណោមប្រជាជនចំនួនជាង ២៧០ លាននាក់របស់ប្រទេស»។

ពាក់ព័ន្ធនឹងវិធានការនេះ អ្នកវិភាគមួយចំនួនបានមើលឃើញពីភាពជាប់ទាក់ទងនឹងបញ្ហានយោបាយ ដោយពួកគេបានធ្វើការកត់សម្គាល់ថា «វាត្រូវបានធ្វើឡើងនៅក្រោយការបោះឆ្នោតជ្រើសរើសតំណែងប្រធានាធិបតីឆ្នាំ ២០១៩ ខណៈដែលការបោះឆ្នោតនោះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ អំពីឥទ្ធិពលរបស់ពួកឥស្លាមជ្រុលនិយមនៅក្នុងតំបន់ West Java ដែលជាខេត្តដ៏ធំជាងគេនៅព័ទ្ធជុំវិញរដ្ឋធានីហ្សាការតា»។

លោក Widodo បាននិយាយថា «សេតវិមានរបស់ប្រធានាធិបតី និងក្រសួងចំនួន ៤ ដែលរួមមានរដ្ធលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, ក្រសួងការបរទេស និងក្រសួងការពារជាតិ នឹងត្រូវធ្វើការផ្លាស់ទីតាំងនៅក្នុងឆ្នាំ ២០២៤ ខាងមុខ» នៅក្នុងដំណើរការមួយដែលត្រូវបានគេរំពឹងថានឹងត្រូវចំណាយពេលរហូតដល់ ១៥ ឆ្នាំ។

លោក Widodo បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា «វាមិនមែនជាការផ្លាស់ប្តូរទីតាំងស្ថាប័នធម្មតានោះទេ។ អ្វីដែលសំខាន់គឺការបង្កើតនូវគំរូថ្មីនៃគំនិតមួយដែលថា មជ្ឈមណ្ឌលរបស់រដ្ឋាភិបាលនឹងផ្តោតទៅលើការច្នៃប្រឌិត និងបច្ចេកវិទ្យាបៃតង ខណៈដែលសាកលវិទ្យាល័យ និងមន្ទីរពេទ្យនឹងក្លាយជាទីកន្លែងដែលប្រមូលផ្តុំទៅដោយមនុស្ស ដែលមានទេពកោសល្យផ្នែកឌីជីថល»។

វីរុស កូវីដ-១៩ បានធ្វើឱ្យផែនការនេះ ប្រឈមុខនឹងការរាំងស្ទះ។ ក៏ប៉ុន្តែ លោក Widodo នៅតែមានមហិច្ឆតាចង់ធ្វើឱ្យគម្រោងនេះក្លាយជាសមិទ្ធិផលដ៏ធំបំផុតនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក បូករួមនឹងការកត់ត្រាវាទុកនៅក្នុងប្រវត្តិសាស្ត្រស្តីអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងឧស្សាហកម្មដ៏ទំនើបបំផុតដែលមិនធ្លាប់មានពីមុនមក។

កាលពីពេលថ្មីៗនេះ សភាបានអនុម័តច្បាប់មួយ បន្ទាប់ពីត្រូវបានពន្យារអស់រយៈពេលជាយូរមកហើយ ដើម្បីដាក់ចេញនូវក្របខ័ណ្ឌច្បាប់សម្រាប់ការបង្កើតរដ្ឋធានី Nusantara ជាមួយនឹងក្តីសង្ឃឹមថា «វានឹងធានាថា ផែនការនេះនឹងនៅតែបន្តរស់រានមានជីវិត បើទោះបីជាមានការផ្លាស់ប្តូររដ្ឋបាលថ្មីនៅក្នុងឆ្នាំ ២០២៤ ខាងមុខក៏ដោយ»។

ពាក្យថា Nusantara គឺជាពាក្យចាស់បុរាណរបស់ឥណ្ឌូណេស៊ីដែលមានន័យថា «ប្រជុំកោះនៅចន្លោះកណ្តាល» (The Archipelago in Between) ដែលចង់សំដៅទៅលើទីតាំង ដែលស្ថិតនៅចន្លោះកណ្តាលរវាងទ្វីបអាស៊ី និងទ្វីបអូស្ត្រាលី ហើយទីតាំងនៃរដ្ឋធានីថ្មីនេះក៏ស្ថិតនៅចំកណ្តាលរវាងភាគខាងកើត និងភាគខាងលិចរបស់ប្រទេសផងដែរ។

សេចក្តីព្រាងច្បាប់ខាងលើនឹងផ្តល់សិទ្ធឱ្យមានការបង្កើតអាជ្ញាធរកម្រិតក្រសួង ដើម្បីធ្វើការត្រួតពិនិត្យលើការសាងសង់រដ្ឋធានី Nusantara ដែលនឹងត្រូវដំណើរការដោយថាមពលបៃតង និងដែលគ្របដណ្តប់លើផ្ទៃដីចំនួន ២៥៦០០០ ហិកតា នៅភាគខាងជើងនៃទីក្រុង Balikpapan។

រដ្ឋាភិបាលរំពឹងថា នឹងអាចផ្តល់ហិរញ្ញប្បទាន ដោយប្រើប្រាស់ថវិការបស់រដ្ឋរហូត ដល់ទៅ ៥៣,៤% ដើម្បីចំណាយលើថ្លៃសាងសង់ ដែលជាតួលេខដែលត្រូវបាន បង្កើនពីចំនួន ១៩,២% ដែលជាហេតុនឹងធ្វើឱ្យថវិកាដែលនៅសេសសល់នឹងត្រូវពឹងផ្អែកលើការទទួលបានហិរញ្ញប្បទានពីភាពជាដៃគូសាធារណៈ និងឯកជន (PPP) និងពីអ្នកវិនិយោគអន្តរជាតិនិងក្នុងស្រុក បូករួមនឹងពី សហគ្រាសរបស់រដ្ឋ (SOEs)។

«ប្រជាប្រិយភាពរបស់លោក Widodo ដែលទទួលបានតាមរយៈវិធីសាស្រ្តបុរសសាមញ្ញ (Common Man Approach) » និងការធ្វើនយោបាយដ៏ឈ្លាសវៃ អាចនឹងធ្វើឱ្យអ្នកគាំទ្ររបស់លោកបន្តគាំទ្ររូបលោកសម្រាប់រយៈ ពេល ៣ ឆ្នាំទៅមុខទៀតដែលនឹងអនុញ្ញាតឱ្យលោកអាចនៅមានពេលវេលាដើម្បីសម្រេចនូវរបៀបវារៈរបស់លោក។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានឱ្យដឹងថា «លោក Widodo អាចនៅតែមានបំណងចង់ចុះចេញពីតំណែងតាមកាលកំណត់ ពីព្រោះលោកដឹងថា ការពន្យារពេលបន្តនឹងទទួលរងនូវការជំទាស់ពីគណបក្សនយោបាយភាគច្រើន និងសកម្មជនសង្គមស៊ីវិលដែលបានចាត់ទុកសកម្មភាពនេះជាជំហានដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យរបស់ឥណ្ឌូណេស៊ី»។

ទោះបីជាមេដឹកនាំពិភពលោកមួយចំនួនបានរងនូវការរិះគន់ចំពោះការដោះស្រាយវិបត្តិសុខភាពនៅពេលបច្ចុប្បន្ននេះក៏ដោយ ក៏ប្រជាជនឥណ្ឌូណេស៊ីហាក់ដូចជាមានការពេញចិត្តចំពោះវិធានការដោះស្រាយវីរុសរាតត្បាតរបស់លោក Widodo និងបេសកកម្មរបស់លោកក្នុងការធានាឱ្យបាននូវការងើបឡើងវិញនូវសេដ្ឋកិច្ច។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន «Indikator» លោក Burhanuddin Muhtado បានលើកឡើងនៅក្នុងលទ្ធផលនៃការស្ទង់មតិកាលពីខែធ្នូថា «ប្រជាជនពិតជាមានគោលបំណងច្បាស់លាស់ណាស់។ ពួកគេដឹងថា ពេលណាត្រូវធ្វើការកោតសរសើរ និងពេលណាត្រូវធ្វើការរិះគន់»។

ការស្ទង់មតិពីមុន ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន «Saiful Mujani Research & Consulting» (SMRC) បានបង្ហាញអំពីសម្លេងគាំទ្រចំពោះលោក Widodo រហូតដល់ទៅ ៦៨,៥% ដែលតួលេខនេះបានកើនឡើងជាលំដាប់ ចាប់តាំងពីប្រជាប្រិយភាពរបស់លោកបានធ្លាក់ដល់ចំណុចទាបបំផុតកាលពីឆ្នាំ ២០២០ នៅពេលដែលរដ្ឋាភិបាលកំពុងព្យាយាមទប់ស្កាត់វីរុស កូវីដ-១៩។

សញ្ញាបឋមមួយចំនួនបានបង្ហាញថា «អ្នកដែលនឹងអាចឡើងមកបន្តតំណែងអាចជាមនុស្សដែលលោក Widodo ពេញចិត្តដែលនោះគឺអភិបាលខេត្ត Central Java គឺ លោក Ganjar Pranowo ដែលមានអាយុ ៥៣ ឆ្នាំ»។

ក៏ប៉ុន្តែបញ្ហានេះអាចនឹងបង្កឱ្យមានជម្លោះជាមួយអតីតប្រធានាធិបតី គឺលោកស្រី Megawati Sukarnoputri ដែលជាប្រធានគណបក្សប្រជាធិបតេយ្យតស៊ូឥណ្ឌូណេស៊ី (PDI-P)។

អ្នកសង្កេតការណ៍មួយចំនួនបានកត់សម្គាល់ថា «លោកស្រី Megawati និងកូនស្រីរបស់លោកស្រី ដែលបច្ចុប្បន្នគឺជាអ្នកនាំពាក្យរបស់សភា គឺលោកស្រី Puan Maharani ដែលមានអាយុ ៤៨ ឆ្នាំ តែងចាត់ទុកលោក Widodo និងលោក Pranowo ជាមន្ត្រីគណបក្សតូចតាច» ហើយសកម្មភាពនេះ បានបង្កឱ្យមានភាពតានតឹងមួយចំនួន នៅពេលដែលលោក Widodo ឡើងកាន់តំណែងនៅពេលដំបូង។

វាត្រូវការពេលយូរណាស់ទម្រាំលោក ស្រី Megawati យល់ព្រមទទួលស្គាល់ថា «លោក Widodo ពិតជាមានប្រជាប្រិយភាពជាងលោកស្រីនៅក្នុងចំណោមអ្នកបោះឆ្នោតឥណ្ឌូណេស៊ី»។

ស្ថានភាពនៅពេលនោះបាននិងកំពុងកើតឡើងជាថ្មីម្តងទៀត។ បើទោះបីជាលោក ស្រីទទួលបានការវាយតម្លៃអំពីសម្លេងគាំទ្រត្រឹមតែ ១% ក៏ដោយ ក៏លោកស្រី Maharani នៅតែចាត់ទុកថាខ្លួនលោកស្រីជាបេក្ខជនប្រធានាធិបតី និងបានបន្តច្រានចោលនូវសេណារីយ៉ូដែលលើកឡើងថា «លោកស្រីនឹងក្លាយជាដៃគូប្រកួតប្រជែងតំណែងជាមួយនឹងមេដឹកនាំចលនា Great Indonesia (Gerindra) ដែលជារដ្ឋមន្ត្រីការពារជាតិ គឺលោក Prabowo Subianto» ។

ប្រភពនយោបាយមួយចំនួនបានលើកឡើងថា «នៅផ្ទៃក្នុងគណបក្ស លោកស្រីបាននិងកំពុងដើរញុះញង់បង្កភាពច្របូកច្របល់និងដើម្បីកៀរគរការគាំទ្រពីសំណាក់គណបក្សដទៃដើម្បីដណ្តើមតំណែងជាប្រធានាធិបតី ហើយលោក Pranowo នឹងក្លាយជាបេក្ខជនអនុប្រធានាធិបតីរបស់លោកស្រី»។

គណបក្ស PDI-P គឺជាគណបក្សតែមួយគត់ដែលមានអាសនៈ ច្រើនជាង ២០% នៅក្នុងសភា (ក្នុងចំណោមអាសនៈសរុបចំនួន ៥៧៥) ហើយចំនួនអាសនៈនេះអាចអនុញ្ញាតឱ្យគណបក្ស ឬសម្ព័ន្ធរបស់គណបក្សធ្វើការតែងតាំងបេក្ខជនប្រធានាធិបតីបាន។

ការអាចដើរតួរនាទីត្រឹមតែជាតួរងជាមួយលោកស្រី Maharani គឺជារឿងដែលមិនគួរឱ្យជឿនោះទេ នៅពេលដែលលោក Pranowo ដែលជាអតីតសមាជិកសភារបស់គណបក្ស PDI-P កំពុងតែស្ថិត នៅប្រកៀកប្រកិតគ្នាជាមួយលោក Prabowo នៅក្នុងការស្ទង់មតិរបស់ SMRC។ ការស្ទង់មតិរបស់ក្រុមហ៊ុន «Charta Politika Indonesia» (CPI) កាលពីមុនបានរកឃើញថា «លោក Pranowoបាននាំមុខ លោក Prabowo បន្តិចបន្តួច និងបានរក្សានូវគម្លាតដ៏គួរឱ្យកត់សម្គាល់ជាមួយលោកអភិបាលក្រុង ហ្សាការតា គឺលោក Anie Baswedan ដែលជាអតីតរដ្ឋមន្ត្រីអប់រំ»។

អ្នកវិភាគមួយចំនួនបានកត់សម្គាល់ថា «ដោយសារលោក Pranowo មិនសូវមានគេស្គាល់នៅខាងក្រៅខេត្ត Java លោក Prabowo នឹងមានប្រៀបជាង ខណៈដែលលោកក៏ធ្លាប់ទទួលបានការគាំទ្រយ៉ាងច្រើននៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅក្នុងឆ្នាំ ២០១៤ និង ២០១៩ ក៏ប៉ុន្តែមិនបានទទួលជ័យជំនះនោះទេ»។

មនុស្សដែលជិតស្និតនឹងលោក Prabowo បាននិយាយថា «លោក Prabowo នៅមិនទាន់បានបង្កើតគណៈកម្មាធិការយុទ្ធនាការគណបក្ស ឬការត្រៀមរៀបចំផ្សេងៗទៀតសម្រាប់ឆ្នាំ ២០២៤ នៅឡើយទេ។ ហេតុដូច្នេះហើយ លោកអាចនឹងសម្រេចចិត្តមិនឈរឈ្មោះវិញ ប្រសិនបើលោកប្រឈមមុខនឹងលទ្ធភាពក្នុងការបរាជ័យជាលើកទី ៣»។

លោកស្រី Maharani ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តំណែងជាប្រធានាធិបតីនោះទេ ក៏ប៉ុន្តែលោកស្រីនៅមានមិត្តភក្តិជិតស្និទ្ធមួយចំនួន ដែលអាចជួយរក្សាសម្ព័ន្ធមិត្តនយោបាយខ្លះឱ្យស្ថិតនៅខាងលោកស្រី។

ជាមួយនឹងក្តីសង្ឃឹមក្នុងការអាចក្លាយជាប្រធានាធិបតី លោកស្រី Maharani និងប្រធានគណបក្ស Golkar ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច គឺលោក Airlangga Hartarto បានចាប់ផ្តើមចំណាយប្រាក់យ៉ាងច្រើនទៅលើផ្ទាំងផ្សព្វផ្សាយនៅតាមដងផ្លូវ ដើម្បីបង្កើនការគាំទ្រចំពោះពួកគេ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ សកម្មភាពទាំងនេះមិនទាន់បានផ្តល់នូវលទ្ធផលជាទីគាប់ចិត្តនៅឡើយទេ។

នៅក្នុងការស្ទង់មតិរបស់ «KedaiKOPI» លោកស្រី Puan Maharani បានទទួលចំណាត់ថ្នាក់ទី៥ ដែលនៅពីក្រោយអតីតរដ្ឋមន្ត្រីក្រសួងជលផល Susi Pudjiastuti, រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច Tri Rismaharini, អភិបាលខេត្ត «East Java» Khofifah Parawansa និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Sri Mulyani Indrawati ពាក់ព័ន្ធនឹងសំណួរអំពីបេក្ខភាពនារីដែលអាចត្រូវបានជ្រើសរើសឱ្យធ្វើជាប្រធានាធិបតី។

មន្ត្រីជាន់ខ្ពស់របស់គណបក្ស PDI-P ម្នាក់បាន និយាយថា «ប្រសិនបើមិនមានលោកស្រី Megawati ដែលកំពុងតែរក្សាការក្តាប់អំណាចបានយ៉ាងរឹងមាំនៅក្នុងគណបក្ស តាមរយៈកេរ្តិ៍ឈ្មោះរបស់ឪពុករបស់
លោកស្រីគឺលោកប្រធានាធិបតី Sukarno ទេនោះ លោក Pranowo នឹងទទួលបានការគាំទ្រភាគច្រើននៅក្នុងចំណោមសមាជិករបស់គណបក្សកាន់អំណាច»។

សញ្ញានៃការបែកបាក់កាន់តែខ្លាំងបានកើតមាននៅក្នុង ចំណោមមន្ត្រីជើងចាស់របស់គណបក្ស PDI-P និងសមាជិកវ័យក្មេងជុំវិញបញ្ហារបស់លោក Pranowo ដែលអាច នឹងបង្កភាពតានតឹងបន្ថែមទៀតនៅពេលខាងមុខ។

គ្រប់គ្នាបានដឹងតិចតួចប៉ុណ្ណោះអំពីមហិច្ឆតារបស់លោក Pranowo ដោយក្នុង នោះលោកធ្លាប់បាន ប្រាប់មិត្តភក្តិរបស់លោកថា «លោកនឹងមិនឈរឈ្មោះទេ ប្រសិនបើលោកមិនត្រូវបានជ្រើសរើសជាបេក្ខជនរបស់គណបក្ស PDI-P»។

ក៏ប៉ុន្តែអ្នកវិភាគបាន និយាយថា «លោកអាចនឹងផ្លាស់ប្តូរគំនិត នេះ ប្រសិនបើលោក ទទួលបានការគាំទ្រពី លោក Widodo»។

អ្នកយុទ្ធសាស្ត្រ នយោបាយម្នាក់បានលើកឡើងថា «លោក Jokowi អាចនឹងកំពុងតែព្យាយាមស្វែងរកនរណាម្នាក់ដែលអាច បន្តកេរ្តិ៍ដំណែលរបស់លោកបាន។ លោកអាចនឹងមិនមានលទ្ធភាពក្នុងការគ្រប់គ្រងលើយន្តការរបស់គណបក្ស PDI-P ទេ ក៏ប៉ុន្តែលោកអាចមាន សមត្ថភាពជះឥទ្ធិពល លើភាគីផ្សេងទៀតឱ្យផ្តល់ការគាំទ្រដល់លោក Ganjar Pranowo»។

អតីតរដ្ឋមន្ត្រីម្នាក់ បាននិយាយថា «ប្រសិនបើលោក Pranowo ទទួលរងនូវភាពអាម៉ាស់ឆ្អែតឆ្អន់ជាមួយនឹងថ្នាក់ដឹកនាំគណបក្ស PDI-P លោកអាចនឹងធ្វើការសម្រេចចិត្តចាកចេញពីគណបក្ស ដែលលោកបានចូល រួមយ៉ាងសកម្មតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០»។

ដោយមានលោក Widodo នៅពីក្រោយចាំគាំទ្រ លោក Pranowo ទំនងជានឹងអាចទាញបានការគាំទ្រពីសំណាក់គណបក្សជាច្រើនដែលរួមមានទាំងគណបក្ស «National Awakening Party»(PKB) ដែល ជាស្លាបនយោបាយរបស់អង្គការមូស្លីម Nahdlatul Ulama (UN) ដ៏ធំដែលទទួល បានការគាំទ្រយ៉ាងខ្លាំងនៅក្នុងខេត្ត Central Java និង East Java»។

ភរិយារបស់លោក Pranowo គឺលោក ស្រី Siti Atiqoh Supriyanti គឺជាចៅស្រីរបស់មេដឹកនាំអង្គការ NU ដ៏មានឥទ្ធិពលម្នាក់ ហើយក៏ជាស្ថាបនិកនៃសាលា បណ្ដុះបណ្ដាលអ៊ីស្លាម នៅក្នុងតំបន់ Purbalingga នៅភាគខាងលិចនៃខេត្ត Central Java ផងដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ «ក្រុមប្រឹក្សាកណ្តាល របស់អង្គការ NU មាន រួមបញ្ចូលទាំងសមាជិករបស់គណបក្ស PDI-P, គណបក្ស Golkar និងគណបក្សUnited Development Party (PPP) ដែល នេះអាចជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយដើម្បីពង្រីកមូលដ្ឋាននៃការគាំទ្រផ្នែកនយោបាយរបស់អង្គការនេះ»៕ Asia Times

អត្ថបទទាក់ទង