របៀបដែលកិច្ចព្រមព្រៀងថ្មីមួយរវាងវៀតណាមនិងឥណ្ឌូនេស៊ី នឹងធ្វើអោយប៉ះពាល់ដល់ជម្លោះនៅសមុទ្រចិនខាងត្បូង
កិច្ចព្រមព្រៀងមួយនាពេលថ្មីៗនេះ រវាងឥណ្ឌូនេស៊ីនិងវៀតណាម ស្ដីអំពីព្រំដែនសមុទ្រនៅសមុទ្រចិនខាងត្បូង ទំនងជានឹងមានភាពរលូន ជុំវិញទំនាក់ទំនងដែលមានភាពតានតឹងម្តងម្កាលរវាងប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងពីរនេះ។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃ ទី ២២ ខែធ្នូ បន្ទាប់ពីការចរចារអស់រយៈពេល ១២ ឆ្នាំ និងបន្ទាប់ពីរយៈពេល ១៩ ឆ្នាំដែលប្រទេសទាំងពីរ បានអនុម័តការកំណត់ព្រំដែននៃតំបន់ទឹករាក់ជាមួយគ្នា។
សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងនិងការកំណត់ព្រំដែនទឹករាក់នេះ នៅតែមិនទាន់បានបង្ហាញឱ្យដឹងនៅឡើយ។ ក្រសួងការពារជាតិវៀតណាមនិងឥណ្ឌូណេស៊ីមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបាននៅឡើយទេ។
លោក Bich Tran ដែលជាអ្នកនិពន្ធនៅសារព័ត៌មាន Fulcrum របស់វិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរី បាននិយាយថា «ជាក់ស្តែងការកំណត់ដោយជោគជ័យនូវព្រំដែនរវាងឥណ្ឌូណេស៊ី-វៀតណាម [តំបន់សេដ្ឋកិច្ចផ្តាច់មុខ – EEZ] នឹងជួយឱ្យប្រទេសទាំងពីរអាចដោះស្រាយបាននូវបញ្ហានៃការនេសាទខុសច្បាប់, ការនេសាទដែលគ្មានការរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) ដែលជាបញ្ហាទ្វេភាគីដ៏ធ្ងន់ធ្ងរ និងជាបញ្ហាដ៏ទូលំទូលាយដែលពាក់ព័ន្ធទៅនឹងប្រទេសភាគីទី៣ ដូចជា ចិន និងថៃ ជាដើម»។
លោកបានសរសេរថា កិច្ចព្រមព្រៀងនេះក៏បានផ្តល់នូវក្តីសង្ឃឹមក្នុងការពង្រឹងការប្តេជ្ញាចិត្តរបស់តំបន់ ចំពោះបទដ្ឋាននិងគោលការណ៍នៃដែនសមុទ្រអន្តរជាតិ ដូចដែលបានចែងនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដោយអនុញ្ញាតឱ្យប្រទេសទាំងពីរអាច «អះអាងពីសិទ្ធិលើដែនសមុទ្រអន្តរជាតិរៀងៗខ្លួន និងអាចទាញយកផលប្រយោជន៍ពីដែនសមុទ្ររបស់ពួកគេ»។
យោងតាមច្បាប់អន្តរជាតិ តំបន់សេដ្ឋកិច្ចផ្តាច់មុខរួមមាន ដែនទឹកដែលលាតសន្ធឹងរហូតដល់ ២០០ ម៉ាយពីឆ្នេរសមុទ្ររបស់ប្រទេសដែលប្រទេសនោះមានសិទ្ធិផ្តាច់មុខក្នុងការរុករកនិងទាញយកធនធានធម្មជាតិនៅផ្ទៃក្នុងដែនទឹកនោះ។
កិច្ចព្រមព្រៀងថ្មីនេះកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចកម្រិតខ្ពស់របស់មេដឹកនាំជាន់ខ្ពស់ឥណ្ឌូនេស៊ីនិងវៀតណាមទៅកាន់ប្រទេសគ្នាទៅវិញទៅមកកាលពីឆ្នាំមុន ដោយក្នុងនោះ លោករដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី Prabowo Subianto បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅរដ្ឋធានីហាណូយរបស់វៀតណាម កាលពីខែឧសភា ដើម្បីជួបសមភាគីរបស់លោក គឺឧត្តមសេនីយ៍ Phan Văn Giang។
នៅក្នុងដំណើរទស្សនកិច្ចនោះ ប្រទេសទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារសន្តិសុខនិងការពារជាតិរៀងៗខ្លួន ដែលរួមមានទាំងការបង្កើនទំនាក់ទំនងទ្វេភាគី, ការបណ្តុះបណ្តាល និងការពិគ្រោះយោបល់។
ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើតបវិញដោយដំណើរទស្សនកិច្ចនៅខែធ្នូនៅឥណ្ឌូនេស៊ី ពីសំណាក់អតីតប្រធានាធិបតីវៀតណាម Nguyen Xuan Phuc ដែលបានទៅចូលរួមកិច្ចប្រជុំកំពូលជាមួយសមភាគីឥណ្ឌូនេស៊ី Joko Widodo នៅទីក្រុង Bogor។ វាជាកិច្ចប្រជុំដែលប្រទេសទាំងពីរបានឯកភាពគ្នាលើការកំណត់ព្រំដែនរវាងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេរៀងៗខ្លួន។
វិវាទអធិបតេយ្យបានក្លាយជារឿងធម្មតាទៅហើយនៅសមុទ្រចិនខាងត្បូងដែលនៅក្បែរនោះ ដែលវៀតណាមនិងឥណ្ឌូនេស៊ីក៏ស្ថិតក្នុងចំណោមប្រទេសក្នុងតំបន់យ៉ាងតិច៥ ផ្សេងទៀតដែលបានអះអាងអំពីអធិបតេយ្យភាពរបស់ពួកគេលើសមុទ្រមួយនេះផងដែរ។
កិច្ចព្រមព្រៀងចុងក្រោយនេះបានដោះស្រាយនូវជម្លោះដ៏យូរអង្វែងលើការទាមទារតំបន់ EEZ ត្រួតស៊ីគ្នារបស់ឥណ្ឌូនេស៊ីនិងវៀតណាម ដែលបានបង្កឱ្យមានការចាប់ខ្លួន និងការប៉ះទង្គិចគ្នារវាងអ្នកនេសាទ និងភ្នាក់ងារឆ្មាំសមុទ្រនៃប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះឥណ្ឌូណេស៊ីទំនងជានឹងបញ្ចេញសំឡេងប្រឆាំងខ្លាំងជាងមុន ក្នុងការប្រឆាំងនឹងការអះអាងរបស់ចិននៅក្នុងតំបន់នេះ។
ជារឿយៗ ឥណ្ឌូណេស៊ីបាននិយាយថាខ្លួនមិនមែនជាភាគីនៃជម្លោះនៅសមុទ្រចិនខាងត្បូងនោះទេ បើទោះបីជាខ្សែបន្ទាត់ ៩ ចំណុចរបស់ចិនបានអះអាងអំពីកម្មសិទ្ធិលើដែនទឹកក្នុងតំបន់ត្រួតស៊ីគ្នាជាមួយតំបន់ EEZ ដែលឥណ្ឌូនេស៊ីបានទាមទារនៅភាគខាងជើងនិងខាងកើតនៃប្រជុំកោះ Natuna ក៏ដោយ។
ចិនបានផ្ញើសារជាច្រើនតាមផ្លូវការទូតនៅឆ្នាំ ២០២១ ទាមទារឱ្យប្រទេសឥណ្ឌូនេស៊ីបញ្ឈប់ការខួងយកប្រេង និងឧស្ម័ននៅក្នុងដែនទឹកត្រួតស៊ីគ្នា នេះបើយោងតាមរបាយការណ៍របស់ Reuters។ ចិនក៏បានបញ្ជូននាវាឆ្មាំឆ្នេរសមុទ្រ និងនាវាអង្កេតធារាសាស្ត្រដើម្បីតាមដានសកម្មភាពខួងទាំងនោះទៀតផង។
រដ្ឋាភិបាលឥណ្ឌូនេស៊ីមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ បើទោះបីជាខ្លួនធ្លាប់បាននិយាយថា ខ្លួនមិនទទួលស្គាល់ការទាមទារតាមខ្សែបន្ទាត់ទាំង ៩ ចំណុចរបស់ចិនក៏ដោយ។
កត្តានេះគឺស្របទៅនឹងទំនោររបស់ឥណ្ឌូណេស៊ីក្នុងការដោះស្រាយជម្លោះជាមួយចិន។ ប្រទេសដែនកោះមួយនេះបានពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្មជាមួយចិន ហើយចិនក៏ជាប្រភពវិនិយោគបរទេសដ៏ធំបំផុតរបស់ទីក្រុងហ្សាការតាផងដែរ។ បើយោងតាមអង្គភាពគយរបស់ប្រទេសចិន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំ ៧៨,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០។
លោក Collin Koh អ្នកស្រាវជ្រាវជំនាញផ្នែកសន្តិសុខដែនសមុទ្រ និងកិច្ចការកងទ័ពជើងទឹក នៅសាលា S. Rajaratnam School of International Studies ក្នុងប្រទេសសិង្ហបុរី បានប្រាប់សារព័ត៌មាន Defense News ថា ឥណ្ឌូនេស៊ីបានប្រើប្រាស់យន្តការជាច្រើនដើម្បីរុញច្រានត្រឡប់ទៅវិញប្រឆាំងនឹងចិន។ ប៉ុន្តែលោកមិននឹកស្មានដល់ថាឥណ្ឌូណេស៊ីប្រើប្រាស់ «វិធានការខ្លាំងជាងមុនជាមួយនឹងកងកម្លាំងដែនសមុទ្ររបស់ខ្លួនប្រឆាំងនឹងការបំពានរបស់ចិនក្នុងតំបន់ពាក់ព័ន្ធក្នុងសមុទ្រ Natuna ខាងជើង» នោះទេ។
ផ្ទុយទៅវិញ លោកបានព្យាករណ៍ថា ទីក្រុងហ្សាកាតានឹងបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតរបស់ខ្លួនឡើងវិញតាមរយៈអាស៊ាន ឬជាមួយរដ្ឋជាសមាជិកដែលមានចិត្តគំនិតដូចគ្នា និងថែមទាំង «បន្តអនុវត្តគម្រោងទាញយកថាមពលនៅឯនាយ សមុទ្រនៅសមុទ្រ Natuna ខាងជើង» ទៀតផង៕
Defense News