ខ្មែរប៉ុស្ដិ៍ Close

DW ៖ អ្វីដែលគេត្រូវរំពឹងពីទំនាក់ទំនងរវាងអឺរ៉ុប និងអាស៊ាននៅឆ្នាំ ២០២២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 69
DW ៖ អ្វីដែលគេត្រូវរំពឹងពីទំនាក់ទំនងរវាងអឺរ៉ុប និងអាស៊ាននៅឆ្នាំ ២០២២ DW ៖ អ្វីដែលគេត្រូវរំពឹងពីទំនាក់ទំនងរវាងអឺរ៉ុប និងអាស៊ាននៅឆ្នាំ ២០២២

ការសាកល្បងមួយក្នុងចំណោមការសាកល្បងជាច្រើនរបស់សហភាពអឺរ៉ុប សម្រាប់ឆ្នាំ ២០២២ នេះ គឺការបញ្ចុះបញ្ចូលប្រទេសអាស៊ីអាគ្នេយ៍ថា «ខ្លួនអាចក្លាយជាដៃគូដ៏ល្អប្រសើរជាងមុន បន្ថែមពីលើការធ្វើជាអ្នកផ្តល់ហិរញ្ញប្បទានដល់គម្រោងនានារបស់អាស៊ាន»។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell បានលើកឡើងនូវការកត់សម្គាល់ជាវិជ្ជមានអំពីទំនាក់ទំនងរវាងប្លុក EU ជាមួយនឹងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដោយលោកបាននិយាយថា «យើងបានសង្កត់ធ្ងន់លើការធ្វើពិពិធកម្មភាពជាដៃគូរបស់យើងនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ទីក្រុងហ្សាកាតាកាលពីខែមិថុនា នឹងពង្រឹងការចូលរួមរបស់យើងជាមួយអាស៊ាន»។

លោកស្រី Lay Hwee Yeoដែលជា នាយកមជ្ឈមណ្ឌលសហភាពអឺរ៉ុប (European Union Center) នៅក្នុងប្រទេសសិង្ហបុរីបាន និយាយថា «នៅពេលឥឡូវនេះ តំបន់អាស៊ីអាគ្នេយ៍បានក្លាយជាតំបន់ដ៏សំខាន់មួយ ខណៈដែលសហភាពអឺរ៉ុបកំពុងព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងកិច្ចការពិភពលោក ហើយឆ្នាំ២០២១ គឺជាឆ្នាំដ៏ល្អសម្រាប់ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអាស៊ាន»។

ដំណឹងដ៏ធំមួយសម្រាប់ឆ្នាំ២០២០ គឺ «សហភាពអឺរ៉ុបបានក្លាយជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ាន បន្ទាប់ពីមានការបញ្ចុះ បញ្ចូលអស់រយៈពេលជាច្រើនឆ្នាំ»។ នៅឆ្នាំ ២០២១ សន្ទុះជាវិជ្ជមាននេះបានបន្តទៅមុខ ជាមួយនឹងការចុះកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសដ៏ទូលំទូលាយរវាងសហភាពអឺរ៉ុបនិងអាស៊ាន ដែលនេះគឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងប្លុកមួយទៅកាន់ប្លុកមួយទៀតជាលើក ដំបូងបង្អស់របស់ពិភពលោក។

លោកស្រី Yeo បាននិយាយថា «នេះគឺជាសញ្ញាមួយដែលបញ្ជាក់ថា ភាគីទាំងពីរ មានបំណងរក្សាសេដ្ឋកិច្ចរបស់ពួកគេឱ្យនៅបើកចំហ និងមានបំណងចង់ពង្រឹងរបៀបវារៈស្តីពីការតភ្ជាប់»។ សហភាពអឺរ៉ុបក៏ជាម្ចាស់ជំនួយដ៏សំខាន់របស់តំបន់អាស៊ីអាគ្នេយ៍ផងដែរដែលកាលពីឆ្នាំមុន ដោយបានផ្តល់នូវវ៉ាក់សាំងកូវីដ-១៩ ដល់បណ្តាប្រទេសជាច្រើននៅក្នុងតំបន់ ដែលភាគច្រើនត្រូវបានធ្វើឡើងតាមរយៈយន្តការ COVAX ។

លោកស្រី Yeo បានបន្តទៀតថា «នៅពេលបន្ទាប់ EU និងអាស៊ានអាចចាប់ផ្តើមការចរចារលើកិច្ចព្រមព្រៀងឌីជីថលដ៏ទូលំទូលាយ នៅឆ្នាំនេះ។ កាលពីខែមករាឆ្នាំមុន អាស៊ានបានចេញផ្សាយអំពីផែនការមេឌីជីថលឆ្នាំ ២០២៥ ប្រកបដោយមហិច្ឆតារបស់ខ្លួន ហើយសហភាពអឺរ៉ុប ក៏បានផ្តល់អាទិភាពសំខាន់ដល់ការតភ្ជាប់ អភិបាលកិច្ចឌីជីថល និងភាពជាដៃគូ នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនផងដែរ»។

វឌ្ឍនភាពបន្ថែមទៀតអាចនឹងកើតមានពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមស្តីពីទីក្រុងឆ្លាតវៃបៃតងរបស់អាស៊ាន (ASEAN Smart Green Cities initiative) និងប្រព័ន្ធគ្រប់គ្រងទំនិញឆ្លងកាត់គយរបស់អាស៊ាន (ASEAN Customs Transit System) ដែលសុទ្ធតែទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។

កាលពីខែវិច្ឆិកាឆ្នាំមុន ក្រុម «Green Team Europe» ដែលជាវេទិការបស់រដ្ឋជាសមាជិក និងធនាគារវិនិយោគអឺរ៉ុប បានផ្តល់ជំនួយបឋមចំនួន ៣០ លានអឺរ៉ូ ដើម្បីជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង EU និងអាស៊ានពាក់ព័ន្ធនឹងសកម្មភាពដែលទាក់ទងនឹងបញ្ហាអាកាសធាតុ។

លោក Lukas Gajdos ដែលជាអនុប្រធានគណៈប្រតិភូ EU ប្រចាំអាស៊ានបាននិយាយថា «នៅពេលដែល EU បន្តអនុវត្តក្របខណ្ឌនៃការស្តារឡើង វិញដ៏ទូលំទូលាយ (Comprehensive Recovery Framework) រវាងសហភាពអឺរ៉ុបនិងអាស៊ាន វានឹងពង្រឹងភាពធន់នៃប្រព័ន្ធសុខភាពសាធារណៈរបស់យើង បូករួមនឹងការពង្រឹងការកសាងឡើងវិញដែលផ្តោតជាចម្បងទៅលើការការពារបរិស្ថាន ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព»។

លោក Alfred Gerstl ដែលជាអ្នកជំនាញផ្នែកទំនាក់ ទំនងអន្តរជាតិនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនៅ សកលវិទ្យាល័យ Vienna បាននិយាយថា «ការចាប់អារម្មណ៍ជាពិសេសសម្រាប់ឆ្នាំ ២០២២ នេះនឹងផ្តោតលើរបៀបអនុវត្តគំនិតផ្តួចផ្តើមច្រកផ្លូវសកល (Global Gateway Initiative) របស់សហភាពអឺរ៉ុបដែលជាគម្រោងវិនិយោគ ដែលមានតម្លៃ ៣០០ ពាន់លានអឺរ៉ូដែល បានចាប់ផ្តើមកាលពីខែធ្នូកន្លងទៅ»។

តំបន់អាស៊ីអាគ្នេយ៍ត្រូវបានចាត់ទុកជាតំបន់ដ៏សំខាន់សម្រាប់ផែនការវិនិយោគនេះ ខណៈដែលមនុស្សមួយចំនួនបានអះអាងថា «ផែនការវិនិយោគនេះត្រូវបានបង្កើតឡើង ដើម្បីប្រឆាំងនឹងគម្រោងវិនិយោគខ្សែក្រវ៉ាត់និងផ្លូវ (BRI) ដ៏ធំរបស់ចិន»។

លោក Gerstl បានឱ្យដឹងថា «បណ្តាប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើន បានចាប់ផ្តើមបង្កើនការរិះគន់កាន់តែខ្លាំងឡើងលើគម្រោង BRI ហើយប្រទេសវៀតណាម, ឥណ្ឌូណេស៊ី និងហ្វីលីពីន ប្រាកដជានឹងស្វាគមន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពរបស់សហភាពអឺរ៉ុប។ ប៉ុន្តែ ការកំណត់ស្តង់ដារនិងបទដ្ឋានខ្ពស់របស់អឺរ៉ុបអាចនឹងធ្វើឱ្យរដ្ឋាភិបាលមួយចំនួនបដិសេធមិនចូលរួម»។

ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ផែនការមួយចំនួនបានជាប់គាំងដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EU និងអាស៊ាន ក៏ប៉ុន្តែនៅពេលនេះ សិង្ហបុរី និង វៀតណាមបាន បានសម្រេចចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជា មួយ EU ហើយការចរចាក៏បាននិងកំពុងបន្តទៅមុខផងដែរជា មួយបណ្តារដ្ឋអាស៊ានផ្សេងទៀត ជាពិសេសជាមួយឥណ្ឌូណេស៊ី។

កាលពីឆ្នាំមុន ប្រទេសថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន បានបង្ហាញអំពីបំណងចង់បន្តកិច្ចចរចារផ្នែកពាណិជ្ជកម្ម ហើយការបន្តការចរចានេះទំនងជាអាច នឹងចាប់ផ្តើមនៅឆ្នាំ ២០២២។ នៅថ្ងៃទី ១ ខែមករា កិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលជា គម្រោងពាណិជ្ជកម្មដែលដឹកនាំដោយអាស៊ាន និងដែលមាន ការចូលរួមពីសំណាក់ ប្រទេសអាស៊ីភាគច្រើន បានចូលជាធរមាន និងបានក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។

លោកស្រី Shada Islam ដែលជាអ្នកវិភាគនិងជាអ្នកអត្ថាធិប្បាយឯករាជ្យរបស់សហភាពអឺរ៉ុប បាននិយាយថា «ដោយសារការចូលជាធរមាននូវកិច្ចព្រមព្រៀង RCEP នៅពេលឥឡូវនេះ ការយល់ឃើញបានផ្តោតទាំងស្រុងទៅ លើបញ្ហាថា តើ EU និងអាស៊ាន នឹងអាចបើកឱ្យមានការចរចាឡើងវិញយ៉ាងរហ័សអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរបស់ពួកគេដែរឬទេ»។

ទោះជាយ៉ាងណាក៏ដោយ ការលំបាកជាច្រើននៅតែមាន។ លោក David Camroux ដែលជាអ្នកជំនាញផ្នែកកិច្ចការអាស៊ីអាគ្នេយ៍នៅវិទ្យាស្ថាន «Sciences Po» បានកត់សម្គាល់ថា «វិបត្តិនៅមីយ៉ាន់ម៉ា នឹងនៅតែជាប្រភពនៃភាពតានតឹងនៅក្នុងឆ្នាំ 2022 នេះ ជាពិសេស ប្រសិនបើរបបយោធា នៅតែបន្តប្រព្រឹត្តិអំពើហិង្សាលើជនស៊ីវិល»។

រហូតមកដល់ពេលនេះ សហភាពអឺរ៉ុបបានផ្តល់ការគាំទ្រជាសាធារណៈដល់អាស៊ាន ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលវិបត្តិនេះ។ ប៉ុន្តែទីក្រុងប្រ៊ុចសែលបាននិងកំពុងជាប់គាំងនៅក្នុងបញ្ហាមួយ។

ប្រសិនបើសហភាពអឺរ៉ុបនៅតែបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដ៏បរាជ័យរបស់អាស៊ាន នោះវិបត្តិនៅ មីយ៉ាន់ម៉ាអាចនឹងបន្តអូសបន្លាយពេលកាន់តែយូរ ហើយប្រសិន បើសហភាពអឺរ៉ុបដាក់ទណ្ឌកម្មបន្ថែម ទៀត ឬចាត់វិធានការខ្លាំងក្លាជាងនេះ វាអាច នឹងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងជាមួយអាស៊ាន។

បញ្ហាប្រឈមផ្សេងទៀត ក៏អាចនឹងបន្តកើតមានផងដែរ នៅឆ្នាំ ២០២២ នេះ បូករួមទាំងវិធានការរបស់សហភាពអឺរ៉ុបក្នុងការហាមឃាត់ការនាំចូលប្រេងដូង របស់ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ហើយកាលពីឆ្នាំមុន ប្រទេសម៉ាឡេស៊ីក៏បាននាំបញ្ហាជម្លោះនេះទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ។

ប្រភពនៃជម្លោះមួយទៀតគឺជាស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅពេលដែលសេរីភាពផ្នែកនយោបាយបានរងនូវការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ (បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការ Freedom House)។

ប្រធានអាស៊ាននៅឆ្នាំនេះគឺកម្ពុជា ដែលជាប្រទេសមួយ ដែលលទ្ធិប្រជាធិបតេយ្យបានរងនូវការធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០១៧ ហើយសហភាពអឺរ៉ុបថែម ទាំងបានដកផ្នែកខ្លះនៃសិទ្ធិពាណិជ្ជកម្មរបស់កម្ពុជានៅឆ្នាំ ២០២០ ដោយសារការចុះខ្សោយនៃសេរីភាពនៅកម្ពុជា។

ប៉ុន្តែ លោកស្រី Islam បាននិយាយថា «បញ្ហានេះទំនងជានឹងមិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្លុកទាំងពីរ ខ្លាំងពេកនោះទេ។ អ្នកបង្កើតគោលនយោបាយ នឹងព្យាយាមលុបបំបាត់ផ្នែកមួយចំនួនដែលបង្កឱ្យមានការ មិនចុះសម្រុងគ្នាដើម្បីអាចងាកមកផ្ដោតលើការស្វែងរកចំណុចរួម។ ទោះជាយ៉ាងណាក៏ដោយ វានៅតែជារឿងដ៏ស្មុគស្មាញ»។

ការចេញផ្សាយនាពេលខាងមុខស្តីពីការស្ទាបស្ទង់មតិក្នុង ចំណោមរដ្ឋអាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ ២០២២ ដែលជារបាយការណ៍ប្រចាំឆ្នាំស្តីពីមនោសញ្ចេតនាក្នុងតំបន់ ត្រូវបានគេរំពឹងថា «EU អាចនឹងត្រូវបានតំបន់ចាត់ទុកជាដៃគូ ដែលអាចទុកចិត្តបាន ហើយអាចត្រូវបានគេចាត់ទុកជារនាំងការពារដ៏សំខាន់ប្រឆាំងនឹងការប្រកួតប្រជែង ដ៏តានតឹងរវាងសហរដ្ឋអាមេរិក និងចិន»។

លោក Bart Gaens ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការអន្តរជាតិហ្វាំងឡង់ (Finnish Institute of International Affairs) បាននិយាយថា «សហភាពអឺរ៉ុបត្រូវបានគេចាត់ទុកជាដៃគូយុទ្ធសាស្រ្តដែលអាចទុកចិត្តបាន។ ក៏ប៉ុន្តែមិនមែនជាតួអង្គផ្នែកសន្តិសុខដ៏ម៉ឺងម៉ាត់ នៅក្នុងតំបន់អាស៊ីនោះទេ»។

ទោះជាយ៉ាងណាក៏ដោយ សហភាពអឺរ៉ុបបានបង្កើនការចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ជាតំបន់មួយ ដែលខ្លួនអាចពង្រឹងឥទ្ធិពលរបស់ខ្លួននៅលើពិភពលោក និងជាកន្លែងដែលឥទ្ធិពលរបស់អឺរ៉ុបបានទទួលនូវការស្វាគមន៍ ហើយភាពវិជ្ជមាននេះទំនងជានឹងបន្តទៅមុខទៀតនៅក្នុងឆ្នាំ ២០២២ នេះ។ DW

អត្ថបទទាក់ទង