សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទ ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី
នៅភូមិគ្រឹះផ្ទះតាខ្មៅ នាព្រឹកថ្ងៃអង្គារ៍ទី០៤ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី។
នៅក្នុងជំនួបតាមទូរស័ព្ទនោះ ឯកឧត្តម Joko Widodo បានគោរពជូនពរសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី ព្រមទាំងចៅៗទាំងអស់ក្នុងឱកាសឆ្នាំសកល២០២២។ ឯកឧត្តមក៏បានអបអរសាទរ និងគាំទ្រចំពោះសម្តេចតេជោដែលបានឡើងធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ។ ឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ីបានថ្លែង និងគូសបញ្ជាក់ថា ឯកឧត្តមនឹងគាំទ្រសម្ដេចតេជោ ធ្វើយ៉ាងណាអោយសម្ដេចតេជោទទួលបាននូវភាពជោគជ័យក្នុងការដឹកនាំអាស៊ាននៅឆ្នាំ ២០២២នេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Joko Widodo និងបានជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២២នេះផងដែរ។ លើសពីនេះទៅទៀត សម្ដេចតេជោរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានអបអរសាទរ និងសម្ដែងនូវការគាំទ្រចំពោះកម្ពុជាក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណសារជាថ្មី ចំពោះឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ីដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបកាលពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានសម្ដែងនូវការកោតសរសើរនូវភាពសកម្មរបស់ឥណ្ឌូណេស៊ីក្នុងការផ្ដួចផ្ដើមគំនិតជាច្រើនក្នុងការកសាងសហគមន៍អាស៊ានដែលថ្មីៗនេះមានដូចជា ៖
ទី១). ទស្សនៈអាស៊ានស្ដីពី ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាឯកសាររបស់អាស៊ានដើម្បីគ្រប់គ្រងទំនាក់ទំនងជាមួយដៃគូខាងក្រៅ និងរក្សាមជ្ឈភាពអាស៊ាន
ទី២). ការរៀបចំច្រកធ្វើដំណើរក្នុងតំបន់អាស៊ានឆ្លើយតបទៅនឹងការរឹតត្បិតដោយសារជំងឺកូវីដ-១៩ រាតត្បាត
ជាចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ ឯកឧត្តម Joko Widodo ចំពោះការជូនពរចំពោះការសំដែងនូវការគាំទ្រកម្ពុជាក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ៕