ខ្មែរប៉ុស្ដិ៍ Close

The Week ៖ ដំណើរ​ទស្សនកិច្ច​របស់លោក​ Shringla ទៅមីយ៉ាន់ម៉ា​ បានបង្ហាញ​ថា ឥណ្ឌា​នឹង​មិន​អនុញ្ញាត​ឱ្យ​ចិន​កេងយកប្រយោជន៍ពីការប្រើប្រាស់តំបន់​ភាគ​ឦសានឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 41
The Week ៖ ដំណើរ​ទស្សនកិច្ច​របស់លោក​ Shringla ទៅមីយ៉ាន់ម៉ា​ បានបង្ហាញ​ថា ឥណ្ឌា​នឹង​មិន​អនុញ្ញាត​ឱ្យ​ចិន​កេងយកប្រយោជន៍ពីការប្រើប្រាស់តំបន់​ភាគ​ឦសានឡើយ The Week ៖ ដំណើរ​ទស្សនកិច្ច​របស់លោក​ Shringla ទៅមីយ៉ាន់ម៉ា​ បានបង្ហាញ​ថា ឥណ្ឌា​នឹង​មិន​អនុញ្ញាត​ឱ្យ​ចិន​កេងយកប្រយោជន៍ពីការប្រើប្រាស់តំបន់​ភាគ​ឦសានឡើយ

វាគឺជា​ជំហាន​តូច​មួយ ក៏ប៉ុន្តែគឺ​ជា​សញ្ញា​ដ៏​ខ្លាំង​មួយដែល​បង្ហាញថា​ «ប្រទេសឥណ្ឌា​នៅ​តែ​ស្ថិត​នៅក្នុង​ការ​ប្រកួត​ប្រជែងនៅក្នុង​ប្រទេសមីយ៉ាន់ម៉ា»។ កាលពីថ្ងៃទី២២ ធ្នូ រដ្ឋមន្ត្រីការបរទេស លោក Harsh Vardhan Shringla បានធ្វើដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនៅ ទីក្រុង Naypyidaw និងទីក្រុង Yangon។ នេះគឺជាការចូលរួមកម្រិតខ្ពស់ជាលើកដំបូងរបស់ប្រទេសឥណ្ឌាជាមួយនឹងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីពេលកើតមានរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១។

នៅលើយន្តហោះរបស់លោក Shringla ក៏មានផ្ទុកវ៉ាក់សាំងកូវីដ-១៩ រាប់លានដូសផងដែរ ដែលនឹងផ្តល់ជាអំណោយបុណ្យណូអែលដល់ប្រទេសមីយ៉ាន់ម៉ា និងក៏ជាសារមួយផងដែរថា «ប្រទេសចិនមិនមែនជាមិត្តតែមួយគត់ដែលខ្លួនមាននោះទេ»។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រទេស​ឥណ្ឌា​ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​ជាអង្ករ និង​ស្រូវសាលី​ចំនួន ១០០០០ តោន ដល់ប្រទេសមីយ៉ាន់ម៉ាផងដែរ។

ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្ន ដោយក្នុងនោះ មួយផ្នែកវាមានលក្ខណៈជាការងារមនុស្សធម៌ និងមួយផ្នែកទៀត បានបង្ហាញពីការងាកឆ្ពោះទៅរករបបយោធា។ របបយោធាមីយ៉ាន់ម៉ាបានប្រគល់ជនបះបោរ ៥ នាក់ទៅឱ្យប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ ហើយនេះ​គឺជា​លើកទីមួយហើយ​ ដែល​មីយ៉ាន់ម៉ា​បាន​ជួយ​ឥណ្ឌា​ក្នុងការកម្ចាត់ក្រុមជន​បះបោរ​នៅ​ភាគ​ឦសាននៅ​ក្នុង​រយៈពេល ២ឆ្នាំ​កន្លង​មក​នេះ។

ដំណើរ​ទស្សនកិច្ច​របស់លោក Shringla ត្រូវបានផ្តោតជាចម្បងលើឧប្បត្តិហេតុសន្តិសុខ នៅភាគឦសាន, ប្រតិបត្តិការយោធារបស់មីយ៉ាន់ម៉ានៅរដ្ឋ Chin និងភាគខាងលិចប្រទេសមីយ៉ាន់ម៉ា, លំហូរជនភៀសខ្លួនចូលទៅក្នុងប្រទេសឥណ្ឌា និងការភ្ជាប់ទំនាក់ទំនងជាមួយកងកម្លាំង Tatmadaw។

លោក Gautam Mukhopadhaya ដែលជាអតីត​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ាបាន​និយាយ​ថា «វាមានឱកាសសម្រាប់ការពិគ្រោះយោបល់ដ៏ទូលំទូលាយ និងការគាំទ្រដល់ការស្ដារលទ្ធិប្រជាធិបតេយ្យ, តម្រូវការក្នុងការដោះស្រាយបញ្ហាមនុស្សធម៌ និងជាពិសេសការដោះស្រាយបញ្ហាកូវីដ-១៩ និងការរក្សាការអភិវឌ្ឍរយៈពេលវែង និងផលប្រយោជន៍ជាយុទ្ធសាស្ត្រ»។

ប្រទេសឥណ្ឌា​​ត្រូវ​ការ​យោធា​មីយ៉ាន់ម៉ា​ ដើម្បី​ដោះស្រាយ​វិបត្តិ​សន្តិសុខ​នៅ​ភាគ​ឦសាន និង​ដើម្បី​ដោះស្រាយ​បញ្ហាលំហូរចូលនៃ​ជនភៀសខ្លួន។ ដំណើរ​ទស្សនកិច្ច​របស់លោក Shringla បាន​កើត មាននៅពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង​ប្រទេស​មីយ៉ាន់ម៉ាក្នុង​គោល​បំណង​ធ្វើ​ឱ្យ​របប​យោធា​ធ្លាក់​ចុះឥទ្ធិពល។

ប៉ុន្តែ​ យុទ្ធសាស្ត្រ​នេះ​មិន​ទទួលបានជោគជ័យនោះទេ​រហូត​មក​ដល់​ពេល​នេះ​-លោក Harsh V. Pant ដែលជាប្រធានកម្មវិធីសិក្សាយុទ្ធសាស្ត្រនៅស្ថាប័ន «Observer Research Foundation» នៅទីក្រុង New Delhi បាននិយាយថា «កត្តាពាក់ព័ន្ធនឹងប្រទេសចិនមានសារៈសំខាន់ខ្លាំងណាស់ ហើយវាមិនគួរត្រូវបានមើលរំលងឡើយ ជាពិសេសដោយសារតែលោកខាងលិចបាននិងកំពុងផ្តោតលើបញ្ហានេះ»។

ឥណ្ឌា​មិន​មែន​ជា​ប្រទេស​តែ​មួយ​គត់​ ដែល​បាន​ងាកទៅរកប្រទេស​មីយ៉ាន់ម៉ានោះទេ ដោយក្នុងនោះ ប្រទេសចិនក៏បានផ្តល់សញ្ញាផងដែរថា «ខ្លួននៅតែមានដំណើរការដូចធម្មតា និងបានបញ្ជូនលោក Sun Guoxiang ដែលជាបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីឱ្យទៅបំពេញទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលនៅមីយ៉ាន់ម៉ាកាលពីខែសីហា»។

ជប៉ុន​ក៏​បាន​បោះជំហានទៅមុខផងដែរ «ហើយកម្ពុជាដែលនឹងចូលកាន់តំណែងជាប្រធានអាស៊ានក៏បានបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយរបបយោធាមីយ៉ាន់ម៉ាផងដែរ»។ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា «លោកបានមើលឃើញពីអត្ថប្រយោជន៍តិចតួចនៅក្នុងជំហរដ៏រឹងរូសដែលត្រូវបានអនុម័តដោយអាស៊ានកាលពីខែតុលា នៅពេលដែលអាស៊ានមិនបានអញ្ជើញឧត្តមសេនីយ៍ Min Aung Hlaing ឱ្យមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ»។

«លោកហ៊ុន សែន បានប្រកាសពីចេតនារបស់លោកក្នុងការទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានៅក្នុងសប្តាហ៍ទី១ នៃខែមករា ហើយលោកក៏បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបយោធា គឺលោក Wunna Maung Lwin កាលពីថ្ងៃទី ៧ ខែធ្នូកន្លងទៅនេះផងដែរ»។

លោក Pant បាន​និយាយ​ថា «ប្រទេសឥណ្ឌា​មិន​អាចងាកចេញពីមេដឹកនាំមីយ៉ាន់ម៉ា​ជា​រៀង​រហូតនោះទេ។ យើងបានដឹងអំពីរបៀបដែលចិនកំពុងបោះជំហានទៅមុខ និងរបៀបដែលប្រទេសចិនអាចប្រើប្រាស់ព្រំដែននៅភាគឦសានដើម្បីកេងយកផលប្រយោជន៍»។

លោកបានបន្តថា «បើទោះបីលទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ពិត​ជា​មាន​សារៈសំខាន់ក៏ដោយ ក៏វា​មិន​មែនជាបញ្ហាសំខាន់តែ​មួយ​គត់​នោះទេ។ យោធា​មីយ៉ាន់ម៉ា​នឹង​មិន​ចាកចេញ​ទៅ​ណា​​នៅក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ។ ហេតុដូច្នេះហើយ​ឥណ្ឌា​ត្រូវតែបង្កើនកម្រិត​នៃ​ការ​ចូលរួមរបស់ខ្លួននៅ​ទីនោះ»។

នេះមិនមែនជាលើកទី១ទេ ដែលឥណ្ឌាបានបង្កើនការចូលរួមផ្នែកយោធា ដើម្បីពង្រឹងគោលដៅយុទ្ធសាស្ត្រភូមិសាស្ត្ររបស់ខ្លួន ហើយ​របប​យោធា​មីយ៉ាន់ម៉ាក៏បានសម្តែងនូវការដឹងគុណចំពោះការចូលរួមនេះផងដែរ ដោយក្នុងនោះ លោក Min Aung Hlaing ផ្ទាល់បានទទួលជួបជាមួយលោក Shringla នៅ ទីក្រុង Yangon។

កន្លង​មក រដ្ឋមន្ត្រី​ការ​បរទេស​មិន​ដែល​ទទួល​បាន​ការ​គោរព​បែបនេះ​ទេ។ ឆន្ទៈ​របស់​របបយោធា​ក្នុង​ការ​ជួយ​ឥណ្ឌា​នៅក្នុង​បញ្ហា​ទាក់​ទង​នឹង​សន្តិសុខ ក៏បានបង្ហាញពីទំនាក់​ទំនងកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ ផងដែរ។

«សំណើររបស់លោក Shringla ដើម្បីជួបជាមួយលោកស្រី Aung San Suu Kyi ត្រូវបានបដិសេធ»។ ទោះជាយ៉ាង​ណា​ក៏ ដោយលោក Shringla បាន​ជួប​ជាមួយសមាជិក​សង្គម​ស៊ីវិល និង​គណបក្សនយោបាយដទៃទៀត បូករួម​ទាំង​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ហើយលោកក៏បានជួបជា មួយនឹងឯកអគ្គរដ្ឋទូត និងតំណាងអង្គការសហប្រជាជាតិដែល មានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ាផងដែរ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក Shringla បានប្តេជ្ញាក្នុងការដាក់ឱ្យអនុវត្តយ៉ាងឆាប់រហ័សនូវគំនិតផ្តួចផ្តើមស្តីពីការតភ្ជាប់ បូករួមទាំងគម្រោងដឹកជញ្ជូន Kaladan និងផ្លូវហាយវេត្រីភាគីរវាង ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ។

លោកក៏បានរំលឹកឡើងវិញផងដែរនូវការប្តេជ្ញាចិត្តរបស់ឥណ្ឌាក្នុងការបន្តគម្រោងនានាក្រោមកម្មវិធីអភិវឌ្ឍន៍រដ្ឋរ៉ាក់ឃីន (Rakhine State Development Programme) និងកម្មវិធីអភិវឌ្ឍន៍តំបន់ព្រំដែន (Border Area Development Programme)។

មីយ៉ាន់ម៉ាបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក Shringla ជា ការទទួលស្គាល់របបយោធា ដោយក្នុងនោះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា បានលើកឡើងថា «លោក Shringla និង Min Aung Hlaing បានចាត់ទុករដ្ឋាភិបាលបង្រួបបង្រួមជាតិ (National Unity Government) ជាក្រុមភេរវករ និងបានយល់ព្រមថា របបយោធាត្រូវបង្ខំចិត្តដណ្តើមអំណាច ដោយសារតែការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ ២០២០»។

លោក Mukhopadhaya បាននិយាយថា «គេបានរំពឹងទុកហើយថា របបយោធានឹងចាត់ទុក ដំណើរទស្សនកិច្ចរបស់លោក Shringla ជាការទទួលស្គាល់ចំពោះទស្សនៈដែលថា រដ្ឋប្រហារគឺជាការឆ្លើយតបទៅនឹងការប្រព្រឹត្តមិនត្រឹមត្រូវ នៅក្នុងការបោះឆ្នោត»។

លោកបានបន្ថែមថា «ដោយបានដឹងរឿងនេះជាមុន សេចក្តីថ្លែងការណ៍របស់ឥណ្ឌាបានផ្តោតខ្លាំងលើលទ្ធិប្រជាធិបតេយ្យ និងការពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធផ្សេងៗ ហើយសេចក្តីថ្លែងការណ៍របស់ឥណ្ឌាមិនអាចមានតម្លៃស្មើនឹងការទទួលស្គាល់របបមីយ៉ាន់ម៉ានោះទេ ដោយវាគ្រាន់តែជាការចូលរួមប្រកបដោយប្រសិទ្ធភាពលើបញ្ហាដ៏គួរឱ្យព្រួយបារម្ភមួយចំនួន ក្នុងនាមជាអ្នកជិតខាងដែលកំពុងរងនូវផលប៉ះពាល់»៕ The Week

អត្ថបទទាក់ទង