ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន​ សែន​ នឹង​អញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅដើមខែក្រោយនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 76
សម្ដេចតេជោ ហ៊ុន​ សែន​ នឹង​អញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅដើមខែក្រោយនេះ សម្ដេចតេជោ ហ៊ុន​ សែន​ នឹង​អញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅដើមខែក្រោយនេះ

នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យឯកឧត្ដម​ វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសសហភាពមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ​បាន​ប្រគល់លិខិតអញ្ជើញបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា របស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ា ជូនសម្ដេចតេជោ ហ៊ុន​ សែន​ ផងដែរ។

បន្ទាប់ពីជំនួប​ឯកឧត្ដម​ អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន បានទទួលយកការអញ្ជើញនេះ ហើយសម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅថ្ងៃទី០៧ និងទី០៨ ខែមករា ឆ្នាំ២០២២។

នៅក្នុងជំនួបដ៏មានសារៈសំខាន់នាព្រឹកមិញនេះដែរ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្ដម​ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានពិភាក្សាផ្តោតជាសំខាន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយក៏បានពិភាក្សាទៅលើបញ្ហារបស់អាស៊ាន។ បញ្ហាអាស៊ាន គឺពិភាក្សាលើការស្វែងរករកមធ្យោបាយធ្វើឱ្យអាស៊ាន មានកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពល្អឡើងវិញ។

សូមបញ្ជាក់ថា លោក វុន ម៉ោងលីន រដ្ឋមន្ត្រីការបរទេសរបស់មីយ៉ាន់ម៉ា បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី០៦ ខែធ្នូ។ ដំណើរទស្សនកិច្ចតបតាមការអញ្ជើញរបស់កម្ពុជា ក្នុងគោលដៅសំខាន់លើការរិះរកនូវដំណោះស្រាយពាក់ព័ន្ធនឹងអាស៊ាន។

ឆ្នាំ២០២២ គឺជាឆ្នាំដែលកម្ពុជា ត្រូវធ្វើជាម្ចាស់នៃកិច្ចប្រជុំរបស់អាស៊ាន។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានដាក់ចេញគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានឡើងវិញ ជាពិសេសចង់ឃើញសមាសភាពមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នៅក្នុងតំបន់មួយនេះ ខណៈកិច្ចប្រជុំរបស់អាស៊ាននៅឆ្នាំ២០២១ មិនមានវត្តមានរបស់មីយ៉ាន់ម៉ានោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង នាថ្ងៃទី០៦ ខែធ្នូ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺនឹងមានកិច្ចពិភាក្សាជាមួយមេដឹកនាំមីយ៉ាន់ម៉ា ដើម្បីស្វែងរកគន្លឹះឱ្យអាស៊ានមានសមាជិកគ្រប់ចំនួនក្នុងកិច្ចប្រជុំឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ានមិនគួរបែកបាក់ ព្រោះតែប្រទេសដទៃនោះឡើយ ដូច្នេះការពង្រឹងអាស៊ានឡើងវិញ ជាកិច្ចការដ៏ចាំបាច់នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង