ខ្មែរប៉ុស្ដិ៍ Close

SCMP ៖ ទីប្រឹក្សាយោធាចិនព្រមានថា ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងនឹងមិនអាចសម្រេចបានក្នុងឆ្នាំ ២០២២ តាមផែនការនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 50
SCMP ៖ ទីប្រឹក្សាយោធាចិនព្រមានថា ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងនឹងមិនអាចសម្រេចបានក្នុងឆ្នាំ ២០២២ តាមផែនការនោះទេ លោកស្រី Yao Yunzhu (ឆ្វេង) នៅឯសន្និសីទសន្តិសុខទីក្រុង Munich ឆ្នាំ២០១៩

ទីប្រឹក្សាយោធាចិន បានធ្វើការព្រមានថា «ក្រមប្រតិបត្តិចិន-អាស៊ាន នៅសមុទ្រចិនខាងត្បូងដែលជាតំបន់កំពុងតែមានជម្លោះទំនងជាមិនអាចធ្វើរួចរាល់នៅក្នុងឆ្នាំ២០២២ តាមអ្វីដែលបានគ្រោងទុកនោះទេ»។

លោកស្រី Yao Yunzhu ឧត្តមសេនីយចូលនិវត្តន៍របស់ប្រទេសចិនបានលើកឡើងអំពីមូលហេតុមួយចំនួន ដែលបង្កឱ្យមានការពន្យារពេលនេះដែលរួមមាន «ជម្លោះពាក់ព័ន្ធនឹងវិសាលភាពនៃក្រមប្រតិបត្តិដែលមិនទាន់បានដោះស្រាយ, ការប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លារវាងអាមេរិកនិងចិន និងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩»។

លោកស្រី Yao បានចង្អុលបង្ហាញនៅក្នុងទិនានុប្បវត្តិកិច្ចការពិភពលោក (World Affairs Journal) លេខចុងក្រោយបង្អស់ថា ប្រទេសចិននិងអាស៊ាននៅតែបន្តការខ្វែងគំនិតគ្នានៅលើបញ្ហាចម្រូងចម្រាសជាច្រើនដូចជាវិសាលភាពនៃភូមិសាស្ត្រ និងសកម្មភាពដែនសមុទ្រ, តួនាទីរបស់ប្រទេសជាមហាអំណាចដែលនៅក្រៅតំបន់ ក៏ដូចជា តើកិច្ចព្រមព្រៀងនេះគួរតែមានចំណងផ្លូវច្បាប់ដែរឬទេ។

លោកស្រីបាននិយាយថា «នៅពេលដែលការចរចាកាន់តែស៊ីជម្រៅ ការជជែកគ្នាក៍នឹងកាន់តែមានភាពតានតឹង ហើយការជ្រៀតជ្រែកពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសជាមហាអំណាចផ្សេងទៀតនឹងកាន់តែធ្វើឱ្យការពិភាក្សាកាន់តែពិបាកក្នុងការឈានដល់ការឯកភាពគ្នា»។

លោកស្រីបានបន្ថែម ទៀតថា «គេនៅមិនទាន់ដឹងនៅឡើយទេថា តើប្រទេសចិននិងអាស៊ាន នឹងអាចបញ្ចប់ការចរចារបស់ពួកគេនៅចុងឆ្នាំ២០២២ ទៅតាមអ្វីដែលបានគ្រោងទុកដែរឬអត់នោះទេ»។

ក្រមប្រតិបត្តិនេះមានគោលបំណងដើម្បីគ្រប់គ្រងភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកសំបូរទៅដោយធនធាន និងជាច្រកយុទ្ធសាស្ត្រដ៏សំខាន់ ហើយកំពុងត្រូវបានទាមទារដោយប្រទេសចិន និងបណ្តាប្រទេសមួយចំនួននៅអាស៊ាន។ ដំណើរការនៃការចរចាដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៧ មក បានជាប់គាំងក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះដោយសារតែវិបត្តិនៃជំងឺរាតត្បាត ។

ក្រោយចាប់ផ្តើមដំណើរការចរចារឡើងវិញនៅក្នុងខែមករា គឺនៅក្នុងខែសីហា ប្រទេសចិននិងអាស៊ានបានប្រកាសអំពីកិច្ចព្រមព្រៀងទៅលើបុព្វបទរបស់ក្រមប្រតិបត្តិនេះ ខណៈការពិភាក្សាទៅលើសេចក្តីព្រាងច្បាប់នេះនឹងត្រូវដំណើរការបន្ត តាមរយៈប្រព័ន្ធអនឡាញ ។

ទីក្រុងប៉េកាំងកំពុងជំរុញឱ្យមានការបញ្ចប់ក្រមប្រតិបត្តិនេះឱ្យបានឆាប់រហ័ស ព្រោះក្រមប្រតិបត្តិនេះនឹងអាចជួយគ្រប់គ្រងចំពោះស្ថានភាពតានតឹងនៅជុំវិញជម្លោះទឹកដីនៅក្នុងសមុទ្រចិនខាងត្បូង ខណៈក្រុមអ្នកប្រឆាំងកំពុងតែមានការព្រួយបារម្ភថា ប្រទេសចិនកំពុងធ្វើការរារាំងសហរដ្ឋអាមេរិកមិនឱ្យលូកដៃចូលក្នុងកិច្ចការនេះ។

ក្រោមការដឹកនាំរបស់ប្រធានាធិបតី ចូ បៃឌិន សហរដ្ឋអាមេរិកបានធ្វើការពង្រឹងជំហររបស់ខ្លួនចំពោះបញ្ហានៅសមុទ្រចិនខាងត្បូង ហើយក៏បានប្តេជ្ញាក្នុងការការពារ ប្រទេសហ្វីលីពីន ស្របតាមសន្ធិសញ្ញាឆ្នាំ១៩៥១ ផងដែរ។

ក្នុងអំឡុងដំណើរទស្សនកិច្ចមកកាន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំមុន មន្ត្រីជាន់ខ្ពស់របស់អាមេរិក រួមទាំងអនុប្រធានាធិបតីលោកស្រី Kamala Harris, ប្រមុខការពារជាតិលោក Lloyd Austin និងរដ្ឋមន្ត្រីការបរទេស
Antony Blinken បានសន្យានឹងផ្តល់ការការពារផ្នែកសន្តិសុខដល់ប្រទេសជាភាគីដែល បានធ្វើការទាមទារទឹកដីនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីប្រឆាំងនឹងការទាមទាររបស់ទីក្រុងប៉េកាំង។

សហរដ្ឋអាមេរិកនិងប្រទេសជាសម្ព័ន្ធមិត្តអឺរ៉ុបធំៗ បានបង្កើនការបញ្ជូននាវាចម្បាំងទៅក្នុងសមុទ្រចិនខាងត្បូង ហើយកាលពីខែកញ្ញា ទីក្រុងវ៉ាស៊ីនតោនក៏បានប្រកាសអំពីកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីថ្មី AUKUS ជាមួយចក្រភពអង់គ្លេស និងអូស្ត្រាលីផងដែរ។ ទីក្រុងប៉េកាំងបានធ្វើការថ្កោលទោសចំពោះកិច្ចព្រមព្រៀងនេះ និងបានចាត់ទុកកិច្ចព្រមព្រៀងនេះថាជាសកម្មភាពដែលដឹកនាំដោយអាមេរិកដើម្បីធ្វើការប្រឆាំងនឹងប្រទេសចិន។

លោកស្រី Yao បានលើកឡើងថា៖

«និយាយឱ្យខ្លី គោលនយោបាយសមុទ្រចិនខាងត្បូងរបស់រដ្ឋបាលលោក បៃឌិន បានផ្លាស់ប្តូរពីការបង្ករហេតុ ទៅជាការកសាងកម្លាំងរួមគ្នាក្នុងគោលបំណងដើម្បីពង្រឹងអំណាចយោធា នយោបាយ និងការទូតរបស់ខ្លួន ដើម្បីធ្វើការទប់ស្កាត់ ប្រទេសចិន»។

ការបន្តពង្រឹងវត្តមានយោធាពីសំណាក់ប្រទេសចិននិងអាមេរិក បានធ្វើឱ្យសមុទ្រចិនខាងត្បូងក្លាយជាចំណុចដ៏មានសក្តានុពលនៅក្នុងតំបន់។

កាលពីសប្តាហ៍មុន សារព័ត៌មាន People’s Daily របស់បក្សកុម្មុយនិស្តចិនបានរាយការណ៍ថា នាវា Shandong ដែលជានាវាផ្ទុកយន្តហោះផលិតក្នុងស្រុកដំបូងគេបង្អស់របស់ប្រទេសចិន បានចេញដំណើរទៅចូលរួមក្នុងការធ្វើសមយុទ្ធតម្រង់ទិស (combat-oriented exercises) នៅសមុទ្រចិនខាងត្បូង។

យោងតាមក្រុមស្រាវជ្រាវស្ថានភាពយុទ្ធសាស្ត្រនៅសមុទ្រចិនខាងត្បូង ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបានឱ្យដឹងថា អាមេរិកបានបញ្ចេញយន្តហោះស៊ើបការណ៍របស់ខ្លួន ដល់ទៅ ៩៤ គ្រឿង ឱ្យទៅហោះហើរពីលើសមុទ្រចិនខាងត្បូង ដែលចំនួននេះគឺជាការកើនឡើងដល់ ១/៤ ដង បើធៀបទៅនឹងបេសកកម្មដូចគ្នានេះកាលពីខែកុម្ភៈ។

លោក Zhou Bo ដែលជាវរសេនីយ៍ឯកជាន់ខ្ពស់ចូលនិវត្តន៍របស់ប្រទេសចិន និងជាអតីតនាយកការិយាល័យសហប្រតិបត្តិការយោធាអន្តរជាតិរបស់ទីក្រុងប៉េកាំងបាននិយាយថា ហានិភ័យនៃការប៉ះទង្គិចគ្នារវាងនាវាចម្បាំងចិននិងអាមេរិកនៅក្នុងសមុទ្រចិនខាងត្បូងកំពុងតែកើនឡើងក្នុងលក្ខណៈដ៏គ្រោះថ្នាក់មួយ។

លោក Zhou បានប្រាប់ទូរទស្សន៍រដ្ឋ CGTN កាលពីថ្ងៃអាទិត្យថា យន្តការដែលមានស្រាប់ ដែលរួមមានទាំងឯកសារដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៤ ស្តីអំពីច្បាប់នៃឥរិយាបថសម្រាប់ការជួបគ្នាតាមផ្លូវអាកាស និងដែនសមុទ្រ ប្រហែលជាមិនមានប្រសិទ្ធភាពក្នុងការដោះស្រាយនៅក្នុងស្ថានភាពជាក់ស្តែងនោះទេ ។

លោក Zhouបាននិយាយថា «តើភាគីទាំងពីរត្រូវធ្វើប្រតិបត្តិការតាមរបៀបវិជ្ជាជីវៈជាមួយគ្នាដោយរបៀបណា? ពួកគេត្រូវតែធ្វើសមយុទ្ធជាប្រចាំជាមួយគ្នា ដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នាដោយចៃដន្យនៅក្នុងដែនសមុទ្រ និងរក្សាឱ្យបាននូវគំលាតសុវត្ថិភាព»៕ South China Morning Post

អត្ថបទទាក់ទង