ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-កូរ៉េ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីជំរុញកំណើននៃការនាំចេញ និងជួយស្ដារឡើងវិញនូវកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឱ្យបានឆាប់រហ័ស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 51
កម្ពុជា-កូរ៉េ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីជំរុញកំណើននៃការនាំចេញ និងជួយស្ដារឡើងវិញនូវកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឱ្យបានឆាប់រហ័ស កម្ពុជា-កូរ៉េ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីជំរុញកំណើននៃការនាំចេញ និងជួយស្ដារឡើងវិញនូវកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឱ្យបានឆាប់រហ័ស

ដើម្បីបើកចំហពាណិជ្ជកម្មកាន់តែទូលំទូលាយបន្ថែមទៀតរវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីជំរុញកំណើននៃការនាំចេញ និងជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឱ្យបានឆាប់រហ័ស ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

សេចក្ដីប្រកាសបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវាង រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ដោយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ និងដោយមានការចូលរួមពីសំណាក់មន្ត្រីជានខ្ពស់ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មកពីស្ថាប័នសាធារណៈ និងវិស័យឯកជននៃប្រទេសទាំងពីរ។

សេចក្តីប្រកាសព័ត៌មានក៏បានលើកឡើងដែរថា អនុវត្តន៍តាមអាណត្តិផ្តល់ឱ្យដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរបានប្រកាសចាប់ផ្ដើម ការសិក្សារួម កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ ការសិក្សាបានបង្ហាញលទ្ធផលវិជ្ជមាន សម្រាប់ប្រទេសទាំងពីរដោយនឹងពង្រឹងភាពជាដៃគូ សេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែទូលំទូលាយ ដោយផ្តល់ប្រយោជន៍ឱ្យគ្នា ទៅវិញទៅមកសំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខុមាលភាពប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។

ទន្ទឹមនេះ កិច្ចព្រមព្រៀង CKFTA ត្រូវបានប្រកាសបើកការចរចាជាផ្លូវការនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងឆ្លងកាត់ការចរចាសរុបចំនួន ១២លើក មុននឹងឈានមកដល់ការចុះហត្ថលេខានាពេលនេះ។ នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ភាគីទាំងពីរ ក្នុងការជម្នះពុះពាររាល់ឧបសគ្គ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាក ដែលបង្កឡើងជំងឺកូដ-១៩ រហូតសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏មាន សារៈសំខាន់នេះ។

បើតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ មានចំនួន ១០ជំពូក មាន១៣១មាត្រា រួមទាំងបុព្វកថា និងឧបសម្ព័ន្ធចំនួន ៩ ដែល គ្របដណ្ដប់លើពាណិជ្ជកម្មទំនិញ ដែលក្នុងនោះរួមមានស្តង់ដារ បទប្បញ្ញត្តិ បច្ចេកទេស និងនីតិវិធីវាយតម្លៃភាព អនុលោមវិធានការអនាម័យ និងភូតគាមអនាម័យ និងគ្របដណ្តប់ផងដែរលើ ឧបាស្រ័យពាណិជ្ជកម្ម វិធានដើម កំណើតនីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះស្រាយវិវាទ អញ្ញត្រកម្ម ការរៀបចំស្ថាប័ន និងអវសាន ប្បញ្ញត្តិ។ លើសពីនេះទៀត កិច្ចព្រមព្រៀងនេះ នឹងជំរុញ កំណើននៃការនាំចេញកំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារឡើងវិញនូវសេដ្ឋកិច្ច របស់ប្រទេសទាំងពីរបានឆាប់រហ័ស ដែលទទួលរងផលប៉ះពាល់ជំងឺកូវីដ-១៩ ដោយនឹងពង្រីកបន្ថែមការធ្វើសេរីភាវូបនីយកម្មទីផ្សារ បន្ថែមពីលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

សម្រាប់កិច្ចព្រមព្រៀងនេះ នឹងជំរុញការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ បន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្ម ជាដើម។

សូមរម្លឹកផងដែរថា ការចរចាកិច្ចព្រមព្រៀង CKFTA ជាគំតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក MOON Jae-In ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩កន្លងទៅ សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀង CKFTA នេះ នឹងចូលជាធរមានក្នុងរយៈពេល ៦០ថ្ងៃ បន្ទាប់ពីភាគីទាំងពីរ ជូនដំណឹងទៅវិញទៅមកតាមផ្លូវការទូតអំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងនៃការផ្តល់សច្ចាប័ន៕

ប្រភព៖ AKP

អត្ថបទទាក់ទង