ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូននាយករដ្ឋមន្រ្តីឡាវ អំពីការផ្តល់អំណោយជូនរដ្ឋាភិបាលឡាវនូវវ៉ាក់សាំងកូវីដ-១៩ ចំនួន២០ម៉ឺនដូស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 67
សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូននាយករដ្ឋមន្រ្តីឡាវ អំពីការផ្តល់អំណោយជូនរដ្ឋាភិបាលឡាវនូវវ៉ាក់សាំងកូវីដ-១៩ ចំនួន២០ម៉ឺនដូស សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូននាយករដ្ឋមន្រ្តីឡាវ អំពីការផ្តល់អំណោយជូនរដ្ឋាភិបាលឡាវនូវវ៉ាក់សាំងកូវីដ-១៩ ចំនួន២០ម៉ឺនដូស

នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតជូនលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បញ្ជាក់អំពីការផ្តល់អំណោយជូនរដ្ឋាភិបាលឡាវនូវវ៉ាក់សាំងកូវីដ-១៩ (ប្រភេទស៊ីណូវ៉ាក់) ចំនួន២០ម៉ឺនដូស ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវកូវីដ-១៩។

នៅក្នុងលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នេះបានរៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំមានសេចក្តីរីករាយជាអតិបរិមា ដែលមានឱកាសបានជួបដោយផ្ទាល់ជាមួយឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងអំឡុងពេលចូលរួមកិច្ចពិគ្រោះយោបល់រវាងថ្នាក់ដឹកនាំគណបក្សរបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម កាលពីថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងហាណូយ។ ជំនួបដោយផ្ទាល់នេះ បានអនុញ្ញាតឱ្យយើងធ្វើការពិភាក្សា និងផ្លាស់ប្តូរគ្នាបានយ៉ាងស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ស្តីពីការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើង រួមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមរួម។

វាពិតជាគួរឱ្យក្រៀមក្រំណាស់ ដែលអស់ពេលជិតពីរឆ្នាំមកហើយ តែប្រទេសនានាជុំវិញពិភពលោកនៅតែត្រូវតស៊ូទប់ទល់នឹងការផ្ទុះឡើងវិញនៃជំងឺរកូវីដ-១៩ ដែលបានបន្តបង្កការលំបាកផ្នែកសេដ្ឋកិច្ច និងដាក់សម្ពាធបន្ថែមទៀតដល់សុខុមាលភាពរបស់ប្រជាជន។ ប្រទេសកម្ពុជា និងឡាវ ក៏មិនខុសពីប្រទេសដទៃទៀតដែរ ដោយមានការឆ្លងជំងឺកូវីត១៩បំលែងថ្មីយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍។

ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសបងប្អូនយើងទាំងពីរ រាជរដ្ឋាភិបាលកម្ពុជាសូមផ្តល់ជូនរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នូវអំណោយថ្នាំវ៉ាក់សាំង(ប្រភេទស៊ីណូវ៉ាក់)ចំនួន ២០០,០០០ដូស បន្ថែមទៀត ដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់ប្រទេសឯកឧត្តមក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏សាហាវនេះ។ អំណោយវ៉ាក់សាំងនេះនឹងត្រូវបញ្ជូនទៅដល់ច្រកទ្វារព្រំដែនត្រពាំងក្រៀល-ណុងណុកខៀន នៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២១។»

សូមជំរាបថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ប្រទេសឡាវ ក៏ទទួលបានអំណោយជាម៉ាស២លាន និងបរិក្ខារពេទ្យមួយចំនួនទៀត មានដូចជាម៉ាសក្រណាត់ចំនួន ២០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូផងដែរ។

ឡាវជាប្រទេសដំបូងគេ ដែលកម្ពុជា បានផ្តល់ម៉ាស់ និងគ្រឿងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។

កាលពីថ្ងៃដើមខែសីហា ឆ្នាំ២០២១នេះ កម្ពុជា ក៏បានផ្តល់ថវិកា ២០ម៉ឺនដុល្លារ ទៅប្រទេសមីយ៉ាន់ម៉ាផងដែរ។ ថវិកានេះបន្ថែមពីលើថវិកាតាមអាស៊ានចំនួន ១០ម៉ឺនដុល្លារ។

ក្រៅពីថវិកាកម្ពុជា ក៏បានឧបត្ថម្ភបរិក្ខារមួយចំនួនទៀត រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។

នៅខែកក្កដា ឆ្នាំ២០២១ កម្ពុជា ក៏បានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម។

កាលពីឆ្នាំ២០២០ សម្តេចតេជោ ក៏បានឧបត្ថម្ភម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងនេប៉ាល់ផងដែរ៕

អត្ថបទទាក់ទង