ក្រសួងសុខាភិបាលបានហាមមិនឱ្យគ្រួសារដែលមានសមាជិកកើតជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅផ្ទះធ្វើដំណើរចេញក្រៅនោះទេ
មន្រ្តីជាន់ខ្ពស់សុខាភិបាលបញ្ជាក់ថា ប្រសិនបើក្នុងគ្រួសារណាដែលមានសមាជិកកើតជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅផ្ទះគឺមិនអនុញ្ញាតឱ្យធ្វើដំណើរចេញក្រៅ នោះទេ ដើម្បីការពារការចម្លងរីករាលដាលកូវីដ-១៩ទៅអ្នកដទៃទៀត។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី យន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិត ស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការ សុវត្ថិភាពវ៉ាក់សាំង និងប្រាស្រ័យទាក់ទងហានិភ័យនៃការចាក់វ៉ាក់សាំង មានប្រសាសន៍ថា ដើម្បីដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះបាន ទាល់តែផ្ទះនោះត្រូវមានបន្ទប់ដាច់ដោយឡែក និងមានលក្ខណៈយ៉ាងត្រឹមត្រូវបំផុត មុននឹងដាក់អ្នកជំងឺព្យាបាលនៅតាមផ្ទះ ដោយអាជ្ញាធរមូលដ្ឋាន នឹងចុះទៅពិនិត្យទីតាំងជាមុនសិន។
លោកបន្តថា សម្រាប់សមាជិកគ្រួសារ ដែលមានពាក់ព័ន្ធជាមួយអ្នកផ្ទុកកូវីដ ត្រូវបានហាមឃាត់ក្នុងការចេញដំណើរទៅក្រៅ ប្រកបអាជីវកម្ម ឬទៅបំពេញកិច្ចការ ក្នុងរយៈពេលដាក់អ្នកជំងឺកូវីដព្យាបាល ដោយត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដើម្បីការពារការចម្លងការរីករាលដាលកូវីដ-១៩ ចូលក្នុងសហគនម៍ មូលដ្ឋាន។
«ប៉ុន្តែប្រសិនជាយើងត្រឡប់ទៅឱ្យគាត់អ្នកថែទាំ ឬក៏សមាជិកគ្រួសារដែលមានអ្នកវិជ្ជមាន ហើយយើងឱ្យគាត់ ចេញទៅធ្វើចរាចរណ៍នៅខាងក្រៅ វាជាហានិភ័យខ្ពស់ នៅក្នុងការឆ្លង ព្រោះនៅក្នុងសមាជិកគ្រួសារទំរាំតែគាត់បានធ្វើតេស្តដឹងថាគាត់វិជ្ជមាន គឺរយៈពេលមុនប៉ុន្មានថ្ងៃនោះ គឺគាត់បានរស់នៅជាមួយគ្នា ដូច្នេះគាត់ចង់ឬមិនចង់ក៏ត្រូវធ្វើចត្តាឡីស័ក ទោះបីបានដាក់សមាជិកព្យាបាលនៅក្នុងផ្ទះក៏ដោយ ឬសមាជិកត្រូវបានយកទៅព្យាបាលនៅមណ្ឌល នៅមន្ទីរពេទ្យក៏ដោយ ក៏សមាជិកគ្រួសារនេះ កន្លងមកយើងបានអនុវត្តហើយ ដោយសាលារាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរ ខេត្ត ស្រុកទូទាំងប្រទេស បានអនុវត្តហើយ គ្រួសារដែលប៉ះពាល់ផ្ទាល់ ត្រូវតែធ្វើចត្តាឡីស័កនៅផ្ទះ ដាក់ខ្លួនដាច់ដោយឡែក នេះគឺជាយន្តការដែលបានដក់ចេញនាពេលកន្លងមករួចមកហើយ»។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងដែរថា កម្ពុជាមានច្បាប់គ្រប់គ្រង អ្នកជំងឺកូវីដ-១៩ ដូច្នេះ ការព្យាបាលជំងឺកូវីដ-១៩ ត្រូវតាមដានចូលរួមទាំងអស់គ្នា ។ បើសិនអ្នក ព្យាបាលជំងឺកូវីដ-១៩ណាមួយ មានចេតនាផ្ទុយពីច្បាប់ ជំហានដំបូងត្រូវធ្វើការអប់រំ បើពួកគាត់នៅតែប្រព្រឹត្តិកំហុសទៀត នឹងមានវិធានការតាមច្បាប់។ លោកបញ្ជាក់ថា នៅពេលមានប្រជាពលរដ្ឋស្ម័គ្រចិត្តព្យាបាលនៅតាមផ្ទះ អាជ្ញាធរនឹងដាក់ផ្លាក សញ្ញាថា «មានអ្នកព្យាបាលជំងឺកូវីដ-១៩» ដាក់នៅមុខផ្ទះគាត់តែម្ដង។
សូមបញ្ជាក់ថា រហូតមកបច្នុប្បន្ននេះ អ្នកជំងឺកូវីដ-១៩ ចំនួន១០៣៣នាក់ ត្រូវបានដាក់ឱ្យព្យាបាលនៅតាមផ្ទះក្នុងរាជធានីភ្នំពេញ ក្នុងនោះមាន ២៦៨នាក់ត្រូវបានព្យាបាលជាសះស្បើយ៕