ខ្មែរប៉ុស្ដិ៍ Close

បទយកការណ៍៖ គ្រប់ទបង្ហូរទឹកចេញពីក្នុងប្រាសាទបុរាណទាំងអស់របស់ខ្មែរ ជាទូទៅ​តែង​​មានប្រើក្បាលសត្វម្ករ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 52
បទយកការណ៍៖ គ្រប់ទបង្ហូរទឹកចេញពីក្នុងប្រាសាទបុរាណទាំងអស់របស់ខ្មែរ ជាទូទៅ​តែង​​មានប្រើក្បាលសត្វម្ករ បទយកការណ៍៖ គ្រប់ទបង្ហូរទឹកចេញពីក្នុងប្រាសាទបុរាណទាំងអស់របស់ខ្មែរ ជាទូទៅ​តែង​​មានប្រើក្បាលសត្វម្ករ

បុព្វបុរសខ្មែរ បានបន្សល់ទុកកេរ្តិ៍មរតកប្រាសាទថ្មបុរាណរាប់ពាន់ នៅស្ទើរពេញផ្ទៃ​ប្រទេស ដោយក្នុងនោះសំណង់ប្រាសាទនីមួយៗសាងសង់ទ្បើងជានិម្មិត នៃឋានអាទិទេព​តាមសាសនា និងមានបច្ចេកទេសស្ថាបត្យកម្ម និងវិស្វកម្មខ្ពស់។ ជាក់ស្តែង​ពាក់ព័ន្ធ​នឹង​ការរៀបចំប្រព័ន្ធទបង្ហូរទឹកចេញពីក្នុងប្រាសាទបុរាណទាំងអស់របស់ខ្មែរ យើងតែងឃើញ​មាន​​ទបង្ហូរទឹក ដែលភាគច្រើនប្រើក្បាលសត្វម្ករ។ តើហេតុអ្វីបានជាបុព្វបុរសយើងធ្វើ​ទបង្ហូរទឹកចេញពីក្នុងប្រាសាទ ដោយប្រើក្បាលសត្វម្ករ?

បើតាមអ្នកជំនាញផ្នែកបុរាណវិទ្យា​បានលើក​ឡើង​ថា មូលហេតុដែលបុព្វបុរស​ខ្មែរ​យើងធ្វើ​ទបង្ហូរ​ទឹក​ចេញពីក្នុងប្រាសាទ ដោយប្រើ​ក្បាល​សត្វម្ករគឺដោយសារតែសត្វម្ករ​គឺ​តំណាងឱ្យ​ទន្លេគង្គា។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន​អង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរាបានពន្យល់ថា ការយកក្បាលសត្វម្ករ ធ្វើទបង្ហូរទឹកចេញពីក្នុងប្រាសាទ គឺទី១ ជាទទឹកដែលបង្ហូរពីគភ៌គ្រឹះ ដែលមានតម្កល់​ព្រះសិវៈលិង្គ ឬបដិមាទេពផ្សេងៗ ដែលព្រាហ្មណ៍បានធ្វើពិធី មានស្រោចទឹកមន្តបូជាព្រះ ហើយទឹកនោះហូរចេញមកក្រៅតាមទិសខាងជើងតាមទទឹក ម្ករ ដែលគេហៅថា ​«សោម​សូត្រ»។

ទី២ គឺជាប្រព័ន្ធបង្ហូរទឹក ពីក្នុងប្រាសាទមកក្រៅ ដើម្បីធានាសុវត្ថិភាព និងភាពរឹង​មាំ​របស់ប្រាសាទ ព្រោះថាបើពុំមានការរៀបចំប្រព័ន្ធបង្ហូរទឹកល្អទេនោះ វានឹងធ្វើឱ្យគ្រឹះ​ប្រាសាទប្រឈមនឹងបញ្ហាផ្សេងៗ ហើយក៏ជាផ្នែកមួយនៃបច្ចេកទេសរបស់អ្នកសាងសង់​ប្រាសាទផងដែរ។ លោកសាស្រ្ដាចារ្យបានបន្ដថា “នេះជាចំណុចសំខាន់របស់អ្នកអភិរក្ស និងជួសជុលប្រាសាទ ដែលត្រូវគិតគូរមុនគេ ពីបញ្ហាបណ្ដាញបង្ហូរទឹកក្នុងប្រាសាទនេះ”។

លោកសាស្រ្ដាចារ្យបានបញ្ជាក់ថា បច្ចុប្បន្ននេះ ទបង្ហូរទឹកចេញពីប្រាសាទ ដែល​ឃើញនៅមាន​រូប​រាងនៅស្អាតៗ គឺមានដូចជានៅប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទ​បាគង និងប្រាសាទប្រែរូបជាដើម។

បើតាមលោក អ៊ឹម សុខរិទ្ធី គឺមានរឿងតំណាលថា សត្វម្ករ គឺកើតចេញពីសក់ខ្មៅ ១ សសៃរបស់ព្រះនាងគង្គា ដែលបានធ្លាក់មកលើផែនដី កើតបានជាម្ករ ពេលម្ករកើតមក វាបានលេបសត្វ និងទេព ទាំងឡាយនៅលើផែនដី រហូតដល់ព្រះសិវៈ​ចុះ​មកបង្ក្រាប ហើយទើបបង្គាប់ម្ករ ខ្ជាក់សត្វ និងទេពនិករទាំងឡាយចេញមកវិញ ដោយ​ក្នុង​នោះ​នៅក្នុងសិល្បៈខ្មែរ ឃើញមានរូបម្ករខ្ជាក់នាគ ខ្ជាក់គ្រុឌ ខ្ជាក់គោ។ ចំណែក​សិល្បៈឥណ្ឌូណេស៊ី និងឡានណានៅភាគខាងជើងថៃ ឃើញមានរូបម្ករខ្ជាក់ទេព​ប្រណម្យ​ទៀត។

សូមបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះ ចម្លាក់សត្វម្ករ ត្រូវបានគេប្រទះឃើញ​នៅភ្នំគូលេន អ្នកជំនាញអាជ្ញាធរជាតិអប្សរាបានបកស្រាយថា ម្ករដែលមានចម្លាក់ក្បាល ត្រូវបានរៀបចំជាទ នៅផ្នែកខាងក្រោយជាដងខ្លួន ត្រូវបានរៀបចំជាទប្រមូល​ទឹកហូរពី​ភ្នំគូលែន បញ្ចេញមកក្រោម។ ចំពោះទឹកដែលហូរចេញពីក្បាលម្ករ ហូរធ្លាក់ចូលអូរថ្ម​ដាប់ រួចហូរចូលកសិន្ធុខាងជើងប្រាសាទបេងមាលា ហើយបន្តហូរចាក់ទៅក្នុងសំណង់​រក្សាទឹកដ៏ធំមួយ ដែលអ្នកភូមិហៅថា «វាល» នៅខាងកើត ដែលមានទំហំធំប្រៀបដូច​បារាយណ៍នៅក្នុងតំបន់អង្គរ ដែលនៅទីនោះមានប្រាសាទមួយទើបនឹងជួសជុលរួច គឺ ប្រាសាទផ្ទី៕

អត្ថបទទាក់ទង