ខ្មែរប៉ុស្ដិ៍ Close

ដល់ពេលហើយ ដែលប្រទេសលោកខាងលិចគួរផ្តល់មូលនិធិដល់ចលនាតវ៉ារបស់ជនស៊ីវិលមីយ៉ាន់ម៉ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 23
ដល់ពេលហើយ ដែលប្រទេសលោកខាងលិចគួរផ្តល់មូលនិធិដល់ចលនាតវ៉ារបស់ជនស៊ីវិលមីយ៉ាន់ម៉ា ដល់ពេលហើយ ដែលប្រទេសលោកខាងលិចគួរផ្តល់មូលនិធិដល់ចលនាតវ៉ារបស់ជនស៊ីវិលមីយ៉ាន់ម៉ា

ការអំពាវនាវជារៀងរាល់ថ្ងៃដែលបានធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់អាស៊ីគឺ «សូមទទួលស្គាល់រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា -NUG»។ របបយោធាដែលបានរឹបអូសអំណាចតាមរយៈរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈ នៅមិនទាន់ទទួលបាននូវភាពស្របច្បាប់នៅឡើយទេ។ របបនេះបាននិងកំពុងធ្វើទារុណកម្ម និងសម្លាប់ប្រជាជនស៊ីវិលអស់ជាង ៨០០ នាក់ ដោយពេលនេះ របបនេះក៏កំពុងជួបប្រទះនូវបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងលើរដ្ឋបាលសាធារណៈ ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចមីយ៉ាន់ម៉ាឈានទៅរកការធ្លាក់ចុះ។

រដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) ត្រូវបានបង្កើតឡើងនៅក្នុងខែមេសា និងត្រូវបានគាំទ្រដោយគណៈកម្មាធិការតំណាងសភា Pyidaungsu ដែលបានទទួលនូវភាពស្របច្បាប់តាមរយៈជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ ២០២០។

រដ្ឋ្ឋាភិបាលសម្រោលនេះគឺជារដ្ឋាភិបាលដ៏ធំមួយ ដែលមានចម្រុះទៅដោយជនជាតិភាគតិចជាច្រើនក្រុម និងដែលគាំទ្រចង់ឱ្យមានអនាគតបែបប្រជាធិបតេយ្យសហព័ន្ធសេរី សម្រាប់ប្រទេសមីយ៉ាន់ម៉ា។ នេះគឺជាក្តីសង្ឃឹមតែមួយគត់ដែលអាចឈានទៅរកដំណោះស្រាយប្រកបដោយចីរភាព ពាក់ព័ន្ធនឹងជម្លោះហិង្សានៅក្នុងចំណោមក្រុមជនជាតិភាគតិចជាច្រើន នៅក្នុងប្រទេសនេះ។

នាពេលឥឡូវនេះ រដ្ឋាភិបាលស្រមោលនេះកំពុងរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី។ រដ្ឋាភិបាល NUG បានគាំទ្រដល់ការបង្កើតកងកម្លាំងការពារប្រជាជន (People’s Defense Force) ដែលបច្ខុប្បន្ននេះ កំពុងប្រយុទ្ធជាមួយកងទ័ព Tatmadaw នៅភាគខាងលិចរដ្ឋ Chin និងរដ្ឋ Kayah ភាគខាងកើត។

អង្គការប្រដាប់អាវុធជនជាតិភាគតិច, សហភាពជាតិ Karen, អង្គការឯករាជ្យ Kachin ព្រមទាំងគណបក្ស Karenni National Progress Party ក៏បាននិងកំពុងប្រយុទ្ធនឹងកងទ័ព Tatmadaw ផងដែរ។

ការចូលរួមចំណែកដ៏សំខាន់បំផុតរបស់ជនស៊ីវិលដើម្បីកម្ចាត់របបយោធាដ៏សាហាវនៅមីយ៉ាន់ម៉ា គឺជាការបន្តការវាយប្រហារ ដែលជាវិធានការមួយដែលត្រូវបានប្រកាសនៅក្នុងខែកុម្ភៈ ដោយតួអង្គនានាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ដោយក្នុងនោះរួមមានសហជីព, អង្គការក្រៅរដ្ឋាភិបាល, គណបក្សនយោបាយ និងក្រុមសាសនាដែលបានបង្កឱ្យមានភាពជាប់គាំងនៅក្នុងវិស័យសាធារណៈនិងឯកជន ហើយរបបយោធាក៏កំពុងជួបប្រទះនូវការលំបាកក្នុងការគ្រប់គ្រងប្រទេសផងដែរ។

ការតស៊ូរបស់ចលនាទាំងនេះបានធ្វើឱ្យរបបយោធាមិនអាចដណ្តើមបាននូវការគ្រប់គ្រងលើភូមិភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ដែលជាទីក្រុងពាណិជ្ជកម្មធំៗ នៅ Yangon និង Mandalay។ ប្រសិនបើរបបយោធាអាចដណ្តើមបានការត្រួតត្រាទាំងស្រុងលើទីក្រុងទាំងនេះ នោះរដ្ឋាភិបាល NUG និងសម្ព័ន្ធមិត្តនៃក្រុមប្រដាប់អាវុធជនជាតិភាគតិចនឹងត្រូវបែកខ្ញែកគ្នានៅតាមតំបន់ជាប់ព្រំដែនថៃ និងនៅតាមរដ្ឋ Kachin។

ចលនាតវ៉ារបស់ជនស៊ីវិល (Civil Disobedience Movement-CDM) អាចនឹងមិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីឈានទៅយកឈ្នះលើរបបយោធាបានតាមរយៈវិធីសាស្ត្រតស៊ូតាមបែបប្រជាធិបតេយ្យនោះទេ ក៏ប៉ុន្តែចលនានេះ នៅតែមានភាពចាំបាច់របស់វា។

ចលនា CDM នឹងអស់ថវិកានៅក្នុងពេលឆាប់ៗនេះ។ រដ្ឋាភិបាល NUG ដែលបានអនុវត្តការងារនៅកន្លែងមួយចំនួន ដូចជាតំបន់ដាច់ស្រយាល Mandalay, Magway និង Sagaing មិនដែលទទួលបានការគាំទ្រផ្នែកថវិកាទេ ចាប់តាំងពីខែមីនាមក។

លោក Thet Kyu ដែលជាសមាជិកសភារបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) សម្រាប់សង្កាត់ Pakokku នៃក្រុង Magway បានឱ្យដឹងនៅខែមេសាថា «សហគមន៍បានគាំទ្រយើង, កសិករក្នុងស្រុកបានជួយផ្គត់ផ្គង់ដល់យើង ហើយពាណិជ្ជករក្នុងស្រុកបានផ្តល់ថវិកាសម្រាប់សកម្មភាពរបស់ចលនា CDM របស់យើង»។

ប៉ុន្តែ ជាមួយនឹងសេដ្ឋកិច្ចជាតិដែលកំពុងតែប្រឈមមុខ នឹងការដួលរលំ ធនធានឧបត្ថម្ភទាំងនេះ ក៏កំពុងរងនូវការខ្វះខាតយ៉ាងខ្លាំងនៅទូទាំងប្រទេសផងដែរ។ រដ្ឋាភិបាល NUG បានផ្តល់ការគាំទ្រដ៏មានកម្រិតដល់ចលនា CDM និងបានសន្យាផ្តល់ការគាំទ្របន្ថែមទៀត ក៏ប៉ុន្តែពេលនេះ រដ្ឋាភិបាល NUG ក៏កំពុងតែខ្វះថវិកាផងដែរ។

របាយការណ៍មួយបានបង្ហើបឱ្យដឹងថា «បុគ្គលិកក្នុងវិស័យឯកជនបានវិលត្រឡប់ទៅធ្វើការវិញហើយ ដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគេ»។ ទឹកប្រាក់រាប់រយលានដុល្លារត្រូវបានចំណាយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីលើកកម្ពស់អាជីវកម្ម និងការអភិវឌ្ឍសង្គមស៊ីវិល នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ទីភ្នាក់ងារអភិវឌ្ឍន៍ ដែលអាចផ្តល់មូលនិធិ ដល់គំនិតផ្តួចផ្តើមបែបនេះ បានបង្ហាញនូវការភ័យខ្លាចនិងការស្ទាក់ស្ទើរ ហើយជំនួយអភិវឌ្ឍន៍ដល់រដ្ឋាភិបាលភាគច្រើនក៏ត្រូវបានផ្អាក។

បុគ្គលិកជាច្រើនរបស់មីយ៉ាន់ម៉ាដែលធ្វើការនៅក្នុងវិស័យអភិវឌ្ឍ បានបង្ហាញអំពីឆន្ទៈក្នុងការជួយ ក៏ប៉ុន្តែអង្គការរបស់ពួកគេ មិនអនុញ្ញាតឱ្យពួកគេជួយនោះទេ ដែលនេះក៏ដោយសារតែមានការសង្ស័យថា «តើយើងអាចប្រាកដបានទេថា អ្នកគ្រប់គ្រងចលនា CDM នឹងមិនយកថវិការជំនួយទៅទិញអាវុធ?»

សមាជិកនៃក្រុមអ្នកជំនាញបច្ចេកវិទ្យា DWMC ដែលកំពុងធ្វើការជាមួយមេដឹកនាំចលនា CDM បាននិយាយថា «ទោះជាយ៉ាងណា គេនៅមានវិធីដែលអាចប្រគល់ប្រាក់ដោយផ្ទាល់ទៅដល់ដៃរបស់មន្រ្តីរាជការ។ សម្រាប់ស្ថាប័នអ្នកផ្តល់ជំនួយ និងបុគ្គលនៅបរទេសដែលចង់ផ្តល់ជំនួយ អាចចូលរួមចំណែកដោយផ្ទាល់ដល់ចលនា CDM ដោយក្នុងនោះ ម្ចាស់ជំនួយអាចចេញវិក្កយបត្រនៃការផ្តល់ជំនួយនេះជាការអភិវឌ្ឍនៅក្នុងវិស័យឯកជន ឬជាការអភិវឌ្ឍសង្គមស៊ីវិល ហើយការធ្វើបែបនេះ នឹងមិនខុសនោះទេ»។

ប៉ុន្តែ កម្លាំងជំរុញឱ្យមានសកម្មភាពគាំទ្រដល់ចលនា CDM អាចនឹងទទួលបានមកពីសហរដ្ឋអាមេរិក, ជប៉ុន, បែលហ្ស៊ិក, កូរ៉េខាងត្បូង និងអូស្ត្រាលី។ មានហេតុផលល្អច្រើនណាស់ដែលប្រទេសជាមិត្តគួរផ្តល់មូលនិធិដល់ចលនា CDM ហើយវានឹងមិនបង្កហានិភ័យផ្នែកនយោបាយណាមួយដល់ពួកគេនោះទេ។

ប្រទេសចិនមិនត្រូវគ្នានឹងរបបយោធាទេ ហើយថវិការបស់អាមេរិក, ជប៉ុន និងអឺរ៉ុបដែលហូរចូលទៅក្នុងមូលនិធិដែលគាំទ្រដល់ការធ្វើបាតុកម្ម ក៏នឹងមិនធ្វើឱ្យរដ្ឋាភិបាលចិនបង្កើនការគាំទ្ររបស់ខ្លួនដល់របបយោធា
មីយ៉ាន់ម៉ាឡើយ។ ប៉ុន្តែ ចិនអាចនឹងបង្កើនការគាំទ្រ ប្រសិនបើរបបយោធាអាចបង្ហាញថា «ខ្លួនបានដណ្តើមយកការគ្រប់គ្រងលើប្រទេសមួួយភាគធំ» ហើយប្រទេសផ្សេងទៀតក៏អាចនឹងធ្វើដូចចិនផងដែរ។

ចលនា CDM កំពុងស្ថិតនៅចំណុចដ៏សំខាន់មួយ។ ថ្ងៃទី ១ ខែមិថុនា គឺជាកាលបរិច្ឆេទដ៏សំខាន់មួយសម្រាប់របបយោធាដែលបានធ្វើរដ្ឋប្រហារ ដោយសាលារៀននៅក្នុងប្រទេសមីយ៉ាន់ម៉ានឹងត្រូវបើកដំណើរការឡើងវិញ បន្ទាប់ពីត្រូវបានបិទអស់រយៈពេលជាច្រើនខែបន្ទាប់ពីការផ្ទុះឡើង នៃវីរុសកូវីដ-១៩។ ហើយនេះគឺជាជំហានដំបូងមួយក្នុងការវិលត្រឡប់ទៅរកភាពប្រក្រតីវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហារ។

ចលនា CDM ទទួលបានការគាំទ្រជាពិសេស និងខ្លាំងក្លានៅក្នុងចំណោមគ្រូបង្រៀន។ របបយោធាបានប៉ាន់ប្រមាណថា «គ្រូបង្រៀនជាង ១សែននាក់ ឬ ២៧% នៃគ្រូបង្រៀនទាំងអស់បានចូលរួមនៅក្នុងការធ្វើកូដកម្ម ហើយចំនួននេះត្រូវបានរំពឹងថានឹងមានការកើនឡើងកាន់តែខ្លាំង»។

ព័ត៌មានស្តីពីការផ្តល់ការគាំទ្រដោយផ្ទាល់ដល់ចលនា CDM នឹងក្លាយជាកត្តាជំរុញឱ្យមានយុទ្ធនាការធ្វើពហិការចំពោះការបើកសាលារៀន ហើយបញ្ហានេះនឹងបង្កជាបញ្ហាប្រឈមជាថ្មីម្តងទៀតដល់របបយោធា។

រដ្ឋាភិបាលជាមិត្តរបស់មីយ៉ាន់ម៉ាចាំបាច់ត្រូវតែផ្តល់មូលនិធិដល់ចលនា CDM នាពេលឥឡូវនេះ។ វាគឺអ្វីដែលពួកគេអាចធ្វើបាន ហើយពួកគេក៏គួរតែបង្ហាញនូវការទទួលស្គាល់ចំពោះរដ្ឋាភិបាល NUG ផងដែរ៕ Asia Times

អត្ថបទទាក់ទង