ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គាំទ្រកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 140
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គាំទ្រកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គាំទ្រកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារជាមួយគ្នាតាមប្រព័ន្ធវីដេអូ។ ជំនួបពិភាក្សានាព្រឹកនេះ ក្រៅតែពីការកត់សម្គាល់លើភាពប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីហើយនោះ បញ្ហារបស់ប្រទេសមីយ៉ាន់ម៉ា គឺជាប្រធានបទដ៏សំខាន់។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានជម្រាបលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពីបំណងរបស់សម្តេច ដែលបានអញ្ជើញទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងការងារដែលត្រូវធ្វើបន្តពាក់ព័ន្ធបញ្ហារបស់មីយ៉ាម៉ា។

ក្នុងនោះសម្តេចតេជោ បានគូសបញ្ជាក់ថា ដំណើរសម្តេចទៅសហភាពមីយ៉ាន់ម៉ា ដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្តែង ហើយក៏ចង់ដឹងថា អ្វីជាបញ្ហាសំខាន់ៗ ហើយតើមីយ៉ាន់ម៉ា អាចធ្វើអ្វីខ្លះ ដើម្បីអនុវត្តគោលការណ៍ឯកច្ឆន្ទទាំង៥របស់អាស៊ាន។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេច បានភ្ជាប់នូវគោលការណ៍សំខាន់ពីរ គឺអនុលោមតាមធម្មនុញ្ញអាស៊ាន និងគោលការណ៍ឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាន ដែលបានសម្រេចក្នុងកិច្ចប្រជុំពិសេសកាលពីខែមេសា ឆ្នាំ២០២១ នៅប្រទេសឥណ្ឌូណេស៊ី។

សម្តេចតេជោ បានប្រាប់ទៅនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ដំណោះស្រាយសំខាន់នៅមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់អំពើហិង្សា ដែលបានកើតឡើង និងកំពុងកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយសម្តេចព្យាយាមធ្វើការងារនេះ ជាមួយរបបយោធាមីយ៉ាន់ម៉ា ធ្វើយ៉ាងណាឱ្យឈប់មានការបាញ់គ្នា។ មិនត្រឹមតែប៉ុណ្ណោះទេ គឺមានឱកាសផ្តល់ជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ា ដែលពលរដ្ឋត្រូវការជាចាំបាច់ផងដែរ។

បន្ថែមពីលើនេះ ត្រូវជំរុញឱ្យមានកិច្ចសន្ទនារវាង ដែលជាផ្នែកមួយដែលប្រមុខរដ្ឋាភិបាលអាស៊ានបានសម្រេច។ ថ្វីតែមិនទាន់មានអ្វីរីកចម្រើន ប៉ុន្តែសម្តេចចង់ទម្លុះនូវភាពទ័លច្រកនេះ ដោយប្រាប់ទៅមីយ៉ាន់ម៉ា ត្រូវតែអនុវត្តនូវគោលការណ៍ទាំង៥។

លោកបណ្ឌិត កៅ គឹមហួន បានគូសបញ្ជាក់បែបនេះ «សម្តេចតេជោ បានមានប្រសាសន៍ត្រង់ៗថា ស្ថានភាពនៅមីយ៉ាន់ម៉ា ពិតជាមានភាពស្មុគស្មាញ និងមានការលំបាក ដូច្នេះមិនអាចដោះស្រាយក្នុងរយៈពេលដ៏ខ្លីពីរបីថ្ងៃបានទេ គឺត្រូវការពេលវេលាច្រើនបន្តទៅមុខទៀតអាចរាប់ឆ្នាំឯណោះ។ អាចផ្លាស់ពីប្រធានអាស៊ានមួយ ទៅប្រធានអាស៊ានដទៃតៀត»។

លោកបណ្ឌិតបន្តដកស្រង់ប្រសាសន៍សម្តេចមកបញ្ជាក់ទៀតថា «សម្តេចតេជោ បានជម្រាបសារជាថ្មីទៀតថា បទឈប់បាញ់ ការបញ្ឈប់អំពើហិង្សា និងបញ្ចៀសវិបត្តិមនុស្សធម៌នៅមីយ៉ាន់ម៉ា ជាបញ្ហាសំខាន់ដែលយើងត្រូវដោះស្រាយ ធ្វើយ៉ាងម៉េចឱ្យជំនួយមនុស្សធម៌នេះ ដល់ដៃពលរដ្ឋមីយ៉ាន់ម៉ា ដោយគ្មានការរើសអើង»។

ក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា សម្តេចបានព្យាយាមខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យជំនួយមនុស្សទៅដល់ដៃរបស់ប្រជាពលរដ្ឋ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ដែរថា ការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា បើមិនធ្វើការជាមួយរបបយោធា ដែលជាអ្នកកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ា ដើម្បីរកដំណោះស្រាយ តើត្រូវធ្វើការជាមួយនរណា?

ជាកិច្ចឆ្លើយតបលោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានលើកឡើងថា លោកពិតជាយល់អំពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលកន្លងទៅនេះ ហើយអ្វីដែលសំខាន់ប្រទេសមីយ៉ាន់ម៉ា មានសារៈសំខាន់សម្រាប់អាស៊ានផង និងសម្រាប់សហគមន៍អន្តរជាតិផងដេរ។

លោកបណ្ឌិត កៅ គឹមហួន បានគូសបញ្ជាក់ដូច្នេះថា «ឯកឧត្តម [នាយករដ្ឋមន្ត្រីម៉ាឡេស៊ី] បានគូសបញ្ជាក់ថា ស្ថានភាពនៅមីយ៉ាន់ម៉ា ទាមទារឱ្យមានការដោះស្រាយរួមគ្នាជាបន្ទាន់។ ហើយជាពិសេសទៀត នៅក្រោមក្របខណ្ឌរដ្ឋធម្មនុញ្ញាអាស៊ាន ដែលជាតម្រូវការបន្ទាន់ត្រូវដោះស្រាយ ធ្វើយ៉ាងណាឱ្យស្ថានភាពត្រឡប់មករកស្ថានភាពធម្មតាឡើងវិញ។ ជាពិសេសកុំឱ្យមានការបន្តអំពើហិង្សា និងជំរុញឱ្យមានកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ទទាំងអស់»។

បើតាមលោកបណ្ឌិត កៅ គឹមហួន នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា រួមទាំងលោកស្រី អោងសាន ស៊ូជីផងដែរ។

បន្ថែមពីលើនោះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគាំទ្រការតែងតាំងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសថ្មីនៃប្រធានអាស៊ាន ហើយស្នើសុំឱ្យប្រេសិតពិសេសនេះ អាចជួបសន្ទនាគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ផងដែរនូវជំហររបស់ខ្លួនពាក់ព័ន្ធការអញ្ជើញភាគីមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំអាស៊ាន។ លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា ដរាបណាមិនមានការរីកចម្រើននៃការអនុវត្តគោលការណ៍ឯកច្ឆន្ទទាំង៥ចំណុចទេ ដែលជាសេចក្តីសម្រេចដោយប្រមុខរដ្ឋាភិបាលអាស៊ានទេនោះ ភាគីមីយ៉ាន់ម៉ា ដែលចូលរួមកិច្ចប្រជុំអាស៊ាន ត្រូវតែជាភាគីមិនជាប់ពាក់ព័ន្ធនយោបាយរបស់មីយ៉ាន់ម៉ា។

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសង្កត់ធ្ងន់ជាចុងក្រោយថា ប្រទេសមីយ៉ាន់ម៉ា នៅតែជាសមាជិកគ្រួសារអាស៊ាន ប៉ុន្តែដំណោះស្រាយដោយសន្តិវិធីសម្រាប់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា គឺចាំបាច់ដោយត្រូវតែអនុវត្តនូវគោលការណ៍ឯកច្ឆន្ទទាំង៥ចំណុចនេះ៕ Fresh News

សម្ដេចតេជោ ហ៊ុន សែន

សម្ដេចតេជោ ហ៊ុន សែន

សម្ដេចតេជោ ហ៊ុន សែន

សម្ដេចតេជោ ហ៊ុន សែន

សម្ដេចតេជោ ហ៊ុន សែន ជួបជាមួយនាយករដ្ឋមន្ត្រី ម៉ឡេស៊ី

អត្ថបទទាក់ទង