ខ្មែរប៉ុស្ដិ៍ Close

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ ចូលរួមផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ដើម្បីបិទបញ្ចប់ស្ថានភាពបិទខ្ទប់ឲ្យបានឆាប់»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 41
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ ចូលរួមផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ដើម្បីបិទបញ្ចប់ស្ថានភាពបិទខ្ទប់ឲ្យបានឆាប់» អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ ចូលរួមផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ដើម្បីបិទបញ្ចប់ស្ថានភាពបិទខ្ទប់ឲ្យបានឆាប់»

ក្នុងគោលបំណងបន្តផ្សព្វផ្សាយជូនសាធារណៈមតិ នៅក្នុងរយៈពេលនៃការបន្តបិទខ្ទប់នេះ ជាពិសេស គឺជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យមានការចូលរួមកក្នុងការគោរពនិងអនុវត្តនូវវិធានការបិទខ្ទប់ ដែលជាកត្តាគន្លឹះដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃរោគរាតត្បាតជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីក៏បានផលិត និងបញ្ចេញផ្សាយនូវវីដេអូស្ពតផ្លូវការថ្មីមួយមានទៀតរយៈពេល១១នាទី និង២១វិនាទី ក្រោមចំណងជើងថា «ចូលរួមផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ដើម្បីបិទបញ្ចប់ស្ថានភាពបិទខ្ទប់ឱ្យបានឆាប់»។

ខ្លឹមសារវីដេអូ បានពិពណ៌នាថា នៅក្នុងរយៈពេល ១៤ ថ្ងៃកន្លងទៅនេះនៃការអនុវត្តនូវវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងទីក្រុងតាខ្មៅនៅមិនទាន់អាចកាត់ផ្តាច់ខ្សែចម្លងរបស់ជំងឺកូវីដ-១៩ បាននៅឡើយនោះទេ។ ហេតុដូច្នេះ វាជាការចាំបាច់ណាស់ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវធ្វើការសម្រេចចិត្តបន្តការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាលរយៈពេលមួយសប្តាហ៍ថែមទៀត គិតចាប់ពីថ្ងៃទី ២៨ មេសា រហូតដល់ថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២១ តទៅ។ ហើយប្រសិនបើក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ ប្រជាពលរដ្ឋសហការចូលរួមសស្រាក់សស្រាំទាំងអស់គ្នា ដែលអាចឲ្យអាជ្ញាធរគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ បាន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅនឹងរួចផុតពីការបិទខ្ទប់ជាក់ជាមិន។ ប៉ុន្តែ ផ្ទុយទៅវិញ ប្រសិនបើប្រជាពលរដ្ឋមួយចំនួននៅតែមិនព្រមអនុវត្តឲ្យបានត្រឹមត្រូវតាមអ្វីដែលជាវិធានការដែលបានដាក់ចេញសំរាប់ការបិទខ្ទប់ ហើយជាពិសេស វិធានការ៣កុំ និង៣ការពារទេនោះ ខ្សែចម្លងជំងឺកូវីដ-១៩ក៍នៅតែមិនអាចកាត់ផ្តាច់បានឡើយ ហើយរវិធានការបិទខ្ទប់ក៍អាចនឹងត្រូវបន្តអូសបន្លាយមួយរយៈពេលបន្តទៀតជាក់ជាមិនខាន។

ជាការពិតណាស់ វិធានការបិទខ្ទប់នេះ គឺជាជម្រើសមួយដែលពិបាកបំផុត ពីព្រោះវាពិតជាបាននិងកំពុងបង្កនូវប៉ះពាល់ខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ នៅគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោក មិនថាជាប្រទេសតូចរឺធំ ក្ររឺមាននោះឡើយ ពិតជាគ្មានជម្រើសណាល្អជាងនេះទៀតឡើយដើម្បីប្រយុទ្ធទប់ទល់ជាមួយជំងឺកូវីដ-១៩ ។

នៅក្នុងរយៈពេល១៤ថ្ងៃកន្លងទៅនេះ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅភាគច្រើនបំផុត បាននាំគ្នាគោរពនិងអនុវត្តនូវវិធានការបិទខ្ទប់បានយ៉ាងល្អ ដោយពួកគេសុខចិត្តអត់ធ្មត់ទ្រាំលំបាក រយៈពេលខ្លីដើម្បីសេចក្តីសុខរយៈពេលវែង។

ប៉ុន្តែ ក៏នៅមានប្រជាពលរដ្ឋមួយចំនួនទៀតក៍នៅតែធ្វេសប្រហែស ឬអ្នកខ្លះទៀតបានផ្គើននិងបំពានលើសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលធ្វើឲ្យខ្សែចម្លងរបស់កូវីដ ១៩ នៅតែមិនទាន់អាចកាត់ផ្តាច់បាន។ ដូច្នេះ អ្វីដែលសូមអោយបងប្អូនប្រជាពលរដ្ឋចងចាំ ថា កត្តាគន្លឹះដើម្បីឈានទៅបិទបញ្ចប់ការនូវបិទខ្ទប់ឲ្យបានឆាប់ គឺអាស្រ័យទៅលើឆន្ទៈចូលរួមរបស់ប្រជាពលរដ្ឋគ្រប់គ្នា ពោលគឺ ប្រសិនបើបងប្អូនចង់ឲ្យទីក្រុងដែលយើងរស់នៅរួចផុតពីការបិទខ្ទប់ឆាប់ៗ សូមចូលរួមអនុវត្តវិធានការ នានាឲ្យបានល្អបំផុត។

កន្លងមកនេះ រាជរដ្ឋាភិបាលបាន ចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារប្រជាពលរដ្ឋពីការយាយីនៃជំងឺកូវីដ ១៩ ។ ប្រមុខរាជរដ្ឋាភិបាលខិតខំបំពេញការងារបម្រើជូនប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់។ ចំណែកឯអាជ្ញាធរមានសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់ជាន់ថ្នាក់ក៍បានបំពេញការងារ២៤ ម៉ោងលើ ២៤ ម៉ោង មិនថាក្រោមកម្តៅថ្ងៃ ឬក្រោមព្យុះភ្លៀងឡើយ ពួកគេនៅតែឈរជើងយ៉ាងរឹងមាំដោយទឹកចិត្តមោះមុតប្រកបដោយការលះបង់ខ្ពស់បំផុត ទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតី និងលះបង់ការជួបជុំគ្រួសារ ដើម្បីតែបុព្វហេតុការពារសុខមាលភាពជូនប្រជាពលរដ្ឋ។ ហើយបើយើងក្រឡេកទៅមើលក្រុមគ្រួពេទ្យវិញ ពួកគេក៍រឹតតែលះបង់ធំធេងថែមទៀតនៅក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានចាត់ទុកថា ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងតំណាក់កាលដ៍លំបាករបស់ប្រទេសជាតិយើងនៅពេលនេះ ពិតជាកត្តាគន្លឹះដែលមានអត្ថន័យ និងសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩ និងមានតែការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ៗរូបក្នុងការអនុវត្តឲ្យបានម៉ត់ចត់នូវវិធានការបិទខ្ទប់នេះទេ ទើបយើងសង្ឃឹមថាអាចឆ្លងផុតដំណាក់កាលដ៍លំបាកនេះបានឆាប់។ នៅក្នុងន័យនេះ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាគន្លឹះក្នុងការកំណត់ជោគជ័យ ឬបរាជ័យនៃការគ្រប់គ្រងជំងឺកូវីដ ១៩។

អាស្រ័យហេតុនេះ សូមយើងចូលរួមទាំងអស់គ្នាក្នុងការកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ ១៩ ដើម្បីឲ្យយើងរួចផុតពីវិធានការបិទខ្ទប់នេះឲ្យបានឆាប់ និងឈានទៅបិទបញ្ចប់នូវព្រឹត្តការណ៍សហគមន៍២០កុម្ភៈទាំងស្រុង ដើម្បីយើងអាចចាប់ដំណើរការជាធម្មតាឡើងវិញនូវរាល់សកម្មភាពបំរើឱ្យជីវភាពរបស់យើង គ្រួសាយើង និងសង្គមជាតិយើង៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖

អត្ថបទទាក់ទង