ឥណ្ឌូណេស៊ីប្រគល់អំណោយមួយចំនួនជូនដល់ក្រសួងសុខាភិបាលកម្ពុជា
ប្រទេសឥណ្ឌូណេស៊ី តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសកម្ពុជាបានផ្ដល់ជាអំណោយមួយចំនួនដល់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ សម្រាប់ប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតប ការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា។
តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ពិធីនេះក្រោមអធិបតីភាពរបស់ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលប្រគល់ជូនដោយលោក Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ពិធីនេះ ស្ថានទូតឥណ្ឌូណេស៊ី តំណាងឱ្យសហគមន៍ធុរកិច្ចឥណ្ឌូណេស៊ីនៅកម្ពុជា បានប្រគល់៖
- មីកញ្ចប់ Indomie ចំនួន ១៥០កេស
- មីកំប៉ុង Indomie ចំនួន ១៥០កេស
- នំ Cracker ចំនួន ១៥០កេស
- វីតាមីន (Daneuron B1 B6 B12) ចំនួន ១៥០បន្ទះ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជន ឥណ្ឌូណេស៊ីត្រូវបានចងចាំទុក ដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយ ជំងឺកូវីដ-១៩ នឹងលើកទឹកចិត្តមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តខិតខំទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃ ថ្លារបស់សហគមន៍ធុរៈកិច្ចឥណ្ឌូណេស៊ីនៅកម្ពុជា គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានកាន់តែឆាប់រហ័ស៕