ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណមិត្តជប៉ុនដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 443

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរអរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលកន្លងមកបានគាំទ្រ និងស្ថិតនៅជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ស្ទើរតែគ្រប់ដំណាក់កាលនៃការវិវត្តនិងការអភិវឌ្ឍសង្គម នយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី បានថ្លែងបន្តថា ជាពិសេសជាង៣០ឆ្នាំកន្លងមកនេះ ជប៉ុនគឺជាប្រទេសដែលបានផ្តល់ជំនួយដ៏ធំមកកម្ពុជា និងជាប្រទេសដែលបានខិតខំកៀរគ ជ្រោមជ្រែង និងប្រមូលវិនិយោគិនជប៉ុនជាបន្តបន្ទាប់ឱ្យមកបោះទុននៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុនវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ៕