ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ចេញប្រកាសព័ត៌មាន ស្តីពីករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៣នាក់ទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 30

ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ចេញប្រកាសព័ត៌មាន អំពីករណីស្លាប់អ្នកជំងឺចំនួន ៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ-១៩។

អ្នកស្លាប់ទាំង ៣នាក់ រួមមាន៖

* ទី១៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៥៥ឆ្នាំ ដែលរស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២៖០៥នាទីយប់ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពហត់ដង្ហក់ខ្លាំងដែលតម្រូវឲ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេស។

ដោយការវិត្តរបស់អ្នកជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើង រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ទោះបីក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦៖៣០នាទី រសៀល។

* ទី២៖ មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរ អាយុ៨៣ឆ្នាំ ដែលរស់នៅសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣៖២០នាទីរសៀល ជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង និងស្ទះផ្លូវដង្ហើម ដែលតម្រូវអោយក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់តាមបច្ចេកទេស និងយកសំណាកទៅវិភាគ ជាលទ្ធផលបង្ហាញថាមានវិជ្ជមានកូវីដ-១៩។

ដោយសារស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរខ្លាំង ដែលធ្វើឱ្យអ្នកជំងឺស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង ១៤៖០០នាទីរសៀល។

* ទី៣៖ មន្ទីរពេទ្យបង្អែកជ័យជំនះ បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ៨១ឆ្នាំ ដែលរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានចូលសម្រាក នៅមន្ទីរពេទ្យបង្អែកជ័យជំនះ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥:៣០ នាទីល្ងាច ក្នុងស្ថានភាពហត់ដង្ហក់ខ្លាំង បន្ទាប់ពីទទួលបានលទ្ធថា មានវិជ្ជមានកូវីដ-១៩។

ដោយការវិត្តរបស់អ្នកជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩៖១០នាទីព្រឹក។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរ និងស្ត្រីជនជាតិខ្មែរ ទាំងបីខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើម ស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

សូមជម្រាបថា គិតត្រឹមរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា កើនដល់ចំនួន៥៩នាក់៕

អត្ថបទទាក់ទង