សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណបងប្អូនមូស្លីមកម្ពុជាដែលបានចូលរួមថែរក្សាសុខសន្តិភាពនិងជឿ ជាក់លើរាជរដ្ឋាភិបាល
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណបងប្អូនមូស្លីមកម្ពុជាដែលបានចូលរួមថែរក្សាសុខសន្តិភាពនិងជឿ ជាក់លើរាជរដ្ឋាភិបាល
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈបណ្ដាញសង្គមនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានបង្ហោះផ្សាយខ្លឹមសារដូចតទៅ៖
ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនមូស្លីមកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនមូស្លីមនៅទូទាំងសកលលោកផងដែរដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី នៅថ្ងៃសៅរ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។
ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹកនិងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនមូស្លីមកម្ពុជាដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ក៏ដូចជាជំនឿជឿជាក់និងគាំទ្រឥតងាករេលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតាំងពីដើមតរៀងមកជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ការពារបូរណភាពទឹកដី ហើយនឹងថែរក្សាបានយ៉ាងល្អនូវគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍និងសាសនានៅប្រទេសកម្ពុជាដែលបានស្វែងរកមកយ៉ាងលំបាកដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ក្រោយពីរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបានលុបបំបាត់ចោលនូវជំនឿសាសនាទាំងស្រុងនៅកម្ពុជា។
សូមព្រះអល់ឡោះ ផ្តល់នូវសេចក្តីសុខស្លាម៉ាត់ ករុណារ៉ោះម៉ាត់ និងចម្រេីនព្ហេីរ៉កាត់ ជូនដល់បងប្អូនមូស្លីមទាំងអស់ ទាំងនៅកម្ពុជានិងទូទាំងពិភពលោកនិងសូមជូនពរបងប្អូនមូស្លីមទាំងអស់ដែលបានបំពេញកាតព្វកិច្ចបួសខែរ៉ម៉ាឌន ប្រកបដោយជោគជ័យនិងសូមជូនពរដល់បងប្អូនមូស្លីមទាំងអស់ដែលមានបំណងធ្វើការបន្តអំណត់បួស ៦ថ្ងៃបន្ថែមដោយស្ម័គ្រចិត្តក្នុងខែស្ហាវ៉ាល់ ប្រព្រឹត្តទៅដោយជោគជ័យ៕




