កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការបន្ថែមថ្មីទៀតប្រឆាំងនឹងសកម្មភាពរំលោភទឹកដីកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃ
កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការបន្ថែមថ្មីទៀតប្រឆាំងនឹងសកម្មភាពរំលោភទឹកដីកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា នៅចុងសប្តាហ៍នេះ កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការបន្ថែមថ្មីទៀតប្រឆាំងនឹងការបន្តសកម្មភាពរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃក្រោយបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីតាំងមួយចំនួនទៀត។
រាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់ថា កម្ពុជាមិនទទួលយកខ្សែព្រំដែនឬការទាមទារទឹកដីណាមួយតាមការអះអាងជាឯកតោភាគីដោយប្រទេសថៃឡើយ។ សកម្មភាពខាងលើមិនប៉ះពាល់ដល់សិទ្ធិ និងជំហរស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាលើការកំណត់ព្រំដែនអន្តរជាតិរបស់កម្ពុជានោះទេ។
រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រទេសថៃឱ្យបញ្ឈប់សកម្មភាពខុសច្បាប់និងជៀសវាងធ្វើសកម្មភាពឯកតោភាគីបន្ថែមទៀតនិងធានាការអនុវត្តរាល់កិច្ចព្រម ព្រៀងពាក់ព័ន្ធពេញលេញ និងដោយសុច្ឆន្ទៈសំដៅបន្ធូរស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕





