អភិបាលខេត្តបន្ទាយមានជ័យ ចុះជួយសាងសង់ផ្ទះប្រជាពលរដ្ឋឡើងវិញ ក្រោយរងគ្រោះដោយសារខ្យល់កន្ត្រាក់
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងទាំង៣ ចុះជួយសាងសង់ផ្ទះប្រជាពលរដ្ឋឡើងវិញ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ក្រោយពីមានភ្លៀងធ្លាក់មួយមេលាយឡំជាមួយ ខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះចំនួន២៣ខ្នង ស្ថិតនៅភូមិព្រៃសង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានផ្តល់ថវិកាឧបត្ថម្ភមួយចំនួនដល់កងកម្លាំងដែលចុះជួយធ្វើផ្ទះជូនបងប្អូនប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានសម្តែងការសោកស្តាយជាមួយប្រជាពលរដ្ឋទាំងអស់ដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ហើយលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះអាកាសធាតុប្រែប្រួល បង្ករឲ្យមានគ្រោះធម្មជាតិជាយថាហេតុ និងត្រូវថែរក្សាការពារសុវត្ថិភាព ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់ទ្រព្យសម្បត្តិ និងសុវត្ថិភាព អាយុជីវិតផ្ទាល់ខ្លួនជាដើម៕