ខ្មែរប៉ុស្ដិ៍ Close

​​ប្រព័ន្ធធារាសាស្ត្រ អាងទឹកជើងគ្រុះ ​ខេត្តបន្ទាយមានជ័យ​ កំពុងធ្វើការជួសជុលឡើងវិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 41

ប្រព័ន្ធធារាសាស្ត្រអាងទឹកជើងគ្រុះ ខេត្ត បន្ទាយមានជ័យ ត្រូវបានក្រសួងធនធានទឹកធ្វើការជួសជុលស្តារឡើងវិញ និងពង្រីកសក្តានុ ពល ទាំងការស្តុកទឹក និងប្រព័ន្ធស្រោចស្រព ជាបន្ត​បន្ទាប់ដោយផ្តើមចេញពីស្ថានភាពអាង ដែលមានទំនប់សំណង់ទ្វារទឹកចាស់ទ្រុឌទ្រោមនោះ។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បាន ប្រាប់​ឱ្យដឹងកាលពីរសៀលថ្ងៃ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហ ស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ ពីវឌ្ឍនភាពការងារការដ្ឋានទំនប់អាង​ទឹកអាងជើងគ្រុះ ស្ថិត នៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ​នេះថា មកទល់ពេលនេះ ការសាងសង់ទំនប់អាងទឹកជើងគ្រុះ មានប្រវែង៣.០០០ម៉ែត្រ​សម្រេច​បាន​ ៤០ភាគរយ ជីក ប្រឡាយរង​ប្រវែង ២.៤០០ម៉ែត្រ​សម្រេច​បាន​ ៩៥ភាគរយ។ សាងសង់សំណង់បង្ហៀរលើ ទំនប់អាងទឹក​ ប្រវែង ៦២,៨០ម៉ែត្រ ចំនួន ០១កន្លែង​ ​ជួសជុលសំណង់ទ្វារទឹកលើ ទំនប់អាង ទឹក​ (ទ្វារ៣) ចំនួន ០២កន្លែង​ ​សំណង់ទ្វារទឹកលើទំនប់អាងទឹក​ (ទ្វារ២) ចំនួន ០២កន្លែង​ ​និង​សំណង់ស្ទាក់ទឹកលើប្រឡាយរង​(ទ្វារ២) ចំនួន០២កន្លែង រាល់សំណង់ទាំងនេះសម្រេច​បាន​ ​​ប្រមាណជាង ៨០ភាគរយ។

លោកបានឱ្យដឹងទៀតថា អាងទឹកជើងគ្រុះនេះ ក្រោយពីការធ្វើការជួសជុលរួចរាល់ ហើយនោះ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៧៨៧ហិកតា ស្រូវប្រាំងចំនួន ៣៥១ហិកតា និងដំណាំរួមផ្សំបន្លែបង្ការមួយចំនួនទៀតផង ​។

ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានបញ្ជាក់ទៀតថា សមិទ្ធ​ផលដែលនឹងកើតចេញក្រោយការបញ្ចប់ការដ្ឋាននេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុង ការចូលរួមធ្វើឱ្យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននានានៅ​​ជុំវិញ អាងទឹកជើងគ្រុះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកនេះ កាន់តែមានភាពល្អប្រសើរ លើការងារបង្ក បង្កើនផលបានគ្រប់រដូវកាល ដែលក្នុងនោះការធ្វើស្រែបង្កើនរដូវ ដូចជាស្រែប្រាំងដែលបាន ទិន្ន​​ផលខ្ពស់ ដំណាំបន្លែបង្ការ រួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ និងការធ្វើ ចំណាកស្រុកផងដែរ។

លោក យឹម ប៊ុនរ៉ុម បានឱ្យដឹងទៀតថា ក្រៅពីសម្រាប់ទឹកប្រើប្រាស់ និងបម្រើដល់ វិស័យកសិកម្មនោះ អាងទឹកជើងគ្រុះនេះ ក៏ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ការ ទៅលេងកម្សាន្តទឹក របស់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅក្នុងខេត្តបន្ទាយមានជ័យ នារដូវ បុណ្យទាន និងថ្ងៃឈប់​សម្រាកពីការងារចុងសប្តាហ៍ផងដែរ៕

អត្ថបទទាក់ទង