ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តជំរុញការស្ថាបនាផ្លូវក្រាលបេតុង និងកៅស៊ូ​ជូនប្រជាពលរដ្ឋ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 7
អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តជំរុញការស្ថាបនាផ្លូវក្រាលបេតុង និងកៅស៊ូ​ជូនប្រជាពលរដ្ឋ អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តជំរុញការស្ថាបនាផ្លូវក្រាលបេតុង និងកៅស៊ូ​ជូនប្រជាពលរដ្ឋ

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា រដ្ឋបាលខេត្តនឹង​​បន្តការយកចិត្តទុកដាក់ជំរុញការស្ថាបនាផ្លូវ នៅតាមមូលដ្ឋាន ដោយប្តូរពីផ្លូវក្រួសក្រហម មកជាផ្លូវក្រាលបេតុង និងកៅស៊ូឱ្យបានច្រើនខ្សែថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ​ប្រើប្រាស់បានយូរអង្វែង ស្របទៅនឹងការរីកចម្រើនរបស់សង្គមជាតិ។

​ការលើកឡើងបែបនេះក្នុងឱកាសលោក អ៊ុំ រាត្រី អញ្ជើញចុះពិនិត្យមើលផ្លូវក្រាល កៅស៊ូប្រភេទ DBST ប្រវែងជាង ៣.០០០ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិសំរោង ភូមិផាស៊ីស្រា និងភូមិ អញ្ចាញ ក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី ដែលត្រូវបានស្ថាបនារួចរាល់ជាគម្រោងថវិកា​អភិវឌ្ឍន៍ខេត្តឆ្នាំ២០២០ ហើយដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់កាលពីថ្ងៃអង្គារ ទី ២ ខែមីនា ឆ្នាំ២០២១។

លោក អ៊ុំ រាត្រី ​បានបញ្ជាក់ថា​​​ ជានិច្ច​​កាលរាជ​រដ្ឋាភិបាល​កម្ពុជាយើង ដែល​មាន​សម្ដេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ​តែង​ផ្ដោត​សំខាន់បន្តការយក ចិត្តទុកដាក់​លើការអភិវឌ្ឍ​វិស័យ​ផ្លូវថ្នល់​ក្នុង​នោះ​មិន​ថា​ផ្លូវជាតិ ​​ផ្លូវលំនៅ​គ្រប់​ទីកន្លែង​​នោះ​ទេ​ ត្រូវ​បាន​ស្ថាបនា​ពីតំបន់ដែល​គ្មាន​ផ្លូវ​ ទៅជាមាន​ផ្លូវ​ ក្រាល​ក្រួស​ក្រហម​ ​ប្រែក្លាយ​​​ទៅ​ជា​ផ្លូវ​បេតុង ​ឬ​កៅ​ស៊ូ ​ផ្សាភ្ជាប់​ពីទី​ជនបទ​មក​ទី​​​ប្រជុំជនខេត្ត ស្រុកក្រុង ដែលឆ្លើយតបទៅនឹង​​អនុ សាសន៍របស់សម្តេចតេជោ ​​មាន​ផ្លូវ ​​មាន​ក្តី​សង្ឃឹម​។​

លោក អ៊ុំ រាត្រី បានឱ្យដឹងដែរថា អាជ្ញាធរខេត្តបន្ទាយមានជ័យបានបន្តការប្រឹងប្រែង​គិតគូរ ជំរុញការស្ថាបនាផ្លូវថ្មី និងជួសជុលឱ្យប្រសើរឡើងវិញ នូវរាល់ផ្លូវដែលរងការខូតខាត នៅតាមទីជនបទដោយកន្លែងខ្លះការស្ថាបនាឡើងដោយចាក់បេតុងក្រាលកៅស៊ូ និងខ្លះ ទៀតជួសជុលដោយក្រាលក្រួសក្រហម ទៅតាមលទ្ធភាពថវិកាដែលយើងមាន ដើម្បីឆ្លើយ តបសេចក្តីត្រូវប្រើប្រាស់របស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើការជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរអភិវឌ្ឍន៍ជនបទ រួមសហការជាមួយអាជ្ញាធរដែនដី ត្រូវបន្តយក ចិត្ត​ទុកដាក់ពិនិត្យមើលផ្លូវថ្នល់ដែលរងការខូចខាត ត្រូវប្រញាប់ប្រញាល់ធ្វើការជួសជុល ឡើងវិញ មិនត្រូវទុកចាំដល់ខូចធ្ងន់ធ្ងរនោះទេ។ ជាមួយនោះក៏បានអំពាវនាវដល់ប្រជាពល រដ្ឋនៅទូទាំងខេត្ត សូមឱ្យចូលរួមទាំងគ្នាថែទាំផ្លូវថ្នល់ ដែលបានជួសជុលស្ថាបនាហើយនោះ នៅតាមមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង និងត្រូវបន្តចូលរួមទាំងអស់គ្នាគោរពច្បាប់ចរា ចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត៕

អត្ថបទទាក់ទង