ខ្មែរប៉ុស្ដិ៍ Close

បទវិភាគ ៖ តើកម្ពុជាអាចឆ្លងផុតព្រឹត្តិការណ៍សហគមន៍២០កុម្ភៈយ៉ាងដូចម្តេច?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 53
បទវិភាគ ៖ តើកម្ពុជាអាចឆ្លងផុតព្រឹត្តិការណ៍សហគមន៍២០កុម្ភៈយ៉ាងដូចម្តេច? បទវិភាគ ៖ តើកម្ពុជាអាចឆ្លងផុតព្រឹត្តិការណ៍សហគមន៍២០កុម្ភៈយ៉ាងដូចម្តេច?

រលកព្យុះនៃជំងឺឆ្លងលំដាប់សកល Covid-19 ដែលកំពុងតែរាតត្បាតញាំញីពិភពលោក រួមទាំង កម្ពុជាផងនោះ បានអង្រួនពិភពលោកទាំងមូល ឱ្យជួបនឹងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរបំផុតក្នុងកំឡុងពេលជាង១ឆ្នាំមកនេះ។ មិនថាតែប្រទេសក្រីក្រ, ប្រទេសអភិវឌ្ឍន៍តិចតួច ឬប្រទេសអ្នកមាននោះទេ គឺសុទ្ធសឹងតែទទួលរងនូវផលវិបាក និងការខាតបង់យ៉ាងធំធេងដោយសារតែជំងឺ Covid-19។ សកលភាវូបណីកម្មតម្រូវឱ្យពិភពលោកទាំងមូលមានទំនាក់ទំនងជាប្រព័ន្ធទៅវិញទៅមក កាត់ផ្តាច់មិនបាន ហើយចរន្តនៃទំនាក់ទំនងនេះហើយ គឺជាផ្លូវដ៏សំខាន់ក្នុងការចល័តទី ពីកន្លែងមួយ ទៅកន្លែងមួយទៀតនៃមេរោគឆ្លង Covid-19។ ក្នុងនោះកម្ពុជា ក៏ជាប្រទេសដែលទទួលរងនូវការចម្លងជំងឺសកល Covid-19 ពីក្រៅប្រទេសផងដែរ។ ក្រៅពីការចម្លងពីខាងក្រៅប្រទេសតាមរយៈការធ្វើដំណើរចេញចូល របស់អ្នកដំណើរ ខ្មែរ-បរទេស មកកាន់កម្ពុជានោះ កម្ពុជាក៏ត្រូវបានកត់ត្រាផងដែរ នូវករណីឆ្លងក្នុងសហគមន៍ ដែលរហូតមកដល់ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានកើតមាននូវករណីឆ្លងក្នុងសហគមន៍ ចំនួន៣លើករួចមកហើយ រួមមានព្រឹត្តិការណ៍សហគមន៍ ៣វិច្ឆិកា, ២៨ វិច្ឆិកា និង២០កុម្ភៈ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបច្ចុប្បន្ននេះ មានសភាពធ្ងន់ធ្ងរ និងស្មុគស្មាញជាងព្រឹត្តិការណ៍ដែលកម្ពុជាបានឆ្លងកាត់ កាលពីពេលមុនៗ។ តើកម្ពុជាអាចឆ្លងផុតដំណាក់កាលដ៏លំបាក នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ យ៉ាងដូចម្តេច? តើកម្ពុជាអាចនឹងទទួលបានជោគជ័យដូចករណី ព្រឹត្តិការណ៍សហគមន៍លើកមុនៗ ឬក៏កម្ពុជាមិនអាចឆ្លងផុត ហើយត្រូវធ្លាក់ក្នុងគ្រោះមហន្តរាយ? ដើម្បីបានចម្លើយស្រាយចម្ងល់នេះ ខ្ញុំសូមទាញការវិភាគជូនលោកអ្នកអានដូចខាងក្រោម៖

១. បទពិសោធន៍

ទោះបីជាកម្ពុជា មិនមែនជាប្រទេសអ្នកមាន និងជាប្រទេសតូចក៏ពិតមែន តែបើនិយាយពីបទពិសោធន៍នៃការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid-19 គឺកម្ពុជាមានកេរ្តិ៍ឈ្មោះល្អ ទាំងក្នុងតំបន់ និងពិភពលោកនាពេលកន្លងមក។ ចាប់តាំងពីការឆ្លងរីករាលដាលនៃជំងឺ Covid-19 ចូលមកក្នុងប្រទេសកម្ពុជា នៅដើមឆ្នាំ២០២០មក រាជរដ្ឋាភិបាល បានដឹកនាំចាត់ចែង និងគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ ទប់ទល់នឹងជំងឺនេះ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសេនាធិការ គឺបានធ្វើការឆ្លើយតបយ៉ាងទាន់ពេលវេលា ទប់ស្កាត់ស្ថានការណ៍បានយ៉ាងមានប្រសិទ្ធិភាព ដោយបានដាក់ចេញនូវវិធានការណ៍ ចំពោះមុខបន្ទាន់, វិធានការណ៍រយៈពេលយូរ និងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់ជានិច្ចទាំងករណីនាំចូល និងករណីផ្ទុះឡើងក្នុងសហគមន៍។ តាមរយៈបទពិសោធន៍ទាំងនេះ កម្ពុជាអាចនឹងមានសង្ឃឹមខ្ពស់នៅក្នុងការឆ្លងកាត់ដំណាក់កាលដ៏លំបាកនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយជោគជ័យក្នុងពេលខាងមុខ។

២. ជំហររឹងមាំរបស់មេដឹកនាំកម្ពុជា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបុរសខ្លាំង ហ៊ុន សែន គឺបានចាត់ទុកការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាការងារអាទិភាព និងបន្ទាន់បំផុត ចាប់តាំងពីជំងឺនេះទើបតែចាប់ផ្តើមឆ្លងចូលមកក្នុងប្រទេសកម្ពុជាដំបូងមកម្លេះ។ កិច្ចខិតខំប្រឹងប្រែង, ភាពខ្នះខ្នែងក្នុងការងារ, ការទទួលខុសត្រូវ, ការយកចិត្តទុកដាក់ និងការដាក់ចេញនូវវិធានការណ៍បន្ទាន់នានាគ្រប់ច្រកល្ហក គឺត្រូវបានធ្វើឡើងដោយម៉ឺងម៉ត់ និងម៉ត់ចត់បំផុត។ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវយន្តការនានា ជាបន្តបន្ទាប់ដូចជាការរៀបចំធ្វើចត្តាឡីស័កតាមទីតាំងខេត្តជាប់ព្រំដែន ការរៀបចំបន្ថែមនូវទីតាំង ចត្តាឡីស័ក និងព្យាបាលទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ការបិទផ្អាកទីតាំងនានា ដែលអាចបង្កហានិភ័យនៃការឆ្លង និងការតាមដានរកអ្នកជាប់ពាក់ព័ន្ធជាដើម។ តាមរយៈយន្តការដែលបានដាក់ចេញ គឺដើម្បីឆ្ពោះទៅគ្រប់គ្រង ស្ថានការណ៍នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការឆ្លង រីករាលដាលបន្ថែម។

៣. ផ្នត់គំនិតនិងអត្តចរឹតរបស់ពលរដ្ឋខ្មែរ

ពលរដ្ឋកម្ពុជាជាពលរដ្ឋដែលមានស្លាកស្នាម ជូរចត់ច្រើន និងធ្លាប់បានហែលឆ្លងកាត់ដំណាក់កាលលំបាកៗក្នុងប្រវត្តិសាស្ត្រដ៏កំសត់របស់ខ្លួន។ ដូច្នេះហើយ ពលរដ្ឋខ្មែរហាក់មានទំនោរឆាប់ភ័យខ្លាច ជាងពលរដ្ឋនៅបណ្តាប្រទេសជឿនលឿន និងរីកចំរើន។ អាចព្រោះការដិតដាមជាប់នូវរឿងរ៉ាវជីវិតជូរចត់ ក្នុងសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ ទើបជនជាតិខ្មែរឆាប់សម្របខ្លួនបានលឿនទៅនឹងបញ្ហាប្រឈមនានា។ ពលរដ្ឋខ្មែរ គឺងាយទទួលការណែនាំ និងអប់រំបានលឿន។ មួយវិញទៀត ពលរដ្ឋខ្មែរជាទូទៅគឺមានអត្តចរឹកស្លូតបូត និងសុភាពរាបសារ មិនច្រងេងច្រងាង ឬប្រឆាំងទៅនឹងវិធានការណ៍របស់ក្រសួងសុខាភិបាលព្រមទាំងអាជ្ញាធរឡើយ។ នេះគឺជាចំណុចដ៏ល្អមួយ ដែលជួយឱ្យកម្ពុជាទប់ស្កាត់ស្ថានការណ៍បានល្អដូចសព្វថ្ងៃនេះ។ ហើយវាក៏អាចជាភ័ព្វសំណាងដ៏ល្អមួយផងដែររបស់កម្ពុជាដែលមានពលរដ្ឋ ងាយនិយាយ, ងាយស្តាប់, ចេះខ្លាច, ចេះបារម្ភ និង ចេះភ័យ។

៤. សាមគ្គីភាពពីគ្រប់មជ្ឈដ្ឋានក្រោមដំបូលតែមួយ

ទាំងភាគីរាជរដ្ឋាភិបាលកម្ពុជា ទាំងតំណាង អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍន៍ អង្គភាពជំនាញ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងកំលាំងមហាជន ត្រូវបានមើលឃើញថាគឺបានរួបរួមគ្នាក្នុងធ្លុងតែមួយយ៉ាងសកម្មបំផុត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ កន្លងមកនេះ ទាំងថ្នាក់ដឹកនាំកំពូលរបស់ជាតិ ក្រសួងសុខាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន គឺបានខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្តដើម្បីជួយទប់ទល់ និងទ្រទ្រង់សភាពការណ៍។ ការចូលរួមពីគ្រប់មជ្ឈដ្ឋាននេះ បានក្លាយជាកំលាំងសាមគ្គីរួបរួមគ្នា ដែលប្រៀបបាននឹងអាវុធដ៏ខ្លាំងក្លាដែលអាចជួយកម្ពុជាឱ្យឆ្លងផុតនូវរាល់ដំណាក់កាលលំបាកៗបាន។

ទោះបីជាបែបនេះក្តី ស្ថានការណ៍ដ៏លំបាកនៃការឆ្លងរាតត្បាតក្នុងសហគមន៍២០កុម្ភៈ គឺមិនទាន់ អាចសន្មត់ពីជោគវាសនារបស់កម្ពុជា ថាអាចទទួលបានជោគជ័យ ឬយ៉ាងណានៅក្នុងកាលៈទេសៈនេះបានឡើយ។ ដូច្នេះការបង្ការ ទប់ស្កាត់ ការការពារ និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន តាមវិធានការរបស់ក្រសួងសុខាភិបាល គឺជារឿងដែលចាំបាច់បំផុត។ ពលរដ្ឋកម្ពុជាត្រូវតែចូលរួមតាមដានព័ត៌មាន ដោយយកចិត្តទុកដាក់ដើម្បីក្តាប់បាននូវរាល់ការវិវត្តន៍ថ្មីៗ នៃស្ថានការណ៍បច្ចុប្បន្ន។ នៅក្នុងដំណាក់កាលនេះ ពលរដ្ឋខ្មែរត្រូវមានម្ចាស់ការក្នុងការចូលរួមទប់ស្កាត់ជំងឺ Covid-19 ជាមួយរាជរដ្ឋាភិបាល ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ បើមិនចាំបាច់គប្បីនៅក្នុងផ្ទះ និងកុំធ្វើដំណើរទៅកាន់តំបន់ដែលមានផ្ទុះករណី Covid-19 ឱ្យសោះ។ មានតែការចូលរួមសហការជាមួយនឹងរាជរដ្ឋាភិបាល ពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានប៉ុណ្ណោះ ទើបកម្ពុជាអាចឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានដោយជោគជ័យក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះ ដំណឹងមរណៈភាពនៃអ្នកជំងឺ Covid-19 ដែលស្លាប់ជាលើកដំបូងនៅកម្ពុជា គឺរឹតតែត្រូវបានជំរុញទឹកចិត្តពលរដ្ឋកម្ពុជាឱ្យមានការប្រុងប្រយ័ត្ន កាន់តែខ្ពស់ជាងពេលមុនៗ។ ដូច្នេះសូមចូលរួមទាំងអស់គ្នា ដើម្បីខ្លួនយើង គ្រួសារយើង និងប្រទេសជាតិយើង៕

ដោយ ស ជាតិ

អត្ថបទទាក់ទង